ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅជុំវិញសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងក្នុងទីក្រុងភ្នំពេញបានសម្ដែងការខកចិត្តចំពោះសាលក្រមផ្ដន្ទាទោសឌុច ដោយពួកគេលើកឡើងថា សាលក្រមនោះគ្មានន័យសម្រាប់ពួកគេឡើយ។
ដូចក្រុមជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមជាច្រើនផ្សេងទៀតដែរ ប្រជាពលរដ្ឋដែលរស់នៅជុំវិញអតីតគុកទួលស្លែង ដែលបច្ចុប្បន្នក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនោះ បានសម្ដែងការមិនពេញចិត្តចំពោះសាលក្រមសម្រេចផ្តន្ទាទោសឌុចឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។
លោក ញឹក សូផាត អាយុ៦១ឆ្នាំគឺជាប្រជាពលរដ្ឋម្នាក់ ដែលរស់នៅអែបនឹងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនោះ ហើយបានតាមដានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នូវការប្រកាសសាលក្រមផ្តន្ទាទោសឌុច កាលពីព្រឹកម៉ិញនេះ។
លោក ញឹក សូផាតមានប្រសាសន៍ថា ការសម្រេចរបស់សាលាក្ដីខ្មែរក្រហមក្នុងការផ្តន្ទាទោសឌុច ឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំនេះគឺមិនសាកសមទៅនឹងទំហំនៃឧក្រិដ្ឋកម្មដែលឌុចបានប្រព្រឹត្តទៅលើជនរងគ្រោះ នៅពេលដែលគាត់ធ្វើជាប្រធានមន្ទីរសន្តិសុខស២១ ឬគុកទួលស្លែងនោះទេ។
«ឧទាហរណ៍ ទៅប្លន់បាញ់កាប់សម្លាប់ ច្បាប់យើងសព្វថ្ងៃដាក់ទោសរហូតដល់១៥ឆ្នាំ។ នេះសម្លាប់តែម្នាក់ផង ហើយចុះដល់នេះ ដល់រ៉ាប់ម៉ឺននាក់ទៅហើយ ធ្វើដោយផ្ទាល់ផង ដោយប្រយោលផងដល់រ៉ាប់ម៉ឺននាក់ បើគិតជាគុកវិញ គាត់រកពន្លឺថ្ងៃមិនឃើញទេ។ ដល់សម្លាប់វាល់អស់ប៉ុណ្ណឹងហើយ ស្រាប់មកដល់៣៥ឆ្នាំ។ ខ្ញុំអត់មានពាក្យអីនិយាយទេ។ ដូចខ្មែរយើងថា អស់វាចារនឹងថ្លែង។ ឮអញ្ចឹង ខ្ញុំធ្លាក់ថ្លើមក្តុក»។
ក្នុងការអានសាលក្រមកាលពីព្រឹកម៉ិញដែលត្រូវបានផ្សាយបន្តផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍និងវិទ្យុក្នុងស្រុកមួយចំនួន លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានប្រកាសដាក់ទោសឌុចឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ចំពោះឧក្រិដ្ឋកម្មដែលបានបណ្ដាលឲ្យមនុស្សយ៉ាងតិចជាង ១២៣៨០នាក់ ដោយរួមទាំងកុមារផង បានស្លាប់យ៉ាងអាណោចអាធម្មនៅក្នុងគុកទួលស្លែង ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។
ប៉ុន្តែទោសនេះត្រូវកាត់បន្ថយចំនួន១៦ឆ្នាំ ដែលក្នុងនោះ ៥ឆ្នាំដោយសារតែការរំលោភលើសិទ្ធិរបស់ឌុច ក្នុងអំឡុងពេលឃុំខ្លួនគាត់ខុសនីតិវិធីដោយតុលាការយោធាកម្ពុជា និង១១ឆ្នាំទៀត ដោយសារការទូទាត់រយៈពេលឃុំខ្លួនគាត់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១០នេះ។ ដូច្នេះ សរុបមក ឌុច ឬកាំង ហ្កេកអ៊ាវ ដែលបច្ចុប្បន្នមានអាយុ៦៧ឆ្នាំ នឹងត្រូវជាប់ពន្ធនាគាររយៈពេលតែ១៩ឆ្នាំ ប៉ុណ្ណោះ។
លោក ញឹក សូផាត ដែលបានរំពឹងទុកមុនពេលការប្រកាសសាលក្រមថា ឌុចនឹងត្រូវជាប់ទោសយ៉ាងហោចណាស់ក៏៤០ឆ្នាំនោះ មានប្រសាសន៍ថា ការសម្រាលទោសដល់ឌុចនេះរឹតតែធ្វើឲ្យលោកបាក់ទឹកចិត្តថែមមួយកម្រិតទៀត ដោយលោកចាត់ទុកថា សាលក្រមរបស់តុលាការបែបនេះ គឺគ្មានន័យសម្រាប់លោកទេ។
«ច្បាប់កាត់ប៉ុណ្ណឹង ហើយមានការលើកលែង បន្ធូរបន្ថយទៀត បួនដប់ឆ្នាំទៅទៀត។ វាថយៗមកទៀត។ អញ្ចឹងវាគ្មានន័យទេ។ ដូចវាធូរស្រាលពេក។ អញ្ចឹងបានខ្ញុំថា វាដូចលេងសើចអញ្ចឹង។ វាពិបាកណាស់»។
អ្នកស្រី ហៃ ងីម វ័យ៧០ ជាប្រជាពលរដ្ឋម្នាក់ទៀត ដែលរស់នៅទល់នឹងរបងខាងក្រោយសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មានប្រសាសន៍ថា រយៈពេល១៩ឆ្នាំក្នុងគុកសម្រាប់ ឌុច ហាក់មិនទំនងទាល់តែសោះ ដោយអ្នកស្រីសំអាងហេតុផលថា ឌុចបានសម្លាប់មនុស្សអស់ជាច្រើន។
ប្រជាពលរដ្ឋដែលរស់នៅក្បែរអតីតគុកទួលស្លែងម្នាក់ទៀត គឺអ្នកស្រី ប៉ុល ណារិន អាយុ៣៥ឆ្នាំ ដែលបានតាមដានការប្រកាសសាលក្រមឌុចតាមទូរទស្សន៍ដែរនោះ មានប្រសាសន៍ទាំងទឹកភ្នែករលីងរលោងថា នៅពេលដែលឮការប្រកាសសាលក្រមផ្តន្ទាទោសឌុចនោះ អ្នកស្រីបានស្រក់ទឹកភ្នែក ដោយសាររយៈពេលនៃការផ្តន្ទាទោសឌុចឲ្យជាប់ពន្ធនាគារនោះ ខ្លីពេកសម្រាប់អ្នកស្រី។
«ការកាត់ទោសហ្នឹង បងយល់ថា តិចណាស់។ ចង់កាត់ឲ្យច្រើន ព្រោះអីវាឈឺចាប់អាណិតជនរងគ្រោះ»។
អ្នកស្រី ស៊ី សុផា វ័យ៦៧ឆ្នាំ ជាមន្ត្រីរាជការចូលនិវត្តម្នាក់ ដែលកូនតែពីរនាក់របស់អ្នកស្រីបានស្លាប់នៅក្នុងសម័យខ្មែរក្រហមដែរនោះ មានប្រសាសន៍ថា ឌុចពិតជាមនុស្សមានសំណាងមែន ដែលគាត់បានទទួលទោសតែ១៩ឆ្នាំនោះ។
អ្នកស្រី ស៊ី សុផា បានបន្ថែមថា វាហាក់ដូចជាឌុចបានកើតម្តងទៀតដូច្នោះដែរ ចំពោះកម្រិតទោសប៉ុណ្ណឹងនោះ៕