ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​សិទ្ធិ​មនុស្ស​អ.ស.ប​ស្នើ​ឱ្យ​ពិចារណា​ដិតដល់​លើ​ច្បាប់​គ្រប់គ្រង​អង្គការ


លោក Surya Subedi អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅ​ក្នុង​ពេល​​បញ្ចាប់​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ។
លោក Surya Subedi អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅ​ក្នុង​ពេល​​បញ្ចាប់​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក​ សុរិយា​ ស៊ូបេឌី ​(Surya Subedi)​ រួម​ជាមួយ​នឹង​មន្ដ្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ខ្មែរ​ ពិនិត្យ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​បាន​ហ្មត់ចត់​បំផុត។ ​ហើយ​បាន​ផ្ដល់​យោបល់​ថា ​កម្ពុជា​មិន​អាច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ក្នុង​ស្ថានភាព​យ៉ាង​ដូច្នេះ​បាន​ឡើយ។

លោក​ ស៊ូបេឌី​ ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្ស៊ឺណែវ​ ប្រទេស​ស្វ៊ីស ​កាល​ពី​ថ្ងៃ​ពុធ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អ្នករាយការណ៍​ពិសេស​បាន​លើក​ឡើង​ថា​ «សេចក្ដី​ព្រាង​ច្បាប់​នេះ​អាច​បង្អាក់​ការងារ​ស្រប​ច្បាប់»​ របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ សូរិយ៉ា ​ស៊ូបេឌី ​បាន​ក្រើន​រំលឹក​ថា​ ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​«មាន​អធិបតេយ្យ» គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស់នេះ​ ក៏ប៉ុន្ដែ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​«ឲ្យ​បាន​ហ្មត់ចត់»​ ផង​ដែរ​ដោយសារ​តែ​ផល​វិបាក​ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ នឹង​ជះ​ឥទ្ធិពល​រយៈពេល​វែង​លើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​លោក​ ស៊ូបេឌី ​ត្រូវ​បាន​គាំទ្រ​ដោយ​មន្ដ្រី​អង្គការ​សហប្រជាជាតិ​ពីរ​រូប​ផ្សេង​ទៀត ​គឺ​លោក ​ម៉ៃណា ​គីអៃ ​(Maina Kiai) ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្ដិវិធី​ និង​ការ​បង្កើត​សមាគម​ និង​លោក​ស្រី​ ម៉ាហ្គារ៉េត ​សឺខែជយ៉ា ​(Margaret Sekaggya) ​អ្នក​រាយការណ៍​ពិសេស​ស្ដី​ពី​ស្ថានការណ៍​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស។

មាន​អង្គការ​ជាតិ ​និង​អន្ដរជាតិ​ជិត​៣.០០០ ​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ដដែល ​បាន​គូស​បញ្ជាក់​ថា​ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ភាគ​ច្រើន​ កំពុង​តែ​ជួយ​បំពេញ​បន្ថែម​លើ​កិច្ច​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ​ដូច​ជា​ក្នុង​សកម្មភាព​អប់រំ ​សុខាភិបាល​ អភិវឌ្ឍន៍​ជនបទ​ សុខភាព​និង​អនាម័យ ​ការ​ការពារ​បរិដ្ឋាន​និង​ធនធាន​ធម្មជាតិ​ជាដើម។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ ពិនិត្យ​រួច​ម្ដង​ហើយ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​ក៏​ប៉ុន្ដែ​ទី​បំផុត​គណៈរដ្ឋមន្ដ្រី​កម្ពុជា​បាន​សម្រេច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រឡប់​មក​កាន់​ក្រសួង​មហាផ្ទៃ​ ដើម្បី​ធ្វើការ​ពិនិត្យ​ឡើង​វិញ។

សហរដ្ឋ​អាមេរិក​ ក៏​ធ្លាប់​បាន​បង្ហាញ​កង្វល់​របស់​ខ្លួន​នៅ​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ផង​ដែរ ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ។​ ជាមួយ​គ្នា​នេះ​ ក្រុម​អង្គការ​អន្ដរជាតិ​ធំ​ៗ​ក្នុង​ពិភព​លោក​ ក្នុង​នោះ​មាន​អង្គការ​ Human Rights Watch ​និង ​អង្គការ ​Global Witness ​ជា​ដើម ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក ​ប្រទេសអង់គ្លេស ​និង​អូស្ដ្រាលី​ដាក់​សម្ពាធ​ដល់​កម្ពុជា ​និង​ធ្វើការ​កាត់​បន្ថយ​ជំនួយ​របស់​ខ្លួន​ដល់​កម្ពុជា​ប្រសិន​បើ​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ដ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជំទាស់​នោះ។

លោក​ ឧត្តមសេនីយ៍ឯក ​ខៀវ ​សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឆ្លើយ​តប​ថា​ សេចក្ដី​ថ្លែងការណ៍​របស់​លោក​ ស៊ូបេឌី ​កើត​ឡើង​ក្រោយ​ពេល​រដ្ឋាភិបាល​ចាត់ការ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​រួច​ទៅ​ហើយ។

«សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ដោយ​មាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ​យក​មក​ពិនិត្យ​កែលម្អ​ឡើង​វិញ​អស់​រយៈពេល​ជាង​មួយ​ខែ​ហើយ។​ ដូច្នេះ​ ព័ត៌មាន​របស់​គាត់​នោះ​ ដើរ​ពី​ក្រោយ​រាជរដ្ឋាភិបាល​ទេ»។

លោក​ ខៀវ ​សុភ័គ ​មាន​ប្រសាសន៍​ថា ​មាន​លទ្ធភាព​មួយ​ចំនួន​ដែល​អាច​ធ្វើ​សំយោគ​ការ​ផ្ដល់​យោបល់​មួយ​ចំនួន​ ដើម្បី​សម្រប​សម្រួល​បន្ថែម​មុន​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីស្ដី​ការ​គណៈរដ្ឋមន្ដ្រី​សារ​ជាថ្មី៕

XS
SM
MD
LG