ការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជាទើបតែបានចេញរបាយការណ៍មួយដែលបង្ហាញថា ករណីកាត់ទោសដោយមហាជននៅតែបន្តកើតឡើងនៅក្នុងប្រទេសកម្ពុជា។ មូលហេតុគឺប្រជាពលរដ្ឋខ្វះចំណេះដឹង និងមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌។ អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា រដ្ឋាភិបាលមិនមែនជាតួអង្គដែលត្រូវទទួលខុសត្រូវតែឯកឯងនោះទេ។
មនុស្សយ៉ាងតិច៥៧នាក់បានស្លាប់ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ដោយសារការកាត់ទោសដោយ«តុលាការប្រជាជន»។ នេះបើតាមរបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(UNOHCHR)ចេញកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍ដែលមានចំណងជើងថា«តុលាការប្រជាជន»បានស្រង់ករណីកាត់ទោសដោយក្រុមប្រជាជនលើមនុស្សដែលពួកគេយល់ថា បានប្រព្រឹត្តកំហុស ដូចជាការបង្កគ្រោះថ្នាក់ ឬអំពើលួចប្លន់ ឬអាបធ្មប់ជាដើម ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ដោយមិនបានឆ្លងកាត់ការវិនិច្ឆ័យទោសតាមប្រព័ន្ធតុលាការ។
យោងតាមរបាយការណ៍ដដែល ការកាត់ទោសដោយតុលាការមហាជនបានកើតឡើងចំនួន៧៣ករណី ក្នុងនោះមនុស្សចំនួន២២នាក់ត្រូវបានសម្លាប់ក្រោយពីអ្នកដែលត្រូវសម្លាប់ទាំងនោះទទួលរងការចោទប្រកាន់ទាក់ទងនឹងការលួច ឬការចោទប្រកាន់ពីបទល្មើសដទៃទៀត ដូចជាបទល្មើសបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ដោយឡែក៣៥នាក់ផ្សេងទៀតត្រូវបានសម្លាប់ បន្ទាប់ពីអ្នកស្លាប់ទាំងនោះរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើអាបធ្មប់។
ទោះជាយ៉ាងណា មាន១៦ករណីផ្សេងទៀតគឺជាករណីប្រជាពលរដ្ឋកាត់ទោសជនដែលខ្លួនចោទថា មានកំហុសដោយវាយដំលើពួកគេ និងបណ្តាលឲ្យពួកគេរងរបួស ឬទទួលរងការយាយី។
របាយការណ៍ដែលមានកម្រាស់៤០ទំព័រនោះពន្យល់ថា មូលហេតុដែលបង្កឲ្យមានការកាត់ទោសដោយមហាជនលើជនដែលពួកគេចោទថា មានកំហុសបែបនេះគឺដោយសារការមិនទុកចិត្តលើសមត្ថកិច្ច ការមិនទុកចិត្តលើតុលាការ និងការមិនទុកចិត្តលើពន្ធនាគារ និងដោយសារពួកគេខ្វះចំណេះដឹង។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានបញ្ជាក់ក្នុងរបាយការណ៍នោះថា អំពើហិង្សាខាងលើមានការថយចុះ បើធៀបទៅនឹងរយៈពេលបួនឆ្នាំ ដោយគិតពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ ដែលករណីកាត់ទោសដោយមហាជនមានចំនួន៦៥ករណី។
ទោះជាយ៉ាងនេះក្តី ការិយាល័យអង្គការសហប្រជាជាតិបានសម្តែងកង្វល់ថា ករណីហិង្សាទាំងនេះអាចបង្កឲ្យមានការរើសអើងជាតិសាសន៍នាពេលអនាគត។ ជាមួយគ្នានេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិបានជំរុញឲ្យអាជ្ញាធរកម្ពុជាមានវិធានការអប់រំពលរដ្ឋ និងសមត្ថកិច្ចត្រូវអនុវត្តតាមនីតិវិធីឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចាត់វិធានការលើជនដែលប្រព្រឹត្ត។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា របាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិនេះអាចទទួលយកបានមួយចំនួន ប៉ុន្តែលោកថា របាយការណ៍នោះមិនគួរដាក់បន្ទុកតែទៅលើរដ្ឋាភិបាលនោះទេ។
«ការដោះស្រាយនេះគឺត្រូវដោះស្រាយជារួម មិនត្រូវដាក់បន្ទុកទៅលើភាគីណាមួយទេ។ ហើយទី២គឺថា ការចូលរួមគឺត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកនយោបាយផងដែរ»។
លោកជិន ម៉ាលីនក៏បានបន្ថែមថា រដ្ឋាភិបាលនឹងបន្តការផ្សព្វផ្សាយអប់រំ ព្រមទាំងពង្រឹងការងារច្បាប់ពាក់ព័ន្ធនឹងករណីនេះឲ្យកាន់តែមានប្រសិទ្ធភាព។
លោកអំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ឃើញដូចគ្នានឹងរបាយការណ៍ស្តីពីតុលាការមហាជននេះ។ ប៉ុន្តែលោកអះអាងថា ករណីអំពើហិង្សាដោយតុលាការមហាជនអាចមានចំនួនច្រើនជាងចំនួនដែលរកឃើញដោយអង្គការសហប្រជាជាតិ។
មន្រ្តីការពារសិទ្ធិមនុស្សរូបនេះបន្ថែមថា ការកាត់ទោសក្រុមមនុស្សដោយតុលាការប្រជាជនជាការបង្ហាញពីការបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
«យើងបារម្ភថា បើសិនជាករណីនេះនៅតែកើតបន្ត អាហ្នឹងវាប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក៏ដូចជាធ្វើឲ្យការប្រព្រឹត្តករណីខុសច្បាប់ហ្នឹងកាន់តែច្រើន»។
កាលពីខែមីនាឆ្នាំ២០១៨ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យមួយបានរងការវាយយ៉ាងដំណំទៅលើក្បាល និងមុខរបស់លោក បណ្តាលឲ្យឈាមស្រោចជោគជាំទៅលើខ្លួន បន្ទាប់ពីលោករងការចោទថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើករត់។ ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានប្រកាសតាមចាប់ជនបង្កយកទៅផ្តន្ទាទោសជាបន្តបន្ទាប់៕