ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ កម្ពុជា​មាន​កាព្វកិច្ច​តែងតាំង​ចៅក្រម​ដែល​អ.ស.ប​ជ្រើសតាំង


លោកបាន​ គីមូន (Ban Ki-moon) ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​
លោកបាន​ គីមូន (Ban Ki-moon) ​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​

ភ្លាមៗ​បន្ទាប់ពី​ប្រទេស​កម្ពុជា​មិនបាន​តែងតាំង​ជាផ្លូវការ​នូវ​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​ជនជាតិ​ស្វីស​គឺ​លោក​ឡូរ៉ង់​ កាស្ពឺ អានសឺមេត (Laurent Kasper-Ansermet) ​ដែល​ត្រូវ​បំពេញ​កិច្ចការ​បន្ត​ក្នុង​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​ជាពិសេស​សំណុំរឿង​បន្ថែម​នោះ ​អ.ស.ប​បាន​ប្រតិកម្ម​យ៉ាង​ទន់ភ្លន់​ថា​ប្រទេស​កម្ពុជា​មាន​កាព្វកិច្ច​គោរពកិច្ច​ព្រមព្រៀង​ក្នុង​ការ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត ​ដែល​អ.ស.ប​បាន​ជ្រើស​តាំង។

លោក​សហ​ចៅក្រម​ស៊ើបអង្កេត​បម្រុង​លោក​Laurent Kasper-Ansermet​មិនទាន់​ត្រូវ​បាន​តែងតាំង​ជា​ផ្លូវការ​ឲ្យមាន​សិទ្ធិ​ស្មើគ្នា​នឹង​សហចៅក្រម​ស៊ើបអង្កេត​ខ្មែរ​ទេ​ ទោះបីជា​លោកអគ្គ​លេខាធិការ​អ.ស.ប បាន គីមូន​ បាន​ស្នើ​សុំ​ភ្លាមៗ​ កាលពី​ខែតុលា​ឆ្នាំ​ទៅ​ដើម្បី​ជំនួស​លោក ​Siegfried Blunk​ ដែល​បាន​លា​ឈប់​ពី​មុខ​តំណែង​ក្តី។​ លោក​ Laurent Kasper-Ansermet ​ត្រូវ​ស្តី​បន្ទោស​ពេល​លោក​ចេញ​សេចក្តី ថ្លែងការណ៍​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​សុំឲ្យ​មាន​ការ​ផ្តល់ព័ត៌មាន​ដល់​សាធារណជន​ច្រើន​ថែម​ទៀត​អំពី​សំណុំ ​រឿង ០០៣​និង​០០៤​ ដែល​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជំទាស់​ដាច់​អហង្ការ។ លោក​សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា​ យូ ប៊ុនឡេង​ អះអាង​ថា​លោក ​Laurent Kasper-Ansermet មិនទាន់​មាន​ភាពស្របច្បាប់​អាចបំពេញ​ កិច្ចការ​និងចេញសេចក្តី​ប្រកាស​ព័ត៌មាន​ បាន​ទេ​មុនមាន ​ភាពស្របច្បាប់​គតិយុត្តិ​ត្រឹមត្រូវ​ ដែល​គេ​ដឹងថា​កើតចេញ​ពីការ​តែងតាំង​ជាផ្លូវការ​នោះ។

ថ្លែងប្រាប់​ វីអូអេ​ផ្នែក​ខេមរភាសា​តាម​រយៈ​អ៊ីម៉េល​កាលពី​ថ្ងៃអង្គារ ​លោក ម៉ាទីន ណេសឺគី (Martin Nesirky) ​អ្នកនាំពាក្យ​របស់​លោក ​អគ្គលេខាធិការ​អ.ស.ប​បានថ្លែងថា​ អ.ស.ប ​បន្ត​ទទូច​សុំឲ្យ​កម្ពុជា​បំពេញ​កាតព្វកិច្ច​ខ្លួន ក្រោម​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​និង​អ.ស.ប។​ លោក​ Martin Nesirky ​ថ្លែងតាម​ប្រសាសន៍​ដើម​របស់ លោក​ថា៖

«ប្រទេស​កម្ពុជា​មាន​កាតព្វកិច្ច​ដើម្បី​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​ ពេលមុខ​តំណែង ​នេះ​នៅ​ទំនេរ»។

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រៅពី​បញ្ជាក់ថា​អ.ស.ប​និង​កម្ពុជា​នៅតែ​មាន​កិច្ចសហ​ប្រតិបត្តិការ​ល្អ ជាមួយ​គ្នា​ លោក ផៃ ស៊ីផាន​អ្នកនាំពាក្យ​មួយ​រូប​របស់​រដ្ឋាភិបាល​ បានអះអាងថា​ ស្ថាប័ន​ឧត្តមក្រុម ប្រឹក្សា​ នៃ​អង្គ​ចៅក្រម​កំពុង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ចំពោះ​កិច្ចការ​ដែល​លោក​អធិប្បាយ​ថា​ត្រូវ​មាន​ការត្រួត ពិនិត្យ​មើល​ពី​ច្បាប់​និង​នីតិវិធី​ច្រើន។

«នៅ​ក្នុង​ចំណុច​នេះ​បាន​ចែង​ច្បាស់​ថា​អ.ស.ប​មានដែន​សមត្ថកិច្ច​ក្នុងការ​លើកឡើង​ជា​សំណូមពរ​នូវ បេក្ខជន​ណា​មួយ។​ ចំណុច​ទី​មួយ។ ​ចំណុច​ទី២​ ខាង​កម្ពុជា​មាន​សិទ្ធិ​ និង​អំណាច​ក្នុងការ​សម្រេច តែង​តាំង។​ នេះជា​គោលការណ៍​នៃ​ច្បាប់»។

មន្ត្រី​ស្ថាប័ន​ច្បាប់​កំពូល ​ដែល​មាន​សុទ្ធ​តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​គ្រប់គ្រង​ប្រទេស​នេះ​មិន​បាន​ឆ្លើយ​ទូរស័ព្ទ​ មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ និង​គ្មាន​អ្នកនាំពាក្យ​នោះទេ​ដើម្បី​បំភ្លឺ​ទាក់ទង​នឹង​ការតែងតាំង​និង​របៀប​ វារៈកិច្ចប្រជុំ​របស់​ខ្លួន។

សំណុំ​រឿង​ ០០៣ និង​ ០០៤មាន​ជនសង្ស័យ​៥នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម ​ថ្នាក់​កណ្តាល ដែល​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​ចោទ​ប្រកាន់​ជា​បឋម​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​នានា នៅ​សម័យ​ខ្មែរក្រហម​ហើយ​គួរ​ត្រូវនាំខ្លួន​ មក​ឃុំឃាំង​និង​ចោទ​ប្រកាន់​ហើយ​ស៊ើបអង្កេត។​ ជនសង្ស័យ​ទាំង​៥នាក់​នោះមាន​លោក ស៊ូ ម៉េត​ យឹម ទិត ​មាស មុត ​អោម អាន ​និង​ អ្នកស្រី ​អ៊ឹម ចែម។​ នេះ​បើ​តាម​ឯកសារ​សម្ងាត់​ដែល​វីអូអេ​ទទួល​បាន​បន្ទាប់​ពី​ត្រូវ​បណ្តាញ​ផ្សាយ​ ព័ត៌មាន​បរទេស​ ផ្សព្វផ្សាយ។

សំណុំរឿង​ទាំង​នេះ​បាន​ដាក់​ជូន​ដល់​សហ​ចៅក្រម​ស៊ើបអង្កេត​តាំងពី​ឆ្នាំ​២០០៨​ម្ល៉េះ​ដើម្បី​បន្ត​នីតិវិធី ដូចជា​នាំខ្លួន​មក​ឃុំ ​ចោទប្រកាន់។ តែមិនឃើញ​មាន​នីតិវិធី​ដូច្នោះ ​កើត​ឡើង​ទេ។ ​សហ​ចៅក្រម​បរទេស​លោក​ Siegefried Blunk ​បាន​ដាក់​ពាក្យ​លាឈប់​ដោយចោទ​ប្រកាន់ថា​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​ នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា។ ​មន្ត្រី​រដ្ឋាភិបាល​បានបដិសេធ​ដោយចាត់​ទុក​ថា​ជា​រឿង​មិន​ចុះ​សម្រុង ផ្ទៃ​ក្នុង​របស់​សហ​ចៅក្រម។

នៅក្នុង​ព្រឹត្តិការណ៍​មួយទៀត​អ.ស.ប​បាន ​បញ្ជាក់​ឲ្យ​ដឹង​ថា​ខ្លួន​បាន​តែងតាំង​ លោក ​ដេវីដ សេហ្វឺ​(David Scheffer)​អតីត​ឯកអគ្គ​រដ្ឋទូត​គោចរ​នៃ​ក្រសួង​ការ​បរទេស​ស.រ.អា​ សម្រាប់​កិច្ចការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ជា​អ្នក​ជំនាញ​ការ​ពិសេស ​ដើម្បី​ជួយ​កិច្ចការ​តុលាការ​ខ្មែរក្រហម​ជំនួស​ លោក ​Clint Williamson​ ដែល​ផុត​អាណត្តិ​៦​ខែ​កាលពី​ថ្ងៃទី ​៣០​ខែកញ្ញា​ឆ្នាំ២០១១។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​Martin Nesirky ​អ្នកនាំពាក្យ​របស់​លោក​ បាន គីមូន(Ban Ki-moon)​ ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​ តាម​រយៈ​អ៊ីម៉េល​កាល​ពី​ថ្ងៃ​អង្គារ។

ការតែងតាំង​លោក ​ដេវីដ សេហ្វឺ ​( David Scheffer)​ នេះត្រូវ​គេដឹងថា​ ចំពេល​ដែលសាលាក្តី​មានបញ្ហា​ស្មុគស្មាញ​រឿង​តែងតាំង​សហចៅក្រម​ ស៊ើបអង្កេត​ លោក​ Laurent Kasper-Ansermet ​និងចំពេល​ដែល​តុលាការ​កំពុង​ដំណើរការ​សំណុំរឿង​ មេដឹកនាំ​ជាន់ខ្ពស់ខ្មែរ​ក្រហម​០០២។

មន្ត្រី​កម្ពុជា​បដិសេធ​អត្ថាធិប្បាយ​អំពី​បេក្ខភាព​លោក ​ដេ វីដ សេហ្វឺ ​( David Scheffer) ​តែចាត់ទុក​ថា ការតែងតាំង​នេះ​ជា​សញ្ញា​ល្អ។

លោក​ ហ៊ុយ វណ្ណៈ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់​ពី​ការតែងតាំង​លោក ​David Scheffer ថា​បាន​កើត​មាន​មែន។

«ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា​លោក​ David Scheffer​ ត្រូវបាន​តែងតាំង​ជាផ្លូវការ​រួច​ហើយ​ដើម្បី​ជំនួស តំណែង​លោក ​Clint Williamson​ ដែល​លោក​បាន​បញ្ចប់​ការងារ​កាល​ពីប៉ុន្មាន​ខែ​មុន​នោះ​បាទ»។ លោក​វណ្ណៈ​ពុំធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ។

លោក ​ដេវីដ សេហ្វឺ​ត្រូវ​គេ​ដឹង​ថា​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ខាង មុខ​ទៀត​នេះ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​កម្ពុជា។ លោក​ David Scheffer​ ត្រូវគេ​ដឹងថា​ជាអ្នក​ដែល​ចូលរួម ពាក់ព័ន្ធ​នឹង​ការបង្កើត​តុលាការ​ខ្មែក្រហម​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាច្រើន​ទៀត​ដែល​អ.ស.ប​ចាត់ ទុក​ថា​លោក​ជា​អ្នកមាន​បទពិសោធ​ខ្ពស់​ដើម្បី​ផ្តល់​ដំបូន្មាន​ដល់​ភាគី​អ.ស.ប​ក្នុង​សាលាក្តី​ខ្មែរក្រហម នៅ​ដំណាក់​កាល​ស្មុគ​ស្មាញ​នេះ៕

XS
SM
MD
LG