កាលពីសប្តាហ៍មុន រតនាគារក្រុងភ្នំពេញបានបង្គាប់ឲ្យលោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងបង់ប្រាក់ពិន័យចំនួន៨លាន៥សែន រៀល គឺសើ្មនិងប្រមាណជាង២០០០ដុល្លារសហរដ្ឋអាមេរិកបន្ទាប់ពីលោកស្រី ចាញ់ក្តីពីបទបរិហាកេរ្តិ៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតុលាការកំពូលមក។
កាលពីថ្ងែទី ២ ខែមិថុនាកន្លងទៅនេះ តុលាការកំពូលបានតម្កល់សាលដីការបស់សាលាឧទ្ឋរណ៍ ដោយតម្រូវឲ្យលោកស្រី មួរ សុខហួរ បង់ប្រាក់ពិន័យចំនួនជាង២០០០ដុលា្លសហរដ្ឋអាមេរិក និងប្រាក់សំណងជម្ងឺចិត្តទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន១៩០០ដុល្លាសហរដ្ឋអាមេរិក។
នៅក្នុងលិខិតជូនដណឹងមួយច្បាប់ដែលមានចុះហត្ថលេខា ដោយលោកកែ ប៊ុនឡេង ប្រធានរតនាគារក្រុងភ្នំពេញ បានបង្គាប់ឲ្យលោកស្រីមួរ សុខហួរ បង់ប្រាក់ពិន័យចំនួន៨លាន៥សែនរៀលនៃចំនួនទឹកប្រាក់សរុបជាង ១៦ លាន ៥ សែនរៀល ទៅឲ្យអង្គភាពរតនាគារក្រុងភ្នំពេញ នៅក្នុងរយៈពេលតែ ២ សប្តាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃទទួលដំណឹងនេះ។
លោក កែ ប៊ុនឡេង ប្រធានរតនាគារក្រុងភ្នំពេញ ពុំបានធ្វើអត្ថាធិប្បាយឲ្យបានពិស្តារទេ ដោយមានប្រសាសន៍យ៉ាងខ្លីថា រតនាគារធ្វើទៅតាមនីតិវិធីនៃច្បាប់តែប៉ុណ្ណោះ។ លោកបន្តថា៖
«ខ្ញុំមិនអាចធ្វើបទសម្ភាសន៍ហ្នឹងបានទេ ព្រោះខ្ញុំធ្វើទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃច្បាប់ព្រះរាជាណាចក្រកម្ពុជា បងមើលក្រមហ្នឹង មាត្រាទី៤៩៨ និង៥២៥ ឃើញហើយ។»
លោកស្រីមួរ សុខហួរ ដែលបច្ចុប្បន្នកំពុងស្នាក់នៅសហរដ្ឋអាមេរិក នៅក្នុងដំណើទស្សនៈកិច្ចរបស់លោកស្រីចំនួន២សប្តាហ៍ ពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃនេះ។ ក៏ប៉ុន្តែលោកស្រីធ្លាប់បានមានប្រសាសន៍ថា លោកស្រីនៅតែប្រកាន់ជំហរដាច់ខាតមិនបង់ប្រាក់ពិន័យទាំងនេះទេ។
លោក សុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបានមានប្រសាសន៍ថា បើតាមនីតិវិធីនៃច្បាប់ បន្ទាប់ពីសេចក្តីជូនដំណឹងរបស់រតនាគារផុតសុពលភាព ព្រះរាជអាជ្ញានឹងធ្វើលិខិតជូនដំណឹងមួយទៀត ដោយទុករយៈពេល១០ថ្ងៃទៀត ក៏ប៉ុន្តែបើលោកស្រីមួរ សុខហួរ នៅតែមិនព្រមបង់ប្រាក់ពិន័យនេះទៀត លោកស្រី នឹងប្រឈមនឹងការចាប់ខ្លួនដាក់ពន្ឋនាគារដោយបង្ខំរាងកាយ។ លោកថ្លែងថា៖
«បើនៅតែមិនបង់ គឺទៅតាមមាត្រា៥២៦ គឺតំណាងអាយ្យការបញ្ជាបង្ខំ និងឲ្យឃុំខ្លួនទៅតាមមាត្រា៥២៦ ឃុំខ្លួនដើម្បីបង្ខំរូបកាយទារប្រាក់ពិន័យជាប្រាក់របស់រដ្ឋ។»
កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកស្រីមួរ សុខហួរ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងស្វះស្វែងរកអន្តរាគមន៍ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ចំពោះអ្វីដែលលោកស្រីបានអត្ថាធិប្បាយថា បានចាញ់ក្តីយ៉ាងអយុត្តិធម៌ជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោកស្រីមួរ សុខហួរ នឹងដាក់បញ្ចាំងខ្សែរភាពយន្តឯកសារដែលមានចំណងជើងថា «ភ្លើងក្រហម» នៅថ្ងៃចន្ទ័នេះ។
លោកស្រី បានចំណាយពេលថតភាពយន្តឯកសារនេះជាមួយផលិតករជនជាតិអាមេរិកចំនួន៣រូប អស់រយៈពេល៤ឆ្នាំ ដើម្បីបង្ហាញអំពីស្ថានភាពជួញដូរស្រ្តី និងកុមារនៅកម្ពុជា។