សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់ការផ្តន្ទាទោសមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសខ្មែរ។ ការសម្រេចក្ដីនេះធ្វើឲ្យមេដឹកនាំគណបក្សសម រង្ស៊ី ដែលកំពុងនិរទេសនៅក្រៅប្រទេសទទួលរងការផ្តន្ទាទោជាប់ពន្ធគារសរុបចំនួនប្រាំបួនឆ្នាំ ក្នុងបទចោទប្រកាន់ចំនួនបីករណី។
លោក ហោ ណាំហុង បានប្តឹងប្រឆាំងលោក សម រង្ស៊ី នៅតុលាការកម្ពុជា និងបារាំង បន្ទាប់ពីលោកសម រង្ស៊ី បានអត្ថាធិប្បាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នៅសារមន្ទីរជើងឯកថា លោក ហោ ណាំហុង គឺជាអតីតមេគុកបឹងត្របែកនៅក្នុងរបបខ្មែរក្រហម។ កាលពីខែមេសា ឆ្នាំ២០១១ នេះតុលាការក្រុងភ្នំពេញបានកាត់ទោសលោក សម រង្ស៊ីឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ។ ដោយឡែកតុលាការកំពូលប្រទេសបារាំងបានសម្រេចឲ្យលោក សម រង្ស៊ី ឈ្នះក្ដីលោកប្រមុខការទូតខ្មែរកាលពីដើមឆ្នាំ ២០១១ក្នុងសំណុំរឿងដូចគ្នានេះ ដែលធ្វើឲ្យលោក សម រង្ស៊ី ប្ដឹងឲ្យសាលាដំបូងរាជធានីភ្នំពេញកាត់ក្ដីលើករណីរបស់លោកឡើងវិញ។
លោក ជួង ជូងី មេធាវីការពារក្តីរបស់លោក សម រង្ស៊ី បានថ្លែងថា ចៅក្រមសាលារាជធានីភ្នំពេញបានតម្កល់សេចក្ដីសម្រេចប្រកបដោយអយុត្តិធម៌ ដោយមិនពិចារណាលើសេចក្ដីសំអាងរបស់លោកក្នុងសវនាការ និងមិនពិចារណាលើគោលការណ៍សកលនៃការសម្រេចលើសំណុំក្ដីតែមួយ។
«ការដែលតុលាការក្រុងរក្សាការសម្រេចដូចមុនដដែលអត់ត្រឹមត្រូវទេ គឺបានន័យថា គាត់មិនបានពិចារណាទៅលើសាលដីកាតុលាការកំពូលប្រទេសបារាំង។ បើសិនណាតុលាការប្រទេសបារាំងកាត់ចប់សព្វគ្រប់អស់ហើយគោលការណ៍សកលមិនអាចតុលាការផ្សេងទៀតយកទៅកាត់ឡើងវិញទេ»។
លោក កា សាវុធ មេធាវីការពារក្តីរបស់លោក ហោ ណាំហុង ចាត់ទុកថា ការសម្រេចក្ដីនេះជាការសម្រេចត្រឹមត្រូវ។
«ខ្ញុំពេញចិត្តពីព្រោះគាត់អនុវត្តត្រឹមត្រូវតាមច្បាប់»។
លោកមេធាវី កា សាវុធ ធ្លាប់ពន្យល់ថា ច្បាប់មិនតម្រូវឲ្យតុលាការពិចារណាទៅលើសាលក្រមប្រទេសបារាំងទេ ខណៈដែលលោកសម រង្ស៊ី ដែលជាជនត្រូវចោទអវត្តមាននៅពេលសវនាការ ។
លោកមេធាវី ជួង ជូងី បានបញ្ជាក់ថា លោកនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនេះ៕