ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​សហជីព​កម្ម​ករ​ម្នាក់​នៅខេត្ត​កំពង់ស្ពឺត្រូវ​ជន​មិន​ស្គាល់​មុខ​វាយប្រហារ​និង​រងរបួសជាទម្ងន់​


កម្មការិនី​ម្នាក់​ប្រកាស​ការ​តវ៉ា​តាម​មេក្រូ​នៅ​ក្នុង​កូដកម្ម​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​ពី​៦១​ដុល្លារ ឲ្យ​ដល់​៩៣​ដុល្លារ។
កម្មការិនី​ម្នាក់​ប្រកាស​ការ​តវ៉ា​តាម​មេក្រូ​នៅ​ក្នុង​កូដកម្ម​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​ពី​៦១​ដុល្លារ ឲ្យ​ដល់​៩៣​ដុល្លារ។

សេចក្តី​ថ្លែងការណ៍​របស់​សហជីពសេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ​បាន​បញ្ជាក់​ថា​ លោក​ផៅ សាក់ ​តំណាង​សហជីព​សេរី​កម្មករប្រចាំ​រោងចក្រ​ Generation​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចំនួន​ពីរ​នាក់​ពួន​ស្ទាក់​វាយប្រហារ​និង​ដំបង​ឈើ​ បណ្តាល​ឲ្យ​ជន​រងគ្រោះ​រង​របួស​ជា​ទម្ងន់​ត្រង់​ក្បាល ​ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែ​សម្រាក​ព្យបាល​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រុង​ភ្នំពេញ។

ការវាយ​ប្រហារ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពីជន​រងគ្រោះ​ចេញ​មុខ​តវ៉ា​អោយ​ថៅកែ​រោងចក្រ​ បើក​ប្រាក់ ​ឈ្នួល​ដល់​ក្រុម​កម្មករ​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ។

សហជីព​សេរី​កម្មករ​បាន​ហៅ​ករណី​នេះ​ថា ​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាដ​ ក៏ប៉ុន្តែ​ប៉ូលីស​បាន​និយាយ​ថា​ទំនង​ជា​ទំនាស់​រឿង​សេព​គ្រឿង​ស្រវឹង​ទៅ​វិញ។

ការ​វាយ​ប្រហារ​នេះ​ បាន​កើត​ឡើង​នៅ​ភូមិ​ទួលអំពិល ​ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង ​ខេត្ត​កំពង់ស្ពឺ​ ខណៈ​ដែល​ពេល​ជន​រងគ្រោះ​បាន​ធ្វើដំណើ​តាម​ម៉ូតូ​ចេញ​ពី​សាលា​បង្រៀន​ឈ្នួល​មួយ​វិល​ត្រឡប់​មក​ក្នុង​រោងចក្រ​វិញ។

លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ ​បាន​កើតឡើង​ក្រោយពី​ជន​រងគ្រោះ​ បាន​ចេញ​មុខ​តវ៉ា​ជាមួយ​ និង​ថៅកែ​រោងចក្រ​ឲ្យ​បើក​ប្រាក់​បៀរវត្សរ៍​ដល់​ក្រុម​កម្មករ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។

លោក​មាន​ប្រសាសន៍​ថា​ នេះ​គឺ​ជា​ករណី​ប៉ុនប៉ង​ឃាដកម្ម​ទៅ​លើ​តំណាង​សហជីព​សេរី​កម្មករ​ និង​ជា​ការ​គំរាម​កំហែង​មួយ​ដល់​អ្នក​តំណាង​សហជីព​សេរី​កម្មករ​ ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍ដល់​ក្រុម​កម្មករ​ពិត​ប្រាកដ។

«សហជីព​ដែល​រងគ្រោះ​ជាង​គេ​ គឺ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​សហជីព​មួយ​ខុសពី​សហជីព​ដទៃ។​ សហជីព​ដទៃ​ទៀត​ គេ​មាន​សិទ្ឋិ​ធ្វើ​អ្វី​ផ្តេសផ្តាស់​ស្រេច​តែ​ចិត្ត ​ប៉ុន្តែ​ សម្រាប់​យើង​អត់​បាន​ទេ»។

លោក​ឃុត សុផល​ អធិការ​ប៉ូលីស​ស្រុក​សំរោងទង​បាន​និយាយថា​ ប៉ូលីស​កំពុងតែ​ធ្វើការ​ស៊ើប​អង្គេត​ទៅ​លើ​ករណី​វាយ​ប្រហារ​នេះ។​ លោក​មាន​ប្រសាសន៍​ថា​ ការ​វាយ​ប្រហារ​នេះ​ មិនមែន​ជា​ការ​ប៉ុនប៉ង​ករណី​ឃាដកម្ម​ទេ​ ទំនង​ជា​អាច​កើត​មាន​ឡើង​រឿង​ទំនាស់​ក្រោយ​ពី​សេព​គ្រឿង​ស្រវឹង​រួច​មក។

«អានេះ ​មិនមែន​ឃាដកម្ម​ទេ​ ព្រោះអ្វី ​កន្លែង​ហ្នឹង ​វា​ច្រើន​តែ​ថា ​វា​មាន​ផ្សារ​គេ​មួយ​ ផ្សារ​គេ​បើក​លក់​ពេល​យប់ ​អញ្ចឹង​វា​ច្រើន​តែ​ថា​ ការ​ហូប​ចុក​ស្រវឹង។​ ហើយ​អ្នក​រងគ្រោះ​ហ្នឹង​ក៏​រាង​ស្រវឹង​ញឹក​ដែរ​ តាម​សព្វ​មួយ​ដង»។

ចំណែក​លោក​ឧត្តមសេនីយ​ត្រី​កែវ ពិសី ​ស្នងការ​ប៉ូលីស​ខេត្ត​កំពង់ស្ពឺ ​បាន​និយាយា​ថា ​រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ជន​សង្ស័យ​ណា​មា្នក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឡើយ​ទេ។​ ហើយ​ប៉ូលីសបាន​កំណត់​មុខ​សញ្ញា​ទៅ​លើ​ជន​សង្ស័យ​ហើយ។

លោក​រត្ន័ ថាវី ​មន្រ្តី​ផ្នែក​ស៊ើបអង្គេត​របស់​សមាគម​សិទ្ឋិ​មនុស្ស​ ADHOC ​វិញ​ បាន​និយាយ​ថា ​លោក​បាន​ទទួល​ដំណឹង​ករណី​នេះ​ផង​ដែរ​ ក៏ប៉ុន្តែ​សមាគម​សិទិ្ឋ​មនុស្ស​ ADHOC​ ពុំ​ទាន់​បាន​បើក​ធ្វើការ​ស៊ើប​អង្គេត​នៅ​ឡើយ​ទេ។

«នៅ​ទេ​ ព្រោះ​ជន​រងគ្រោះទៅ​សម្រាក​ព្យាបាល​នៅ​ភ្នំពេញ»។

យ៉ាង​តិច​មាន​សមាជិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​បួន​នាក់​ រួម​ទាំង​លោក​ ជា វិជ្ជា ​មេ​ដឹកនាំ​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ ​ត្រូវ​បាន​ឃាដករ​បាញ់​សម្លាប់​តាំង​ពី​ឆ្នាំ២០០៤​មក ​និង ​ចំនួន​ប្រាំ​ពីរ​នាក់​ផ្សេង​ទៀត ​បាន​ទទួល​រង​របួស។

លោក​ជា មុន្នី ​បាន​និយាយ​ថា ​ឃាដករ​ពិត​ប្រាកដ​ពុំ​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​ ខណៈ​ពេល​ដែល​តំណាង​សហជីព​ចំនួន​បី​រូប​ផ្សេង​ទៀត​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ឋនាគារ​នៅ​ឡើយ។

ទំនាស់​ផល​ប្រយោជន៍​រវាង​ក្រុម​កម្មករ​ និង​ថៅកែ​រោងចក្រ ​នៅ​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន​ មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ រហូត​ដល់​មាន​ចលនា​កូដកម្ម ​ដំឡើង​ប្រាក់​ បៀរវត្សរ៍។​ ដោយសារ​តែ​ប្រាក់​បៀរវត្សរ៍​របស់​ក្រុម​កម្មករ​មិន​អាច​ផ្គត់ផ្គង់​ទៅ​និង​ជីវភាព​របស់​ពួក​គេ​បាន៕

XS
SM
MD
LG