សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ក្រោមការគាំទ្រ ពីអង្គការសហប្រជាជាតិនៅថ្ងៃពុធ នេះ បានសម្រេចតែងតាំងមន្រ្តីថ្មីចំនួនពីររូបផ្សេងទៀត នៅក្នុងផ្នែកកិច្ចការសាធារណៈ បន្ទាប់ពីលោករាជ សម្បត្តិ អតីតប្រធានផ្នែកកិច្ចការសាធារណៈបានទទួលមរណភាពដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កាលពីដើមខែឧសភា កន្លងទៅនេះ។
សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា ការផ្លាស់ប្តូរតួនាទីនៅក្នុងផ្នែកកិច្ចការសាធារណៈនេះ គឺលោកឌឹម សុវណ្ណារុំ ដែលបានបម្រើជាអ្នកនាំពាក្យនៅក្នុងសាលាក្តីខ្មែរក្រហមត្រូវបានតែងតាំងជាមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈ។
លោកហ៊ុយ វណ្ណៈ និពន្ឋនាយកនៃបណ្តាញទូរទស្សន៍ CTN ត្រូវបានតែងតាំងនៅក្នុងមុខ តំណែងថ្មីជាមន្រ្តីផ្នែកកិច្ចការសាធារណៈ។ ចំណែកឯលោកនេត្រ ភក្រ្តា នាយកគ្រប់គ្រងការីនិពន្ឋនៃ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ផ្នែកភាសាខ្មែរ ត្រូវបានតែងតាំងជាមន្រ្តីអ្នកនាំពាក្យនៅក្នុងសាលាក្តីខ្មែរក្រហម។
លោកឌឹម សុវណ្ណារុំ មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈនៅក្នុងសាលាក្តីខ្មែរក្រហម បាន មានប្រសាសន៍ថា ការតែងតាំងមន្រ្តីថ្មីចំនួនពីររូបបន្ថែមទៀតនេះ គឺបានជ្រើសចេញយ៉ាងសម្រិតសម្រាំងបំផុតពីបេក្ខភាពជាច្រើនរូបផ្សេងទៀត។ លោកបានមានប្រសាសន៍ទៀតថា ផ្នែកកិច្ចការសាធារណៈ និងពង្រឹងការងាររបស់ខ្លួនឲ្យកាន់តែមានលក្ខណៈល្អប្រសើរបន្ថែមទៀត។ លោកបានប្រាប់វីអូអេខ្មែរថា៖
«យើងគិតថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អញ្ចឹងតុលាការពិសេសយើងឃើញ ហើយថា ការតែងតាំងជាមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈហើយឬក៏អាចនិយាយថា អ្នកទទួល ខុសត្រូវផ្នែកកិច្ចការសាធារណៈ។ អញ្ចឹងខ្ញុំគិតថា មិនជាអ្វីដែលត្រូវកង្វល់ទេ។ សំខាន់ធ្វើយ៉ាងម៉េចឲ្យ ការងារដំណើរការទៅវាបានជោគជ័យ»។
សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមមិនបានបញ្ជាក់អំពីការតែងតាំងមន្រ្តីណាមួយជាប្រធានផ្នែកកិច្ចការសាធារណៈជំនួសលោករាជ សម្បត្តិ ទេ។ គ្រាន់តែបានបញ្ជាក់ថា លោកឌឹម សុវណ្ណារុំ ជាមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈតែប៉ុណ្ណោះ។ ការតែងតាំងមន្រ្តីថ្មីបន្ថែមពីររូបផ្សេងទៀតបានធ្វើឲ្យផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម មានមន្រ្ទីសរុបចំនួន៨រូប គឺខាងភាគីជាតិចំនួន០៦រូប និងខាងភាគីអន្តរជាតិចំនួនពីររូប។
លោកហ៊ុយ វណ្ណៈ មានសញ្ញាប័ត្រជាអនុបណ្ឌិត ផ្នែកទំនាក់ទំនងមកពីសាកលវិទ្យាល័យ Rutgers នៃរដ្ឋញូចឺស៊ី (New Jersey) សហរដ្ឋអាមេរិក និងជាអ្នកនិពន្ឋសៀវភៅនៅមជ្ឈមណ្ឌលឯកសារ កម្ពុជា។ បច្ចុប្បន្នលោកជានិពន្ឋនាយកឲ្យទូរទស្សន៍CTN។
លោកបានមានប្រសាសន៍ថា លោកមានការរីករាយ ដែលបានទៅកាន់តួនាទីថ្មីនៅក្នុងសាលា ក្តីខ្មែរក្រហម។ លោកហ៊ុយ វណ្ណៈ បានមានប្រសាសន៍ទៀតថា វាជាការតភ្ជាប់មួយ ដែលលោកធ្លាប់បានបម្រើជនរងគ្រោះក្នុងការស្វែងរកយុត្តិធម៌នៅក្នុងសាលាក្តីខ្មែរក្រហម។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកហ៊ុយ វណ្ណៈ នៅតែបន្តតួនាទីជាទីប្រឹក្សានៅក្នុងបណ្តាញទូរទស្សន៍CTN ដដែល។ លោកថ្លែងដូច្នេះថា៖
«ទាក់ទងរឿងខ្មែរក្រហម ខ្ញុំចាប់ផ្តើមធ្វើតាំងពីឆ្នាំ១៩៩៩មក ក្នុងនាមជាអ្នកស្រាជ្រាវ ជាអ្នក និពន្ឋសៀវភៅពីរក្បាលលើប្រវត្តសាស្រ្តខ្មែរក្រហម។ ខ្ញុំខ្លួនឯងក៏ជាអ្នកកាសែត វិទ្យុ ដែលបានធ្វើកិច្ចការច្រើនលើរឿងខ្មែរក្រហមរហូតមកដល់ខ្ញុំកាន់ទូរទស្សន៍ ក៏យើងអាចធ្វើកិច្ចការច្រើនលើខ្មែរក្រហម ហើយបានតាមដានដំណើរការតុលាការខ្មែរក្រហមជាប្រចាំ»។
លោកនេត្រ ភក្រ្តា ដែលមានបទពិសោធន៍ខាងផ្នែកសារព័ត៌មានចំនួន៩ឆ្នាំ និងមានបរិញ្ញាប័ត្រផ្នែកសារព័ត៌មាននេះបានបញ្ជាក់ថា មុខតំណែងជាអ្នកនាំពាក្យនៅក្នុងសាលាក្តីខ្មែរក្រហម បានជំរុញឲ្យលោកខិតខំស្រាវជ្រាវដើម្បីបំពេញសមត្ថភាពបន្ថែមទៀត។
លោកបានមានប្រសាសន៍ទៀតថា លោកបានដាក់ពាក្យលាឈប់ពីនាយកគ្រប់គ្រងការីនិពន្ឋសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារមិ្សលមិញនេះ។ លោកនឹងចូលកាន់ការងារថ្មីនៅថ្ងៃទី ១៧ ខែមិថុនា ខាងមុខនេះ។ លោកនេត្រាបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំគិតថា ដោយសារតែខ្ញុំធ្វើការនៅក្នុងវិស័យសារព័ត៌មាននេះជិត១០ឆ្នាំមកហើយៗខ្ញុំមានទំនាក់ទំនងជាមួយ និងអ្នកកាសែតដទៃទៀតបានល្អ។ ខ្ញុំគិតថា ដំណើការការងាររបស់ខ្ញុំថ្មីនៅ សាលាក្តីខ្មែរក្រហម និងមិនមានជាឧបសគ្គអ្វីនោះទេ។ ហើយបើទោះបីជាមានឧបសគ្គ ឬមួយក៏អ្វី យើងអាចដោះស្រាយបាន» ។
លោកកៃ គឹមសុង និពន្ឋនាយកកាសែតភ្នំពេញប៉ុស្តិ៍ផ្នែកខេមរភាសា បានមានប្រសាសន៍ថា លោកបានទទួលលិខិតលាឈប់ពីមុខតំណែងពីលោកនេត្រ ភក្រ្តា រួចហើយ។ កាសែតភ្នំពេញ ប៉ុស្តិ៍ នឹងធ្វើសេចក្តីប្រកាសព័ត៌មាននៅសប្តាហ៍ក្រោយនេះ ដើម្បីជ្រើសរើសបេក្ខភាពជំនួសលោក នេត្រ ភក្ត្រា៕