ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះរាជ​អាជ្ញា​អន្ដរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​សារទុក្ខ


ការ​ទម្លាយ​ព័ត៌មាន​ស្ដីពី​ការ​ស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញ​​ពី​សហព្រះរាជ​អាជ្ញា​អន្ដរជាតិ​លោក​ អាន់ឌ្រូ ខេយលី (Andrew​ Cayley) ដែល​លោក​ចាត់ទុក​ថា ​ការ​ផ្ដល់​ព័ត៌មាន​អំពី​សំណុំ​រឿង​០០៤​ដល់​ជន​រងគ្រោះ​នឹង​ផ្ដល់​​ផល​ប្រយោជន
ការ​ទម្លាយ​ព័ត៌មាន​ស្ដីពី​ការ​ស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញ​​ពី​សហព្រះរាជ​អាជ្ញា​អន្ដរជាតិ​លោក​ អាន់ឌ្រូ ខេយលី (Andrew​ Cayley) ដែល​លោក​ចាត់ទុក​ថា ​ការ​ផ្ដល់​ព័ត៌មាន​អំពី​សំណុំ​រឿង​០០៤​ដល់​ជន​រងគ្រោះ​នឹង​ផ្ដល់​​ផល​ប្រយោជន

សហព្រះរាជ​អាជ្ញា​អន្ដរជាតិ​បាន​ដាក់​ពាក្យ​បណ្ដឹង​សារទុក្ខ​កាល​ពី​ខែ​កក្កដា​ប្រឆាំង​នឹង​ការ​បដិសេធ​សំណើ​សុំ​ឲ្យ​ស៊ើបអង្កេត​បន្ថែម​ពី​ក្រុម​សហចៅ​ក្រម​ស៊ើបអង្កេត។ ការ​ស្នើ​សុំ​ឲ្យ​ទាត់​ចោល​ការ​សម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ដោយ​សំអាង​ថា​ សហចៅក្រម​ស៊ើបអង្កេត​មាន​ការ​ច្រឡំ​ក្នុង​ការ​បកស្រាយ​ច្បាប់។

សហ​ចៅក្រម​ស៊ើបអង្កេត​លោក យូ​ ប៊ុនឡេង​ និង​លោក​ ស៊ិកហ្វ្រិត ​ប៊្លុង ​របស់​សាលាក្ដី​ខ្មែរ​ក្រហមបាន​ចេញ​ផ្សាយជា​សាធារណៈ​នូវ​ព័ត៌មាន​ស្ដីពី​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៤ ​នៅថ្ងៃ​ច័ន្ទ​នេះ​ដោយ​បង្ហាញ​ទី​តាំង​ស៊ើបអង្កេត​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ ​រួមទាំង​មន្ទីរ​សន្ដិសុខ​ និង​ទីតាំងសម្លាប់​មនុស្ស​ទៀត​ផង។

ការ​ទម្លាយ​ព័ត៌មាន​ស្ដីពី​ការ​ស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញពី​សហព្រះរាជ​អាជ្ញា​អន្ដរជាតិ​លោក​ អាន់ឌ្រូ ខេយលី (Andrew​ Cayley) ដែល​លោក​ចាត់ទុក​ថា ​ការ​ផ្ដល់​ព័ត៌មាន​អំពី​សំណុំ​រឿង​០០៤​ដល់​ជន​រងគ្រោះ​នឹង​ផ្ដល់ផល​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ពួកគេ​ដែល​ចង់ចូល​រួម​ក្នុង​ដំណើរការ​ក្ដី​ចុងក្រោយ​នេះ។

មាន​ការ​រិះគន់​ជាខ្លាំង​ចំពោះ​ក្រុម​សហ​ចៅក្រម​ស៊ើបអង្កេត​ដោយសារ​តែ​ការ​រក្សា​ព័ត៌មាន​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​និង​០០៤​ទុកជាការណ៍​សម្ងាត់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន សហ​ចៅក្រម​ស៊ើបអង្កេត​ លោក យូ ​ប៊ុនឡេង​ និងលោកស៊ិតហ្វ្រិក ប៊្លុង ​ហាក់​ដូចជា​ចង់​សម្អាត​សេចក្ដី​អត្ថាធិប្បាយ​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ដោយ​លើកឡើងថា ​ការ​ចេញ​ផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាច្រើននាពេល​កន្លង​មក​ទាក់ទង​នឹង​សំណុំរឿង០០៤ គឺជាព័ត៌មាន​ «ដែល​មាន​លក្ខណៈ​ប៉ាន់ស្មាន»​ និង​ប្រកប​ដោយ«ការ​ភាន់​ច្រឡំ»។

សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​រូប​បាន​រៀបរាប់​ចំណុច​គោលៗ​ដោយ​ពុំ​មាន​សេចក្ដី​អធិប្បាយ​ឡើយ​អំពី​ទីតាំង​ដែល​មាន​ការ​ស៊ើបអង្កេតដូចជា​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ចាម​រួមមានមន្ទីរ​សន្ដិសុខ​ក្នុង​ស្រុក​ចំនួនប្រាំ ​ដែល​ក្នុងនោះ​ក៏មាន​ការ​បង្ហាញ​អំពី​ទីកន្លែង​សម្លាប់​មនុស្ស ​និង​ការដ្ឋានធ្វើការ​ដោយ​បង្ខំ​ក្នុង​ស្រុក​ទាំងប្រាំ និងអំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម។ មាន​មន្ទីរ​សន្ដិសុខ​ និង​ទីកន្លែង​សម្លាប់​ចំនួន​បួន​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ធំ។​ ក្នុង​ខេត្តពោធិ៍សាត់ ក្រុម​ចៅក្រម​បង្ហាញ​ការស៊ើប​អង្កេត​លើ​គុក​លេខ​៨​ក្នុង​ឃុំ​ស្យា ​ស្រុកកណ្ដៀង ​និង​ទីតាំង​សម្លាប់​មនុស្សក្នុង​ស្រុក​កណ្ដៀង​ដូចគ្នា​នេះ។ មាន​ទីតាំង​សម្លាប់​មនុស្ស ​និង​មន្ទីរ​សន្ដិសុខ​ចំនួន​ប្រាំពីរ​ក្នុង​ខេត្ត​បាត់ដំបង។

ដោយឡែក​សហចៅ​ក្រមស៊ើប​អង្កេត​បាន​បង្ហាញការ​ស៊ើបអង្កេត​ក្នុង​តំបន់​ចំនួន​ប្រាំបីក្នុងខេត្ត​បន្ទាយ​មានជ័យ​ ដែល​ក្នុង​នោះ​មាន​មន្ទីរ​សន្ដិសុខ ​ទីតាំង​សម្លាប់​មនុស្ស​ និង​ការដ្ឋាន​ធ្វើការ​ដោយ​បង្ខំដូចជា​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ​និង​ការដ្ឋាន​ស្ពាន​ស្រែង​ និង​ទំនប់​ព្រៃ​រនាម​ក្នុង​ស្រុក​ព្រះនេត្រព្រះ។ ក្រៅ​ពី​នោះ​មាន​ការ​ស៊ើប​អង្កេត​លើ​មន្ទីរ​សន្ដិសុខ​វត្ត​ប្រធាតុ ​ក្នុង​ស្រុក​គិរីវង្ស​ខេត្ត​តាកែវ ​ដែល​តំណាងឲ្យ​ភូមិភាគ​និរតី​របស់​ពួក​ខ្មែរក្រហម។ សហ​ចៅក្រម​ស៊ើបអង្កេត​ក៏​បាន​បញ្ជាក់​ពី​ការស៊ើបអង្កេត​ លើ​គោលការណ៍​បោសសម្អាត​ក្នុង​ភូមិ​ភាគ​កណ្ដាល​ និង​ការ​បោស​សម្អាត​នៅ​ភូមិភាគ​ពាយ័ព្យ​ផង​ដែរ។

លោក​ អាន់ឌ្រូ ខេយលី ​បានឆ្លើយ​តាម​សារ​អេឡិកត្រូនិក​ជាមួយ​វីអូអេ​ខ្មែរ​នៅថ្ងៃនេះ​ថា​ លោក​មាន​សេចក្ដី​រីករាយ​ជាខ្លាំង​ដែល​ថា សហ​ចៅក្រម​ស៊ើបអង្កេត «ធ្វើ​តាម​ច្បាប់» ​របស់តុលាការ​ហើយ​បាន​ធ្វើ​តាម​សំណើ​របស់​លោក។ លោក​សង្កត់ធ្ងន់​ថា ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ទាំងនេះ។

លោកស្រី ស៊ីលកិ៍ ស្ទូហ្សិនស្គី (Silke ​Stuzensky) ដែល​ជា​មេធាវីមួយ​រូប​តំណាងឲ្យដើម​បណ្ដឹង​រដ្ឋប្បវេណី​ក៏​បាន​ស្វាគមន៍​ដូចគ្នា​នេះ​ដែរ។ លោក​ស្រី​ថ្លែង​ថា៖

«ខ្ញុំ​សូម​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ស្ដីពី​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង០០៤។​ ឥឡូវ​យ៉ាងហោចណាស់​ជនរងគ្រោះស្ថិតក្នុង​ជំហរ​មួយ​ចំពោះ​អ្វី​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតដើម្បី​សម្រេចចិត្ត​ថា​ តើ​ពួកគាត់​ចង់ក្លាយ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ឬទេ?»។

សហ​ចៅក្រម​ស៊ើប​អង្កេត បាន​បញ្ចប់​ការស៊ើប​អង្កេត​សំណុំ​រឿង០០៣​ កាល​ពី​ខែ​មេសា​ ក៏​ប៉ុន្តែលោក អាន់ឌ្រូ​ ខេយលី ​បាន​ហៅ​ការ​ស៊ើបអង្កេត​នោះ​ថា​ មិនទាន់​ពេញ​លេញ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃនេះ ​សហ​ចៅក្រម​ស៊ើបអង្កេត​ក៏បាន​អំពាវនាវ​ឲ្យ​ជនរងគ្រោះចាប់​ផ្ដើម​ដាក់ពាក្យ​ស្នើ​សុំតាំងខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចាប់ពី​ពេលនេះ​សម្រាប់​សំណុំ​រឿង​០០៤៕

XS
SM
MD
LG