ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​សិទ្ធិមនុស្ស​អ.​ស.ប.បើក​វគ្គ​បណ្តុះ​បណ្តាល​ការ​ត្រូតពិនិត្យ​ការ​ឃុំ​ខ្លួន


កម្ពុជា​ចូលជា​ភាគី​នៃ​អនុសញ្ញា​ ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​១៩៩២។
កម្ពុជា​ចូលជា​ភាគី​នៃ​អនុសញ្ញា​ ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​១៩៩២។

អង្គការ​សិទ្ធិ​មនុស្ស​នៃអង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ចាប់​ផ្តើម​បណ្តុះ​បណ្តាល​វិធី​សាស្ត្រ​ទាក់​ទង​នឹង​ជំនាញ​ពិនិត្យ​ឃ្លាំមើល​ការ​ឃុំ​ខ្លួន​ ដើម្បី​ជៀស​វាង​ការ​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ។

វគ្គ​បណ្តុះ​បណ្តាល​រយៈពេល​បី​ថ្ងៃ​នេះ​ ផ្តោត​ជា​សំខាន់​លើ​គោលបំណង​នៃ​ការពិនិត្យ​ឃ្លាំ​មើល​ទី​កន្លែង​ឃុំ​ខ្លួន​ តួ​នាទី​ និង​យន្តការ​បង្ការ​ថ្នាក់​ជាតិ គោលការណ៍​នៃ​ដំណើរ​ទស្សន​កិច្ច​ត្រួត​ពិនិត្យ​មើល​ការ​ឃុំ ​និង​ឃាត់​ខ្លួន​ យុទ្ធសាស្ត្រ​នៃ​សម្ភាសន៍​ជាដើម។

មន្ត្រី​រដ្ឋាភិបាល​ប្រមាណ​២០​នាក់​មក​ពី​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ ក្រសួង​សុខាភិបាល​ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ។

លោក ​នុត​ សាអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​បើក​វគ្គបណ្តុះ​បណ្តាល​នៅ​សណ្ឋាគារ​ Imperial Garden Villa and Hotel ​ថា វគ្គ​សិក្សា​នេះ​មាន​សារៈសំខាន់​សម្រាប់​ជួយ​ជំរុញ​ការ​យល់​ដឹង​ និង​ចំណេះ​ដឹង​ថ្មី​ៗ​ដល់​មន្ត្រី​កម្ពុជា​ឲ្យ​អនុវត្ត​ការងារ​ឃ្លាំ​មើល​ ឬ​ត្រួត​ពិនិត្យ​កន្លែង​ឃុំ​ឃាំង​អ្នក​ទោស​ឲ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

«ប្រធាន​បទ​នេះ​គឺ​ជា​ប្រធាន​បទ​ដែល​មាន​លក្ខណៈ​ថ្មី​សម្រាប់​យើង​ ដើម្បី​វាស់​នូវ​កម្រិត​យល់​ដឹង​របស់​យើង​ដែល​បាន​ធ្លាប់​អនុវត្ត​កន្លង​មក។ ​វគ្គ​សិក្សា​នេះ​ ខ្ញុំ​ចាត់​ទុក​ជា​ម៉ែត្រ​វាស់​មួយ​នូវ​កម្រិត​យល់​ដឹង​របស់​យើង​ក៏​ដូច​ជា​កម្រិត​នៃ​ការ​អនុវត្ត​ការងារ​របស់​យើង​ដែល​បាន​ធ្វើការ​កន្លង​មក​ដែរ»។

លោក ​ចេមស៍ ហ៊ីណាន (James Heenan)​ តំណាង​ស្តី​ទី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ថា ការ​កសាង​សមត្ថភាព​នៅ​កម្ពុជា​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​កន្លែង​ឃុំឃាំង​បាន​ចាប់​ផ្តើម​ជា​យូរ​មក​ហើយ។ លោក​ ចេមស៍​បាន​បន្ត​ថា​ វគ្គ​បណ្តុះ​បណ្តាល​នេះ​មិន​មែន​ត្រឹម​តែ​ជា​ឱកាស​ដើម្បី​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​តម្រូវ​ឲ្យ​មាន​ការ​ធានា​ដល់​បញ្ហា​ធំ​ៗ​នៃ​ការ​ធ្វើ​ទារុណ​កម្ម​នៅ​កន្លែង​ឃុំឃាំង។

«កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ធ្វើ​ការ​លុប​បំបាត់​អំពើ​ទារុណកម្ម​ ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន​នៅ​តាម​កន្លែង​ឃុំឃាំង​ ហើយ​វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ជួយ​យើង​ទាំង​ពីរ​ឆ្ពោះ​ទៅ​រក​គោលដៅ​នោះ​ ប៉ុន្តែ​ផ្តល់​ឲ្យ​យើង​នូវ​ជំនាញ​មួយ»។

លោក​ នុត ​សាអាន​ បាន​ថ្លែង​ថា កម្ពុជា​បាន​ផ្តល់​សច្ចាបណ្ណ័​ទៅ​លើ​ពិធី​សារ​បន្ថែម​នៃ​អនុសញ្ញា​ប្រឆាំង​អំពើ​ទារុណ​កម្ម​ (OPCAT) ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិនា ​ឆ្នាំ​២០០៧​ ហើយ​បាន​ចូល​ជា​រដ្ឋភាគី​នៃ​ពិធីសារ​បន្ថែម​នេះ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ​២០០៧។

រដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ទប់​ស្កាត់​ថ្នាក់​ជាតិ​មួយ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០០៨ ដែល​រួម​មាន​ក្រសួង​មហាផ្ទៃ​ ក្រសួង​យុត្តិធម៌​ និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​មើល​កន្លែង​ឃុំឃាំង​ដើម្បី​ធានា​ថា ការ​ធ្វើ​ទារុណ​កម្ម​មិន​ត្រូវ​បាន​អនុញ្ញាត។ កម្ពុជា​ចូលជា​ភាគី​នៃ​អនុសញ្ញា​ ប្រឆាំង​អំពើ​ទារុណកម្ម​នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​១៩៩២។

លោក ​ចាន់ ​សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា​ នគរបាល​ និង​កង​រាជអាវុធហស្ថ​ ជា​ធម្មតា​ ប្រើ​អំពើ​ទារុណកម្ម​ ដើម្បី​ទទួល​បាន​ចម្លើយ​ពី​អ្នក​ជាប់​ឃុំ​ទាំង​ក្នុង​កន្លែង​ឃុំ​ឃាំង​របស់​នគរបាល​ និង​ពន្ធនាគារ។

«អំពើ​ទារុណកម្ម​ទាំង​អស់​ បើ​យើង​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១០ សមាគម​អាដហុក​ទទួល​បាន​ជាង​៧០​ករណី​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ហើយ​រយៈពេល​ជាង​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១១​នេះ ​សមាគម​អាដហុក​ទទួល​បាន​ជាង​៤០​ករណី»។

លោក ​ចាន់​ សាវ៉េត​ បាន​បន្ថែម​ថា​ ករណី​ទារុកម្ម​ភាគ​ច្រើន​ បាន​កើត​ឡើង​នៅ​ក្នុង​កន្លែង​ឃុំឃាំង​របស់​នគរបាល៕

XS
SM
MD
LG