ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​ពីរ​បាន​ច្របាច់​បញ្ចូល​គ្នា


ទូរស័ព្ទ​ដៃ​ដែលមាន​សេវា​​ពិសេស​ GPS។​
ទូរស័ព្ទ​ដៃ​ដែលមាន​សេវា​​ពិសេស​ GPS។​

ភ្នំពេញ៖ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​តូចៗ​ចំនួន​ពីរ​បាន​ច្របាច់​បញ្ចូល​គ្នា​នៅ​ថ្ងៃនេះ​ ​ដោយ​រំពឹង​ថា​ ​នឹង​អាច​បង្កើន​សក្ដានុពល​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ឲ្យ​បាន​ប្រសើរ។​ មន្ដ្រី​រដ្ឋាភិបាល​និយាយ​ថា​ ​ ការច្រ​បាច់​បញ្ចូលគ្នា​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ដ៏ច្រើន​ជ្រុល​នៅ​ក្នុង​ប្រទេស​រួមតូច​មក​វិញ។

ក្រុមហ៊ុន​ស្មាតម៉ូបាយល៍​(Smart Mobile) ​និង​ក្រុមហ៊ុន​ស្តារសែល​(Star Cell)​ ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​តូចៗ​ចំនួន​ពីរ​បាន​ច្របាច់​បញ្ចូលគ្នា​ទៅជា​ក្រុមហ៊ុន​តែមួយ​នៅថ្ងៃ​ពុធនេះ​ដើម្បី​អ្វី​ដែល​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​និយាយ​ថា​ ​ឈានទៅ​នាំមុខ​គេ​ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ចំនួន​៦,៣​លាន​នាក់​ ​កាលពី​ឆ្នាំ​២០០៩។​ ​ក្នុង​នោះ​ក្រុមហ៊ុន​ ម៉ូប៊ីថែល​ (Mobitel) ​០១២ ​កំពុង​គ្រប់គ្រង​អតិថិជន​ច្រើន​ជាង​គេ។​ លោក​ថូម៉ាសហាន់ ​(Thomas Hundt)​ អគ្គនាយក​ក្រុមហ៊ុន ​ស្មាតម៉ូបាយល៍​(Smart Mobile) ​នៃប្រព័ន្ធ​ (010, 069, 070 និង 093) ​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​មិញ​ថា​ ​ការ​បង្រួម​ឲ្យ​ទៅជា​ក្រុមហ៊ុន​តែមួយ​ជាមួយ​ក្រុមហ៊ុន​ស្តារសែល​(Star Cell)​នៃប្រព័ន្ធ ​(098/086)​ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​បាន​ចំនួន​៨៥០.០០០​នាក់។

លោក​ថូម៉ាស​(Thomas)​ ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ភាសា​ថា​ ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ចាស់​មិន​ចាំបាច់​ប្ដូរ​ស៊ីម ​ឬ​ប្ដូរ​ទូរស័ព្ទ​នោះ​ទេ​ ​ប៉ុន្ដែ​ពួកគេ​នឹង​ទទួល​បាន​តម្លៃ​នៃ​ការ​ទាក់ទង​គ្នា​តែ​មួយ។

«ចាប់ពី​ថ្ងៃទី​៥ ​ខែមករា ​ឆ្នាំ​២០១១​នេះ​តទៅ​ ​អតិថិជន​ ស្មាតម៉ូបាយល៍ ​(Smart Mobile) ​និង​ស្តារសែល​ (Star Cell)​ អាច​និយាយ​ជាមួយ​និង​កា​រហៅ​ចេញ​ដូចគ្នា​ក្នុង​អត្រា​តម្លៃ​តែមួយ​ក្នុង​ប្រព័ន្ធ។​មាន​ការ​បន្ថែម​ទឹកប្រាក់​ក្នុង​ប្រព័ន្ធ​ និង​ការ​បន្ថែម​នាទី​ក្នុង​ប្រព័ន្ធ​សម្រាប់​ហៅ​ទៅ​កាន់​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​ឲ្យ​ក្លាយ​ជាអ្នក​នាំមុខ​ទីផ្សារ​ពិតប្រាកដ»។

ក្រុមហ៊ុនស្មាតម៉ូបាយល៍​(Smart Mobile)​នឹង​គ្រប់គ្រង​ភាគហ៊ុន​ចំនួន​៧៥​ភាគរយ​ ​រីឯ​ក្រុមហ៊ុន​ស្តារសែល​ (Star Cell)​នឹង​គ្រប់គ្រង​ភាគហ៊ុន​ចំនួន​២៥​ភាគរយ។ ​ក្រុមហ៊ុន​ទាំងពីរ​នឹង​រក្សា​ឈ្មោះ​ជា​ក្រុមហ៊ុន ស្មាតម៉ូបាយល៍​(Smart Mobile)​ដោយ​រំពឹង​ថា​ ​នឹង​ធ្វើ​ការ​ពង្រីក​ការ​គ្របដណ្ដប់​សេវា​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០១១​នេះ។ ​នេះ​គឺជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ដំបូងគេ​ដែល​បាន​សម្រេចចិត្ត​ច្របាច់​បញ្ចូល​គ្នា​ ​បន្ទាប់ពី​មាន​ការរិះគន់​ថា​ ​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ច្រើនជ្រុល​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​សូ ឃុន​ រដ្ឋមន្រ្ដី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​មាន​ប្រសាសន៍​ប្រាប់​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក​ថា​ ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ទាំងពីរ​នឹង​ជួយ​ឲ្យ​សេវា​កម្ម​បម្រើ​ទូរស័ព្ទ​ចល័ត​កាន់​តែ​ប្រសើរ។

«កាលណា​មាន​លុយ​ច្រើន​វា​កាន់តែ​ពង្រីក​សេវា​ឲ្យ​កាន់តែ​ធំៗ​ទៅ ​និង​បញ្ចូល​បច្ចេក​វិទ្យា​ថ្មី»។

ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ចំនួន​ប្រាំបួន​សម្រាប់​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​ប្រមាណ​ជា១៤​លាន​នាក់​មុន​ការ​ច្របាច់​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​ស្មាតម៉ូបាយល៍​(Smart Mobile)​និង​ក្រុមហ៊ុន​ស្តារសែល​ (Star Cell)។

លោក​សូ ឃុន​ជឿ​ថា​ ​នេះ​គឺ​ជា​ចំនួន​ក្រុមហ៊ុន​ប្រតិបត្តិករ​យ៉ាង​ច្រើន​ ​បើ​ធៀប​ទៅនឹង​ប្រទេស​ផ្សេង​ ទៀត។​ ​លោក​សូ ឃុន​មាន​ប្រសាសន៍​ថា​ ​ប្រសិន​បើ​អាច​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ដទៃ​ផ្សេង​ទៀត​ ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​លើ​វិស័យ​ទូរគមនាគមន៍​ជា​បន្ថែម​ទៀត៕

XS
SM
MD
LG