មន្ដ្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិមួយរូបកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកលទ្ធភាពធ្វើឲ្យមានការរីកចម្រើនដល់សាលាក្ដីខ្មែរក្រហម និងដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសម្ចាស់ជំនួយ។
អ្នកជំនាញការពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់សាលាក្ដីខ្មែរក្រហម លោកគ្លីន វីលាមសុន (Clint Williamson) បានចាប់ផ្ដើមកិច្ចប្រជុំជាសេរីរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញជាមួយមន្ដ្រីនានា ប្រយោជន៍ដើម្បីធ្វើការវាយតម្លៃអំពីការវិវឌ្ឈន៍របស់សាលាក្ដី និងដើម្បីស្វែងរកមូលនិធិសម្រាប់ទ្រទ្រង់សាលាក្ដីពិសេសនេះផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលអង្គការច្បាប់មួយរបស់សហរដ្ឋអាមេរិកបរិហារថា សាលាក្ដីខ្មែរក្រហមនៅទន់ខ្សោយផ្នែករដ្ឋបាល និងប្រឈមមុខនឹងបញ្ហាកង្វះថវិកា។
លោកគ្លីន វីលាមសុនបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក តាមទូរសព្ទក្នុងទីក្រុងភ្នំពេញថា ការស្វែងរកការរៃអង្គាសប្រាក់ គឺជាផ្នែកមួយនៃបេសកកម្មរបស់លោក។
«អ្វីៗទាំងអស់ ដែលខ្ញុំត្រូវធ្វើនៅពេលដែលខ្ញុំនៅទីនេះ មិនមែនត្រឹមតែរៃអង្គាសមូលនិធិសម្រាប់សាលាក្ដីតែមួយមុខទេ។ ប៉ុន្ដែមានបញ្ហាជាច្រើនទៀតទាក់ទងទៅនឹងប្រតិបត្តិការរបស់សាលាក្ដីខ្មែរក្រហម ហើយជាការពិត ការរៃអង្គាសមូលនិធិសម្រាប់សាលាក្ដីខ្មែរក្រហម គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ»។
លោកវីលាមសុនត្រូវបានតែងតាំងជាអ្នកជំនាញការពិសេសរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០ បន្ទាប់ពីលោកបានបញ្ចប់អណត្តិជាឯកអគ្គរដ្ឋទូតគោចរផ្នែកឧក្រិដ្ឋកម្មសង្រ្គាមរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
លោកគ្លីន វីលាមសុនបានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃពុធ ហើយលោកបានចាប់ផ្ដើមជួបប្រជុំជាមួយមន្ដ្រីសាលាក្ដីខ្មែរក្រហមកាលពីថ្ងៃព្រហស្បតិ៍ និងកាលពីព្រឹកថ្ងៃសុក្រនេះ។
តាមគម្រោង លោកត្រូវជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ដ្រីសុខ អាន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោក លោកវីលាមសុននឹងជួបប្រជុំជាមួយតំណាងអង្គការសង្គមស៊ីវិល និងតំណាងប្រទេសផ្ដល់ជំនួយផងដែរ។
នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី ហៅកាត់ថា OSJI ដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បានលើកឡើងថា សាលាក្ដីខ្មែរក្រហមកំពុងជួបបញ្ហាផ្នែកផែនការដឹកនាំ ហើយការដឹកនាំរបស់អង្គការសហប្រជាជាតិដែលមានប្រសិទ្ធិភាពនិងមានចីរភាពកម្រិតខ្ពស់ គឺជាការចាំបាច់ណាស់សម្រាប់ដោះស្រាយនូវបញ្ហានយោបាយ ដោះស្រាយការផ្ដល់មូលនិធិ និងបញ្ហានៃការដឹកនាំដែលសាលាក្ដីខ្មែរក្រហមកំពុងជួបប្រទះ។
ប្រទេសផ្ដល់អំណោយទានដល់សាលាក្ដីខ្មែរក្រហមបានអនុម័តនូវកញ្ចប់ថវិកាចំនួនជាង ៨៧លានដុល្លារសម្រាប់ដំណើរការសាលាក្ដីនៅឆ្នាំ២០១០ និងឆ្នាំ២០១១ ក៏ប៉ុន្ដែនៅក្នុងកិច្ចប្រជុំសម្រាប់រៃអង្គាសហិរញ្ញវត្ថុសម្រាប់សាលាក្ដីខ្មែរក្រហមក្នុងទីក្រុងញូយ៉ក កាលពីខែឧសភា ប្រទេសផ្ដល់ជំនួយបានសន្យាត្រឹមតែ១៦,៨លានដុល្លារប៉ុណ្ណោះ ក្នុងនោះទឹកប្រាក់ចំនួន១៣,៥លានដុល្លារអាមេរិកសម្រាប់ភាគីអង្គការសហប្រជាជាតិ និងទឹកប្រាក់ចំនួន៣,៣ លានដុល្លារសម្រាប់ភាគីកម្ពុជា។ មន្រ្ដីកម្ពុជាអះអាងថា ហិរញ្ញវត្ថុចំណែករបស់ខ្លួននឹងអស់រលីងនៅត្រឹមខែតុលាខាងមុខនេះ។
អង្គការ OSJI បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា លោកជំនាញការពិសេសរបស់អង្គការសហប្រជាជាតិគ្លីន វីលាមសុនគួរតែលើកឡើងអំពីការរៃអង្គាសមូលនិធិ ការជ្រៀតជ្រែកផ្នែកនយោបាយចូលទៅក្នុងសាលាក្ដីខ្មែរក្រហម និងការសម្រេចចិត្តក្នុងការស៊ើបអង្កេតជនជាប់ចោទជាដើម។
យ៉ាងណាក៏ដោយ លោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម បានបដិសេធមិនផ្ដល់សេចក្ដីអត្ថាធិប្បាយណាមួយជុំវិញទស្សនកិច្ចរបស់លោកគ្លីន វីលាមសុននេះទេ៕