ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា


ដោយ​ជន សក្តា រាយការណ៍​ពី​រាជ​ធានី​ភ្នំពេញ

ប្រេសិតពិសេស​អង្គការ​សហប្រជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បត៍នេះ បាន​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា អំពី​ការ​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រព័ន្ធ​តុលាការ ដែល​ធ្វើ​ឱ្យ​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ទទួល​រង​នូវ​ភាពអយុត្តិធម៌។

លោកសុរីយ៉ា សុបិឌី (Surya P. Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ មនុស្ស​នៅ​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​រយៈពេល​១០​ថ្ងៃ​អំពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

លោក ​សុរីយ៉ា សុបិឌី បាន​ថ្លែង​ប្រាប់​សន្និសិទ​កាសែត​ថា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​នេះ ជា​ពិសេស​ជន​ក្រី​ក្រ និង​ជន​ដែល​គេ​មិន​សូវ​គិតគូរ​ដល់។ លោក​បន្ត​ថា៖

«កង្វះ​ខាត​ធនធាន កង្វះ​ខាត​ស្ថាប័ននិង​ការ​រៀប​ចំ​ស្ថាប័ន កង្វះ​ខាត​ការ​យល់​ដឹង​ពេញ​លេញ​អំពី​បទដ្ឋាន​ពាក់ព័ន្ធ នឹង​សិទ្ធិ​មនុស្ស​ និង​ការ​ជ្រៀត​ជ្រែក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​បញ្ហា​ហិរញ្ញវត្ថុ​ ឬ​បញ្ហា​ផ្សេងៗ ទៀត​ក្នុង​កិច្ចការ​តុលាការ​បាន​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ មិន​អាច​ផ្តល់​ការ​ជឿ​ទុក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់​បាន។»

លោក ​សុរីយ៉ា សុបិឌី បាន​ពន្យល់​ថា​ការ​ជ្រៀត​ជ្រែក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​នេះ គឺ​ទាក់​ទង​នឹង​ការ​ជ្រៀត​ជ្រែក​ខាង​នយោបាយ និង​ហិរញ្ញវត្ថុ ហើយ​ការ​សន្និដ្ឋាន​របស់​លោក គឺ​កង្វះ​ខាត​ផ្សេងៗ​ជា​ច្រើននៅ​ក្នុង​ប្រព័ន្ធ​តុលាការ។

លោកសុរីយ៉ា សុបិឌី​ បាន​បន្ត​ថា​ មាន​ចន្លោះ​ប្រហោង​នៃ​សមត្ថកិច្ច​របស់​ចៅ​ក្រម​ក្នុង​ការ​ផ្តល់យុត្តិធម៌​រាប់​ទាំង​បញ្ហា​ថវិកា ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បណ្តុះ​បណ្តាលព្រម​ទាំង​ភាព​ខ្វះ​ខាត​នៃ ចំណេះ​របស់​ពួក​គេ​លើ​ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស។ លោក​ថ្លែង​ថា៖

«ចៅក្រម​ជា​ច្រើន​អាច​មាន​ការ​សន្យា​ចាំ​បាច់ ដើម្បី​ផ្តល់​យុត្តិធម៌​ទៅ​តាម​ច្បាប់ ប៉ុន្តែ​សម្រាប់​ករណីជា​ច្រើន​ដែល​ការ​សន្យា​នេះ ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ការ​ជ្រៀត​ជ្រែក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ហើយ​សម្រាប់​អ្វី​ផ្សេង​ពី​នេះ ការ​សន្យា​គឺ​មិន​មាន​ទេ។"

ក្នុងបេសកកម្ម​ស្វែង​រក​ការ​ពិត​អំពី​ប្រព័ន្ធ​តុលាការ​នេះ លោកសុរីយ៉ា សុបិឌី បាន​លើក​អំពី​កង្វល់ ជាក់​លាក់​មួយ​ចំនួន​ទាក់​ទង​នឹង​តួនាទី​របស់​តុលាការ​ក្នុង​ការ​ការពារ​សេរីភាព​បញ្ចោញ​មតិ និង​ក្នុង ករណី​ទាក់​ទង​នឹង​សិទ្ធិ​ដី​ធ្លី។ លោកសុរីយ៉ា សុបិឌី បន្ត​ថា៖

«ខ្ញុំ​មាន​កង្វល់​អំពី​ផល​ប៉ះ​ពាល់​នៃ​ទំនាស់​ដី​ធ្លី សម្បទាន​ដី និង​ការ​តាំង​ទីលំ​នៅ​ថ្មី ដល់​ប្រជាពល រដ្ឋ​សាមញ្ញ​ទាំង​នៅ​ទី​ប្រជុំជន និង​ទាំង​នៅ​តំបន់​ជនបទ។ ការ​អនុវត្តន៍​យុត្តិធម៌​មិន​បាន​ត្រឹម​ត្រូវ។»

លោកសុរីយ៉ា សុបិឌី បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្ទាន់ ដើម្បី​ពង្រឹង​ឯករាជ្យភាព និង​សមត្ថភាព​នៃ​ប្រព័ន្ធ​តុលាការ ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​អាច​អនុវត្ត​ការ​ងារ​របស់​ខ្លួន និង​ជា​ស្ថាប័ន​មួយ​ដែល​មាន​សមត្ថភាព​ផ្តល់​យុត្តិធម៌​ដល់​ជន​គ្រប់​រូប​នៅ​ កម្ពុជា។ លោក​សុរីយ៉ា សុបិឌី មាន​ប្រសាសន៍​ថា៖

«ឥឡូវ​នេះ ដល់​ពេល​ដែល​រាជ​រដ្ឋាភិបាល ត្រូវ​បង្កើត​តារាង​ពេល​វេលា​មួយ​ច្បាស់​លាស់​ហើយ ដើម្បីអនុវត្ត​អនុសាសន៍​ទាំង​នេះ​ប្រកប​ដោយ​អត្ថន័យ។»

លោក ឯក ថា អ្នក​នាំ​ពាក្យ​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​បដិសេធ​អ្វី​ដែល​លោកសុរីយ៉ា សុបិឌី​បាន​លើក​ឡើង​ពី​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ។ លោក​ឯក ថា ថ្លែង​ថា៖

«យើង​សូម​ច្រាន​ចោល​នូវ​អ្វី​ដែល​លោកសុរីយ៉ា សុបិឌី មាន​ប្រសាសន៏​ថា តុលាការ​កម្ពុជា មាន​ការ​ជ្រៀត​ជ្រែក​ពី​អ្នក​នយោបាយ និង​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ យើង​សូម​បដិសេធ​ចោល​នូវ​យោបល់​របស់​គាត់​នេះ។»

លោក ឯក ថា បាន​បន្ថែម​ថា រដ្ឋាភិបាល​បាន​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​ដី​ធ្លី និង​ប្រព័ន្ធ​យុត្តិធម៌ រួម​មាន​ការ​បង្កើត​សាលា​ភូមិន្ទ​ចៅក្រម ដែល​បាន​បណ្តុះ​បណ្តាល​ចៅ​ក្រម​ថ្មី​ចំនួន​៥៥​នាក់ ក្នុង​១​ឆ្នាំៗ​ សំដៅ​ធ្វើ​ឱ្យ​ល្អប្រសើរ​ដល់​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ។ លោក​បន្ត​ថា៖

«ការ​កែ​ទម្រង់១០០ % នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌ យើង​មិន​អាច​ធ្វើ​បាន​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ទេ ប៉ុន្តែ​យើង​ត្រូវ​ការ​ពេល​វេលា​សមរម្យ​ណា​មួយ ដើម្បី​ធ្វើ​ការ​កែ​ប្រែ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នេះ និង​ប្រព័ន្ធ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។»

លោក ​សុរីយ៉ា សុបិឌី បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​របាយការណ៏​អំពី​កង្វល់ និង​អនុសាសន៍​ ពិស្តារ​នានា​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​វិធានការ​មួយ​ចំនួន​ផ្សេង​ទៀត ដាក់​ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​សម័យ​ ប្រជុំ​ក្នុង​ទី​ក្រុងហ្ស៊ឺណែវ នា​ខែ​កញ្ញា​ខាង​មុខ​នេះ។

XS
SM
MD
LG