ប្រជាពលរដ្ឋកម្ពុជាពីររូបនឹងទទួលពានរង្វាន់សម្រាប់ការតស៊ូដើម្បីបុព្វហេតុសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃពុធស្អែកនេះនៅទីក្រុងបាងកក ប្រទេសថៃ។ នេះជាពានរង្វាន់ ហេល្លមែន ហាមេ្មត្ត (Hellman Hammett) ដែលនឹងត្រូវប្រគល់ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
លោក ហង្ស ចក្រា និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារដោយសារការផ្សាយពាក់ព័ន្ធនឹងការចោទប្រកាន់អំពីអំពើពុករលួយក្នុងរដ្ឋាភិបាល និងព្រះតេជគុណ លួន សាវ៉ាត ត្រូវបណ្ដេញចេញពី វត្តលង្កា ក្រុងភ្នំពេញ ដោយសារតែព្រះតេជគុណបាននិមន្ដចូលរួមគាំទ្រការធ្វើបាតុកម្មតវ៉ារបស់អ្នកភូមិបឹងកក់ប្រឆាំងនឹងការបំពានយកដីធ្លី។ បុគ្គលទាំងពីររូបគឺជាជ័យលាភីពានរង្វាន់នេះ។
លោក ហ្វ៊ីល រ៉ប៊តសិន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានប្រាប់ វីអូអេខ្មែរតាមទូរស័ព្ទថា ពលរដ្ឋកម្ពុជាទាំងពីររូបមានសេចក្ដីក្លាហានក្នុងការបង្ហាញទស្សនៈរបស់ ខ្លួនសម្រាប់បម្រើឲ្យសិទ្ធិមនុស្ស។
«ពិតហើយករណីព្រះតេជគុណ លួន សាវ៉ាត ទាក់ទងនឹងការរឹបអូសយកដីធ្លី ហើយដែលបញ្ហារំលោភសិទ្ធិមនុស្សស្ថិតនៅក្នុងរឿងនោះ។ រីឯលោក ហង្ស ចក្រា ទាក់ទងនឹងរឿងអំពើពុករលួយ ហើយជាការពិតគាត់បានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដោយសារការនិយាយអំពីទស្សនៈរបស់គាត់ និងដោយមិនព្រមបង្ហាញប្រភពក្នុងអត្ថបទរបស់គាត់។ ដូច្នេះនៅក្នុងករណីទាំងពីរនេះមានសេចក្ដីក្លាហានក្នុងការប្រឈមចំពោះការកាត់ទោសសម្រាប់ទស្សនៈរបស់ពួកគេ»។
លោក ហង្ស ចក្រា អាយុ៥៧ឆ្នាំ ត្រូវបានផ្តន្ទាទោសដោយតុលាការក្រុងភ្នំពេញនៅឆ្នាំ២០០៩ ឲ្យជាប់ពន្ធធានាគារ រយៈពេលមួយឆ្នាំ បន្ទាប់ពីលោកបានផ្សាយនូវអត្ថបទស្តីពីការចោទប្រកាន់ទៅនឹងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន។ រីឯព្រះតេជគុណ លួន សាវ៉ាត ព្រះជន្ម ៣៣ព្រះវស្សា ត្រូវសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដាក់ពិន័យមិនឲ្យគង់នៅក្នុងវត្តលង្កា ហើយសម្តេចព្រះសុមាធាធិបតី ក៏បានដាក់បម្រាមដល់ទីអារាមវត្តផ្សេងទៀត មិនឲ្យទទួលព្រះតេជគុណ លួន សាវ៉ាត គង់នៅ។
ជ័យលាភីកម្ពុជា ទាំងពីររូបឋិតនៅក្នុងចំណោមជ័យលាភីចំនួន ៤៨រូប របស់អង្កការឃ្លាំមើលសិទ្ធិមនុស្សសម្រាប់ឆ្នាំ២០១១។ ជ័យលាភីចំនួន៣៣រូបឋិតនៅក្នុងអាស៊ីភាគបូព៌ា ដែលក្នុងនោះ ១២រូប មកពីឥណ្ឌូនេស៊ី ១០រូបមកពីចិន ៨រូបមកពីវៀតណាម ២រូបមកពីថៃ និងជ័យលាភី ១រូបមកពីម៉ាឡេស៊ី។
លោក ហង្ស ចក្រា បានសម្តែងសេចក្តីរីករាយ ចំពោះការទទួលពានរង្វាន់នេះ ដោយលោកចាត់ទុកថា នេះគឺជាជ័យជម្នះក្នុងអាជីពរបស់លោក។
«រង្វាន់នេះ ជាការលើកទឹកចិត្តធំធេងបំផុតសម្រាប់ខ្ញុំ សម្រាប់ការរួមចំណែកក្នុងការតស៊ូបញ្ចេញមតិនៅលើទំព័រសារព័ត៌មានរបស់ខ្ញុំ។ គេបានសម្លឹងឃើញថា ការតស៊ូបញ្ចេញមតិរបស់ខ្ញុំនេះ គឺដើម្បីសមធម៌ និងសង្គមធម៌ នៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ បាទ! ហើយ ខ្ញុំគិតថានេះ ជាជោគជ័យមួយនៅក្នុងជីវិតរបស់ខ្ញុំ ក្នុងអាជីពសារព័ត៌មាន»។
ការប្រគល់ពានរង្វាន់ ការប្រគល់ពានរង្វាន់ ហេល្លមែន ហាមេ្មត្ត ត្រូវបង្កើតឡើងនៅឆ្នាំ១៩៨៩ បន្ទាប់ពីអ្នកនិពន្ធអាមេរិក ដ៏ល្បីល្បាញមួយរូប ដែលធ្លាប់ទទួលរងការធ្វើទុក្ខបុកម្នេញ គឺលោកស្រី លីល្លាន ហាមេ្មត្ត (Lillian Hammett) បានសម្រេចចិត្តចែកមរតក ដែលជាអចលនទ្រព្យរបស់លោកស្រីសម្រាប់ជាជំនួយហិរញ្ញវត្ថុ ទៅដល់អ្នកនិពន្ធនានានៅក្នុងពិភពលោកសម្រាប់ការបញ្ចេញទស្សនៈរបស់ពួកគេ ហើយពានរង្វាន់ ដែលរៀបចំដោយអង្កការឃ្លាំមើលសិទ្ធិមនុស្ស នេះ មានទឹកប្រាក់ចាប់ពីប្រាំរយដុល្លារអាមេរិក រហូតទៅដល់មួយម៉ឺនដុល្លារអាមេរិក។
លោក ហង្ស ចក្រា និពន្ធនាយកខ្មែរម្ចាស់ស្រុក មានប្រសាសន៍ថា សិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងស្ថិតនៅក្នុងការប្រឈមនៅឡើយ។ ព្រះតេជគុណ លួន សាវ៉ាត មិនអាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃនេះ ដោយសារព្រះតេជគុណ បាននិមន្តទៅក្រៅប្រទេស។ ក៏ប៉ុន្តែ ហ្វ៊ីល រ៉ប៊តសិន មានប្រសាសន៍ថា ព្រះតេជគុណ លួន សាវ៉ាត នឹងអវត្តមាននៅថ្ងៃទទួលពានរង្វាន់ នៅថ្ងៃស្អៃកនេះ៕