អង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សង្គមសេរី (OSJI) របស់សហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មធ្ងន់ៗតបទៅអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះដោយចាត់ទុកថាអង្គការសហប្រជាជាតិបរាជ័យនៅក្នុងការដោះស្រាយបញ្ហាសំខាន់ៗទាក់ទងទៅនឹងជំនឿទុកចិត្តទៅលើសាលាក្តីខ្មែរក្រហមជាពិសេសពាក់ព័ន្ធក្នុងសំណុំរឿង០០៣។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) កាលពីថ្ងៃពុធ ម្សិលម៉ិញនេះ បានទាត់ចោលសេចក្តីប៉ាន់ស្មានដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានាថាសំណុំរឿង០០៣ អាចនឹងត្រូវសាលាក្តីខ្មែរក្រហមបោះបង់ចោល ហើយអង្គការសហប្រជាជាតិមិនបានណែនាំឲ្យធ្វើបែបនេះទេ។
អ្នកនាំពាក្យដដែលក៏បានសង្កត់បញ្ជាក់ថាសហចៅក្រមស៊ើបអង្កេតមិនចាំបាច់ផ្តល់ហេតុផលឬក៏ធ្វើការបកស្រាយជាសាធារណៈអំពីកិច្ចការរបស់ខ្លួននោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះអង្គការ OSJI ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉កបានចាត់ទុកថាការលើកឡើងរបស់អ្នកនាំពាក្យអង្គការសហប្រជាជាតិមិនបានឆ្លើយតបទៅនឹងចំណោទបញ្ហាសំខាន់ៗដែលទាក់ទងទៅនឹងឯករាជ្យភាព សមត្ថភាពនិងការចាត់ចែងមិនល្អទាក់ទងទៅនឹងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣នោះទេ។
អង្គការ OSJI បន្ថែមថាអង្គការសហប្រជាជាតិក៏បានខកខានផងដែរនៅក្នុងការដោះស្រាយចំពោះការបដិសេធមិនធ្វើការស៊ើបអង្កេតបន្ថែមតាមសំណើរបស់សហព្រះរាជអាជ្ញាបរទេសលោកអាន់ឌ្រូ ខេលី។
លោកជេម ហ្កូលស្កុន (James Goldston) នាយកប្រតិបត្តិអង្គការ OSJI មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថាជំហររបស់អង្គការសហប្រជាជាតិមិនអើពើថាការចោទប្រកាន់ពីភាពមិនត្រឹមត្រូវនៃតុលាការអាចនឹងគួរតែជាប្រធានបទនៅក្នុងការធ្វើការស៊ើបអង្កេតប្រកបទៅដោយឯករាជ្យភាព។
នៅក្នុងពេលជាមួយគ្នានេះដែរ សហព្រះរាជអាជ្ញាបរទេសលោកអាន់ឌ្រូ ខេលី បានដាក់សំណើថ្មីមួយទៅកាន់សហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃពុធម្សិលម៉ិញនេះ ដោយស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតបន្ថែមទៅលើសំណុំរឿង០០៤ អំពីឧក្រិដ្ឋកម្មទៅលើជនជាតិខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តពោធិ៍សាត់និងខេត្តតាកែវ។
លោកអាន់ឌ្រូ ខេលី ក៏បានស្នើសុំឲ្យមានការបើកចំហព័ត៌មានសម្រាប់សាធារណជននិងដើមបណ្តឹងរដ្ឋប្បវេណីមានសក្តានុពលទាក់ទងទៅនឹងការស៊ើបអង្កេតនៅក្នុងសំណុំរឿងនេះ។
លោកឌឹម សុវណ្ណារុំ មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមមិនធ្វើសេចក្តីអត្ថាធិប្បាយទៅលើប្រតិកម្មរបស់អង្គការ OSJI នោះទេ។ ក៏ប៉ុន្តែលោកបញ្ជាក់អំពីការដាក់សំណើឲ្យមានការស៊ើបអង្កេតបន្ថែមរបស់សហព្រះរាជអាជ្ញាបរទេសថា នេះគឺជាដំណើការនៃការិយាល័យនីមួយៗ ដោយឯករាជ្យនៅក្នុងសាលាក្តីខ្មែរក្រហម។
«ដូច្នេះសបញ្ជាក់ឲ្យឃើញថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានការិយាល័យរៀងៗខ្លួនកំពុងធ្វើកិច្ចការរបស់ខ្លួនទៅតាមនីតិវិធីច្បាប់»។
ស្របពេលជាមួយនឹងការស្តីបន្ទោសរបស់អង្គការ OSJI ទៅលើអង្គការសហប្រជាជាតិនិងសំណើសុំឲ្យមានការស៊ើបអង្កេតទៅលើសំណុំរឿង០០៤ ដែលស្ថិតនៅក្នុងការសម្ងាត់នៅឡើយនោះ ក្រុមមន្រ្តីឃ្លាំមើលសាលាក្តីខ្មែរក្រហមលើកឡើងថា ភាពចម្រូងចម្រាសហាក់បីដូចជាកើតឡើងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះទាក់ទងទៅនឹងសំណុំរឿង០០៣ និងសំណុំរឿង០០៤។ ក៏ប៉ុន្តែសហព្រះរាជអាជ្ញាបរទេសនិងអង្គការសង្គមស៊ីវិលបានប្រឹងប្រែងជំរុញសំណុំរឿងទាំងពីរនេះឲ្យទៅមុខ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ថា ការខ្វែងគំនិតគ្នានៅក្នុងពេលនេះមិនមែនជាគ្រោះថ្នាក់សម្រាប់សាលាក្តីខ្មែរក្រហមនោះទេ។
«យើងមើលទៅទាំងអស់គឺសុទ្ធតែមានការខ្វែងគំនិតគ្នា។ នេះមិនមែនបានន័យថាជាបញ្ហាទេ ការខ្វែងគំនិតគ្នានេះ ដោយសារយើងខ្វល់ខ្វាយអំពីយុត្តិធម៌សម្រាប់អនាគតមួយរបស់កម្ពុជានិងជនរងគ្រោះ»។
ដោយឡែកលោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា លោកគាំទ្រចំពោះជំហររបស់អង្គការ OSJI និងជំហររបស់លោក អាន់ឌ្រូ ខេលី នៅក្នុងពេលនេះ៕