ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​នឹង​ពិចារណា​​លើ​លទ្ធភាព​អៀង ធីរិទ្ធ​ក្នុង​ការ​ប្រឈម​ការកាត់​ទោស


ដីកា​ដដែល​លើក​ឡើង​ថា​ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា​ ស្ថានភាព​សុខភាព​របស់ ​អៀង ​ធីរិទ្ធ​ កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ ហើយ​អាច​នឹង​អូស​បន្លាយ​ការពន្យា​ពេល​នីតិ​វិធី​កំណត់។​
ដីកា​ដដែល​លើក​ឡើង​ថា​ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា​ ស្ថានភាព​សុខភាព​របស់ ​អៀង ​ធីរិទ្ធ​ កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ ហើយ​អាច​នឹង​អូស​បន្លាយ​ការពន្យា​ពេល​នីតិ​វិធី​កំណត់។​

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ គ្រោង​នឹង​ស្វែងរក​យោបល់​រួម​មួយ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ត្រូវ​បញ្ចប់​នីតិ​វិធី​ច្បាប់​លើ​ជន​ជាប់​ចោទ​ អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​សម័យ​ខ្មែរ​ក្រហម​ ឬ​យ៉ាង​ណា ​ដោយសារ​តែ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ របស់​ជន​ជាប់​ចោទ​រូប​នេះ។​ នេះ​បើ​យោងតាម​ដីកា​របស់​លោក​ចៅក្រម​ និល ​ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​កាល​ពី​ថ្ងៃ​ច័ន្ទ​ស្ដីពី​ការកំណត់​កាល​បរិច្ឆេទ​ការបើក​សវនាការ​ជា​សាធារណៈ​ស្ដីពី​បញ្ហា​សុខភាព​របស់​ជន​ជាប់​ចោទ​អាយុ ​៧៩​ ឆ្នាំ​រូប​នេះ។ សវនាការ​នេះ​ ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ ​និង​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ។

ដីកា​ដដែល​លើក​ឡើង​ថា​ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា​ ស្ថានភាព​សុខភាព​របស់ ​អៀង ​ធីរិទ្ធ​ កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ ហើយ​អាច​នឹង​អូស​បន្លាយ​ការពន្យា​ពេល​នីតិ​វិធី​កំណត់។

លោក​ចៅក្រម ​និល ​ណុន ​បាន​បង្ហាញថា ​សវនាការ​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ នឹង​ស្វែង​រក​ការពិភាក្សា​ពី​ភាគី​នានា​ថា ​តើ​ករណី ​អៀង ​ធីរិទ្ធ​ អាច​អនុវត្ត​តាម​វិធាន​ទី ​៨៩​ស្ទួន​នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ឬ​យ៉ាងណា។ ​វិធាន​នេះ​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​លុប​ចោល​នីតិ​វិធី​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​បាន​ក្នុង​ករណី​ដែល​ជន​ជាប់​ចោទ​ត្រូវ​រក​ឃើញ​ថា​ មិន​មាន​លទ្ធភាព​ចូល​រួម​សវនា​ការ​បាន។

លោក​ នេត្រ ​ភក្ដ្រា ​អ្នកនាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម ​ពន្យល់​ថា​ ប្រសិន​បើ​មាន​ការសម្រេច​លុប​ចោល​នីតិ​វិធី​ប្រឆាំង​នឹង​ អៀង​ ធីរិទ្ធ ​នោះ​មិន​មែន​មាន​ន័យ​ថា​ តុលាការ​ត្រូវ​រំលត់​បណ្ដឹង​អាជ្ញា​នោះ​ទេ។

«ការ​បញ្ចប់​ដំណើរការ​នីតិ​វិធី​នេះ​គឺ​មាន​ន័យ​ថា​ នឹង​មិន​យក​ជន​ជាប់​ចោទ​មក​ធ្វើ​ការ​ជំនុំ​ជម្រះ​ទេ​ ក៏ប៉ុន្ដែ​ស្ថានភាព​របស់​គាត់​ស្ថិត​នៅ​ជា​ជន​ជាប់​ចោទ​ដដែល»។

ទោះ​ជា​យ៉ាងណា​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នឹង​ត្រូវ​ស្ដាប់​ភាគី​នា​នា​លើក​ពី​ហេតុ​ផល​និង​ពិចារណា​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​របស់​ជន​ជាប់​ចោទ​មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​របស់​ខ្លួន។ ​ក្រុម​ជំនាញ​ផ្នែក​ច្បាប់​បាន​ប្រមើល​ទុក​ថា ​អៀង​ ធីរិទ្ធ​ អាច​នឹង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​ ក៏​ប៉ុន្ដែ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​គាត់​ពិត​ជា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មែន​នោះ។

នៅ​ក្នុង​ដីកា​របស់​ប្រធាន​អង្គជំនុំ​ជម្រះ​បង្ហាញ​ថា ​លោក​សាស្រ្តាចារ្យ​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចាស់ ​ចន​ ខាំបែល ​(John Campbel) ​បាន​រក​ឃើញ​ថា​ អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ខ្មែរ​ក្រហម​ មាន​ការចុះ​អន់​ថយ​ផ្នែក​ការ​ចង​ចាំ​ ដែល​រារាំង​លទ្ធភាព​របស់​គាត់​ចូល​រួម​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការកាត់​ក្ដី​រូប​គាត់​ ក៏​ដូច​ជា​រារាំង​ការ​អនុវត្ត​នូវ​សិទ្ធិ​ទទួល​ បាន​ការ​កាត់​ទោស​ត្រឹម​ត្រូវ​ផង​ដែរ។

លោក​ ចន ​ខាំបែល ​ធ្លាប់​បាន​លើក​ឡើង​ក្នុង​សវនាការ​ស្ដីពី​បញ្ហា​សុខភាព​ជន​ជាប់​ចោទ​កាល​ពី​ខែ​សីហា ​ថា​ អៀង ​ធីរិទ្ធ​ មាន​បញ្ហា​ច្របូក​ច្របល់​ក្នុង​ខួរ​ក្បាល​ បាត់​ការចងចាំ​ ព្រមទាំង​ពិបាក​ក្នុង​ការ​ចោទ​ជា​សំណួរ​លើ​រូបគាត់​នៅ​ក្នុង​សវនាការ​ ហើយ​គាត់​ថែម​ទាំង​មិន​អាច​ចូល​រួម​សវនាការ​តាម​រយៈ​វីដេអូ​ភ្ជាប់​ចូល​ទៅ​កាន់​បន្ទប់​គាត់​បានទៀត​ផង។

ក្រោយ​ពី​សវនាការ​នោះ​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ផ្ដល់​លទ្ធភាព​ ដល់​វេជ្ជបណ្ឌិត​ជំនាញ​ចំនួន​បួន​រូប​គឺ​កម្ពុជា​ពីរ​រូប ​មាន​លោក​វេជ្ជបណ្ឌិត ​ហួត ​លីណា ​(Huot Lina) ​និង​លោក​វេជ្ជបណ្ឌិត​ កើត​ ឈុនលី ​(Koeut Chhunly), ​និង​វេជ្ជបណ្ឌិត​បរទេស​ពីរ​រូប​ទៀត​មាន​លោក ​ស៊ីណា ​ហ្វាហ្ស៊ែល​ (Seena Fazel) ​និង​លោក​ កាល់វិន​ ហ្វូន ​ស៊ូន ​ឡេង​ (Calvin Fones Soon Leng) ​ ដើម្បី​ធ្វើ​កោសល្យ​វិច័យ​លើ​សុខភាព​របស់​ អៀង ​ធីរិទ្ធ​ បន្ថែម​ទៀត។

ក្រុម​វេជ្ជបណ្ឌិត​ទាំង​បួន​នាក់​ បាន​បញ្ចប់​ការងារ​កាល​ពី​ចុង​ខែ​កញ្ញា​ ប៉ុន្ដែ​របាយការណ៍​វេជ្ជសាស្ដ្រ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។

យ៉ាងណា​ក៏​ដោយ​ យោង​តាម​ប្រភព​ស្និទ្ធ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា​ ក្រុម​គ្រូពេទ្យ​មាន​ការ​វាយ​តម្លៃ​ដូច​ការ​រក​ឃើញ​របស់​លោក​សាស្ដ្រាចារ្យ ​ចន ​ខាំបែល​ ដែរ។ ​ហើយ​ជន​ជាប់​ចោទ​ អៀង​ ធីរិទ្ធ ​ប្រឈម​នឹង​ការ​ដាក់​ឲ្យ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង។

អៀង ​ធីរិទ្ធ​ រួម​ជាមួយ​នឹង​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​០០២ ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍ ដែល​នាំ​ឲ្យ​ស្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩។

នៅ​ក្នុង​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ អង្គជំនុំ​ជម្រះ​សាលាដំបូង​គ្រោង​នឹង​ពិភាក្សា​លើ​ការ​ទាមទារ​សំណង​របស់​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្ប​វេណី​ផង​ដែរ៕

XS
SM
MD
LG