មន្ដ្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានសុំទោសលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ចំពោះការធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យលោកហ៊ុន សែនខឹងសម្បារក្នុងសេចក្ដីអត្ថាធិប្បាយរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសខ្មែរលោកកួយ គួង បានឲ្យដឹងនៅថ្ងៃចន្ទ័នេះថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស៊ូយ៉ា ប្រាសាទ ស៊ូបេឌី ( Surya Prasad Subedi ) បានសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីបន្សាបកំហឹងច្រឡោតរបស់ប្រមុខរដ្ឋាភិបាលខ្មែរ ដែលប្រកាន់ខឹងនឹងការប្រើពាក្យសម្តីរបស់លោក។
នៅក្នុងសន្និសិទកាសែត កាលពីថ្ងៃទី១៧ ខែមិថុនា ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃនៅកម្ពុជា លោកស៊ូបេឌីបានអធិប្បាយថា លោកមានការ «ខកចិត្ត» ចំពោះការមិនបានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ដើម្បីឆ្លើយតបវិញ កាលពីថ្ងៃចន្ទ័សប្ដាហ៍មុន លោកហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកស៊ូបេឌី បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងខ្វះការគោរពចំពោះរូបលោក។
លោកកួយ គួង អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានសរសេរលិខិតចុះថ្ងៃទី ២១ ខែមិថុនា ទៅកាន់លោកហ៊ុន សែន ដោយ ឆ្លៀតធ្វើការសុំទោសផង និងធ្វើការបរិយាយអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាផង។ លោកគួងបន្តទៀតថា៖
«លោកសម្ដែងនូវការសោកស្ដាយសុំទោស ហើយជូនពរសម្ដេច ហើយបញ្ជាក់ពីលទ្ធផលវិជ្ជមានរបស់លោកលើកទីបីមកកម្ពុជានេះ»។
មន្រ្ដីនាំពាក្យក្រសួងការបរទេសដដែល មានប្រសាសន៍ថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានសរសេរលិខិតឆ្លើយតបទៅកាន់លោកស៊ូបេឌីវិញរួចហើយដែរ ក៏ប៉ុន្ដែ លោកមិនដឹងអំពីខ្លឹមសារក្នុងលិខិតនោះទេ។ លោកកួយ គួង មានប្រសាសន៍បន្ថែមថា លោករំពឹងថា បន្ទាប់ពីមានលិខិតឆ្លើយឆ្លងគ្នា អរិភាពនៃភាគីទាំងពីរនឹងបានធូរស្រាលឡើងវិញ។
សូមរំលឹកថា លោកនាយករដ្ឋមន្ត្រីខ្មែរ ជារឿយៗត្រូវបានមើលឃើញថា តែងតែមានប្រតិកម្មយ៉ាង ឆាប់រហ័សចំពោះតំណាងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ជួនកាលលោកចាត់ទុកថា មន្ដ្រីអង្គការសហប្រជាជាតិនោះគឺគ្រាន់តែជាទេសចររយៈពេលវែងនៅកម្ពុជាតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មន្ដ្រីផ្លូវការរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងភ្នំពេញ មិនធ្វើអធិប្បាយលំអិតលើលិខិតឆ្លើយឆ្លងគ្នារវាងលោកហ៊ុន សែន និងលោកស៊ូបេឌីនោះទេ។
នៅក្នុងចម្លើយតាមសារអេឡិចត្រូនិក ឬអ៊ីម៉េលលោករ៉ាយអូណា ជាច់ ម៉ាកខូម៉ាក់ (Riona Judge McCormack) អ្នកនាំពាក្យរបស់ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ មានប្រសាសន៍ថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយនឹងអ្នករាយការណ៍ពិសេសត្រូវបានលុបចោល ដោយសារតែជំងឺរបស់លោកនាយករដ្ឋមន្ដ្រី ដូច្នេះអ្នករាយការណ៍ពិសេស លោកស៊ុបេឌី បានសរសេរលិខិតមួយទៅកាន់លោកនាយករដ្ឋមន្ដ្រី ដោយសង្ខេបពីបញ្ហាដែលលោកគ្រោងនឹងលើកមកជជែកជាមួយលោកហ៊ុន សែន ប្រសិនបើលោកបានជួបគ្នានោះ។ លោកម៉ាកខូម៉ាក់ បញ្ជាក់បន្ថែមថា នៅក្នុងលិខិតនោះ លោកស៊ូបេឌី ក៏បានជូនពរឲ្យលោកហ៊ុន សែនឆាប់ជាសះស្បើយផងដែរ៕