ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់ខ្ពស់​អ.ស.ប.​ព្រមាន​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ខ្មែរក្រហម


លោកស្រី​ Patricia​ O’Brien ​អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ សុខ​ អាន​កាល​ពីយប់​​ព្រហស្បតិ៍​ទី២០ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងភ្នំពេញ នៃ​ប្រទេស​កម្ពុជា។​
លោកស្រី​ Patricia​ O’Brien ​អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ សុខ​ អាន​កាល​ពីយប់​​ព្រហស្បតិ៍​ទី២០ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងភ្នំពេញ នៃ​ប្រទេស​កម្ពុជា។​

អ្នក​តំណាង​ច្បាប់​ជាន់ខ្ពស់​របស់​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ព្រមាន​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ឈប់​ធ្វើ​សេចក្តីថ្លែង​ការណ៍​ជា​សាធារណៈ​ ប្រឆាំង​នឹង​សំណុំ​រឿងចំនួន​ពី​រ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

លោកស្រី​ Patricia​ O’Brien ​អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ សុខ​ អាន​កាល​ពីយប់ព្រហស្បតិ៍​ ដើម្បី​ពិភាក្សា​កង្វល់​របស់​អង្គការ​សហ​ប្រជា​ជាតិ​អំពី​ការវិវឌ្ឍ​ថ្មីៗ​នៅ​សាលាក្តី​ខ្មែរក្រហម​ បន្ទាប់ពី​ការលា​ឈប់​របស់​លោក​ Siegfried​ Blunk​ សហ​ចៅក្រម​ស៊ើបអង្កេត​ខាង​ភាគី​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​សប្តាហ៍​មុន។

លោក​ Blunk ​បាននិយាយ​ថា​ សេចក្តី​ថ្លែង​ការណ៍​សាធារណៈ​ជាបន្តបន្ទាប់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ​ ណាំហុង​ និង​លោក​ខៀវ​ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​បង្ហាញ​ពី​ការប្រឆាំង​របស់​រដ្ឋាភិបាល​ទៅលើ​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ ដែល​បង្កើត​ឱ្យ​មាន​បរិយាកាស​មួយ​ដែល​លោក​ Blunk​ បានទទួល​អារម្មណ៍​ដឹង​ថា​ ជា​ការ​លំអៀង។ ការ​លាឈប់​នេះ​មាន​ការ​សង្ស័យ​ថា​ តុលាការ​ស្ថិត​នៅ​ក្រោម​ការគាបសង្កត់​នយោបាយ​ ដើម្បី​កុំ​ឱ្យធ្វើ​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ទាំង​នេះ​ដោយ​ពេញលេញ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ចោទប្រកាន់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ប្រាំ​នាក់​បន្ថែម​ទៀត​ដែល​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ បានព្រមាន​ថា​ អាច​ធ្វើ​ឱ្យ​ប្រទេស​មាន​អស្ថិរភាព។

លោកស្រី​ Patricia​ O’Brien​ បានបញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ លោកស្រី​បាន​ជំរុញ​យ៉ាងខ្លាំង​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទាំង​ឡាយ​ដែល​ប្រឆាំង​នឹង​ការ​រីក​ចម្រើន​នៃ​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ ហើយ​ឱ្យ​ឈប់​ជ្រៀតជ្រែក​ តាម​វិធី​យ៉ាង​ម៉េច​ក៏ដោយ ​ក្នុង​ដំណើរ​ការ​វិនិច្ឆ័យ។ លោកស្រី​បាន​គូស​បញ្ជាក់​នូវ​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សហ​ប្រតិបត្តិកា​រយ៉ាង​ពេញលេញ​ជាមួយ​នឹង​សាលាក្តី​ខ្មែរក្រហម។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ លោកស្រី​បាន​សម្តែង​កង្វល់​ចំពោះ​ការ​វិវឌ្ឍ​ថ្មីៗ​នេះ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ ហើយ​លោកស្រី​បានអះអាង​ថា​ អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​យ៉ាងម៉ឹងម៉ាត់​ឲ្យ​គ្រប់​ភាគី​គោរព​ និង​គាំទ្រ​សេចក្តី​សុចរឹត​ និង​ឯក​រាជ្យភាព​នៃ​ដំណើរការ​វិនិច្ឆ័យ​របស់​សាលាក្តី​ខ្មែរក្រហម។

លោកស្រី​បាននិយាយ​សំដៅ​ទៅ​រក​ការគាំទ្រ​យ៉ាងរឹងមាំ​របស់​លោក​បាន់ គីមូន​ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ចំពោះ​ការងារ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បានចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​កិច្ចប្រជុំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មិន​បាន​និយាយ​អំពី​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ ការ​លា​ឈប់​របស់​លោក​ចៅក្រម​ Siegfried​ Blunk​ ឬ​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ចូល​ទៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ទេ។ ​ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​នេះ​ បាន​បញ្ជាក់​ថា​ ភាគី​ទាំងពីរ​បាន​ផ្តោត​ជា​សំខាន់​លើ​សំណុំ​រឿង​លេខ​០០២​ដែល​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ហើយ​ភាគី​ទាំងពីរ​មាន​ឆន្ទៈ​ចូលរួម​ជំរុញ​ឱ្យ​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​បន្ត​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ និង​ដោយ​រលូន។

លោក​ឯក​ ថា​ អ្នក​នាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បានថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ ក្រោយ​ពី​ជំនួប​រវាង​លោកស្រី​ Patricia​ O’Brien ​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ​ អាន​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា​ «រាជ​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​មិន​បានជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ​នៅក្នុង​តុលាការ​កម្ពុជា​ដែល​កំពុងតែ​ទទួល​បន្ទុក​ក្នុង​ការ​កាត់ក្តី​មេ​ដឹកនាំ​កំពូលៗ​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​កន្លង​មក​នេះ​ទេ។ យើង​ទុក​ឱ្យ​តុលាការ​នេះ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ និង​ការងារ​របស់​តុលាការ ​ស្របតាម​កិច្ច​ព្រមព្រៀង​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​នៅក្នុង​ឆ្នាំ​២០០៣​កន្លង​មក​នេះ»។

លោក​ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​បានថ្លែង​ថា​ ភាគី​ទាំងពីរ​រួម​គ្នា​ការពារ​សាលាក្តី​ខ្មែរក្រហម​ឱ្យ​បាន​សម្រេច​ជោគជ័យ​ ហើយ​ភាគី​ទាំងពីរ​មិន​បាន​ពិភាក្សា​ស៊ីជម្រៅ​នៅក្នុង​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​០០៤​ទេ។

លោក​ផៃ​ ស៊ីផាន​បាន​បញ្ជាក់​ថា​ លោក​ Laurent​ Kasper-Anermet​ នឹង​ត្រូវ​ជំនួស​លោក​ Siegfried​ Blunk​ ដែល​បាន​លាឈប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG