សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមភាគីអង្គការសហប្រជាជាតិ លោក អាន់ឌ្រូ ខេយលី (Andrew Cayley) ការពារការចោទប្រកាន់របស់លោក ទោះបីមានការច្រានចោលពីអតីតកម្មាភិបាលខ្មែរក្រហមឬក្រុមជនសង្ស័យក្នុងសំណុំរឿងបន្ថែម០០៣និង០០៤ខ្លះថាពួកគេទទួលរងការចោទប្រកាន់មិនត្រឹមត្រូវពីបទកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងសម័យខ្មែរក្រហមនៅទសវត្សរ៍១៩៧០ក្តី។ លោកព្រះរាជអាជ្ញា អាន់ឌ្រូ ខេយលី អះអាងដោយផ្ទុះសំណើចតិចៗថា ការបដិសេធដូច្នេះគឺជារឿងធម្មតា។
«បាទ! សុំសង្កេតមើលចុះ។ ខ្ញុំគិតថា ជាការធម្មតាទេ មនុស្សដែលត្រូវចោទប្រកាន់អំពីបទឧក្រិដ្ឋធ្ងន់ៗ តែងតែបដិសេធពាក្យចោទទាំងនោះ»។
លោក អាន់ឌ្រូ ខេយលីបានថ្លែងដូច្នេះប្រាប់វីអូអេសំឡេងសរអា កាលពីសប្តាហ៍កន្លងទៅក្នុងកិច្ចសម្ភាសជាពិសេសមួយនៅឯសាកលវិទ្យាល័យ Rutgers រដ្ឋNew Jersey សរអាពេលលោកធ្វើបទឧទ្ទេសនាម អំពីរឿងសាលាក្តីខ្មែរក្រហមទៅកាន់ក្រុមនិស្សិត និង សាស្ត្រាចារ្យអាមេរិកាំង។
សំណុំរឿង០០៣និង០០៤មានជនជាប់ចោទ៥នាក់ដែលជាកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល។ ជនសង្ស័យទាំងនេះត្រូវគេផ្សាយឈ្មោះឲ្យដឹងក្រោយពីមានការបែកធ្លាយឯកសារសម្ងាត់របស់ តុលាការ។ ជនទាំងនោះមាន លោក ស៊ូ ម៉េត ជាអតីតមេបញ្ជាការកងពល៥០២ទទួលបន្ទុកផ្នែក ទ័ពអាកាសផងដែរ និង លោក មាស មុត មេបញ្ជាការកងពល១៦៤ លោក យឹម ទិត ជាអតីតប្រធាន ស្តីទីភូមិភាគពាយ័ព្យ លោក អោម អាន ឬ តាអាន អនុប្រធានតំបន់មជ្ឈិមនិងអ្នកស្រីអ៊ឹម ចែមគណៈ ស្រុកព្រះនេតព្រះ។ ពួកគេត្រូវចោទប្រកាន់ដោយសហព្រះរាជអាជ្ញាអ.ស.បពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរជាច្រើនទៀត ដែលមានការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនពាន់នាក់ និងជាច្រើនម៉ឺននាក់សម្រាប់ជនសង្ស័យខ្លះនៅចន្លោះឆ្នាំ១៩៧៥ និង ១៩៧៩។ នេះជាការបញ្ជាក់នៃដីកាបញ្ជូនរឿងឲ្យស៊ើបសួរក្នុងសំណុំរឿង០០៣និង០០៤ ឬ ជាឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញាផ្ញើជូនសហចៅក្រមស៊ើបអង្កេតកាលពីខែវិច្ឆិកាឆ្នាំ២០០៨ដែលវីអូអេទទួលបាន។ ឯកសារសម្ងាត់ដដែលនោះបានរៀបរាប់ពីតួនាទី ការពាក់ព័ន្ធយ៉ាងលម្អិតរបស់ជនសង្ស័យនីមួយៗ។ ឯកសារដដែលបានបញ្ជាក់ថាអ្នកស្រី អ៊ឹម ចែម អាយុ៦៥ឆ្នាំជាអតីតចៅហ្វាយស្រុកព្រះនេតព្រះនៅក្នុងខេត្តនៅភាគពាយ័ព្យនិងធ្លាប់ជាប្រធានគុកភ្នំត្រយូងដែលមានមនុស្សយ៉ាងតិច៤០.០០០នាក់ស្លាប់។ ដីកាសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាដដែល ដែលវីអូអេផ្នែកខេមរភាសាទទួលបានពីប្រភពស្និទ្ធនឹងតុលាការ(ដែលសុំលាក់ឈ្មោះព្រោះជារឿងរសើបនោះ) សហព្រះរាជអាជ្ញាអន្តរជាតិចោទប្រកាន់ជាបឋមថា អ្នកស្រីអ៊ឹម ចែមមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មជាច្រើនមានដូចជាមនុស្សឃាត ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកសាសនាជាពិសេសជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជនសង្ស័យផ្សេងទៀតក្នុងសំណុំរឿង០០៣ និង០០៤។
ក៏ប៉ុន្តែថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១១ ក្នុងកិច្ចសម្ភាសជាពិសេសដ៏កម្រមួយនៅផ្ទះរបស់អ្នកស្រីនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យអ្នកស្រី អ៊ឹម ចែម បានថ្លែងថាការចោទប្រកាន់អ្នកស្រីថាមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មនានាសម័យខ្មែរក្រហមគឺជារឿងធ្ងន់ធ្ងរខុសពីការណ៍ពិត ជារឿងចោទសម្លាប់អ្នកស្រីឲ្យអស់ជីវិត។
«អស់ជីវិតដូចថាចោទខ្ញុំគ្រប់គ្រងគុកអី ខ្ញុំអត់បានដឹងផង។ បើអញ្ចឹងព្រះរាជអាជ្ញា នេះថាខ្ញុំនេះប្រព្រឹត្តអំពើអាក្រក់ យក(ខ្ញុំ)ទៅតុលាការ កាត់ទោសអញ្ចឹងទៅ ខ្ញុំមិនត្រូវអស់ជីវិតហើយ»។
អ្នកស្រីអ៊ឹម ចែមបានអះអាងបន្តថាអ្នកស្រីជាអ្នកចូលទៅគ្រប់គ្រងថ្មីគ្មានជាប់ទាក់ទិននឹងអំពើ ឧក្រិដ្ឋកម្មហើយក៏មិនដឹងពីអំពើកាប់សម្លាប់នោះដែរ។
«មូលហេតុដែលខ្ញុំថាអត់ដឹងគឺអត់ដឹងមែន។ តែអ្នកដែលទទួលមុនខ្ញុំគេប្រព្រឹត្តក៏ ខ្ញុំអត់ដឹងព្រោះខ្ញុំទៅពីឆ្ងាយទៅខ្ញុំគិតតែទៅដើម្បីបំផុស ផ្សព្វផ្សាយឲ្យប្រជាជនខំដាំដុះ ខំធ្វើ ខំដកខំស្ទូងដើម្បីចិញ្ចឹមជីវិតកូនចៅតែប៉ុណ្ណឹង។ ភារកិច្ចខ្ញុំមានតែដឹកនាំ ប្រជាជនធ្វើស្រែធ្វើចំការដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណឹង។ ឯរឿងអីទៀតគេធ្វើមុនមកខ្ញុំ អត់ដឹង»។
ជនសង្ស័យម្នាក់ទៀតគឺ តា អាន ឬ អោម អានអាយុ៧៨ឆ្នាំជាអតីតអនុប្រធានតំបន់មជ្ឈិម ឬខេត្តកំពង់ចាមដែលមានមនុស្សជាង១៥០.០០០នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ ជិតពាក់កណ្តាលនៃចំនួននេះជាជនជាតិចាម។ បើយោងតាមដីកាសន្និដ្នានជាសម្ងាត់របស់សហព្រះរាជអាជ្ញាបរទេសដែលវីអូអេខ្មែរទទួលបានពីប្រភពស្និទ្ធនឹងតុលាការខ្មែរក្រហមបានភ្ជាប់លោក អោម អានទៅនឹងបទឧក្រិដ្ឋកម្មនាសម័យនោះ។
តែថ្លែងប្រាប់វីអូអេខ្មែរកាលពីល្ងាចថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១១ ក្នុងកិច្ចសម្ភាសជាពិសេសដ៏កម្រមួយ នៅផ្ទះរបស់លោកនៅក្នុងភូមិមួយជាប់នឹងផ្លូវធំមួយ នៃស្រុកកំរៀង ខេត្តបាត់ដំបង តា អាន បដិសេធ ពីការជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋសម័យខ្មែរក្រហមដែលព្រះរាជអាជ្ញាបានចោទប្រកាន់នោះ។ តា អានបានថ្លែងថា លោកមិនព្រួយបារម្ភនឹង តុលាការ និងយមបាលដែលកាត់ទោសមនុស្ស មានបាប និងប្រព្រឹត្តអាក្រក់បន្ទាប់ពីស្លាប់ទៅនោះទេ។
«បច្ចុប្បន្ននេះក៏ខ្ញុំអត់ភ័យនឹងតុលាការ។ ទៅអនាគតទៀត ពេលខ្ញុំស្លាប់ ក៏ខ្ញុំអត់ភ័យនឹងយមបាល។ អត់ភ័យទេ។ បុណ្យឥឡូវខ្ញុំធ្វើ។ សីលខ្ញុំកាន់។ ពីមុនមក ខ្ញុំអត់មានកាប់សម្លាប់។ ខ្ញុំខ្លាចយមបាល? ខ្ញុំអត់ខ្លាចទេ»។
តា អានថ្លែងដូច្នេះដោយយោងថា លោកបានផ្លាស់ពីខេត្តកំពតទៅកាន់កាប់តំបន់មជ្ឈិមនៅកំពង់ចាមដែលមានស្រុកជាច្រើន ដែលរួមមាន ស្រុកព្រៃឈរ ពាមជីកង កំពង់សៀម និងបាធាយ កាលពីចុងឆ្នាំ១៩៧៧។ តា អាននិយាយថា ពេលនោះ គាត់ពុំដឹងថាគេដកប្រជាពលរដ្ឋ ទៅណាអស់នោះទេ។ តា អាន បញ្ជាក់ថា មុនពេលគាត់ទៅដល់តំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់កែ ពកដែលជាប្រធានភូមិភាគ។ តា អាន បានថ្លែងប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំ បើមានសិទ្ធិតវ៉ាដូចខ្ញុំថាអញ្ចឹងគឺខ្ញុំអត់មានបញ្ហាអីទាក់ទិននឹងឃាតកម្មអស់ហ្នឹងទេ។ អត់មានទេដូចខ្ញុំជម្រាបប្រសាសន៍អញ្ចឹងគឺថាពេលដែលខ្ញុំទៅគឺអស់ហើយពីក្រោមរហូតដល់លើនៅតែកែ ពកមួយទេ។ រួចខ្ញុំទៅរៀបចំភូមិ ឃុំថ្មី។ ខ្ញុំមានការទាក់ទិនរឿងអី? អត់»។
នៅពេលសួរបញ្ជាក់តា អានជាថ្មីថាតើពេលគេផ្លាស់គាត់ឲ្យទៅកាន់កាប់តំបន់កំពង់ចាមនោះ ប្រជាពលរដ្ឋត្រូវគេសម្លាប់អស់ក្នុងពេលច្របូកច្របល់នោះមែនឬយ៉ាងណា? តា អានបានបញ្ជាក់ថា៖
«បាទ! គេដោះស្រាយ (សម្លាប់) អស់ហើយ រួចបានខ្ញុំទៅក្រោយ។ ទៅអស់ហើយ។ ខ្ញុំរៀបចំក្រោយ។ នៅតែ កែ ពកមួយ។ ភូមិ ឃុំ ស្រុក តំបន់ រួចខ្ញុំអត់មានទៅប្រឡាក់ប្រឡូសអីទេ។ អាហ្នឹងដែលខ្ញុំចង់តវ៉ាអញ្ចឹងឯង តើខ្ញុំមានបញ្ហាអីទាក់ទិន? ហើយមកដល់ឆ្នាំ១៩៧៧ ឆ្នាំ១៩៧៨ ហើយនឹងឆ្នាំ១៩៧៩អស់ហើយ»។
ជនសង្ស័យម្នាក់ទៀតគឺលោក មាស មុតអាយុ៧១ឆ្នាំជាអតីតមេបញ្ជាការកងពល១៦៤ទទួលបន្ទុកទាហាន ជើងទឹកនៅខេត្តព្រះសីហនុនិងកំពតនៅក្នុងទសវត្សរ៍១៩៧០។ បើតាមដីកាសន្និដ្ឋានដដែល សហព្រះរាជអាជ្ញាអន្តរជាតិចោទប្រកាន់ជាបឋម លើរូបលោកមាស មុតថាមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មជាច្រើនមានដូចជាការធ្វើមនុស្សឃាត កម្ចាត់ជនសង្ស័យដែលក្បត់បក្សឬអង្គការ ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកសាសនា ជាតិសាសន៍ នយោបាយ បញ្ជូនឲ្យគុក ស២១ សម្លាប់ ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជនសង្ស័យម្នាក់ទៀតគឺលោក ស៊ូ ម៉េត អតីតមេបញ្ជាការកងពល៥០២ ដែលតុលាការបានចោទប្រកាន់ដូចគ្នាទៅនឹង លោកមាស មុតដែរ។ ដីកាសន្និដ្ឋានដដែលបាន និយាយថាមានមនុស្សជាច្រើនពាន់នាក់ដែលស្លាប់ក្រោមការកាន់កាប់របស់លោក មាស មុត។
ក៏ប៉ុន្តែនៅក្នុងដីការបញ្ជូនរឿងឲ្យស៊ើបសួរលើកទី៣ជាឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញា អន្តរជាតិដែលមានចំនួន១១២ទំព័រជាភាសាអង់គ្លេសដែល វីអូអេខេមរភាសាទទួលបានពីប្រភពស្និទ្ធ នឹងតុលាការ សហព្រះរាជអាជ្ញាអន្តរជាតិបានសរសេរពីការទទួលខុសត្រូវរបស់លោក មាស មុត ថាជា ប្រធានគុក វត្តអង់តាញឹម ខេត្តព្រះសីហនុ និងជាប់សង្ស័យពីការកម្ចាត់ ក្រុមមន្ត្រីកងទ័ពក្នុងកងពល ១៦៤ ឯកសារដដែលនោះបានបញ្ជាក់ថាលោក មាស មុត បានទាក់ទងជាលិខិត ទូរស័ព្ទជាប្រចាំ ជាមួយ សុន សេន អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរក្រហមដែលកាន់កាប់កងទ័ពទាំងមូល។ ហើយពេលខ្លះទាក់ទងជាមួយប៉ុល ពតនិងមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមផងដែរក្រៅពីបាន បញ្ជាក់ពីការដឹងឮទាំងអស់ទាក់ទងនឹងការចាប់ខ្លួន ការបញ្ជូនខ្លួនទៅកាន់គុក ស២១។ ឯកសារដដែលបានបញ្ជាក់ថា៖
«ជាផ្នែកមួយនៃការសម្លាប់ក្នុងកងពល១៦៤ លោក មាស មុត បានចាប់កងទ័ពនៃកងពល១៦៤ និង បញ្ជូនពួកគេទៅកាន់គុកស ២១ ដែលជនទាំងនោះត្រូវគេឃុំ គេធ្វើទារុណកម្មហើយនឹងសម្លាប់ ទៀតផងនៅទីបំផុត។ កងទ័ពជិត៤០០នាក់មកពីកងពល១៦៤ត្រូវចាប់ខ្លួន ហើយបញ្ជូនទៅគុកស២១ ដោយលោក មាស មុត»។
ប៉ុន្តែនៅពេលថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១១ ក្នុងកិច្ចសម្ភាសជាពិសេសមួយនៅផ្ទះរបស់លោកនៅក្នុងស្រុកសំឡូតខេត្តបាត់ដំបងលោក មាស មុត អះអាងថាលោកពុំជាប់ពាក់ព័ន្ធបទឧក្រិដ្ឋកម្មដូចការចោទប្រកាន់របស់សហព្រះរាជអាជ្ញានៃតុលាការខ្មែរក្រហមនោះទេ។ លោក ថ្លែងថាមិនបានដឹងពីឧក្រិដ្ឋកម្មកើតឡើងទេព្រោះនៅកន្លែងលោកគ្មានប្រជាពលរដ្ឋទេមានតែទាហាន។ តែលោកទទួលស្គាល់ថាអង្គភាពរបស់លោក មានការកើតឡើងមួយករណីឬពីរករណីដែរ ពេលសេនាធិកាជាថ្នាក់លើបានចាត់វិធានការ។
«ដែលខ្ញុំថាអាចមានខ្លះតាមវិធីអញ្ចេះ ខាងសេនាធិការគេហៅឲ្យទៅរៀនសូត្រ។ ដល់រួចទៅគេប្រាប់ មកអង្គភាពវិញថាឈ្មោះនេះៗ ប៉ុន្មាននាក់នេះគេមិនឲ្យត្រឡប់ទៅអង្គភាពវិញទេ។ ហើយខាង សេនាធិការគេបញ្ជូនទៅស ២១ទៅ។ ហើយខាងអង្គភាពអត់ដឹងថារឿងហ្នុងវាយ៉ាងម៉េចអីយ៉ាង ម៉េចទេ។ នេះខ្ញុំនិយាយពីអង្គភាពដែលខ្ញុំទទួលខុសត្រូវមានបញ្ហាហ្នឹងខ្លះ មួយករណី ពីរករណី»។
ទោះជាមានការបដិសេធពីក្រុមជនសង្ស័យដូច្នេះមែនតែលោក ព្រះរាជអាជ្ញា Andrew Cayley ដែល ការិយាល័យរបស់លោកជាអ្នកចោទប្រកាន់អតីតកម្មាភិបាលខ្មែរក្រហមទាំងនេះបានថ្លែងទៀតថា៖
«ខ្ញុំគិតថារឿងទាំងនេះ ជាញឹកញយអាចដោះស្រាយបាននៅក្នុងតុលាការ ពីព្រោះនឹងមានសវនាការ មួយស្តីពីភស្តុតាង បុគ្គលម្នាក់នឹងមានអ្នកការពារ។ ដូច្នេះអ្នកជាប់ចោទនឹងមានមេធាវីការពារម្នាក់ ដែលអាចសួរចម្លើយកសិណសាក្សី ដោយសួរពួកគេថាតើអ្នកជាប់ចោទនេះ បាននិយាយអ្វីខ្លះជាមួយអ្នក «នែ៎ ខ្ញុំមិនទទួលខុសត្រូវក្នុងរៀងនេះទេ។ ខ្ញុំមិនបានប្រព្រឹត្តទេ។ ខ្ញុំមិនបានដឹងរឿងនេះទេ»។ ក្រោយមកចៅក្រមសម្រេចថាតើ ជននោះជាអ្នកទទួលខុសត្រូវឬមិនទទួលខុសត្រូវ។ តែខ្ញុំគិតថា នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំមិនអាចចាំបានរឿងក្តីណាមួយទេ លើកលែងតែសំណុំរឿង ឌុច ចេញ គឺថាគ្រប់សំណុំរឿងទាំងអស់ដែលខ្ញុំប្តឹងឡើងតុលាការ ជនជាប់ចោទបានអះអាងដូចៗគ្នា ថាពួកគេមិនជាអ្នកទទួលខុសត្រូវទេ»។
លោក Cayley បានថ្លែងដែរថាមានភស្តុតាង សាក្សីច្រើនណាស់ដែលបន្សល់ទុកពីរបបខ្មែរក្រហម ដែលគាំទ្រការចោទប្រកាន់របស់លោក ឲ្យក្លាយជាសំណុំរឿងដ៏រឹងមាំ។ នេះបើតាមការបញ្ជាក់ របស់លោក Cayleyឆ្លើយតបទៅនឹងសំណុំរឿង០០២ ឬសំណុំរឿងមេដឹកនាំខ្មែរក្រហមកំពូលៗ៤នាក់ដែលត្រៀមប្រឈមមុខនឹងការកាត់ទោសនៅចុងខែនេះ។
«ខ្ញុំមិនអាចនិយាយថាជាចន្លោះដ៏ធំទេ។ ខ្ញុំមានន័យថាសំណុំរឿងនេះមានទម្ងន់ណាស់ដើម្បីតតាំង ជាមួយជនជាប់ចោទទាំងនេះពីព្រោះតែទំហំនៃបទឧក្រិដ្ឋដែលគេប្រព្រឹត្ត។ មានភស្តុតាងជាខ្សែភាព យន្តដែលភ្ជាប់ពួកគេនឹងបទឧក្រិដ្ឋនៅនឹងកន្លែង រួមទាំងការបោះពុម្ភផ្សាយជាច្រើននៃរបបខ្មែរក្រហមផង ហើយរួមទាំងភស្តុតាងជាឯកសារដែលគេបានឃើញផង។ លោកដឹងទេ យើងបាន និយាយសំអាងលើមជ្ឈមណ្ឌលឯកសារកម្ពុជា។ ខ្ញុំមានន័យថាមជ្ឈមណ្ឌល នេះមាន ឯកសារជិត ៥ម៉ឺនកើតចេញពីអំឡុងពេលនោះដែលបង្កើតជាភស្តុតាងពាក់ព័ន្ធដែលយើងកំពុងនិយាយ។ ជាអវសាន រឿងនេះសម្រេចលើចៅក្រមក្នុងការសម្រេចថាតើបុគ្គលទាំងបីនេះមានជាប់ទាក់ទងនឹង បទឧក្រិដ្ឋឬទេ។ គេគ្មានទោសរហូតទាល់តែមានភស្តុតាងដាក់ទោស។ ក្រុមរដ្ឋអាជ្ញាយើងហៅថាភស្តុតាងដាក់បន្ទុក។ យើងត្រូវតែផ្តល់ភស្តុតាងអំពីបទឧក្រិដ្ឋ និងការជាប់ពាក់ព័ន្ធរបស់ពួកគេ ដល់ពួកគេដោយមានភស្តុតាងជាក់ច្បាស់។ក៏ប៉ុន្តែ ខ្ញុំមានក្តីសង្ឃឹមថាយើងនឹងផ្តល់ភស្តុតាងបញ្ជាក់បានពីសំណុំរឿងយើងនៅក្នុងពេលសវនាការ»។
ចំណែកជនសង្ស័យ២នាក់ផ្សេងទៀតនៃសំណុំរឿងបន្ថែមគឺលោក យឹម ទិត និង លោក ស៊ូ ម៉េតដែលជាមន្ត្រីយោធាជាន់ខ្ពស់ក្នុងរដ្ឋាភិបាលមិនបានឆ្លើយតបនឹងការសុំធ្វើកិច្ចសម្ភាសរបស់វីអូអេទេ។ទោះបីជាយ៉ាងណាក៏ដោយជនសង្ស័យទាំងនាក់ទៀតក្នុងសំណុំរឿង០០៣/០០៤ គឺស្ថិតក្នុងដៃ សហ ចៅក្រមស៊ើបអង្កេតដែលត្រូវសម្រេចថា នឹងចាប់ខ្លួនមកឃុំបណ្តោះអាសន្ន ស៊ើបអង្កេត ឬក៏មិនធ្វើ តាមសហព្រះរាជអាជ្ញាបរទេស។ សហព្រះរាជអាជ្ញា បរទេសបានស្នើឲ្យសហចៅក្រមស៊ើបអង្កេតចាប់ឃុំខ្លួនជនសង្ស័យក្នុងសំណុំរឿងបន្ថែមឬសំណុំរឿង០០៣/០០៤ តាំងពីខែវិច្ឆិកាឆ្នាំ២០០៨ម៉្លេះ នៅក្នុងដីកាបញ្ជូនរឿងឲ្យស៊ើបសួរចុងក្រោយ។ ក៏ប៉ុន្តែសហចៅក្រមស៊ើបអង្កេតពុំបានធ្វើតាមនោះទេ រហូតទាល់តែមានការលាឈប់ពីមុខតំណែងរបស់សហចៅក្រមស៊ើបអង្កេត Siegfried Blunkដោយចោទថាមានការជ្រៀតជ្រែកផ្នែកនយោបាយធ្វើឱ្យលោកមិនអាចបំពេញកិច្ចការបាន។ សំណុំរឿង០០៣និង០០៤គឺជាសំណុំរឿង ដ៏ចម្រូងចម្រាសពេលដែលចៅក្រមនិងព្រះរាជអាជ្ញាជាតិមានជំហរដូចរដ្ឋាភិបាលកម្ពុជាដែលមិនចង់ឃើញជនសង្ស័យណាផ្សេងទៀតត្រូវគេនាំយកមកជុំនំជម្រះទោស។ ការសម្រេចរបស់រដ្ឋាភិបាល គឺឈរលើសន្តិភាព ការបង្រួបបង្រួមជាតិ ដែលផ្ទុយពីភាគីអ.ស.បដែលអះអាង តាមច្បាប់ថាជនទាំងឡាយណាដែលប្រព្រឹត្តបទឧក្រិដ្ឋត្រូវតែនាំយកមកកាត់ទោស។
ក្រៅពីបានជំនុំជម្រះទោសប្រធានគុកទួលស្លែងខ្មែរក្រហម កាំង ហ្កេកអ៊ាវ ហៅឌុចឬសំណុំរឿង០០១ នោះ សាលាក្តីកាត់ទោសខ្មែរក្រហមដែលចំណាយលុយអស់ជិត២០០លានដុល្លារ គ្រោងនឹងចាប់ផ្តើម កាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម៤នាក់នៅចុងខែវិច្ឆិកានេះពីបទជាប់សង្ស័យ ថាមានពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជិត២លាននាក់ក្នុងទសវត្សរ៍១៩៧០។ ជនជាប់ចោទ ទាំងនោះមាន នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស និង អ្នកស្រីអៀង ធីរិទ្ធ រដ្ឋមន្ត្រីសង្គមកិច្ចការងារ៕