ប្រទេសកម្ពុជាបានបដិសេធចោលសំណើរបស់អង្គការសង្គមស៊ីវិលក្នុងការសុំឱ្យមានវេទិកាជួបគ្នារវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលដោយចាត់ទុកថាមិនតំណាងឱ្យសំឡេងអង្គការសង្គមទាំងមូលហើយនាំឱ្យបាត់លទ្ធិប្រជាធិបតេយ្យ។
នៅក្នុងជំនួបគ្នាមួយជាមួយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីសប្តាហ៍មុនលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី បានពាំនាំសំណើរបស់អង្គការក្រៅរដ្ឋាភិបាលចំនួនជាង៣០០ ដើម្បីស្នើឲ្យមានវេទិការវាងអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលនេះ។ ក៏ប៉ុន្តែត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានច្រានចោល។
លោកអៀង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីសប្តាហ៍មុនថាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់លោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី ថាលោកមិនអាចទទួលយកបានសំណើនេះបានទេ ពីព្រោះសំណើរបស់អង្គការក្រៅរដ្ឋាភិបាលចំនួនជាង៣០០ មិនមែនតំណាងឲ្យសំឡេងភាគច្រើនទេ នៅក្នុងខណៈពេលដែលកម្ពុជាមានអង្គការសង្គមស៊ីវិលប្រមាណជាង៣.០០០។
«សិទ្ធិរបស់ NGO ជាង៣.០០០ NGO ដែលលោកស៊ូប៊ែឌីបានលើកយកត្រឹមតែ NGO ៣០០ ប៉ុណ្ណោះដើម្បីយកជាសំឡេងដើម្បីរៀបចំឯកសារធ្វើជា Dialogue (ការពិភាក្សា) ជាមួយរដ្ឋាភិបាលដែលជាការបំពានសិទ្ធិរបស់ NGO ដទៃទៀតផងក៏ជាការបំបាត់នូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិបញ្ចេញយោបល់របស់ NGO ផ្សេងទៀត»។
លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាអស់រយៈពេលមួយសប្តាហ៍កន្លងទៅនេះបានជួបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន។ អ្នកស្រីចក់ សុភាព ជំនួយការប្រតិបត្តិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចូលជួបជាមួយនឹងលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី កាលពីថ្ងៃពុធ កន្លងទៅនេះ ជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន២០ផ្សេងទៀតបាននិយាយថាអង្គការសង្គមស៊ីវិលចំនួនប្រមាណជាង៣០០ ដែលបានស្នើសុំតាមរយៈ លោក ស៊ូយ៉ា ប្រសាទស៊ូប៊ែឌី គឺជាគំរូគ្រប់គ្រាន់ហើយ ដែលតំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់។
លោកស្រីបានលើកឡើងទៀតថា អង្គការសង្គមស៊ីវិលនៅកម្ពុជា មានជាង៣.០០០មែន ក៏ប៉ុន្តែអង្គការទាំងនោះពុំមានសកម្មភាពលេចធ្លោទេ។
«តំណាងទាំងអស់ គឺសុទ្ធតែតំណាងដែលគាត់ធ្វើការសកម្មក្នុងការការពារសិទ្ធិមនុស្ស ការពារដល់តំណាងសហគមន៍នានាដែលគាត់ធ្វើការហ្នឹង។ អញ្ចឹងខ្ញុំគិតថាការណ៍ដែលតំណាងពិសេសគាត់បានជួបចំនួន២០០វាល្មមគ្រប់គ្រាន់ដែលអាចដាក់ចេញជាអនុសាសន៍សំខាន់ជូននាយករដ្ឋមន្រ្តី»។
លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី មកបំពេញទស្សនកិច្ចប្រទេសកម្ពុជាចំនួន១០ថ្ងៃហើយលោកគ្រោងនឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃព្រហស្បត៍ខាងមុខនេះ។
ដំណើរទស្សនកិច្ចលើកទីបួន មកកាន់ប្រទេសកម្ពុជាលើកនេះលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី បានផ្តោតការយកចិត្តទុកដាក់លើបញ្ហាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធតុលាការ។
លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជាដែលបានដឹកនាំមន្រ្តីរបស់លោកទៅជួបលោក ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី នៅថ្ងៃច័ន្ទនេះ បានមានប្រសាសន៍ឲ្យដឹងថា លោកបានលើកយកកង្វល់ចំនួនបួនចំណុចធំៗ គឺសិទ្ធិទទួលការអប់រំ សិទ្ធិជួបប្រជុំ សិក្ខាសាលា កូដកម្ម បាតុកម្ម សេចក្តីព្រាងច្បាប់ស្តីពីសហជីព សង្គមស៊ីវិល និងអំពើឃាតកម្មទៅលើមេដឹកនាំសហជីពមួយចំនួនដែលរួមមានលោកជា វិជ្ជា លោករស់ សុវណ្ណារ៉េត និងលោកហ៊ី វុទ្ធី។
«បញ្ហាដែលយើងបានលើកឡើង គាត់ស្វាគមន៍ រីករាយ ហើយគាត់នឹងយកបញ្ហានេះទៅ(ពិភាក្សាក្នុង)ជំនួបជាមួយខាងតំណាងរដ្ឋាភិបាល។ ហើយគាត់នឹងដាក់បញ្ចូលទៅក្នុងរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តគណបក្សជំទាស់ដ៏ធំមួយបាននិយាយថានៅថ្ងៃពុធខាងមុខនេះ គណបក្សសម រង្ស៊ី នឹងមានជំនួបគ្នាមួយជាមួយលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី។ លោកសុវណ្ណបានមានប្រសាសន៍ទៀតថា គណបក្សសម រង្ស៊ីនឹងស្នើសុំឲ្យតំណាងពិសេសរបស់អង្គការសហប្រជាជាតិពិនិត្យទៅលើសិទ្ធិអ្នកតំណាងរាស្រ្តដែលត្រូវបានរដ្ឋាភិបាលកម្ពុជារំលោភបំពានក្រោយពីបំពេញកាតព្វកិច្ចរបស់ខ្លួន។
អ្នកតំណាងរាស្រ្តដែលត្រូវបានរំលោភបំពាននោះត្រូវបានលោកយឹម សុវណ្ណ បញ្ជាក់ថា មានលោកសម រង្ស៊ី លោកស្រីមួរ សុខហួរ និងលោកហូ វ៉ាន់ ជាដើម។
«ជាពិសេសតំណាងរាស្រ្តសម រង្ស៊ី តែម្តង តែមកដល់ពេលនេះ គឺមិនទាន់បានដោះស្រាយនៅឡើយទេ ដោយតុលាការដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចនេះ គេបានចោទប្រកាន់កាត់ទោស ដាក់ពន្ធនាគារ១២ឆ្នាំ។ ហើយខ្ញុំយល់ថា ករណីនេះ នេះជាករណីនយោបាយ ជាករណីសិទ្ធិមនុស្សដែល លោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី យកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានេះ»។
លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី មកកាន់ប្រទេសកម្ពុជានៅក្នុងបេសកកម្មទៀតទាត់រយៈពេល៦ខែម្តងដើម្បីប្រមូលព័ត៌មានអំពីបញ្ហាសិទ្ធិមនុស្សសម្រាប់ដាក់បញ្ចូលនៅក្នុងរបាយការណ៍របស់អ្នកអង្កេតការណ៍ពិសេសដើម្បីដាក់ជូនសម័យប្រជុំលើកទី១៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕