ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ពីរ​ចាប់​ផ្តើម​យុទ្ធនាការ​ការ​ប្រែប្រួល​​អាកាសធាតុ


កសិករ​ខ្មែរ​កំពុង​​រៀប​ចំ​ស្ទូង​ស្រូវ។
កសិករ​ខ្មែរ​កំពុង​​រៀប​ចំ​ស្ទូង​ស្រូវ។

ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១១​នេះ​មក ​អង្គការ Plan ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ និងមជ្ឈមណ្ឌល​សិក្សា​និង​ការ​អភិវឌ្ឍ​កសិកម្ម​កម្ពុជា បាន​ចាប់​ផ្តើម​គម្រោង​រួម​គ្នា​មួយ​ ដើម្បី​អប់រំ​ប្រជាកសិករ​ក្នុង​ស្រុក​ចំនួន​បួន​នៃ​ខេត្ត​សៀមរាប​ និង​ស្រុក​ចំនួន​ពីរ​របស់​ខេត្ត​កំពង់ចាម​ ដើម្បី​ឲ្យ​កសិករ​នៃ​ស្រុក​ទាំងប្រាំ​មួយ​នេះ​ដាំ​ដំណាំ​កសិកម្ម​របស់​ពួក​គាត់​ទៅ​តាម​ការ​ប្រែប្រួល​របស់​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន។

លោក ​សួស សុវណ្ណ ​ទីប្រឹក្សា​កម្មវិធី​សន្តិសុខ​សេដ្ឋកិច្ច​គ្រួសារ​របស់​អង្គការ ​Plan អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅក្នុង​សិក្ខាសាលា​សម្ពោធ​គម្រោង​នេះ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​រាជធានីភ្នំពេញថា​ ការ​អប់រំ​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ផ្ដោត​លើ​ការ​យល់​ដឹង​ពី​ការ​ធ្វើ​កសិកម្ម​ឲ្យ​សមស្រប​ទៅ​តាម​អាកាសធាតុ​ដូច​ជា​ការ​ជ្រើស​រើស​គ្រាប់ពូជ ​ការ​ទប់ទឹក​ និង​ការ​ទប់ស្កាត់ការ​ច្រោះ​ជីជាតិ​ដី​ជាដើម។ លោក ​សុវណ្ណ​ បន្ត​ថា៖

«បណ្តុះបណ្តាល​ឲ្យ​គាត់​ដឹង​អំពី​ឥទ្ឋិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ វា​ប៉ះពាល់​ទៅ​ដល់​ជីវភាព​គាត់​ដូចម្តេច កសិកម្ម​គាត់​ដូច​ម្តេច ​ហើយ​គាត់​ត្រូវ​ទប់​ស្កាត់​ដូច​ម្តេច។ ហើយ​យើង​មាន​ការ​ដាំ​ដុះ​ឲ្យ​មើល​ ឲ្យ​កសិករ​រៀន​តាម​រយៈ​កសិដ្ឋាន​គំរូ​ គឺ​កន្លែង​កសិករ​ដែល​គាត់​ធ្វើ​កសិកម្ម​ ចម្រុះ​ឬ​កសិកម្ម​បែប​និរន្តរភាព​បាន​ជោគជ័យ។ យើង​ឲ្យ​គាត់​ទៅ​ទស្សនកិច្ច​កន្លែង​នោះ​ដើម្បី​មើល​គេ​រៀន​សូត្រ​តាម​គេ​ផ្ទាល់»។

ផែនការ​អប់រំ​ប្រជាកសិករ​នៅក្នុង​ខេត្ត​ទាំងពីរ​នឹង​មាន​រយៈ´ពេលប្រាំ​ឆ្នាំ​ គឺ​រហូត​ដល់ឆ្នាំ​២០១៥ ដោយ​ទទួល​មូលនិធិ​ជំនួយ​ចំនួន​ជាង​ ២.៩៦ ​លាន​ដុល្លាអាមេរិក​ពី​សហគមន៍​អឺរ៉ុប។

លោក ​យ៉ង់ សាំងកុមារ​ ប្រធាន​មជ្ឈមណ្ឌលសិក្សា និង​ការអភិវឌ្ឍ​កសិកម្ម​កម្ពុជា​ ហៅកាត់​ថា សេដាក ​បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ទាំង​ពីរ​ខាង​នេះ ​បាន​កំពុង​ប្រឈមមុខ​ជាខ្លាំង​ចំពោះ​ទិន្នផល​កសិកម្ម​របស់​គាត់​មាន​ការ​ធ្លាក់​ចុះ ដូចជា​ ជា​មធ្យម​ស្រូវ​ក្នុង​មួយហិកតា ពួក​គាត់​ទទួល​បាន​ជាង​១តោន​ប៉ុណ្ណោះ​ តែ​ជាទូទៅ​ផល​ស្រូវ​នៅតំបន់​ផ្សេង​នៃប្រទេស​កម្ពុជា​អាច​ទទួល​បាន​យ៉ាងហោច​ណាស់​ជាង​២តោន​ក្នុង​១ហិកតា​។ លោក​បាន​បញ្ជាក់ថា ​មូលហេតុ​ដោយសារ​តែ​ស្រុក​ទាំង​ប្រាំមួយ ​គឺ​ជា​ស្រុក​ដែល​ងាយ​នឹង​រងគ្រោះ​ដោយភាព​រាំង​ស្ងួត​ខ្លាំង​ជាង​គេ​បំផុត។ លោក​ថ្លែង​ដូច្នេះ​ថា៖

«វាមិន​ត្រឹម​ផ្តល់ផល​វិបាក​ដល់​កសិករ​ទេ​ ផ្តល់ផលវិបាក​ដល់​សង្គមជាតិ​ទាំងមូល។ ទីមួយ​បញ្ហា​ជីវភាព​កសិករ។ ​បញ្ហា​ទីពីរ​បញ្ហា​សន្តិសុខ​ស្បៀង​របស់​សង្គម​ទាំងមូល នៅ​ពេល​អាកាសធាតុ​ មាន​ការ​ផ្លាស់ប្តូរ ផលិតកម្ម​កសិកម្ម​មាន​ការ​ផ្លាស់​ប្តូរ ហើយ​បើយើង​អត់មាន​ការ​ផ្លាស់ប្តូរ​បន្ស៊ាំ​ការ​ផ្លាស់ប្តូរ​តាម​អាកាសធាតុ​ទេ វា​អាច​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម។ អញ្ចឹង​កាលណា​អាកាសធាតុ​មាន​ការ​ប្រែប្រួល ​អ្វីដែល​យើង​មាន​ការបារម្ភ​គឺ​ថា តើ​កសិករ​យើង​អាច​មាន​ការ​ប្រែប្រួល​ខ្លួន​បន្ស៊ាំ​ខ្លួន​ឬ​ក៏​យើង​អាច​វាយតប​ទៅ​វិញ​បាន​ក្នុងការ​ប្រែប្រួល​អាកាសធាតុ​នោះ​ឬអត់។ អានេះ​វា​ទាមទារ​នូវ​ការ​ ពង្រឹង​សមត្ថភាព​ ពង្រឹង​ភាពច្នៃប្រឌិត»។

កម្ពុជា​មាន​ផ្ទៃដី​ដែល​បាន​កំពុង​ធ្វើ​កសិកម្ម​សរុប​ចំនួន​ជាង​៣លានហិចតា។ យោងតាម​សៀវភៅ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​កាល​ពីឆ្នាំ២០០៨ កម្ពុជា​ងាយ​រងគ្រោះ​ជា​ខ្លាំង​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ។​ កសិកម្មកម្ពុជា​ដែល​ជាវិស័យ​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ជាតិ​ពឹង​អាស្រ័យ​លើ​ទឹកភ្លៀង​ធម្មជាតិ​ និង​របប​ទឹក​ជំនន់​ប្រចាំ​ឆ្នាំ​នៃ​ទន្លេមេគង្គ​ និងបឹ​ង​ទន្លេសាប។ អាស្រ័យ​ហេតុនេះ ​កសិកម្ម​នៅ​កម្ពុជា​មាន​ការពាក់​ព័ន្ធ​ជាមួយ​នឹង​ការប្រែប្រួល​ ដែល​អាច​កើតមាន​ក៏ដូចជា​របប​ខ្យល់​មូសុង។ សៀវភៅ​ដដែល​លើក​ឡើង​ថា ​ទិន្នន័យ​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ប​ង្ហាញ​ថា​៧០ភាគរយ​នៃ​ផលិតកម្ម​ស្រូវ ដែល​ខូច​ខាត​គឺ​បណ្តាល​មកពី​ទឹក​ជំនន់ ហើយ​ការ​ខូច​ខាត​ប្រមាណ​ជាង​២០​ភាគរយទៀត​បណ្តាល​មក​ពី​គ្រោះ​រាំង​ស្ងួត។

លោក​គិត សេង​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​បាន​គ្រាំទ្រ​ចំពោះ​គម្រោងនេះ ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ទាន់​សូវ​យល់​ពី​ការ​ធ្វើ​កសិកម្ម​ឲ្យសមស្រប​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ​នៅ​ឡើយ។ លោក​ថ្លែង​ថា៖

«កាលណា​មាន​បម្រែបម្រួល​អាកាសធាតុ​ វា​មិនមែន​តែ​រាំងស្ងួត ​ទឹកជំនន់​នោះទេ ​ជូនកាល​វាមាន​បញ្ហា​ជំងឺ​សត្វចង្រៃ​មមាចត្នោត​វាផ្ទុះឡើង។ អានេះ​វាសុទ្ធ​តែ​ជា​បញ្ហា​ដែល​ទាមទារ​សមត្ថភាព​ចំណេះ​ដឹង​ខាង​ធម្មជាតិ​ ខាង​វិទ្យាសាស្រ្ត​ជ្រៅជ្រះ ​ការ​យល់ដឹង​របស់​កសិករ​នៅ​មាន​កម្រិត​ណាស់​ ទាមទារ​ឲ្យ​អ្នកវិទ្យាសាស្ត្រ ​អ្នក​បច្ចេកទេស​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន។ ផ្សព្វផ្សាយ ហើយ​ផ្សព្វ ផ្សាយ​ទៀត​ទម្រាំ​ទាល់តែ​គាត់យល់ ​ទម្រាំ​ទាល់តែ​គាត់​ទទួល​យក​បាននោះ»។

សៀវភៅ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា ​ដើម្បី​អភិវឌ្ឍ​ដដែល​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង ដែរថា ​សីតុណ្ហភាព​ខ្ពស់ និង​ការ​ប្រែប្រួល​របប​ទឹកភ្លៀង​នឹង​ជះឥទ្ធិពល​លើ​ទិន្នផល និង​ផលិតភាព​ដំណាំ។ ទិន្នផល​ដំណាំ​អាច​ថយចុះ ​ដោយសារ​តម្រូវការ​ឲ្យ​មាន​ការ​ស្រោចស្រព​ច្រើន​ហួសហេតុ​ កំណើន​កំពស់​ទឹកភ្លៀង​ដែល​បង្ក​ឲ្យ​មាន​សំណឹក​ដី ​និង​ការហូរ​ច្រោះ​ជីជាតិ​ដី ​ព្រមទាំង​ការ​ខូចខាត​ដំណាំ​ដោយសារ​កំណើន​បាតុភូត ​អាកាសធាតុ​មិន​ប្រក្រតី៕

XS
SM
MD
LG