នគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនសកម្មជនគណបក្សសិទ្ធិមនុស្សពីរនាក់ចំពោះការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងញ៉ុះញ៉ង់ប្រឆាំងនឹងប្រទេសជិតខាងដែលផ្សព្វផ្សាយឯកសារប្រវត្តិសាស្ត្រស្តីពីមហិច្ឆិតារបស់ប្រទេសវៀតណាមដែលឈ្លានពានកម្ពុជា។
លោក ផាន ផា អាយុ ៦៦ឆ្នាំ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសិទ្ធិមនុស្សប្រចាំឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងលោក ភូមិ យាន អាយុ៧១ឆ្នាំ សកម្មជនគណបក្សសិទ្ធិមនុស្សភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃុំ ខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានវិលត្រឡប់មកពីសង្កេតការណ៍ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតវិញ។
សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សបានរៀបរាប់ថា ហេតុការណ៍នេះកើតឡើងដោយគ្រាន់តែសកម្មជនគណបក្សប្រចាំឃុំបានយកឯកសារពាក់ព័ន្ធនឹងគោលនយោបាយគណបក្ស កិច្ចការបោះឆ្នោត និងប្រវត្តិសាស្ត្រខ្មែរទៅប្រគល់ជូនសកម្មជនគណបក្សប្រចាំភូមិ ហើយមេភូមិគណបក្សប្រជាជនកម្ពុជាឃើញបានឆក់យកទៅឲ្យនគរបាល និងមួយថ្ងៃក្រោយមក នគរបាលបាននាំខ្លួនសកម្មជនទាំងពីរនាក់នេះទៅឃុំឃាំងនៅស្នងការនគរបាលខេត្តកំពង់ចាម តែម្តង។
លោក ជឹម សេងហុង ស្នងការរងនគរបាលខេត្តកំពង់ចាម បានថ្លែងថា នគរបាលកំពុងកសាងសំណុំរឿងបញ្ជូនសកម្មជនគណបក្សសិទ្ធិមនុស្សពីរនាក់នេះទៅកាន់តុលាការ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា គណបក្សសិទ្ធិមនុស្សបានចាត់ទុកការចាប់ខ្លួនសកម្មជនគណបក្សសិទ្ធិមនុស្សទាំងពីរនាក់នេះគឺជារូបភាពនៃការរំលោភសិទ្ធិនយោបាយ ការគំរាមគំហែងផ្នែកនយោបាយ និងការរំខានដល់ដំណើរការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។
លោក សេង ស៊ៀងលី ប្រធានគណបក្សសិទ្ធិមនុស្ស ប្រចាំខេត្តកំពង់ចាម បានថ្លែងថា ឯកសារប្រវត្តិសាស្ត្រខ្មែរនេះបានលើកឡើងអំពីការបាត់បង់ទឹកដីកម្ពុជាទៅវៀតណាម និងថៃ។
«ខ្ញុំថាបញ្ហាការចាប់នេះហាក់បីដូចជាបិទសិទ្ធិសេរីភាពក្នុងការបញ្ចោញមតិឲ្យប្រជាពលរដ្ឋ ឬសកម្មជន ដឹងអំពីប្រវត្តិសាស្ត្រដែលកន្លងមកមានការបាត់បង់ទឹកដីដោយសារតែវៀតណាម និងថៃ។ កន្លងមកហ្នឹង ទឹកដីខ្មែរយើងនៅខាងវៀតណាម២១ខេត្ត និងប្រទេសថៃយកបាន១២ខេត្ត»។
លោក នាង សុវ៉ាត មន្ត្រីសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម បានថ្លែងថា អាជ្ញាធរទំនងជាយល់ច្រឡំអំពីសារនយោបាយរបស់គណបក្សទាក់ទងនឹងការចាប់ខ្លួនសកម្មជនគណបក្សសិទ្ធិ មនុស្ស ពីរនាក់នេះ។
«ខ្ញុំសន្និដ្ឋានជាលើកដំបូងថា មេភូមិ ឬនគរបាលប៉ុស្តិ៍មិនបានយល់អំពីសារនយោបាយនេះឲ្យបានច្បាស់ ហើយគាត់មិនបានដឹងថា សារនេះជាសារនយោបាយទូទៅរបស់គណបក្សនយោបាយ។ បើសិនជាវាគ្រោះថ្នាក់ ហើយមានការចោទប្រកាន់ វាគួរតែមានការចោទប្រកាន់យូរហើយ»។
សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិ មនុស្ស បានបញ្ជាក់ថាជាក់ស្តែងគ្រាន់តែថ្ងៃពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញានេះភ្លាម ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សក៏ត្រូវបានធ្វើឡើងភ្លាម។ គណបក្សសិទ្ធិមនុស្សបានអំពាវនាវដល់រដ្ឋាភិបាលឲ្យដោះលែងជាបន្ទាន់នូវសកម្មជនគណបក្សសិទ្ធិមនុស្សទាំងពីរនាក់នេះដែលមិនបានធ្វើអ្វីខុសពីច្បាប់រដ្ឋទាល់តែសោះ៕