ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ឱ្យ​កម្ពុជា​ចោទ​ប្រកាន់​មេខ្មែរ​ក្រហម​បន្ថែម


អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក ​David Scheffer ​ជំនាញការ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ជំរុញ​ការ​ពិភាក្សា​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ពី​ករណី​ដ៏ចម្រូង​ចម្រាស់​របស់​ចៅក្រមស៊ើប​អង្កេត​បម្រុង​អន្តរជាតិ ​លោក​ឡូរ៉ង កាស់ពែ-អង់ស៊ែម៉េ (Laurent Kasper-Ansermet) ​ និង​សំណុំរឿង​បន្ថែម​ដ៏​រសើប​០០៣ ​និង​០០៤។ ​ក៏​ប៉ុន្ដែ​លទ្ធផល​នៃ​ដំណោះស្រាយ​ក្នុង​រឿង​ទាំង​នេះ​នៅ​តែ​ស្ថិត​ជា​អាថ៌​កំបាំង​បន្ត​ទៀត​នៅ​ឡើយ។

ប្រភព​ក្រៅ​ផ្លូវការ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អង្គការ​សហ​ប្រជាជាតិ ​បាន​បន្ទន់​ឥរិយាបថ​ដើម្បី​ទម្លាយ​ច្រក​ទៅ​មុខ​ទៀត។

ជំហរ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​មន្រ្ដី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ជាមួយ​លោក​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ដ្រី​និង​ជា​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង​ភ្នំពេញ។ ​គឺ​មួយ​ថ្ងៃ​មុន​នឹង​លោក​ David Sheffer ​បញ្ចប់​ដំណើរ​ទស្សកិច្ច​របស់​លោក​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។ ​លោក ​Sheffer ​នឹង​ត្រូវ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃ​សុក្រ។

លោក ​David Scheffer ​ជំនាញការ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​
លោក ​David Scheffer ​ជំនាញការ​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​

លោក ​ឡាស ​អលសិន ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ជំនួប​នៃ​មន្ដ្រី​ជាន់ខ្ពស់​ទាំង​ពីរ​មាន​ពិភាក្សា​លើ​បញ្ហា​ «គន្លឹះ» ​សម្រាប់​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម។ ​ក៏​ប៉ុន្ដែ​លោក​មិន​អាច​ធ្វើ​ការ​លម្អិត​ជា​ពិស្ដារ​បាន​នោះ​ទេ។

«ស្ថានភាព​ជុំវិញ​សំណុំរឿង​ ០០៣ ​និង​០០៤ ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ​ហើយ​លោក David Sheffer បាន​សង្កត់​ឡើង​វិញ​ជា​ថ្មី​ម្ដងទៀត​ពី​ទស្សនៈ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ថា ​លោក ​ឡូរ៉ង់ កាស្ពែ អង់ស៊ែម៉េ ​មានសិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​ជា​ចៅក្រម​របស់​គាត់»។
លោក ​ឯក ​ថា ​អ្នក​នាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ស្រប​គ្នា​នឹង​លោក​ឡាស ​អលសិន ​ដែរ​ថា ​ការ​ពិភាក្សា​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ផ្លែផ្កា​ ក៏​ប៉ុន្ដែ​លោក​បាន​បង្ហាញ​ការ​ពិភាក្សា​តែ​ពីរ​ចំណុច​សំខាន់​ៗ​តែ​ប៉ុណ្ណោះ។

«យើង​បាន​ពិភាក្សា​ទៅ​លើ​ពីរ​ចំណុច​ធំ​ គឺ​ការ​រៃ​អង្គាស​ប្រាក់​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​រៃ​អង្គាស​ថវិកា​ពី​សហគមន៍​អន្ដរជាតិ​ដើម្បី​បន្ដ​ការងារ​របស់​អង្គជំនុំ​ជម្រះ​នេះ​ត​ទៅ​ទៀត។ ​ហើយ​ទី​ពីរ​គឺ​យើង​បាន​ពិភាក្សា​ទៅ​លើ​ចំណុច​ដំណើរការ​ប្រព្រឹត្ត​ទៅ​ជាទូទៅ​របស់​អង្គជំនុំ​ជម្រះ​នេះ»។

ក៏ប៉ុន្ដែ​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ​អង្គការ​សហ​ប្រជាជាតិ​និង​រដ្ឋាភិបាល​ទំនង​ជា​មាន​ជំហរ​ទោរទន់​រក​គ្នា​លើ​លក្ខខណ្ឌ​របស់​លោក Laurent Kasper-Ansermet ក្នុង​កិច្ចពិភាក្សា​រវាង​លោក​ David Sheffer ​និង​ លោក ​សុខ ​អាន។ ​ហើយ​អង្គការ​សហប្រជាជាតិ​ទំនង​ជា​ឈប់​ទាមទារ​ឲ្យ​មាន​ការ​តែងតាំង​ចៅក្រម​សញ្ជាតិ​ស្វ៊ីស​រូប​នេះ​ឲ្យ​ធ្វើ​ជា​ចៅក្រម​ស៊ើបអង្កេត​ពេញ​សិទ្ធិ​តទៅ​ទៀត​ហើយ។

លោក ​ឡុង ​បញ្ញាវុធ ​យល់​ឃើញ​ថា​ ប្រសិន​បើ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ មែន​នោះ​គឺ​មាន​ន័យ​ថា​ អង្គការ​សហប្រជាជាតិ​បាន​បន្ទន់​ជំហរ​របស់​ខ្លួន​ក្នុង​រឿង​នេះ

បើ​តាម​គម្រោង​អង្គការ​សហប្រជាជាតិ ​និង​រដ្ឋាភិបាល​កម្ពុជា ​និង​ជួប​ពិភាក្សា​គ្នា​ឡើងវិញ​ទៀត​ជុំវិញ​សំណុំរឿង​ទាំង​នេះ​នៅ​ខែ​មេសា​ខាង​មុខ។

សាលាក្ដី​ខ្មែរក្រហម​បាន​បញ្ចប់​ការ​កាត់ទោស​សំណុំរឿង​អតីត​មេ​គុក​ទួលស្លែង​ កាំង ​ហ្កេកអ៊ាវ ​ហៅ ​ឌុច ​ក្នុង​សំណុំរឿង​០០១ ​ហើយ​បាន​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ដែល​ជា​និមិត្តរូប​នៃ​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ នៃ​របប​ខ្មែរក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ទាក់ទង​នឹង​ការ​ស្លាប់​អ្នកទោស​ជាង​១២.៣៨០​នាក់។​ រីឯ​សំណុំរឿង ​០០២ ​ដែល​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​ នៃ​របប​ខ្មែរក្រហម​ចំនួន​បី​នាក់​ ត្រូវ​នាំ​មក​កាត់ទោស​នោះ​គឺ ​ខៀវ ​សំផន​ អៀង ​សារី​ និង​ នួន ​ជា ​កំពុង​ដំណើរការ។

ក៏ប៉ុន្ដែ​រដ្ឋាភិបាល​ និង​ភាគី​ខ្មែរ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​បាន​ព្យាយាម​រាំងខ្ទប់​សំណុំរឿង​បន្ថែម​ ០០៣ ​និង ​០០៤ ​ដែល​ពាក់ព័ន្ធ​នឹង​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​បន្ថែមទៀត ​ដែល​ត្រូវ​ជឿថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់។ ​ហើយ​ចៅក្រម​បរទេស​លោក ​ឡូរ៉ង់ ​កាស្ពែ​ អង់ស៊ែម៉េ ​ដែល​បាន​ព្យាយាម​ជំរុញ​សំណុំរឿង​ទាំង​នេះ​ឲ្យ​ទៅ​មុខ ​និង​ចំហរ​ព័ត៌មាន​ដល់​សាធារណជន​ត្រូវ​រដ្ឋាភិបាល​ច្រាន​បេក្ខភាព​ លោក​ចោល​មិន​តែងតាំង​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ពេញ​មុខ។

ស្ថិត​ក្នុង​ការ​ប្រទាញ​ប្រទង់​នេះ​ប្រទេស​ជប៉ុន បាន​ប្រកាស​ផ្ដល់​ជំនួយ​ចំនួន​៦​លាន​ដុល្លារ​ និង​ប្រទេស​អង់គ្លេស​ផ្ដល់​ជំនួយ​ចំនួន ​១,២​លាន​ដុល្លារ​អាមេរិក​ដល់​សាលាក្ដី​ខ្មែរក្រហម​សម្រាប់​ប្រតិបតិ្តការ​នៅ​ឆ្នាំ​២០១២ ​និង​ឆ្នាំ ​២០១៣។​ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា ​លោក ​នេត្រ ​ភក្រ្ដា ​និង​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​លោក ​ឯក ថា៕

XS
SM
MD
LG