ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាន គីមូន៖ សាលាក្តី​​ខ្មែរ​ក្រហម​ មាន​តួនាទី​យ៉ាង​សំខាន់


លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ គីមូន​ ធ្វើ​​ទស្សនកិច្ច​នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​​​ទួលស្លែង​​។
លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ គីមូន​ ធ្វើ​​ទស្សនកិច្ច​នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​​​ទួលស្លែង​​។

ភ្នំពេញ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មាន​ប្រសាសន៍ថា​ សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ មាន​តួនាទី​យ៉ាង​សំខាន់​ សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​ ស្វែង​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​នៃ​របប​គ្រប់គ្រង​ក្នុង​ទសវត្សរ៍​១៩៧០​។ លោក​ បាន​ គីមូន​ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រារាំង​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ចំពោះ​សាលាក្តីកាត់ទោសមេដឹកនាំខ្មែរ​ក្រហម​ ។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ គីមូន​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ហើយលោក​បាន​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការ​នាំ​យកមេដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់ទោស​ចំពោះ​មុខ​ច្បាប់​។

«​ការ​ចេញ​សាលក្រម កាំង​ ហ្កេកអ៊ាវ ​ហៅ​ ឌុច​ មានទោស គឺ​ជា​សមិទ្ធិ​ដ៏​ធំ​មួយ នៃការ​ធ្វើ​ដំណើរ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​។ យើង​ដឹង​ថា​ វា​ជា​ការ​លំបាក​ ក្នុង​ការ​រំឭក​ឡើង​វិញនូវ​ផ្នែក​ដ៏​អាក្រក់​នេះ​ នៃ​ប្រវត្តិសាស្រ្ត​របស់​លោក​អ្នក​ ក៏ប៉ុន្តែ​ ខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​ដឹង​ថា​ សេចក្តីក្លាហាន​របស់​លោក​អ្នក​បាន​បញ្ជូន​សារ​ដ៏​ខ្លាំង​ និង​មាន​ឥទ្ធិពល​មួយទៅ​ទូទាំង​ពិភពលោក​ថា​ គ្មាន​ការ​លើកលែង​ទោស​ទេ​ និង​ថា​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ នឹង​ត្រូវ​តែដាក់​ទោស​»។

នៅ​ក្រោម​របប​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ ១៩៧០​ ទួលស្លែង​ធ្លាប់​ជា​គុក​មួយ​ ដែល​គេ​ស្គាល់​ថា​ ជា​គុក​ស​ ២១​។ សាលាក្តី​អន្តរជាតិ​សម្រាប់​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ បាន​កាត់​ទោស​ឌុច​ ដែល​ជាប្រធាន​គុក​ទួលស្លែង កាល​ពី​ខែ​កក្កដា​នេះ​។

នៅ​ឆ្នាំ​ក្រោយ​ សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ​ នឹង​ចាប់ផ្តើម​ដំណើរ​ការ​ករណី​រឿង​ក្តី​ទី​ពីរ​របស់​ខ្លួន​ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ៤​ រូប ដែល​ត្រូវ​បាន​ចោទ​ថា​ មាន​ការ​ទទួល​ខុស​ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​ប្រមាណ​ ២​ លាននាក់ ក្នុង​កំឡុង​ពេល​ការ​គ្រប់គ្រង​របស់​ខ្លួន​។

ក៏ប៉ុន្តែ​ សារ​របស់​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ លោក​ ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​យ៉ាង​ចំៗ​ ទៅ​កាន់​លោក​ បាន​ គីមូន​ កាលពី​ថ្ងៃ​ពុធ​នេះគឺថា រឿង​ក្តី​ទី​ពីរ​ ​ជា​រឿង​ក្តី​ចុងក្រោយ​របស់​សាលាក្តី​នេះ​ត្រូវ​ជំនុំជំរះ​។

គេ​មិន​ដឹងច្បាស់លាស់​ទេ​ថា​ តើ​រដ្ឋាភិបាល​កម្ពុជា​ អាច​ការពារ​មិន​ឲ្យ​មាន​ការ​ជំនុំជំរះ​ករណី​ថ្មីៗ​ទៀត​បាន​ ឬ​យ៉ាងណា​ ខណៈ​ដែល​សាលាក្តី​នេះ​ ត្រូវ​បានគេ​រំពឹង​ថា​ មាន​សេរីភាព​ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​នោះ​។ សាលាក្តី​នេះ​ កំពុងតែ​ស៊ើបអង្កេត​ជន​ជាប់​សង្ស័យ​ចំនួន​ ៥​ នាក់​ផ្សេង​ទៀត​។

ចំពោះ​សំណួរ ដែល​សួរ​ថា​តើ​នឹង​មាន​ការ​ជំនុំ​ជំរះ​រឿងក្តី​បន្ថែម​ទៀត​ ដែរ​ឬ​ទេ​ លោក​ បាន​ គីមូន​ បាន​ឆ្លើយតប​បង្វៀងយ៉ាង​ដូច្នេះ​ថា​៖

«ខ្ញុំ​បានពិភាក្សា​យ៉ាង​ល្អ​ អំពី​បញ្ហា​នេះ​ ចំនួន២​លើក​ ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ និង​លោក​ឧបនាយក​រដ្ឋមន្រ្តី​កាល​ពី​ព្រឹក​មិញ​នេះ​ ហើយ​ខ្ញុំ​អាច​ប្រាប់​លោក​អ្នក​បាន​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ប្តេជ្ញា​ថា​ នឹង​បញ្ចប់​ដំណើរ​ការ​រឿង​ក្តី​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​។ អង្គការ​សហប្រជាជាតិ​ នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​ ជាមួយ​នឹង​សមាជិកសហគមន៍​អន្តរជាតិ​ ជាពិសេស​ ជាមួយ​បណ្តា​ប្រទេសម្ចាស់ជំនួយ​។ នោះ​ជា​អ្វី​ ដែល​ខ្ញុំ​អាច​ប្រាប់​លោក​អ្នក​បាន​នៅ​ពេល​នេះ​» ។

លោក​ បាន​ គីមូន​ បាន​បញ្ចប់​សន្ទរកថា​របស់​លោក​នៅ​ឯ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ ដោយ​សរសើរ​ដល់​កិច្ច​ប្រឹង​ប្រែងរបស់​កម្ពុជា​ ដើម្បី​ស្វែង​រក​យុត្តិធម៌​។

«ខ្ញុំ​នឹង​មិន​ភ្លេច​ ដំណើរបំពេញ​ទស្សនកិច្ច​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ទេ​។ លោក​ និង​អ្នកស្រី​ទាំងឡាយ!​ នៅ​ទី​កន្លែង​នៃ​ភាព​គួរ​ឲ្យ​ភ័យ​តក់​ស្លុត​នេះ​ សូម​ឲ្យ​ព្រលឹង​ស្មារតី​របស់មនុស្ស​ទទួល​បាន​ជ័យជំនះ​។ សង្គ្រាម​មិន​អាច​ផ្តល់​យុត្តិធម៌​បាន​ទេ​ ប៉ុន្តែ​ ​យើង​អាច​ផ្តល់​បាន​។ ខ្ញុំ​សូម​អរគុណ​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ក្នុង​ការ​ដឹកនាំ​នេះ​»។

ក្រោយ​មក​ទៀត​ ក្នុង​ថ្ងៃ​ព្រហស្បត៍​ដដែល​នោះ​ លោក​បាន​ គីមូន​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ទៅ​ប្រទេស​វៀតណាម​ ទី​ដែល​លោក​ នឹង​ត្រូវ​ជួប​មេដឹកនាំ​សមាគម​ជាតិ​អាស៊ី​អគ្នេយ៍​។ បន្ទាប់​ពីនោះ​ទៀត​ លោកនឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​៕

ប្រែ​សម្រួល​ដោយ​លី ម៉ូរីវ៉ាន់

XS
SM
MD
LG