ភ្នំពេញ៖ តុលាការក្រុងភ្នំពេញរបស់ប្រទេសកម្ពុជា បានដោះលែងជនជាតិថៃពីររូបឲ្យស្ថិតនៅក្រៅ ឃុំជាបណ្ដោះអាសន្ន។ អ្នកទាំងពីរនោះស្ថិតក្នុងចំណោមជនជាតិថៃចំនួនប្រាំពីរនាក់ ដែលត្រូវបាន ចាប់ខ្លួនកាលពីខែមុន ដោយសារបានឆ្លងចូលប្រទេសកម្ពុជាដោយខុសច្បាប់។
តំណាងរាស្រ្តថៃ លោក Panich Vikitsreth និងអ្នកស្រី Narumol Jitrawarattana អាជីវករថៃ ត្រូវតុលាការសាលាដំបូងក្រុងភ្នំពេញ ដោះលែងឲ្យនៅក្រៅមន្ទីរឃុំឃាំងជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានដាក់ប្រាក់ធានាម្នាក់ៗចំនួន១.០០០.០០០រៀល ឬស្មើនឹង២៥០ដុល្លារសហរដ្ឋអាមេរិក នេះបើយោងទៅតាមមន្រ្តីតុលាការ និងមេធាវីការពារក្តីរបស់ពួកគេ។
តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចរបស់ប្រទេសថៃ និងស្រ្តីអាជីវកររូបនោះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ នៅក្នុងក្រុមជនជាតិថៃសរុបចំនួនប្រាំពីរនាក់ ក្រោមបទចោទប្រកាន់ថា ពួកគេបានឆ្លងចូលមកកាន់ប្រទេសកម្ពុជាដោយខុសច្បាប់។
ពីរនាក់នៅក្នុងចំណោមជនជាប់សង្ស័យទាំងនោះត្រូវចោទប្រកាន់បន្ថែមអំពីបទប៉ុនប៉ងប្រមូលផ្តុំ ព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ទៅដល់ការការពារជាតិរបស់ប្រទេសកម្ពុជា។
លោកមេធាវី រស់ អូន ការពារក្តីឲ្យជនជាប់ចោទថៃ មានប្រសាសន៍ថា កូនក្តីរបស់លោកទាំងពីរនាក់ នឹងស្ថិតនៅក្នុងប្រទេសកម្ពុជារហូតទៅដល់ពេលកាត់ទោសរបស់ពួកគេ។
«គាត់នៅកម្ពុជារហូតដល់ពេលជម្រះ»។
លោក រស់ អូនបញ្ជាក់ថា លោកបានដាក់សំណើជូនតុលាការក្រុងភ្នំពេញ ដើម្បីស្នើសុំឲ្យតុលាការ ដោះលែងជនជាប់ចោទថៃទាំងប្រំាពីរនាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ក៏ប៉ុន្តែតុលាការសម្រេចលើសំណើនោះសម្រាប់តែជនជាប់សង្ស័យតែពីរនាក់ប៉ុណ្ណោះ។
លោកសុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ មិនធ្វើអត្ថាធិប្បាយច្រើនទៅលើករណីដោះ លែងជនជាប់សង្ស័យថៃឲ្យនៅក្រៅឃុំនោះទេ។
លោកគ្រាន់តែបញ្ជាក់ថា ពួកគេនឹងស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ។
«ឲ្យនៅក្រៅឃុំ បណ្ដោះអាសន្ន ឲ្យជាប់ការតព្វកិច្ចត្រួតពិនិត្យ »។
នាយករដ្ឋមន្រ្តីថៃ លោកអាភីស៊ីប វិចាជីវ៉ា ធ្លាប់ត្រូវបានកាសែតស្រង់សម្តីថា លោកបានបញ្ជូនជន ជាតិថៃទាំងប្រាំពីរនាក់នោះមកកាន់តំបន់ព្រំដែន ដើម្បីត្រួតពិនិត្យស្ថានការណ៍ព្រំដែន។
ជាមួយគ្នានោះ លោកPanich Vikitsreth បាននិយាយនៅក្នុងទីក្រុងភ្នំពេញថា លោកបានឆ្លងចូល មកក្នុងដែនដីប្រទេសកម្ពុជាដោយចៃដន្យ។
យោងតាមច្បាប់របស់ប្រទេសកម្ពុជា ជនបរទេសណាដែលឆ្លងចូលទឹកដីរបស់ខ្លួនដោយខុសច្បាប់ អាចប្រឈមមុខនឹងការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបីខែរហូតទៅដល់ប្រាំមួយខែ មុននឹងត្រូវ បណ្តេញចេញ។
ដោយឡែក ប្រសិនបើតុលាការរកឃើញថា ជនជាប់សង្ស័យពីរនាក់នៅក្នុងចំណោមនោះ បានប៉ុនប៉ងប្រមូលព័ត៌មាន ដែលធ្វើឲ្យខូចខាតទៅដល់សន្តិសុខរបស់ប្រទេសកម្ពុជា ពួកគេនឹងប្រឈមមុខការជាប់ពន្ធនាគារពីប្រាំឆ្នាំរហូតទៅដល់ដប់ឆ្នាំ។
យោងតាមលោកកួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃមានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរនឹងទុកឲ្យវិបត្តិចាប់ខ្ឡួនតំណាងរាស្រ្តថៃនេះដោះស្រាយតាមផ្លូវតុលាការ៕