លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតី បានមកដល់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ស្វាមីរបស់លោកស្រី គឺលោកអតីតប្រធានាធិបតីអាមេរិក Bill Clinton ក៏បានអមដំណើរចូលរួមពិធីស្បថនេះផងដែរ។
លោកអតីតប្រធានាធិបតីអាមេរិក George W. Bush និងភរិយាគឺលោកស្រី Laura Bush បានមកដល់សេតវិមាន មុនពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកទី៤៥។ លោកអតីតប្រធានាធិបតី Bill Clinton និងលោក Jimmy Carter ក៏នឹងមកដល់សេតវិមាននៅពេលខាងមុខនេះ។
ស្របពេលជាមួយគ្នានេះ គេក៏ឃើញមានក្រុមបាតុករមួយចំនួនកំពុងបន្តធ្វើបាតុកម្ម នៅរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោកស្រី Michelle Obama ស្វាគមន៍លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ និងភរិយា គឺលោកស្រី Melania Trump នៅសេតវិមាន នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ជាថ្ងៃស្បថចូលកាន់តំណែងប្រធានាធិបតីទី៤៥ជាផ្លូវការរបស់លោក ត្រាំ។