ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ចម្រូង​ចម្រាស​រវាង​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​លើ​​សំណុំរឿង​០០៣​​នាំឲ្យ​មាន​ប្រតិកម្ម​ចំរុះ​


ក្រុម​អ្នកឃ្លាំ​មើល​អះអាង​ថា​ការ​ប្រកាស​របស់​​សហ​ព្រះ​រាជអាជ្ញា​​អន្តរជាតិ Andrew Cayley អំពី​ភាព​លម្អិត​មួយ​ចំនួន​​ទាក់​ទង​​នឹង​សំណុំ​រឿង​០០៣ ​មិន​រំលោភ​ច្បាប់​ទេ។
ក្រុម​អ្នកឃ្លាំ​មើល​អះអាង​ថា​ការ​ប្រកាស​របស់​​សហ​ព្រះ​រាជអាជ្ញា​​អន្តរជាតិ Andrew Cayley អំពី​ភាព​លម្អិត​មួយ​ចំនួន​​ទាក់​ទង​​នឹង​សំណុំ​រឿង​០០៣ ​មិន​រំលោភ​ច្បាប់​ទេ។

ក្រុម​អ្នកឃ្លាំ​មើល​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​អះអាង​ថា​ជាការ​មិន​រំលោភ​ច្បាប់ទេ​ចំពោះ​ការ​ប្រកាស​របស់​ព្រះ​រាជអាជ្ញា​អំពី​ភាព​លម្អិត​មួយ​ចំនួន​ទាក់​ទង​ នឹង​សំណុំ​រឿង​០០៣​ដ៏​ចម្រូង​ចម្រាស​នោះ​ ទោះបី​ជា​មាន​ប្រតិកម្ម​ខ្លាំង​ពីសហ​ចៅក្រម​ស៊ើប​អង្កេត​ក្តី។

បើទោះបី​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​បង្គាប់​ជា​កំហិត​ឲ្យ​សហ​ព្រះរាជអាជ្ញា​បរទេស​ Andrew ​Cayley​ លុបចោល​ភាគខ្លះ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ដែល​ និយាយ​ពី​ការ​ខកខាន​អំពី​រឿង​មិនបាន​ស៊ើប​អង្កេត​គ្រប់គ្រាន់​លើ​សំណុំ​រឿង​ ០០៣​ ដ៏​ចម្រូង​ចម្រាស​ផ្នែក​នយោបាយ​នោះក្តី​ តែ​ក្រុម​អ្នកឃ្លាំមើល​ និង​ អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​ របស់​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដោយ​និយាយ​ថា​សេចក្តី​ថ្លែង​ការណ៍​នោះ​គឺ ផ្តល់​ព័ត៌មាន​ដល់​ជន​រងគ្រោះ​និង​សាធារណជន​តែ​ប៉ុណ្ណោះ។

សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​គឺ​លោក​ Siegfried ​Blunk​ និង​ លោក​ យូ ប៊ុនឡេង​បាន​ចាត់​ទុក​ថា​សហ​ព្រះរាជ​អាជ្ញា​បញ្ចេញ​ព័ត៌មាន​ខុស​និង​ច្បាប់​ហើយ​រំលោភ​លើ​ច្បាប់​ស្តីពី​ភាព​សម្ងាត់​របស់​តុលាការ​ ដោយ​ទុករយៈ​ពេលបី​ថ្ងៃ​ដើម្បី​ដកយក​ផ្នែកខ្លះ​ចេញ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន។

កញ្ញា​ សេង ធារី​ ប្រធាន​សមាគមន​ជន​រងគ្រោះ​មួយ​នឹង​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​រិះគន់​ការបង្គាប់​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​ដោយចាត់​ ទុកថា ជារឿង​មិន​សមរម្យ​ហើយ​ជារឿង​អស់​សំណើច​ដែល​កញ្ញា​អធិប្បាយ​ថា​ជា​ការអស់​ជំនឿ​លើ​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ។ ​កញ្ញា​ សេង ធារី​បាន​ការពារ សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ Andrew ​Cayley ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ ដោយ​និយាយ​ថា​ជាការផ្តល់​ព័ត៌មាន​ជូន​សារធារណជន​ឲ្យបាន​ដឹង​មិន​មែន​រំលោភ​ច្បាប់​ទេ។

«អ្នក​រំលោភ​សិទ្ធិ​ អ្នក​រំលោភ​តួនាទី​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​ក្នុងការ​អត់​បាន​ផ្តល់​ព័ត៌មាន​មក​សាធារណជន​ ពិសេស​ជន​រងគ្រោះ។​ បើ​អញ្ចឹង​មិន​មែន សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ទេ​ដែលបាន​រំលោភ​តួនាទី​ឬ​សិទ្ធិ​របស់​ខ្លួន​និង សាធារណជន​ប៉ុន្តែ​គឺ​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​វិញ​ សហ​ចៅក្រម​ស៊ើប អង្កេត​អន្តរជាតិ​ និង​សហចៅ​ក្រម​អន្តរជាតិ​ នៅក្នុង​ការលះបង់​តួនាទី ​ការ​ទទួល ខុសត្រូវ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជា​សាធារណៈ»។

កញ្ញា​ សេង ធារី​ថ្លែង​យ៉ាងដូច្នះ​ដោយ​យោង​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​ខក ខាន​រយៈ​ពេល​ជាង​១ឆ្នាំ​កន្លះ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ជន​រងគ្រោះ​និង​ជន​រងគ្រោះ ដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​រៀបចំ​ដាក់ពាក្យ​ប្តឹង​ករណី​០០៣​ ហើយ​ការ​ស៊ើប អង្កេត​ក៏មាន​ភាព​ស្ងប់ស្ងាត់​តាមអ្វី​ដែល​គេហៅ​ថា​ភាព​សម្ងាត់​របស់​តុលាការ។

សហ​ព្រះរាជ​អាជ្ញា​បរទេស​លោក​ Andrew​ Cayley​ បាន​អះអាង​ថា​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៩ឧសភា​ថា​សហ​ចៅក្រម​ស៊ើបអង្កេត​ពុំ​បាន​ស៊ើបអង្កេត​គ្រប់គ្រាន់​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ចំពោះ​ករណី​០០៣​ដែល​មាន​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​ទៀត​ដែល​សហ​ព្រះរាជ​អាជ្ញា​ព្យាយាម​នាំខ្លួន​មក​ជំនុំ​ជម្រះ​ទោស។​ ការ​ថ្លែង​ពី​កង្វះ​នៃ​ការ​ស៊ើបអង្កេត​នេះ​គឺ​យោង​ទៅ​លើ​ទីតាំង​ឧក្រិដ្ឋកម្ម​ បទក្រិដ្ឋ​ជាច្រើន​និង​ជនជាប់​សង្ស័យ​មិនត្រូវ​បានធ្វើ​និង កោះ​ហៅមក​សាកសួរ​ទេ​ ទោះជា​ស្ថិតនៅ​ក្នុង​យុត្តាធិការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ក្តី។

លោក​ឡាត់ គី​អ្នកសម្រម​សម្រួល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក​ បាន​អះអាង​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ Andrew ​Cayley ​ជា​ការ​ផ្តល់​ព័ត៌មាន​ជូន​ជន​រងគ្រោះ​ តែ​លោក​អះអាង​ថា​ការខ្វែង​គំនិត​គ្នា​រវាង​អ្នកច្បាប់​ទាំងពីរ​ភាគី​មិនមែន​ជារឿង​សំខាន់​សម្រាប់​ជន​រងគ្រោះ​ទេ។

«អញ្ចឹង​ទាក់ទង​នឹង​ទំនាស់​ផ្នែក​ច្បាប់​នេះ​សម្រាប់​យើងខ្ញុំ​ជា​សង្គម​ស៊ីវិល​ យើង​ខ្ញុំ​យល់​ឃើញ​ថា​ពុំមាន​លក្ខណៈ​អ្វីគួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​យើង​យល់ឃើញ​ថា​តើ​ប្រយោជន៍​យុត្តិធម៌​មួយណា​ដែល​ភាគី​ទាំងពីរ នឹង​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ជា​ប្រវត្តិ​សាស្ត្រ​កម្ពុជា?​ នេះ​ទើប​ជា​ការណ៍​សំខាន់»។

ក្រុម​អ្នកវិភាគ​រឿង​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​បញ្ហា​មាន​ជម្រើស​ពីរ​ដែល សហ​ព្រះរាជ​អាជ្ញា​បរទេស​ត្រូវធ្វើ​គឺថា​ជ្រើស​រើស​យក​ការប្តឹង​ឧទ្ធរណ៍​ជំទាស់់​នឹង ការ​បង្គាប់​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ ឬ ​ឲ្យ​ក្រឡា​បញ្ជី​ដកចេញ​ពី​ឯកសារ ដម្កល់​ហើយ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លុបចោល​ភាគខ្លះ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​តាម​ការបង្គាប់​នោះ។​ ទោះជា​យ៉ាងណា​ក៏ដោយ​គ្មាន​ការប្រកាស​ឲ្យ​ដឹង ពី​ទោសទណ្ឌ​អ្វី​ដែល​សហ​ព្រះរាជ​អាជ្ញា​បរទេស​ Cayley ​ត្រូវ​ទទួល​នោះ​ទេ ប្រសិន​បើមិន​ធ្វើតាម​ការ​បង្គាប់​បញ្ជា​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​នោះ។

ក្រុម​អ្នកសង្កេត​ការណ៍​ខ្លះ​បាន​ថ្លែង​ថា ​សហ​ព្រះរាជ​អាជ្ញា​គួរ​ត្រូវ​ធ្វើការ​តវ៉ា​រឿង​នេះ​ក្នុង​ពេល​ប្តឹង​ជំទាស់​ក្នុង​អង្គបុរេ​ មិនគួរ​ធ្វើ​ជា​សាធារណៈ​ ដែល​ប៉ះពាល់​ដល់​វិធាន​ផ្ទៃក្នុង​នោះ​ទេ។​ ក៏ប៉ុន្តែ​បាន​បន្ថែម​ថា​ការ​ប្រកាស​របស់​សហ​ព្រះរាជ​អាជ្ញា​អាច​ត្រូវ​គេគិត​ថា​ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​រឿង​ច្រើន​ ហើយ​ដាក់​សម្ភាធ​លើ​សហ​ចៅក្រម​ស៊ើបអង្កេត​ទទួល​យក​តាមអ្វី​ដែល​សហ​ព្រះរាជ​អាជ្ញា​ចង់បាន​ដែរ។

សហ​ចៅក្រម​ស៊ើបអង្កេត​បាន​បញ្ចប់​ការ​ស៊ើបសួរ​របស់ខ្លួន​ចំពោះ​សំណុំ​រឿង​០០៣ ​ដែលមាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរនាក់​ តែ​ជនរងគ្រោះ​បាន​និយាយ​ថា​ ពួកគេ​បាន​ទទួល​ការ​ជូន​ដំណឹង​នៅ​នាទី​ដ៏​តក់​ក្រហល់​ចុង​ក្រោយ​ហើយមិនបាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ដូច​សំណុំ​រឿង​០០១​និង​០០២​ទេ​ដើម្បី​រៀបចំ​នីតិវិធី​នានា​ក្នុងការប្តឹង​ជា​ជន​រងគ្រោះ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី។

សំណុំ​រឿង​បន្ថែម​លេខ​០០៣​ និង​ ០០៤​មាន​អតីត​កម្មា​ភិបាល​ជាន់ខ្ពស់​ខ្មែរ​ក្រហម​៥នាក់​ទៀត​ដែល​គេគិត​ថា​ជាជន​សង្ស័យ​ត្រូវនាំ​យក​មក​ជំនុំ​ជម្រះ​ទោស។ ទោះបី​ជា​សហ​ព្រះរាជ​អាជ្ញា​បរទេស​ចាត់ទុក​ថា​ជន​សង្ស័យ​បន្ថែម​ស្ថិតក្នុង​យុត្តាធិការ​សាលាក្តី​មែន​ តែ​សហ​ព្រះរាជ​អាជ្ញា​ជាតិ​ លោក​ស្រី​ ជា លាង​ដែល​មាន ជំហ​ស្រប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ បាន​ចាត់ទុក​ថា​សំណុំ​រឿង​បន្ថែម​នេះ មិនស្ថិត​ក្នុង​យុត្តាធិការ​សាលាក្តី​ដែលត្រូវ​នាំខ្លួន​យកមក​ជំនុំជម្រះ​ទោស​ទេ។

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ជាច្រើនលើក​ហើយ​ថា​មិនគាំទ្រ​ឲ្យ​មាន​ការ​នាំខ្លួន​ជនសង្ស័យ​បន្ថែម​មកកាត់​ទោស​ទេ​ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​និង ស្ថិរភាព។​ ក៏ប៉ុន្តែ​ជំហរនេះ​ផ្ទុយពី​ភាគី​បរទេស​ដែលចង់​ឃើញ​ជន៥​នាក់​បន្ថែម​ទៀត​ត្រូវ​នាំ​យក​មកកាត់​ទោស​ដើម្បី​រកយុត្តិធម៌​ជូន​ជនរង​គ្រោះ​និង​បំបាត់​វប្បធម៌​គ្មាន​ទោស​ពៃរ៍។ សាលាក្តី​ខ្មែរក្រហម​គ្រោងនឹង​បើក​សវនាការ​បឋម​ដើម្បី ជំនុំជម្រះ​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​៤នាក់​នៅថ្ងៃ​ទី២៧ខែ​ មិថុនា ឆ្នាំ​២០១១​ ពី​បទ​ឧក្រិដ្ឋកម្ម​នានា​ដែល​ពាក់ព័ន្ធ​នឹងការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ស្លូតត្រង់​ប្រមាណ​១លាន​ ៧សែន​នាក់​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩៕

XS
SM
MD
LG