ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វាសនា​ក្មេងស្រី​ខ្មែរ​មិន​ទាន់​គ្រប់អាយុ​​ដែល​ទៅ​ស៊ីឈ្នួល​គេ​នៅ​មាឡេស៊ី​​ត្រូវ​គេ​ធ្វើបាប


​ភឿត សុគា បាន​ប្តូរ​អាយុ​ដើម្បី​អាច​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​បាន។
​ភឿត សុគា បាន​ប្តូរ​អាយុ​ដើម្បី​អាច​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​បាន។

បទ​យក​ការណ៍​ភាគ​ទី​១​នៃ​៣ភាគ

ក្នុង​ស្រុក​មួយ​នៃ​ខេត្ត​ព្រះវិហារ​មាន​ពលការិនី​វ័យ​ក្មេង​ជា​ច្រើន​បាន​សម្រុក​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​គេ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ពេល​ថ្មីៗ​នេះ​ ​ដើម្បី​រក​ប្រាក់មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគេ។​ ពួកគេភាគច្រើន​បាន​ឈប់​រៀន​ ​ហើយ​ក៏​មានពល​ការិនីមិន​ទាន់​គ្រប់អាយុ​ជាច្រើន​នាក់ត្រូវ​បាន​បញ្ចូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នោះ​ផងដែរ។

បើ​ទោះ​ជា​មាន​សាលារៀន​ពី​ថ្នាក់​បឋម​សិក្សា​ដល់វិទ្យាល័យ​ និងឱកាស​ទទួល​បាន​ចំណេះ​ភាសា​អង់គ្លេស​ ​ជំនាញ​កំព្យូទ័រ​ ​និង​អ៊ីនធើណិត​បន្ថែមទៀត​ក្រោម​ការ​ជួយ​ជ្រុំជ្រែង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​ក្នុង​មូលដ្ឋាន​ក៏​ដោយ​ ​ក៏ឱកាស​ទទួល​បាន​ការងារ​ធ្វើ​បន្ទាប់​ពី​រៀន​ចប់​ ​នៅមាន​តិចតួច​នៅឡើយ​សម្រាប់​ស្ត្រី​វ័យក្មេង​នៅក្នុង​ស្រុក​រវៀង​ ​ស្ថិត​នៅ​ចម្ងាយ​៩០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ព្រះវិហារ​ នា​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា។

ប្រជាជន​ភាគច្រើន​នៅ​ទីនេះ​គឺ​ជា​កសិករ​ក្រី​ក្រ​ដែល​ពឹង​អាស្រ័យ​ជា​សំខាន់ទៅ​លើ​ការងារ​ស្រែ​ចម្ការ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅរបស់​ពួក​គេ។

ក្រៅ​ពី​ការងារ​ស្រែ​ចម្ការនោះ​ ​ការងារ​ដែល​ពួកគេភាគច្រើន​អាច​ទទួល​បាន​នៅ​ក្នុង​ស្រុក​នេះ គឺ​ស៊ីឈ្មួលច្រូត​ស្រូវ​ ​បេះ​គ្រាប់​ស្វាយ​ចន្ទី ​ឬកាប់​ឈូសឆាយ​ដី​ចម្ការ​ឲ្យ​គេ​ប៉ុណ្ណោះ​ ​នេះ​បើ​យោង​តាម​អ្នក​ស្រុក​នៅទីនេះ។

ដោយ​សារ​កង្វះ​ឱកាសការងារ​ក្នុងស្រុក​ ​គួបផ្សំ​នឹង​ស្ថានភាព​ជីវភាព​លំបាក​លំបិន​ផង​នោះ​យុវតី​ក្មេងៗជាច្រើននៅ​ក្នុង​ស្រុក​នេះ​បានស្ម័គ្រ​ចិត្ត​បោះបង់​ការសិក្សា​ចោល​ ហើយ​សម្លឹង​ទៅ​រកឱកាសការងារ​ធ្វើ​ជា​អ្នក​បម្រើ​គេ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី​ ​បន្ទាប់​ពី​ពួកគេ​បាន​ឃើញកូន​ស្រី​របស់​អ្នក​ភូមិខ្លះបាន​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​ ​ហើយ​វិល​ត្រឡប់​មក​វិញជាមួយ​នឹង​ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ផង​នោះ។

នៅ​ក្នុង​ករណី​ខ្លះ​ ​យុវតី​ដែលសម្រេច​ចិត្តចង់​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​គេនៅ​ប្រទេស​ម៉ាឡេស៊ី នោះ​គឺ​នៅ​ជា​កុមារ​មិន​ទាន់​គ្រប់​អាយុ​ធ្វើ​ការ​នៅ​ឡើយ។

ជាក់ស្តែង​ ​កញ្ញា​ភឿត សុគា​ ​ដែល​កំពុង​រៀបចំ​ដាំ​ស្ល​នៅលើ​ផ្ទះ​ឈើ​ដែល​មាន​ជញ្ជាំង​ស្លឹក​ ធ្លុះធ្លាយ​ ​ទំហំ​ប្រមាណ​៣ម៉ែត្រ​បួន​ជ្រុង​របស់​នាង​នៅ​ក្នុងភូមិ​ត្រពាំង​ឫស្សី​ ​ឃុំ​រស្មី​នៃ​ស្រុក​រវៀង​នេះ​ ​បាន​សម្រេច​ចិត្ត​ឈប់​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​៧​ ​ហើយ​បាន​ព្រមព្រៀ​មតាម​ការ​បញ្ចុះ​បញ្ចូល​របស់​អ្នក​ជ្រើសរើស​ពលករ​ក្នុង​ស្រុក​ម្នាក់​ ​ដើម្បី​ទៅ​ធ្វើ​ការងារ​ជា​អ្នក​បម្រើ​គេ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​កាល​ពី​បី​ខែ​មុន។​ ប៉ុន្តែ​សុគា​ ​ដែល​មិនទាន់​គ្រប់​អាយុ​ធ្វើការ​នៅ​ឡើយ​នេះ​ ​ត្រូវ​បានអង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ជួយ​សង្គ្រោះ​ត្រឡប់​មក​វិញ​ ​ខណៈ​ដែល​នាង​រៀបចំ​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​នោះ។

សក់កាត់​ត្រឹម​ស្មា ​និងមាន​សម្បុរ​ខ្មៅ​ស្រអែម​ស្ថិត​ក្នុង​វ័យ​ទើប​តែ​១៧​ឆ្នាំ​ ​ភឿត សុគា​ ​ដែល​ជា​កូន​ទី​៧​ក្នុង​ចំណោម​បងប្អូន​១០​នាក់​ក្នុង​គ្រួសារ​របស់​នាង​ ​បាន​ឆ្លៀត​កោស​សំបក​ននោង​បណ្តើរ​ ​និយាយ​បណ្តើរដោយ​ទឹកមុខ​ស្ងួត​ថា​ ​នាង​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ីគឺ​ដើម្បី​រក​ប្រាក់​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ដ៏​យ៉ាប់យឹន​របស់​នាង។

«ចង់​ទៅ​ដើម្បី​រក​លុយ​មក​ជួយ​គ្រួសារ​របស់​ខ្ញុំ។ ​គ្រួសារ​របស់​ខ្ញុំ​ខ្វះខាត​ខ្លាំង​ពេក​ ​ហើយ​ណា​មួយ​អត់​មាន​អី​ជិះ​ទៅរៀន​ទៀត។ ​ខ្ញុំ​ទៅ​រក​លុយ​មក​ធ្វើ​ផ្ទះ​ធ្វើ​អី​ ​ហើយ​ទិញ​កង់​ឲ្យ​ប្អូន​ខ្ញុំ​ជិះ​ទៅ​រៀន»។

អង្គុយ​នៅ​អែប​ជាប់នឹងម្តាយ​របស់​ខ្លួន​ ​សុគា​និយាយ​បន្តទៀត​ថា​ ​បើទោះ​ជា​នាងនៅ​បន្ត​រៀន​តទៅទៀត​ ​ក៏​នាង​ហាក់​គ្មាន​សង្ឃឹមថា​នឹង​អាច​រៀន​រហូត​ដល់​ចប់​ថ្នាក់ទី​១២​ ​ហើយ​អាច​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​នាង​បាន​ដែរ។

ម្តាយ​របស់​សុគា​គឺអ្នក​ស្រីប៊ួ លីន​ ​ជា​កសិករ​វ័យ​៥៤​ឆ្នាំ​ ​មាន​ប្រសាសន៍​ថា​ ​អ្នក​ស្រីសុខចិត្ត​អនុញាត​ឲ្យ​កូន​ស្រី​ដែល​មិន​ទាន់​គ្រប់​អាយុ​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​គេ​តាម​ផ្ទះ​នៅ​ប្រទេសម៉ាឡេស៊ី​នោះ​ ​ដោយ​អ្នកស្រី​រំពឹង​ថា​ ​កូន​ស្រី​របស់​អ្នកស្រី​នឹង​អាច​ទទួលបាន​ប្រាក់ខែ​ដើម្បី​យក​មក​ជួយផ្គត់​ផ្តង់​ជីវភាព​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ជាងនេះ។

«ខ្ញុំ​ថា​ ​'តាម​តែ​ចិត្ត​កូន​ស្ម័គ្រ'។ ​បើ​មិន​ឲ្យ​ទៅ​ ​តែ​បើ​វា​ថា​ 'ទៅ​ ​ហើយ​បើ​ក្រ​របៀប​នេះ។​ ឃើញ​គេ​ទៅហើយ​មក​វិញ​ ​គេ​បាន​គោយន្ត​ ​បាន​ក្តារ​ធ្វើ​ផ្ទះ​ ​ឈើ​ធ្វើ​ផ្ទះ​ ​ខ្ញុំ​មិន​នៅ​ទេ​ ​ខ្ញុំ​ទៅ​ហើយ'។ ខ្ញុំក៏ថា​ 'អើ​តាម​តែ​អែ្ហង​ ​ទៅ​ក៏​ទៅៗចុះ'»។

អ្នកស្រីប៊ូ លីនមាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា​ ឈ្មួញ​កណ្តាល​ ឬ​មេខ្យល់​ដែល​ជ្រើសរើស​ពលករ​នៅក្នុង​ស្រុក​ បាននាំ​កូន​ស្រី​របស់​អ្នកស្រី​ឲ្យ​ទៅក្រុមហ៊ុន​ជ្រើសរើស​ពលករ​ឯកជនមួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​ក្រុមហ៊ុននោះ​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន​៤០​ម៉ឺន​រៀល​និង​អង្ករ​ចំនួន​២៥០​គីឡូក្រាម​ដល់​អ្នក​ស្រី​ ​បន្ទាប់​ពី​អ្នក​ស្រី​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារដែល​មាន​ការ​ប្តូរ​ឈ្មោះ​និង​កែ​អាយុ​កូន​ស្រីរបស់​អ្នកស្រី។

«ខ្ញុំ​មិន​ដឹង​ដែរ។ ​ខ្ញុំ​ល្ងិតល្ងង់។​ លិខិតគេ​ចេញ​មក​នោះ​ ​គេ​ឲ្យ​ខ្ញុំ​មក​ធ្វើ​លិខិត​ ​ស៊ីញ៉េ​តាម​ភូមិ​ឃុំ។ ​គេ​ប្រាប់​ឲ្យ​ខ្ញុំ​ស៊ីញ៉េ​ ​ខ្ញុំ​ក៏ស៊ី​ញ៉េឲ្យ​ ​ឲ្យ​ភូមិ​ឃុំស៊ី​ញ៉េ​ឲ្យ»។

ក្រុម​អ្នក​ភូមិ​និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ការ​ប្តូរ​ឈ្មោះ​និង​កែ​ដំឡើងអាយុ​ពលករ​ដែល​មិន​ទាន់​គ្រប់​អាយុ​ដើម្បីបញ្ជូន​ពួកគេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ស្របច្បាប់​នេះ​ ​មាន​ជា​ច្រើន​ករណី​នៅ​ក្នុង​ស្រុក​រវៀង​ ​នេះ​បើ​ទោះ​ជា​ពុំ​មាន​តួលេខ​ផ្លូវការ​ណាមួយ​ឲ្យ​ពិត​ប្រាកដ​ក៏​ដោយ។

លោកចិត្ត ចាន់ណា​ បុគ្គលិក​អង្គការ​ Cambodia-pride​ ដែល​បាន​តាមដាន​ការ​បញ្ជូន​ពលករ​ចំណាក​ស្រុក​មិន​ទាន់​គ្រប់អាយុ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ​មាន​ប្រសាសន៍​ថា

ការ​ក្លែង​បន្លំ​ឈ្មោះ​និង​អាយុ​ពលករ​ដែល​មិន​ទាន់គ្រប់​អាយុ​ក៏​មាន​ការ​ចួល​រួម​ចំណែក​ពី​ឪពុក​ម្តាយ​របស់​ពលករផ្ទាល់​ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ។

«ការ​រត់​ការ​ ​រត់​សំបុត្រ​ស្នាម​អី​ហ្នឹង ​គឺ​ខាង​ក្រុមហ៊ុន​គេ​ធ្វើ​ឲ្យ។​ អញ្ចឹង​យក​មក​ឲ្យ​ឪពុក​ម្តាយ។​ គាត់​ក៏​មិន​បាន​អាន​ ​មិន​បាន​អី​ដែរ​ ដឹង​តែ​ថា​ ​ឲ្យ​តែ​កូន​បាន​ទៅ​ ​គាត់​សប្បាយ​ចិត្ត។ ​គាត់​ក៏​យក​ឯកសារ​ហ្នឹង​ទៅ​ឲ្យ​មេ​ឃុំ​មេ​អី ​ស៊ីញ៉េ។ ​ហើយ​មេភូមិ​ ​មេឃុំ​ហ្នឹង​គាត់​ក៏​ស៊ី​ញ៉េ។​ ​មិនដឹង​ជា​គាត់​គិត​យ៉ាង​ណា​ទេ​ ​ព្រោះ​ថា​ ​ជាក់​ស្តែង​ក្មេង​ដែល​ទៅ​ហ្នឹង​ ​ខ្លះ​ក៏​គ្រប់​អាយុ​ទៅ​ ​ខ្លះ​ក៏​មិន​ទាន់​គ្រប់​អាយុ​ទៅ​ ​តែ​គាត់​នៅ​តែ​ស៊ីញ៉េ»។

សូម​បញ្ជាក់ថា​ ​ពលករ​កម្ពុជា​ដែល​អាច​ធ្វើ​ការ​ដោយ​ស្របច្បាប់​បាន​ត្រូវ​មាន​អាយុ​យ៉ាង​តិច​១៨​ឆ្នាំ​ ប៉ុន្តែ​តាម​លក្ខខណ្ឌ​ការងារ​សម្រាប់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ​ពួកគេ​ត្រូវមាន​អាយុ​យ៉ាង​តិច​២១​ឆ្នាំ។

របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ចេញ​ផ្សាយ​នៅចុង​ខែ​កញ្ញា​ឆ្នាំ​២០១០​ស្តី​អំពី​ពលករ​ចំណាក​ស្រុក​មិន​ទាន់​គ្រប់​អាយុ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​បាន​បង្ហាញ​ថា​ ​ពលករ​ដែល​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​នោះតាម​រយៈ​ក្រុម​ហ៊ុន​បញ្ជូន​ពលករ​ដែល​ជួយក្លែង​ឯកសារ​បង្ហាញ​អត្តសញ្ញាណ ​ដូចជា​លិខិត​ឆ្លងដែន​និង​អាយុ​របស់​ពួកគេជាដើម។

របាយ​ការណ៍​ដដែល​បាន​បង្ហាញ​ថា ​ គិត​មក​ត្រឹម​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១០​នេះ​ ពលករ​ចំណាក​ស្រុក​ខ្មែរ​ចំនួន​៨៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្សេងៗ​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ​ក្នុង​នោះ​ ​មាន​ពលការិនី​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៣​នាក់​ត្រូវ​បាន​ជួយ​បញ្ជូន​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ​ដោយអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោក​ស្រី ពុង​ ឈីវកេក​ ប្រធាន​អង្គការ​លីកាដូ​ ​មាន​ប្រសាសន៍​ថា​ ​បញ្ហា​នៃ​ការ​បញ្ជូន​ពលករ​មិន​ទាន់គ្រប់​អាយុ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​ ​នៅ​តែ​កើត​មានដោយសារ​តែ​កង្វះ​យន្តការ​ត្រួត​ពិនិត្យ​ពី​សំណាក់​រដ្ឋាភិបាល​ទៅលើ​ករណី​ល្មើស​ច្បាប់​ទាំង​នេះ។

«ក្រុមហ៊ុន​ ជួនកាល​ ​ឆ្លើយ​ដោះ​យក​រួច​ខ្លួន​ថា​ ​មក​ពី​សំបុត្រ​កំណើត​ដាក់​ថា​ ​នាង​កើត​ថ្ងៃ​នេះ។​ ប៉ុន្តែ​មនុស្ស​យើង​ បើ​ទោះ​ជា​សំបុត្រ​កំណើត​ដាក់​ថា​ ​ថ្ងៃ​ណា​ក៏​ដោយ​ ​ក៏​យើង​មើល​ឃើញដែរ។​ ​កូន​ក្មេង​អាយុ​១៥​ឆ្នាំ​ ភ្នែកយើងឃើញ​ហើយ​ថា​ ​មិនមែន​អាយុ​១៨​ឆ្នាំ​ទេ។ ​នាង​នៅ​ជា​កុមារី​នៅឡើយ។​ យើង​ឃើញ​ហើយ​មិន​ចាំ​បាច់​តែ​គ្រូពេទ្យ​ទេ។ ​អញ្ចឹង​យើង​ស្រាវជ្រាវ​វិញ​ថា​ ​តើ​នរណា​ធ្វើ​សំបុត្រ​កំណើត។ បើ​អ្នក​ឯង​ធ្វើ​សំបុត្រ​កំណើត​ខុស​ ​អ្នក​ឯង​មាន​ទោស​ហើយ។ ​អញ្ចឹង​រដ្ឋាភិបាល​អាច​មក​ត្រួត​ពិនិត្យ​បាន​ ព្រោះ​រដ្ឋាភិបាល​មាន​សិទ្ធិ​មក​ត្រួត​ពិនិត្យ​បាន»។

លោកអន ប៊ុនហាក់​ ប្រធាន​សមាគម​ភ្នាក់​ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​ករណី​បញ្ជូន​ពលករ​ដែល​មិន​ទាន់​គ្រប់​អាយុ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​កន្លង​មក​នេះ​ កើត​ឡើង​ដោយ​សារ​ការ​ផ្តល់​ឯកសារ​មិន​ត្រឹមត្រូវ​ពី​សំណាក់​ឪពុក​ម្តាយ​របស់​ពលការិនី​ទាំង​នោះ​ផ្ទាល់។

«កន្លង​មក​លំបាក​ គឺ​ឪពុកម្តាយ​របស់​ពលការិនី​ហ្នឹង​តែ​ម្តង គឺ​គាត់​យក​អត្ត​សញ្ញាណ​មកប្រាប់យើង​ដោយ​ខុស​ពីការណ៍​ពិត»។

លោក​អន ប៊ុនហាក់​មាន​ប្រសាសន៍​បន្ថែម​ថា​ ​ចាប់​ពី​ពេល​នេះ​ទៅ​ ឯកសារ​ណា​បង្ហាញ​អត្ត​សញ្ញាណ​របស់​ពលការិនី​ណា​ដែល​មាន​ការ​សង្ស័យ​ថា​ ​មិន​ទាន់​គ្រប់​អាយុ​ ​សមាគម​របស់​លោក​នឹង​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដើម្បី​ត្រួត​ពិនិត្យ​មុន​នឹង​សម្រេច​បញ្ជូន​ពលការិនី​នោះ​ចេញ​ទៅ​ក្រៅ​ប្រទេស។

តែ​ទោះ​ជាយ៉ាង​នេះក្តី​ ​លោក​សុខ លុយ​ មេឃុំរស្មី​នៃ​ស្រុក​រវៀង​ក្នុង​ខេត្ត​ព្រះវិហារ​ ​មាន​ប្រសាសន៍​ថា​ ចាប់​ពី​ឆ្នាំ​២០០៧​មក​ ​លោក​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ដែល​មាន​ការ​ក្លែង​ឈ្មោះ​និង​អាយុ​ពលការិនី​មិន​ទាន់​គ្រប់​អាយុ​ ចំនួន​៤ករណី​មកហើយ​ ​ដោយលោក​អះអាង​ថា​ ឪពុក​ម្តាយ​របស់​ពួកគេ​បាន​ទទូច​សុំ​ខ្លាំង​ពេក។

«ដឹង​ថា​មិន​គ្រប់​ដែរ​ ​ប៉ុន្តែ​បើ​ឪពុកម្តាយគេថា​ កូន​គេក្រ​ 'អ៊ុំមិនគិត​គូរ​ឲ្យ​គ្នា​ផងទេឬ?' ខ្ញុំ​ក៏​ចេះ​តែ​ស៊ីញ៉េ​ឲ្យ​បណ្តោយ​ណា៎»។

លោក​ឯ សារ៉ូ​ អភិបាល​ស្រុក​រវៀង​ ​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា​ ​ពិត​ជា​មាន​ករណីអាជ្ញាធរ​ភូមិ​ឃុំ​របស់​លោកកែ​ឯកសារ​ដំឡើង​អាយុ​ពលករ​ដែល​មិន​ទាន់​គ្រប់​អាយុ​មែន។

ប៉ុន្តែលោកឯ សារ៉ូ​បាន​បញ្ជាក់​ថា​ ​ថ្មីៗ​នេះ​លោក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​របស់​លោក​ទាំង​អស់​ ​ឈប់​ចុះ​ហត្ថលេខា​ ​ឬ​បោះ​ត្រា​លើ​ឯកសារ​ក្លែង​បន្លំ​អាយុ​ទាំង​នោះ​ហើយ។

«បើ​សិនជា​ក្រោយពី​យើង​បាន​ជម្រាប​ជូន​គាត់​ហើយ​ ​ហើយ​គាត់​នៅ​តែ​ធ្វើ​អញ្ចឹង​ទៀត​ ​យើង​នឹង​មាន​វិធានការ​បន្ទាប់​ ​អាច​ថា​ ​ហៅ​មក​ធ្វើ​ការ​ស្តី​បន្ទោស​ ​ឬ​អាច​ថា​ មាន​វិធានការ​រដ្ឋបាល​ផ្សេង​ទៀត»។

ក៏ប៉ុន្តែ​លោក​ឯ សារ៉ូមិន​អាច​បញ្ជាក់​បាន​ថា​ ​តើវិធាន​ការរដ្ឋ​បាល​ផ្សេង​ទៀត​នោះ​គឺជា​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

សូម​លោក​អ្នក​រង់​ចាំ​សេចក្តី​រាយការណ៍ភាគទី​២របស់​ លោក​ពេជ្រ​ សំណាង​ជា​បន្ត​ទៀត​។ លោក ពេជ្រ សំណាង​នឹងផ្តោត​ទៅ​លើ​ហានិភ័យ​របស់​ពលការិនីខ្មែរទៅ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​គេនៅប្រទេស​ម៉ាឡេស៊ី​។ សូម​អរគុណ៕

XS
SM
MD
LG