ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទប្រកាន់​ខ្មែរ-អាមេរិកាំងម្នាក់និង​សហការី​ពី​បទ​​ក្លែង​ឯកសារ


តុលាការក្រុងភ្នំពេញ
តុលាការក្រុងភ្នំពេញ

ភ្នំពេញ៖ តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរ-អាមេរិកកាំង​មួយរូប​និ​ងសហការី​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​ទៅនឹង​ទឹកប្រាក់​ប្រមាណ​ជាង​៥០០លានដុល្លារ។ ការសម្រេច​ឃុំ​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​តែ​ពីរថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​អាជ្ញាធរ​ប៉ូលីស​បាន​ចាប់ខ្លួន​លោក ​ដាំ ឆ័ត្ររីយ៍​ និង​សហការី​របស់​លោក​កាលពី​ថ្ងៃសៅរ៍។ លោក​ដាំ ឆ័ត្ររីយ៍ ​បាន​ប្រើប្រាស់​តួនាទី​របស់​លោក​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិសេស​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកបារ៉ាក់ អូបាម៉ា។ ក៏​ប៉ុន្តែ​មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ថា ​មិនជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទេ។

លោក​ សុខ រឿន ​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុងភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ​ជនសង្ស័យ​ឈ្មោះ ដាំ ឆ័ត្ររីយ៍​ អាយុ៥៩ឆ្នាំ ​និង​លោក​សួស សារឿន​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ដោយ​ផ្អែក​ទៅតាម​ក្រម​ព្រហ្មទណ្ឌថ្មី។

«(ចោទពី)​បទ​ក្លែង​បន្លំ​ឯកសារ ​តាមមាត្រា​៦២៦ ​៦២៧ ​៦២៨​ និង​មាត្រា​៦២៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ»។

កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន​នេះ ​អាជ្ញាធរ​ប៉ូលីស​ក្រុង​ភ្នំពេញ​បាន​ឆ្មក់​ចូល​គេហដ្ឋាន​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌដូនពេញ ​ក្រោយ​ពី​បាន​ធ្វើការ​ឡោមព័ទ្ធ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ ហើយ​ប៉ូលីស​បាន​ឃាត់ខ្លួន​លោក​ដាំ ឆ័ត្ររីយ៍​ ​ជនជាតិ​អាមេរិកកាំង​ដើម​កំណើត​ខ្មែរ​ និង​លោក​សួស សារឿន​ ទីប្រឹក្សា​របស់​លោក​ដាំ ឆ័ត្ររីយ៍។

លោក​ឧត្តម​សេនីយ៍ទោ​ ឆៃ ស៊ីណារិទ្ធ ​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ ប៉ូលីស​បាន​រកឃើញថា ​លោក​ដាំ ឆ័ត្ររីយ៍ ​បាន​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ការបង្វិល​ទឹកប្រាក់​ពី​ក្រៅប្រទេស​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

«ពិតប្រាកដ ​គឺវា​ពាក់ព័ន្ធ​នឹង​ក្លែង​ហ្នឹងឯង​ ក្លែង​លិខិត​ និង​ប្រើប្រាស់​លិខិត​ក្លែង​ហ្នឹងឯង ហើយ​វា​សំខាន់​ទៅ​ទៀត​ពាក់ព័ន្ធ​លិខិត​របស់​ធនាគារ​ក្រៅ​ប្រទេស​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​លុយ​ដែល​មាន​ចំនួន​ទឹកប្រាក់​ចំនួន​ប្រហែល​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក»។

លោក ​ដាំ ឆ័ត្ររីយ៍​ បាន​ប្រើប្រាស់​តួនាទី​របស់​លោក​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អ្នកច្បាប់​ប្រចាំ​សហព័ន្ធ​មូល​និធិ​ OICT ​និង​ជា​ជំនួយការ​ពិសេស​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Goerge W Bush ​បច្ចុប្បន្ន​ លោក​ជា​ស​មាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិសេស​កំណែទម្រង់​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។

លោក​ Mark Wening ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់​ VOA សំឡេង​សហរដ្ឋ​អាមេរិក​តាមរយៈ​សារអេឡិចត្រូនិក ​ឬ​អ៊ីម៉ែល​មក​ថា ​មកដល់​ពេលនេះ​ លោកមិនមាន​ព័ត៌មាន​ណា​មួយ​ដែល​គួរឲ្យ​ជឿជាក់​ថា ​លោក​ដាំ ឆ័ត្ររីយ៍ ​មាន​ទំនាក់ទំនង​និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ទេ។

លោក ​Mark Wening ​បាន​និយាយ​ទៀត​ថា ​ប្រសិនណា​បើយើង​រកឃើញថា ​លោក​ដាំ ឆ័ត្ររីយ៍ ​ជា​ពលរដ្ឋ​ខ្មែរ​-អាមេរិកំាង​ យើង​នឹង​ធ្វើការ​ជាមួយ​លោក​ដាំ​ និង​រដ្ឋាភិបាល​កម្ពុជា​ទៅ​តាម​នីតិ​វិធី​របស់​កុង ស៊ុល​ ដែល​យើង​ធ្លាប់​ធ្វើ​កន្លងមក។

លោក ​ខៀវ កាញ្ញារីទ្ធ ​អ្នកនំាពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ ការចាប់ខ្លួន​លោក​ដាំ ឆ័ត្ររីយ៍​ គឺ​ដោយ​សារ​តែ​មាន​ពាក្យ​បណ្តឹង​ប្រជាពលរដ្ឋ​មួយ​រូប​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធ​ទៅនឹង​ការក្លែង​បន្លំ​ឯកសារ ​រំលោភ​យក​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោកដាំ ឆ័ត្ររីយ៍ ​បាន​ប្រើប្រាស់​តួនាទី​ក្លែងក្លាយ​ជា​ទីប្រឹក្សា​របស់​លោក​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធសភា​ និង​ជាទី​ប្រឹក្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង។

«ដែល​បញ្ហាហ្នឹង ​វានៅក្នុង​ការស៊ើប​អង្កេត ​ប៉ុន្តែ​កន្លងមក​រឿងហ្នឹង​តែងតែ​ប្រើ​ឈ្មោះ​ខ្លួន​ជាទីប្រឹក្សា​សម្តេច​ជា ស៊ីម​ និង​ទីប្រឹក្សា​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រៅ​អំពី​គាត់​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ទីប្រឹក្សា​ លោក​បារ៉ាក់ ​អូបាម៉ា ​ផង។ អញ្ចឹង​ឥឡូវ ​វា​នៅក្នុង​ការស៊ើប​អង្កេត​ គេ​តាម​រឿងហ្នឹង​ជាង​មួយខែ​ហើយ»។

លោក​ ផេង ស៊ីដេត​ មេធាវី​ការពារក្តី​លោក​ ដាំ ឆ័ត្ររីយ៍​ ពុំ​អាច​ស្នើសុំ​ការបំភ្លឺ​បាន​ទេ​នៅ​ថ្ងៃច័ន្ទ​នេះ។

យោង​តាម​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ មាត្រា​៦២៧ និង៦២៨ ​ដែល​ចែង​ពី​បទ​ក្លែងបន្លំ​ឯកសារ​ត្រូវផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​រហូត​ដល់​បីឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​ពី​ពីរលានរៀល ​រហូត​ទៅ​ដល់​ប្រាំ​មួយ​លាន​រៀល ​ប្រសិន​ណា​បើ​តុលាការ​រក​ឃើញថា​ មាន​ទោស​កំហុស៕

XS
SM
MD
LG