ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​គ្រោង​ជួប​គ្នា​ចុង​ខែមិនា​នៅ​ឥណ្ឌូនេស៊ី


រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អាស៊ាន​និង​មន្ត្រី​ជាន់​ខ្ពស់​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ក្នុង​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​ច
រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​អាស៊ាន​និង​មន្ត្រី​ជាន់​ខ្ពស់​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវ​ការ​មួយ​របស់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ក្នុង​ក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​ច

គណៈ​កម្មាធិការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅចុង​ខែ​មិនាក្នុង​ទី​ក្រុង​បូហ្គ័រ​ (Bogor) ប្រទេស​ឥណ្ឌូនេស៊ី​ ក្រោម​ការសម្រប​សម្រួល​របស់​ឥណ្ឌូនេស៊ី​ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​ក្រោយ​ពេល​ប្រទេស​កម្ពុជា​អះអាង​ថា​លែង​មាន​ការទុក​ចិត្ត​គ្នា​ក្នុង​ការចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ថៃ។

ថ្លែង​ប្រាប់​ វីអូអេ​ កាលពី​ថ្ងៃអង្គារ​លោក​ កុយ គួង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា​ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ លោក​ ម៉ាទី ​ណាតាលីហ្គាវ៉ា​ ដែល​ជា​ប្រធាន​ប្តូរ​វេន សមាគម​ អាស៊ាន​ឆ្នាំ​នេះ​ ដែល​បាន​ស្នើ​សុំ​កាល​ពី​ថ្ងៃទី​៧​ខែមិនា​ឲ្យ​មាន​ការប្រជុំ​រវាង​ប្រទេស​ទាំង​ពីរ​ ថៃ​និង​កម្ពុជា។

«ហើយ​នៅ​ថ្ងៃនេះ​ ថ្ងៃ​ទី​៨ខែ​មិនា​ លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ​ណាំហុង ​គឺលោក​ បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រធាន​អាស៊ាន​នេះ​ ដោយ​បញ្ជាក់​ថា​កម្ពុជា​យល់​ព្រម​ទៅ​នឹង​សំណើ​របស់​ប្រធាន​អាស៊ាន»។

លោក​ កុយ គួង​បាន​បញ្ជាក់​បន្ថែម​ថា​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ស្នើ​ឲ្យ មាន​កិច្ច​ប្រជុំ​ចំនួន​ពីរ​នៅ​ថ្ងៃ​ទី​ ២៤ និង​ទី​ ២៥ ​ខែ ​មិនា​នេះ​ នៅ​ទីក្រុង​បូហ័្គរ​ដែល​ជា​ទីក្រុង​ក្បែរ​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​ សម្រាប់ឲ្យ​មាន​ការបន្ត​ ការ​ចរចា​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ ក្នុង​គណៈ​កម្មការ​ ព្រំដែន​ទូទៅ​ GBC ​និង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​ការបោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​ថៃ។

លោក​កុយ គួង​បាន​ដក​ស្រង់​អត្ថា​ធិប្បាយ​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​មក​បញ្ជាក់​ថា ​កម្ពុជា​ចង់​ឲ្យ​មាន​តំណាង​របស់​អាស៊ាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ។

«ហើយ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​កិច្ចប្រជុំ​នេះ​ត្រូវ​តែ​មាន​វត្តមាន​រដ្ឋមន្ត្រី​ការ​បរទេសឥណ្ឌូនេស៊ី ​ឬ​ក៏​អ្នកតំណាង​ដែល​វត្តមាន​នេះ​យ៉ាង​ហោច​ណាស់​ក៏​នៅ​ពេល​ពិធី​បើក​នៃ​កិច្ច​ប្រជុំ​ទាំងពីរ​នេះ។​ ហើយ​ក្រោយ​ពី​កិច្ច​ប្រជុំ​ទាំង​ពីរ​នេះ​ចប់​គឺ​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​សេចក្តី​រាយការណ៍​ជូន​ប្រធាន​អាស៊ាន»។

លោក​ គួង​ បាន​បន្ថែម​ថា​កម្ពុជា​សង្ឃឹម​ថា​ប្រទេស​ថៃ​នឹង​ចូលរួម។

លោក​ ប៉ានីតាន់ វឌ្ឍនាយ៉ាកន (Panitan​ Watanayagorn)​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​ថ្លែង​ប្រាប់​ វីអូអេ ផ្នែក​ខេមរភាសា​តាម​ទូរស័ព្ទ​ថា៖​ ប្រទេស​ថៃ​ជា​អ្នក​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​ថៃ​និង​កម្ពុជា​ក្នុង​គណៈ​កម្មាធិការ​ព្រំដែន​ទាំង​ឡាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​ការវាស់វែង​បង្គោល​ព្រំដែន​ បញ្ហា​ក្នុង​តំបន់​នានា​ ហើយ​នឹង​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​ជាដើម។

«នេះ​ជា​យន្តការ​នៅ​ក្នុង​លំដាប់​ទ្វេភាគី​ដែល​យើង​បាន​ស្នើ​ដល់​កម្ពុជា​ឲ្យ​វិល​មក ចរចា​នៅ​ក្នុង​យន្តការ​នេះ»។

លោក​ វឌ្ឍនាយ៉ាកន​ ពុំ​បាន​បញ្ជាក់​ថា​រឿង​កិច្ច​ប្រជុំ​នៅ​ឥណ្ឌូនេស៊ីចុង​ខែ​នេះ​ជា​ការសម្រប​សម្រួល​ពី​សមាគម​អាស៊ាន​ជា​ពិសេស​ប្រទេស​ឥណ្ឌូនេស៊ី​នោះ​ទេ។​ តែ​លោក​ថ្លែង​ថា​កិច្ច​ប្រជុំ​នោះ​មិនមែន​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា​ទេ ​គឺ​អាច​នៅ​ឥណ្ឌូនេស៊ី។ ​ហើយ​កាល​បរិច្ឆេទ​និង​បញ្ហា​លម្អិត​លោក​ វឌ្ឍនាយ៉ាកន​អះអាង​ថា​ថៃ​នៅ​រង់ចាំ​តែ​ការឆ្លើយតប​ពី​កម្ពុជា​តែ​ប៉ុណ្ណោះ។

កិច្ច​ប្រជុំ​រវាង​គណៈ​កម្មាធិការ​ព្រំដែន​ប្រទេស​ថៃ​និង​កម្ពុជា​កើត​ឡើង​ក្រោយ​ពេល​ដែល​ថៃ​សុំ​ពន្យា​ពេល​ទទួលយក​អ្នកសង្កេតការណ៍​អាស៊ាន​មុន​ពេល​ជួបប្រជុំ រវាង​កម្ពុជា​និង​ថៃ​កើត​ឡើង។​ ក៏​ប៉ុន្តែ​សម្រាប់ប្រទេស​កម្ពុជា​វិញ​គេ​សង្កេត​ឃើញ ថា​មុន​និង​ក្រោយ​ពេល​មាន​កិច្ចព្រមព្រៀង​នៅ​មុខ​បណ្តា​មេដឹក​នាំ​អាស៊ាន​ទាំង ១០​ប្រទេស​ក្នុង​កិច្ចប្រជុំ​កាល​ពី​ចុង​ខែ​កុម្ភៈ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​អំពី​កិច្ចឈប់ បាញ់​គ្នា​និង​ការទទួលយក​អ្នកសង្កេត​ការណ៍​៣០នាក់​ ម្ខាង​ពាក់​កណ្តាល កម្ពុជា​បាន​ប្រកាស​ទទួល​យក​អ្នក​សង្កេត​ការណ៍​អាស៊ាន​ដោយ​ឥត​លក្ខខណ្ឌ​ដើម្បី​ធានា​កិច្ចឈប់​បាញ់​គ្នា​ហើយ​នឹង​ត្រួត​ពិនិត្យ​មើល​ស្ថានការណ៍​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​មាន​ភាពតាន​តឹង​ដោយ​កំឡាំង​ប្រដាប់​អាវុធ។​ តែ​ប្រទេស​ថៃ​ធ្លាប់​បាន​សុំ​ពន្យា​ពេល​សិន​ដើម្បី​ចរចា ​ទ្វេភាគី​ ជាមួយ​កម្ពុជា។

ប្រទេស​កម្ពុជា​ធ្លាប់​ច្រាន​ចោល​កិច្ចចរចា​ទ្វេភាគី​ណា​ជាមួយ​ថៃ​ពេល​គ្មាន​ភាគី​អាស៊ាន​ចូល​រួម។ ការកំណត់​ដូច្នេះ​កើតឡើង​ក្រោយ​ពី​មេដឹកនាំ​កម្ពុជា​អះអាង​ថា​លទ្ធផល​នៃ​ការចរចា​គ្មាន​ការគោរព​និង​អនុវត្តន៍​តាម​ទោះ​បីជា​មាន​ការចរចា​ក្តី។​ដូចជា​ឧទាហរណ៍​មួយ ​ដែល​មេដឹក​នាំ​កម្ពុជា​បាន​លើក​យក​បញ្ជាក់​គឺ​ឯកសារ​ ព្រំដែន​ចំនួន​បី​ទាក់ទង​នឹង​ការ​បោះបង្គោល​ព្រំដែន​និង​ការ​ដោះស្រាយ​រឿង​ព្រំដែន​ដែល​គណៈ​កម្មាធិការ​ព្រំដែន​ទាំងពីរ​ប្រទេស​បាន​សម្រេច​ជា​ច្រើន​ឆ្នាំ​រួច​ហើយ​នោះ​នៅ​រាំងស្ទះ​ឬ​មិន​ត្រូវ​អនុម័ត​យល់​ព្រម​ដោយ​សភា​ថៃ​ទេ។

កងទ័ព​ប្រទេស​កម្ពុជា​និង​ថៃ​បាន​វាយប្រយុទ្ធ​គ្នា​កាលពី​ដើមខែ​កុម្ភៈ​ដោយសារ ​ការចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ការ​រំលោភ​បំពាន​បូរណភាព​ដែនដី​ ជាពិសេស​ដី​ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ។​ ការ​វាយ​ប្រយុទ្ធ​គ្នា​ចំនួន​ ៤​ថ្ងៃ​ជាប់​គ្នា​នោះ បាន​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ទាំង​សង​ខាង​ហើយ​ប៉ះពាល់​ដល់​ប្រាសាទ ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក​និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំងពីរ​ភៀស​ខ្លួន​មួយ​រយៈ​ពេល​ចេញ​ពី​លំនៅដ្ឋាន៕

XS
SM
MD
LG