មេដឹកនាំសហជីពមកពីប្រទេសចំនួន៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុប បានបើកយុទ្ធនាការនៅក្នុងខេត្ត កណ្ដាល ដើម្បីប្រឆាំងទៅនឹងការផ្ដល់កិច្ចសន្យារយៈពេលខ្លីដល់កម្មកររោងចក្រកាត់ដេរ។ កិច្ចសន្យារយៈពេលខ្លីនេះ ដែលក្រុមតំណាងសហជីពលើកឡើងថា បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករយ៉ាងធ្ងន់ធ្ងរ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីខេត្តកណ្ដាល ដូចតទៅ៖
តំណាងកម្មករប្រមាណជាង១០០នាក់ រួមជាមួយនឹងតំណាងសហជីពកម្មករមកពីប្រទេសឥណ្ឌូណេស៊ី ណេប៉ាល់ បង់ក្លាដេស និង បែលហ្ស៊ីក បានប្រមូលផ្ដុំគ្នា ក្រោមរោងសំពត់កៅស៊ូមួយ នៅជាប់នឹងផ្លូវក្បែរមាត់ទន្លេ ក្នុងស្រុកស្អាង ចម្ងាយប្រមាណជាង១០គម ពីទីរួមខេត្តកណ្ដាល។ ការប្រមូលផ្ដុំគ្នា ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ គឺជាយុទ្ធនាការជាលើកដំបូង ដើម្បីធ្វើប្រឆាំងនឹងការផ្ដល់កិច្ចសន្យាការងារ រយៈពេលខ្លីដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងប្រទេសកម្ពុជា ដែលក្រុមសកម្មជនសហជីពអះអាងថា កិច្ចសន្យារបៀបនេះ បានធ្វើ ឲ្យខូចប្រយោជន៍ជាច្រើនដល់កម្មករខ្មែរ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា CCAWDUដែលបានរៀបចំយុទ្ធនាការនេះ បានលើកឡើងថា កិច្ចសន្យាខ្លីនេះត្រូវបានអនុវត្តដោយ រោងចក្រកាត់ដេរភាគច្រើន ក្នុងចំណោមរោងចក្រទាំងស្របច្បាប់ និងខុសច្បាប់សរុបជាង៤០០នៅក្នុងប្រទេសកម្ពុជា។
លោក អាត់ ធន់បន្ថែមថា ការផ្ដល់កិច្ចសន្យាការងាររយៈពេលខ្លី បានធ្វើឲ្យនិយោជក ឬថៅកែរោង ចក្រទទួលបានផលចំណេញច្រើន។ ផ្ទុយទៅវិញ កិច្ចសន្យានេះគឺជាសម្ពាធដល់ក្រុមកម្មករ ដែល ពួកគេងាយនឹងបាត់បង់ឱកាសធ្វើការ។ ពួកគេមិនអាចធ្វើការតវ៉ាបាន។ ពួកគេងាយនឹងត្រូវបង្ខំឲ្យធ្វើការច្រើនម៉ោង។ ពួកគេមិនមានឱកាសចូលជាសមាជិកសហជីព ដែលអាចការពារសិទ្ធិការងាររបស់ ពួកគេ។ ជាងនេះទៅទៀត កម្មករដែលមានកិច្ចសន្យាការងាររយៈពេលខ្លីនឹងមិនអាចទទួលបានប្រាក់អតីតភាពក្នុងការងារទេ។
លោក អាត់ ធន់មានប្រសាសន៍ថា យុទ្ធនាការនេះនឹងបញ្ជ្រាបដល់ក្រុមកម្មករឲ្យពួកគេយល់ពី ផលវិបាកទាំងនេះ ហើយដើម្បីឲ្យពួកគេធ្វើការតស៊ូដើម្បីទាមទារការលុបបំបាត់ការប្រើប្រាស់កិច្ច សន្យានេះចោល។
“យើងពន្យល់កម្មករឲ្យដឹងពីផលប៉ះពាល់នេះ។ ហើយទីពីរ គឺយើងធ្វើយ៉ាងណា ចងក្រងគាត់ឲ្យទៅ ជាសំឡេងតែមួយដើម្បីទាមទារកុំឲ្យគេប្រើប្រាស់កិច្ចសន្យាហ្នឹង ដែលជាការខាតប្រយោជន៍ដល់គាត់ទៀត។ បើសិនជានិយោជកនៅតែប្រើប្រាស់កិច្ចសន្យានេះ បានន័យថា និយោជករំលោភច្បាប់"។
យោងតាមតួលេខផ្លូវការពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ នៅក្នុងប្រទេសកម្ពុជា បានស្រូបយកកម្លាំងពលកម្មចំនួនជាង៣២ម៉ឺននាក់ ក្នុងនោះភាគច្រើនលើសលុបគឺជាស្ដ្រី។ ពួកគេអាចទទួលប្រាក់ខែជាមធ្យមពីជាង៣០ដុល្លារទៅដល់ជាង១០០ដុល្លារ ក្នុងមួយខែ។ ក៏ប៉ុន្ដែជាញឹកញាប់ តែងតែមានការតវ៉ាពីការបញ្ឈប់កម្មករ ឬការមិនគោរពច្បាប់ការងារ ពីសំណាក់ថៅកែរោងចក្រជាដើម។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោកអាត់ ធន់បញ្ជាក់បន្ថែមថា ដោយសារកម្មកររោងចក្រកាត់ដេរទទួលបានកិច្ចសន្យាការងាររយៈពេលខ្លី ដូច្នេះពួកគេប្រឈម នឹងការខ្វះខាតជំនាញ និងខ្វះខាតគុណភាពក្នុងផលិតកម្មរបស់ពួកគេ។
លោក អុន ផល្លី កម្មករមកពីរោងចក្រកាត់ដេរមួយ នៅស្រុកបាទី ខេត្តតាកែវ លោកប្រាថ្នាចង់ឲ្យ ម្ចាស់រោងចក្រកាត់ដេរទាំងឡាយបញ្ចប់ការផ្ដល់កិច្ចសន្យារយៈពេលខ្លីដល់កម្មកររោងចក្រ ចាប់ ពីពេលនេះតទៅ។
“ឥឡូវគេរើសកម្មករច្រើន។ ប៉ុន្ដែគេរើសតែ២ ខែទេ។ ខ្ញុំចង់ឲ្យក្រុមហ៊ុនលុបបំបាត់កិច្ចសន្យាខ្លីហ្នឹង ចាប់ពីឥឡូវតទៅ"។
លោកអាត់ ធន់ លើកឡើងថា យុទ្ធនាការស្ដីពីការប្រឆាំងនឹងការផ្ដល់កិច្ចសន្យាខ្លីដល់ក្រុមកម្មករ នឹងត្រូវធ្វើនៅតំបន់ដែលសម្បូររោងចក្រកាត់ដេរជាបន្ដទៀត ដូចជានៅទីក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់សោមជាដើម។
លោកយឹម សេរីវឌ្ឍនៈ អ្នកសម្របសម្រួលកម្មវិធីជាតិនៃគម្រោងអប់រំកម្មកររបស់អង្គការពលកម្ម អន្ដរជាតិ ILO ដែលមានវត្តមាននៅក្នុងយុទ្ធនាការនេះ បានទទួលស្គាល់ថា កម្មកររោងចក្រនៅក្នុង ប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីការផ្ដល់កិច្ចសន្យាការងាររយៈពេលខ្លីនេះ។ ហើយ លោកចង់ឲ្យរដ្ឋាភិបាលកម្ពុជាយកបញ្ហានេះទៅពិចារណា។
"គឺបានជម្រាបដល់រដ្ឋាភិបាលឲ្យលោកបានយល់ថា អ្វីដែលកម្មករកំពុងប្រទះ គឺជាកិច្ចសន្យាខ្លីមួយ ដែលកម្មករ មិនអាចទ្រាំបានទេ។ អញ្ចឹងស្នើសុំឲ្យរដ្ឋាភិបាលមេតា្តពិនិត្យ និងរកវិធានការចូលរួម ដោះស្រាយ"។
លោកកុយ ទេពតារាវុធ ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងាររបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទំនងជាមិនទាន់មានការរំលោភច្បាប់តាមរយៈការផ្ដល់ កិច្ចសន្យាការងាររយៈពេលខ្លីនៅឡើយទេ។
“ទីមួយ ការអនុវត្តច្បាប់ការងារក្នុងវិស័យការងារ ល្អប្រសើរណាស់បច្ចុប្បន្ននេះ យោងទៅលើរបាយការរបស់គម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការពលកម្មអន្ដរជាតិ។ ហើយយោងលើរបាយការគម្រោងរោងចក្រកាន់តែប្រសើរហ្នឹង ដូចជាមិនមានគេធ្វើអ្វីខុសច្បាប់ទេ ព្រោះថា បើសិនជាខុសច្បាប់គម្រោងនេះត្រូវបានគេផ្សព្វផ្សាយនៅលើពិភពលោកតែម្ដង"។
វិស័យកាត់ដេរតំណាងឲ្យការនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា។ ការនាំចេញក្នុងវិស័យនេះកាលពីឆ្នាំ២០០៩ កន្លងទៅមានទំហំទឹកប្រាក់ចំនួន២៣៨៥លានដុល្លារអាមេរិក។
នៅក្នុងការធ្វើយុទ្ធនាការប្រឆាំងនឹងការផ្ដល់កិច្ចសន្យាខ្លី អ្នកតំណាងសហជីពមកពីប្រទេសនានា បានលើកទឹកចិត្តឲ្យកម្មករកម្ពុជាចូលរួមលុបបំបាត់នូវការប្រើប្រាស់កិច្ចសន្យានេះ។
នៅក្នុងរយៈពេលពីរសប្ដាហ៍ទៀតនឹងមានកិច្ចប្រជុំមួយរបស់អង្គការ ILO នៅក្រុងហ្សឺណែវ ប្រទេស ស្វ៊ីស ដែលនឹងមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងការងារ តំណាងនិយោជក និងសហជីពកម្មករ។
លោកស្រី ហ្វេដ្រា វ៉ាន់ហ៊ុយសេ អ្នកសម្របសម្រួលប្រចាំទ្វីបអាស៊ីរបស់អង្គការចលនាសាមគ្គីភាព ពិភពលោក មកពីបែលហ្ស៊ិក ដែលបានធ្វើការសិក្សាស្រាវជ្រាវទៅលើស្ថានភាពកម្មករនៅក្នុងតំបន់ ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ មានប្រសាសន៍ថា ការផ្ដល់កិច្ចសន្យាការងាររយៈពេលខ្លីបានបង្ក ការរំលោភបំពានលើសិទ្ធិកម្មករជាច្រើននៅក្នុងតំបន់អាស៊ី។
លោកស្រី ហ្វេដ្រា វ៉ាន់ហ៊ុយសេ បានសន្យាថា លោកស្រីនឹងលើកបញ្ហាការផ្ដល់កិច្ចសន្យាការងាររយៈពេលខ្លីនេះដើម្បីឲ្យគេដាក់ក្នុងរបៀបវារនៃការជជែកគ្នានៅក្នុងកិច្ចប្រជុំនោះ៕