ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ូយ៉ា​ស៊ូប៊ែឌី​មាន​កង្វល់​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


លោក​ Surya Subedi អ្នក​រាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ថ្ងៃ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​របស់​លោក។
លោក​ Surya Subedi អ្នក​រាយការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ថ្ងៃ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​របស់​លោក។

ភ្នំពេញ៖ លោក​ ស៊ូយ៉ា​ស៊ូប៊ែឌី (Surya P. Subedi) អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​កង្វល់​អំពី​បរិយាកាស​ដ៏តូច​ចង្អៀត​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ ដោយ​សន្តិវិធី​និង​គ្មាន​ការ​ភ័យខ្លាច​ រាប់ទាំង​បុគ្គល​គ្រប់រូប​នៅក្នុង​គណបក្ស​ផ្សេងៗ។​ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ​ប្រទេស​កម្ពុជា​មាន​គោលដៅ​ច្បាស់លាស់​នៃ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ដែល​កើត​ចេញ​ពីច្បាប់​ និង​កើត​ចេញ​ពី​ការ​អនុវត្ត​ច្បាប់​តាម​រយៈ​កំណែ​ទម្រង់​រដ្ឋ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សិទ្ធិ​លើ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​កត់​សម្គាល់​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​ការ​បញ្ចប់​បេសក​កម្ម​រយៈ​ពេល​១០​ថ្ងៃ​របស់​លោក​ ស៊ូយ៉ា​ស៊ូប៊ែឌី​ ​នៅ​កម្ពុជា​ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ​និង​សមាជិក​រដ្ឋសភា​ និង​ព្រឹទ្ធ​សភា​ ព្រម​ទាំង​មន្ត្រី​ការទូត​បរទេស​នៅ​កម្ពុជា ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ជន​រងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​លំនៅដ្ឋាន​ និង​ដីធ្លី។

លោក​ស៊ូយ៉ា​ស៊ូប៊ែឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​នៅ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ថា​ លោក​មាន​កង្វល់​អំពី​ស្ថានភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ជាពិសេស​សេរីភាព​ក្នុង​ការ​សម្តែង​មតិ ​និង​សិទ្ធិ​លើ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស៊ូយ៉ា​ស៊ូប៊ែឌី​ ​បាន​បញ្ជាក់​ថា​ លទ្ធិ​ប្រជាធិប​តេយ្យ​ត្រឹមត្រូវ​ទាមទារ​ឱ្យ​មាន​មតិ​ប្រឆាំង​ដ៏មាន​ប្រសិទ្ធិភាព​ ហើយ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​នៅ​ក្មេងខ្ចី​នៅ​ឡើយ។

«ខ្ញុំ​មាន​កង្វល់​អំពី​បរិយាកាស​ដ៏តូច​ចង្អៀត​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ដោយ​សន្តិវិធី​ និង​គ្មាន​ការ​ភ័យខ្លាច​ រាប់ទាំង​បុគ្គល​គ្រប់រូប​នៅ​ក្នុង​គណបក្ស​ផ្សេងៗ។​ ខ្ញុំ​មាន​កង្វល់​ជាពិសេស​ក្នុងបញ្ហា​នេះ​គឺការ​ប្រើប្រាស់​បទ​ញុះញ៉ង់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នានា។​ តាម​ទស្សនៈ​របស់​ខ្ញុំ​ តួអង្គ​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​គួរតែ​ធ្វើការ​ឆ្ពោះ​ទៅ​បង្កើត​បរិយាកាស​មួយ​ ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​បុគ្គល​គ្រប់រូប​ ឱ្យ​គេ​ទទួល​បាន​សិទ្ធិ​មនុស្ស ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ជា​ប្រយោជន៍​ដល់​បុគ្គល​គ្រប់រូប»។

លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​បាន​ថ្លែង​ថា​ មេ​ដឹកនាំ​រដ្ឋាភិបាល​ និង​លោក ​Surya P. Subedi​ តំណាង​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​ផ្លាស់ប្តូរ​ទស្សនៈ​យ៉ាងច្រើន​អំពី​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ តាម​រយៈ​គោល​ការណ៍​ច្បាប់។

«ការ​ព្រួយបារម្ភ​របស់​តំណាង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​នេះ​គឺ​ការ​ ព្រួយ​បារម្ភ​មិន​ខុស​ប្លែក​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​ ហើយ​យើង​មាន​ទិសដៅ​ច្បាស់លាស់​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ ក៏ដូច​ជា​ការ​ផ្តល់ ​និង​ការ​រក្សា​ថែមទៀត​នូវ​អ្វី​ដែល​ជា​សិទ្ធិ​មនុស្ស​ដែល​កើត​ចេញ​ពីច្បាប់​ និង​កើតចេញ​ពីការ​អនុវត្ត​ច្បាប់​ តាមរយៈ​កំណែទម្រង់​ទាំងអស់​នេះ»។

លោក​ ស៊ូយ៉ា​ស៊ូប៊ែឌី​ ​បាន​ថ្លែង​ថា​ លោក​ទទួល​បាន​កម្រិត​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​ការសន្ទនា​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ អាន​បាន​ធ្វើឡើង​ដោយ​ចំហរ​ ​មិន​មាន​ការ​លាក់​លៀម​ និង​មាន​ភាព​សិទ្ធ​ស្នាល។

លោក​ ស៊ូយ៉ា​ស៊ូប៊ែឌី បាន​បញ្ជាក់​ថា​ ភាព​ទន់ខ្សោយ​ក្នុងការ​អនុវត្ត​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​នៅ​កម្ពុជា​ នៅតែ​មាន​នៅ​ឡើយ​ បន្ទាប់​ពី​លោក​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ជន​រងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG