ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេត​ការណ៍៖ អ.ស.ប​ត្រូវ​កំណត់​ពី​ស្តង់​ដា​យុត្តិធម៌​ដែល​ខ្លួន​ចង់​បាន


នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជម្រះ​ទីពីរ​ មន្រ្តី​យោធា​កម្ពុជា​​ឈរ​តម្រៀប​ជួរ​នៅ​ពី​មុខ​រូបថត​របស់​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ ពី​ឆ្វេង​ទៅ​ស្តាំ​ នួន ជា​ អតីត​ប្រធាន​មនោគម​វិជ្ជា ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ និង​អៀង សារី អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​។
នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជម្រះ​ទីពីរ​ មន្រ្តី​យោធា​កម្ពុជា​​ឈរ​តម្រៀប​ជួរ​នៅ​ពី​មុខ​រូបថត​របស់​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ ពី​ឆ្វេង​ទៅ​ស្តាំ​ នួន ជា​ អតីត​ប្រធាន​មនោគម​វិជ្ជា ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ និង​អៀង សារី អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​។

នៅពេល​កម្ពុជា​និងអ.ស.ប​កំពុងខ្វែង​គំនិតគ្នា​រឿងការ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​ដើម្បី​បន្ត ​នីតិវិធី​ច្បាប់​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំទាស់​នោះ​ក្រុម​អ្នក​ឃ្លាំមើល​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​ការ​សហការ​បន្ត​ពី​កម្ពុជា​លើ​សំណុំ​រឿង​បន្ថែម​ និង​ការបញ្ជាក់​ពី​កម្រិត​ស្តង់ដា​យុត្តិធម៌​មួយ​របស់​អ.ស.ប​គួរ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ និង​ធានា​ឲ្យ​បាន​ច្បាស់​លាស់។

ប្រទេស​កម្ពុជា​ដែល​មិន​ចង់​ឃើញ​សំណុំ​រឿង​បន្ថែម​០០៣/០០៤​ដំណើរការ​ទៅមុខ​ដោយ​បារម្ភ​ពី​ផល ​ប៉ះពាល់​ដល់​សន្តិភាព​បាន​ចាត់​ទុក​ថា​ការ​តែង​តាំង​សហ​ចៅក្រម​ស៊ើបអង្កេត​ Laurent Kasper-Ansermet ​គឺ​ជា​អធិបតេយ្យ​របស់​កម្ពុជា​និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ តែ​អ.ស.ប​ដែល​ចង់​ឃើញ​សំណុំ​រឿង​ ០០៣/០០៤​ដំណើរការ​ទៅមុខ​ដោយ​ឈរ​លើ​ហេតុផល​ថា​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ត្រូវនាំ ​ខ្លួនមក​ ជំនុំ​ជម្រះ​ទោស​នោះ​បកស្រាយ​ថា​កម្ពុជា​រំលោភ​កិច្ច​ព្រមព្រៀង។​ ចៅក្រម​បរទេស​មួយ​ចំនួន ​បាន​លា​ឈប់​ពី​មុខ​តំណែង​ដោយសារ​អ្វីមួយ​ដែលគេ​អធិប្បាយ​ថា​មកពីការ​មិនមានការ​សហការ​ ដើម្បី​បន្ត​សំណុំរឿង​០០៣ ​និង​០០៤ ​ហើយនឹង​ការ​លូក​ដៃ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។

លោក​ ឡាត់ គី ​មន្ត្រី​ឃ្លាំមើល​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ អះ អាង​ថា​អ.ស.ប​ត្រូវ​តែ​បញ្ជាក់​ថា​ត្រូវ​បន្ត​រក​យុត្តិធម៌​ឲ្យ​បាន​ពេញ​លេញ​ជូន​ជន​រងគ្រោះ​ដូច​ការតាំង​ចិត្ត ​ពី​ដំបូង​ឬ​ក៏​បញ្ចប់​ត្រឹម​សំណុំ​រឿង​ទាំង​ពីរ​គឺ​សំណុំ​រឿង​០០១ និង​០០២​ចប់​ជារឿង​គ្រប់​គ្រាន់?

«បើ​អញ្ចឹង​មិន​ចាំ​បាច់​រក​ដំណោះស្រាយ​អី​ផ្សេង​ទេ។​ ហើយ​បើ​អ.ស.ប​ចង់​ទម្លាក់​សំណុំ​រឿង​០០៣​ ០០៤​ បង្វិល​មក​ឲ្យតុលាការ​ជាតិ​បន្ត​ដោះស្រាយ​ក៏​អ.ស.ប​មិន​ចាំបាច់​បង្អង់​ឬក៏​ពន្យា​ពេល​នៅក្នុង​ការផ្តល់សារ​ឲ្យ​ជាក់​លាក់​ជូន​មក​ដល់​ភាគី​កម្ពុជា​ដែរ»។

លោក​ថ្លែង​ថា​កម្ពុជា​បញ្ជាក់​ច្បាស់​ហើយ​ថា​មិន​ចង់​បាន​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤​ដែល​មាន ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​៥នាក់​ ដែល​សង្ស័យ​ថា​ជាប់ចោទ​ជា​បឋម​ពី​ឧក្រិដ្ឋ​កម្មជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​ដូចជា​ឧក្រិដ្ឋ​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ និង​ខ្លះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ ពូជសាសន៍​ ក្នុង​ទសវត្សរ៍​១៩៧០​នោះ។

កម្ពុជា​និង​អ.ស.ប​កាលពី​សប្តាហ៍​មុន​បាន​ប្រតិកម្ម​ទៅវិញ​ទៅមក​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ ​ក្រោយពេល​កម្ពុជា​ខកខាន​មិន​តែង​តាំង​សហ​ចៅក្រម​ស៊ើប​អង្កេត​ Laurent Kasper-Ansermet ​របស់​អ.ស.ប​ដើម្បី​បន្ត​នីតិវិធី។​ នៅក្នុង​ជំនួប​រវាង​លោក​ David Scheffer​ អ្នកជំនាញការ​ពិសេស​របស់​អ.ស.ប​ជាមួយ​ លោកឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន ​កាលពី​ថ្ងៃអង្គារ​ពុំបាន​ឈាន​ដល់​កិច្ចព្រមព្រៀង ណាមួយនោះទេ​ទាក់ទងនឹង​រឿងតែងតាំង​សហចៅក្រម​ស៊ើបអង្កេត​សម្រាប់បន្ត​ការស៊ើប​អង្កេត លើសំណុំរឿង​បន្ថែម០០៣​ និង​០០៤ ។​ ក៏ប៉ុន្តែ លោក​ David Scheffer​ បានបញ្ជាក់​ពីជំហរ​របស់ អ.ស.បថា ​លោកចង់ឃើញ​សហចៅក្រម​ស៊ើបអង្កេត​ដែលជ្រើសរើស​ដោយ អ.ស.ប​គឺលោក ​Laurent Kasper-Ansermet ​ ត្រូវតែងតាំង​តាមកិច្ច​ព្រមព្រៀង​ដើម្បីឲ្យ​ចៅក្រម ​រូបនេះ​បន្តការ​ស៊ើបអង្កេតនិង​បន្តកិច្ចការ​របស់ខ្លួន​ទៀត។

«យើងរង់ចាំ​លោកសហចៅក្រម​ស៊ើបអង្កេត​ធ្វើការងារ​ដើម្បីកសាង​សំណុំរឿង​ឲ្យមានការ​ជឿជាក់ គឺសំណុំរឿង​០០៣ និង​០០៤។​ ខ្ញុំគិតថានោះ​ជាដំណើរការ​ដែលត្រូវធ្វើ​ការលាត​ត្រដាងឡើង​ក្នុង ប្រទេស​កម្ពុជា។​ ប្រសិនបើ​ជួបនឹងការ​លំបាកយើង​ត្រូវដោះស្រាយ​ការលំបាក​ទាំងនោះ​នៅពេលឬ ប្រសិន​បើកើត​ឡើង»។

លោកបាន​អះអាងថា​លោក​ សហចៅក្រម​ស៊ើបអង្កេត​អាចធ្វើ​កិច្ចការរបស់​លោកបាន​ទោះបីជា​គ្មាន ការតែងតាំង​ពីប្រទេសកម្ពុជា​ ព្រោះលោកត្រូវ​បានតែងតាំង​ដោយលោក​អគ្គលេខាធិការ​អ.ស.ប​រួច​ហើយ។

លោក ​ឡុង បញ្ញាវុធ​មន្ត្រីកម្មវិធី​នៃគម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅកម្ពុជា​បានអះអាងថា​ចំណោទ​គឺ​កិច្ច​សហការ​រវាង​ភាគី​អ.ស.ប​និង​កម្ពុជា។​ លោក​បញ្ញាវុធ​ថ្លែង​ដែរ​ថា​មាន​កិច្ចការ​ច្រើន​ដែល​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ត្រូវ​រៀប​ចំ​ដូច​ជា​ដំណើរការ​ឲ្យ​មាន​ការ​ចូលរួម​ពី​ជនរងគ្រោះ ​និង​ជន​រងគ្រោះ ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ រៀបចំ​ឲ្យ​មាន​ដំណើរការ​ ផ្នែករដ្ឋបាល​មួយ​ដែល​ មាន​ការ​សហការ​ល្អ​ និង​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ញឹកញាប់​ ដើម្បី​ឲ្យ​សាធារណជន​បានដឹង​ពី​ការ​វិវត្តន៍ពី​ដំណើរការ​ នីតិវិធី​ ក្រៅពី​ការ​បន្ត​កិច្ចការ​ស៊ើប​អង្កេត​និង​ដំណើរការ​នីតិវិធី​ផ្សេងៗ។​លោក​បង្ហាញ​ឲ្យ​ដឹង​ថា​ការតែងតាំង​សហ​ចៅក្រម​ស៊ើបអង្កេត ​ជា​រឿង​មួយ​តែ​ប្រសិន​បើ​គ្មាន​ការ​សហការ​រវាង​ភាគី​ទាំង​ពីរ​វិញ ​ក៏​នីតិវិធី​មិន​អាច​ដំណើរ​ការ​ទៅ​បាន​ដែរ។

«រឿងហ្នឹង​សំខាន់ណាស់។​ បើ​អត់​សហការ​គ្នា​ទោះបី​ជា​តែង​តាំង​នរណា​មក​ក៏ដោយ ​គ្រាន់​តែ​តែង​តាំង ​ល្អ​មើល ​ហើយ​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​តែ​ប៉ុណ្ណឹង»។

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​មួយរូប​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា​ភាគី​អ.ស.ប​ និង ​កម្ពុជា​ជា​ដៃ​គូ​ដែល​ត្រូវ​បន្ត​ជជែក​បញ្ហា​ដែល​ខ្វែង​គំនិត​គ្នា។​ កម្ពុជា​មិន​ចង់​ឃើញ​សាលាក្តី​ខ្មែរក្រហម​ដែល​បង្កើត ​រួមគ្នា​រវាង​កម្ពុជា​និង​អ.ស.ប​ ត្រូវ​បរាជ័យ​នោះ​ទេ។​ លោក​ស៊ីផាន​ទទូច​ថា​គេ​គួរ​បែង​ចែក​ សំណុំ​រឿង ០០១​និង​សំណុំរឿង​ ០០២ ​ដែល​បាន​ដំណើរការ​នោះ ​ឲ្យ​ដាច់​ពី​បញ្ហា​ដែល​ភាគី​ទាំងពីរ​កំពុង​ជជែក​គ្នា​នោះ​ទេ។​ លោក​អះអាង​ថា​សំណុំ​រឿង​០០៣​និង ​០០៤ ​និង​បញ្ហា​តែង​តាំង​សហ​ចៅក្រម​ស៊ើប​អង្កេត ​ដែល​អ.ស.ប​និង​កម្ពុជា​មាន​មតិ​ផ្ទុយគ្នា​ហើយ​នៅ​បន្ត​ជជែក​នោះ​ជា​រឿង​ដាច់​ដោយ​ឡែក។

«ជំនួប​រវាង​ឯកឧត្តម​ David Scheffer ​ជាមួយ​នឹង​ឯកឧត្តម​បណ្ឌិត​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន​គឺ​យើង ​បាន​ជជែក​គ្នា​ថា​យើង​នឹង​អង្គុយ​ជជែក​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ដំណោះស្រាយ​មួយ​សម​ស្រប​ពីព្រោះ​ គ្មាន​ភាគី​ណា​មួយ​ដែល​មក​បង្ខិត​បង្ខំ​នៃ​ប្រជាជាតិ​មួយ​ដែល​ជា​ប្រទេស​អធិបតេយ្យ​ឲ្យ​ទៅ​ធ្វើ ​តាម​អ្នក​នេះ​ តាម​អ្នក​នោះ​ទេ»។

សំណុំ​រឿង​០០៣​និង​០០៤​ត្រូវគេ​រាយការណ៍​មក​ថា​ពុំមាន​ការស៊ើប​អង្កេត​ត្រឹមត្រូវ​ ដោយ​សួរ​ទៅ​លើ​ជន​សង្ស័យ​ ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ​ទេ​តាំង​ពី​ឆ្នាំ​២០០៨​មក​ទោះ​បី​ជា​សហ​ចៅក្រម​ខ្មែរ​បាន​ អះអាង​ថា​បាន​ស៊ើប​ចប់​ហើយ​ក្តី។​ ជន​សង្ស័យ​៥នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថ្នាក់​កណ្តាល​ដែល​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​ចោទ​ប្រកាន់​ជា​បឋម​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​នានា​ នៅ​សម័យ​ខ្មែរក្រហម​ហើយ​គួរ​ត្រូវ​នាំ​ខ្លួន​មក​ឃុំឃាំង​ និង​ចោទ​ប្រកាន់​ហើយ​ស៊ើប​អង្កេត។ ជន​សង្ស័យ​ទាំង​៥​នាក់​នោះ​ មាន​លោក​ ស៊ូ ម៉េត​ យឹម ទិត ​មាស មុត ​អោម អាន ​និង​ អ្នកស្រី​អ៊ឹម ចែម។ នេះ​បើ​តាម​ ឯកសារ​សម្ងាត់​ដែល​វីអូអេ​ទទួល​បាន​បន្ទាប់​ពី ​ត្រូវ​បណ្តាញ​ផ្សាយ​ព័ត៌មាន​បរទេស​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។​ ជន​សង្ស័យ​៣​នាក់​ក្នុង​ចំណោម ​៥នាក់​ដែល​វីអូអេ​បាន​ជួប​ជា​បន្ត​បន្ទាប់​ថ្មីៗ​នេះ​គឺ​លោក​ មាស មុត ​តាអាន ​និង​អ្នកស្រី​អ៊ឹម ចែម​បាន​បកស្រាយ​ជាមួយ​វីអូអេ​សំឡេង​សរអា​ ផ្នែក​ខេមរ​ភាសា​ហើយ បដិសេធ​ការចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​បរទេស។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ថ្លែង​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​មួយ​ថ្ងៃក្រោយ​ពី​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ការតែងតាំង​ជា​អ្នកជំនាញការ​ពិសេស​របស់​អ.ស.ប ​លោក​ David Scheffer ​បាន​បង្ហាញ​នូវ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរការ​សាលាក្តី​នេះ​ដោយ​អះអាង​ថា​កិច្ចការ​របស់ ​លោក​សំខាន់​មួយ ​គឺធ្វើ​យ៉ាង​ណា​ឲ្យ​តុលាការ​ដែល​មាន​បញ្ហា​ចម្រូង​ចម្រាស​នេះ​មាន​ដំណើរការ​ប្រកប​ដោយ​ការជឿទុកចិត្ត​ហើយ​មាន​ថវិកា​ទ្រទ្រង់​ពី​ក្រុមប្រទេស​ផ្តល់​ជំនួយ។ ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​កំពុង​ខ្វះ​ថវិកា​កំពុង​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​សំណុំ​រឿង​០០២ ​ដែល​មាន ​ជនជាប់ ​ចោទ​៣​នាក់​គឺ នួន ជា​ បង​ធំ​ទី២ ​ខៀវ សំផន​ ប្រមុខរដ្ឋ ​និង​ អៀង សារី​រដ្ឋមន្ត្រី​ ការបរទេស​ដែល​ត្រូវ ​តុលាការ​ចោទ​ពី​បទ​ឧក្រិដ្ឋ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ដែល​ទាក់ទង​នឹង​បទចោទ​ទៅនឹង​ការ ​សម្លាប់ ​រង្គាល​ពលរដ្ឋ​ខ្មែរស្លូតត្រង់ ​ជាង​១,៧​លាន​នាក់។

សាលាក្តី​ខ្មែរក្រហម​ដែល​ចំណាយ​ទឹកប្រាក់​ជិត​២០០​លាន​ ដុល្លារបាន​កាត់ទោស​សំណុំ​រឿង​០០១ គឺ​កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច​ដែល​ជា​អតីត​ប្រធាន​គុក​ទួលស្លែង​ ខ្មែរ​ក្រហម ​ស ២១ ​ក្នុងទីក្រុង​ភ្នំពេញ ​ដែល​ទទួល​ខុសត្រូវ​លើ​ការ​សម្លាប់​មនុស្ស​ជាង​១២.០០០​នាក់៕

XS
SM
MD
LG