ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដើម​បណ្តឹង​រដ្ឋប្បវេណី​ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ដំណើរ​ការ​កាត់ទោស​ឲ្យ​បាន​ឆាប់​


ជន​ជាប់​ចោទ​ចំនួន​បួន​នាក់​​ក្នុង​សំណុំ​រឿង​០០២ ដែល​សុទ្ធ​សឹង​​តែ​ជា​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម ហើយកាន់តែ​មាន​វ័យ​ចំណាស់។ ពីឆ្វេងទៅស្តាំ ខៀវ សំផន អៀង សារី អៀង ធិរិទ្ធ និង នួន ជា។
ជន​ជាប់​ចោទ​ចំនួន​បួន​នាក់​​ក្នុង​សំណុំ​រឿង​០០២ ដែល​សុទ្ធ​សឹង​​តែ​ជា​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម ហើយកាន់តែ​មាន​វ័យ​ចំណាស់។ ពីឆ្វេងទៅស្តាំ ខៀវ សំផន អៀង សារី អៀង ធិរិទ្ធ និង នួន ជា។

ក្រុម​មេធាវី​នាំ​មុខ​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ បាន​ទទូច​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ធ្វើ​ការ​កាត់​ទោស​សំណុំរឿង​០០២​ឲ្យ​បាន​ឆាប់​បំផុត​ ដោយសារ​ពួកគេ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​ និង​ជរា​ពាធ​របស់​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ និង​សុខភាព​ថមថយ​របស់​សាក្សី​សំខាន់ៗ។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​វ៉ាន់ ​ណាត ដែល​ជា​អតីត​វិចិត្រករ​ និង​ជា​សាក្សី​យ៉ាង​សំខាន់​មួយ​រូប​ក្នុង​សំណុំរឿង​០០១ បាន​ទទួល​មរណភាព​នៅ​ពេល​ដែល​លោក​កំពុង​រង់​ចាំ​ទទួល​យុត្តិធម៌​ពេញ​លេញ។ លោក​មាន​បទ​ពិសោធន៍​ជាប់​ឃុំ​ក្នុង​មន្ទី​រ​ស​២១​ ដ៏​ឃោរឃៅ។​ លោក ​វ៉ាន់​ ណាត​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​អាយុ​៦៥​ឆ្នាំ​ដោយសារ​ជំងឺ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ អង្គភាព​សហមេធាវី​នាំ​មុខ​ដែល​តំណាង​ឲ្យ​មេធាវី​ការពារ​ជន​រង​គ្រោះ​ បាន​ហៅ​មរណភាព​របស់​លោក​វ៉ាន់ ​ណាត ​ថា​គឺ​ជា​ការ​ក្រើន​រំលឹក​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ជំនុំ

ជម្រះ​ក្នុង​សំណុំ​រឿង​០០២​ជា​បន្ទាន់​ និង​ជា​ចាំ​បាច់​ដើម្បី​បង្ហាញ​ថា​ ជន​ជាប់​ចោទ​ត្រូវ​បាន​កាត់​ទោស​ និង​ផ្តល់​ការ​ផ្សះផ្សារ​ជាតិ​មួយ។

លោក​ ពេជ​ អង្គ​ សហមេធាវី​នាំ​មុខ​មាន​ប្រសាសន៍​ថា​ រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ណាមួយ​អំពី​ការ​កាត់ក្ដី​ពេញ​អង្គ​សេចក្ដី​សំណុំរឿង​០០២​ នោះ​ឡើយ។​ ដំណាល​គ្នា​នេះ​ ទាំង​ជន​ជាប់​ចោទ​ ទាំង​ជន​រង​គ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សុទ្ធ​តែ​មាន​វ័យ​ចាស់​ជរា​ និង​មាន​ជំងឺ​ជាប់​នឹង​ខ្លួន។

«ឃើញ​ថា​ ខាង​ជន​ជាប់​ចោទ​ ក៏​មាន​ជំងឺ​ចាស់​ជរា​ ខាង​ជន​រង​គ្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក៏​ចាស់​ជរា​អី​ច្រើន​ដែរ​ អញ្ចឹង​មិន​គួរ​បន្លាយ​ពេល​ត​ទៅ​ទៀត​ទេ។​ គួរ​តែ​តុលាការ​ចាប់​ផ្តើម​សវនាការ​ឲ្យ​បាន​ឆាប់​ៗ​រក​ឲ្យ​ឃើញ​យុត្តិធម៌​ជូន​ពួក​គាត់»។

លោក​ហ៊ុយ ​វណ្ណៈ ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឆ្លើយ​តប​ថា​ ក្រុម​ចៅក្រម​កំពុង​ជំរុញ​ដំណើរ​ការ​កាត់​ក្ដី​សំណុំរឿង​នេះ​ ក៏ប៉ុន្ដែ​លោក​មិន​អាច​បញ្ជាក់​ថា​ តើ​ការ​កាត់​ក្ដី​ពេញ​អង្គ​សេចក្ដី​នឹង​អាច​ចាប់​ផ្ដើម​នៅ​ពេល​ណា​ជាក់​លាក់​នោះ​ទេ។

«បាទ!​ ជា​បន្ត​បន្ទាប់​មក​ ចៅ​ក្រម​គាត់​បាន​ប្រកាស​រួច​ហើយ​ថា ​ដោយសារ​តែ​វ័យ​ចាស់​ជរា​របស់​ជន​ជាប់​ចោទ​ ក៏​ដូច​ជា​ជន​រងគ្រោះ​ ដូច្នោះ​ហើយ​លោក​ចៅក្រម​ លោក​នឹង​ជំរុញ​នីតិ​វិធី​ទៅ​បាន​លឿន​ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

សំណុំ​រឿង​០០២ ​មាន​ជន​ជាប់​ចោទ​ចំនួន​បួន​នាក់​ដែល​សុទ្ធ​សឹង​ តែ​ជា​អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម ​ហើយ​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​ការ​ជាប់​ពាក់​ព័ន្ធនឹង​ការ​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់។​ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​នោះ​មាន​ នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ អៀង​ សារី ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស ​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ ​និង​អៀង​ ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គម​កិច្ច។ ​ជន​ជាប់​ចោទ​ទាំង​នេះ​មាន​អាយុ​ចាប់​ពី​៧៩ ​ទៅ​៨៦​ ឆ្នាំ។

មន្ដ្រី​ស្ថានទូត​ជប៉ុន ​និង​បារាំង​ ប្រចាំ​ក្រុង​ភ្នំពេញ​ទើប​តែ​បាន​បង្ហាញ​ជំហរ​ចង់​ឃើញ​ការ​កាត់​ទោស​ក្នុង​សំណុំរឿង​០០២​ នេះ​ប្រព្រឹត្តិ​ទៅ​ឆាប់​រហ័ស។​ ក៏ប៉ុន្ដែ​ការ​ប៉ាន់​ប្រមាណ​ក្រៅ​ផ្លូវ​ការ​បាន​លើក​ឡើង​ថា​ ការ​កាត់​ទោស​ក្នុង​សំណុំរឿង​០០២​នឹង​មិន​អាច​ប្រព្រឹត្តិ​ទៅ​នៅ​មុន​ឆមាស​ទី១​នៃ​ឆ្នាំ​២០១២​ នោះ​ទេ៕

XS
SM
MD
LG