លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានកោះហៅអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់នៅក្នុងសំណុំរឿង០០២ នៅថ្ងៃអង្គារនេះ ឲ្យចូលខ្លួននៅក្នុងសវនាការបឋម។
សវនាការរយៈពេលបួនថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទទី២៧ខែមិថុនាសប្តាហ៍ក្រោយនេះ។
នៅក្នុងដីកាកោះដែល វីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាននៅថ្ងៃនេះ បានបញ្ជាឲ្យនួន ជា អតីតប្រមុខប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម អៀង សារី អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលកំពុងតែជាប់ឃុំឃាំងជាបណ្តោះអាសន្ននោះឲ្យចូលខ្លួននៅក្នុងសវនាការនៅវេលាម៉ោង៨:៣០នាទី រហូតទៅដល់ចប់សវនាការ។
យោងតាមឯកសារដែលទទួលបានដីកាកោះត្រូវបានបញ្ជូនទៅកាន់ប្រធានពន្ធនាគាររបស់សាលាក្តីខ្មែរក្រហម លោកម៉ៅ សុភារម្យ ហើយលោកម៉ៅ សុភារម្យ បានប្រគល់ដីកាកោះនោះទៅឲ្យជនជាប់ចោទនីមួយៗរួចរាល់ហើយនៅថ្ងៃនេះ។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងតិច១,៧លាននាក់។
ពួកគេត្រូវបាត់បង់ជីវិត ដោយសារតែការកាប់សម្លាប់ ការធ្វើការដោយបង្ខំការបង្អត់អាហារនិងធ្វើទារុណកម្ម។
ថ្វីបើសវនាការបឋមរយៈពេលបួនថ្ងៃគ្រាន់តែជាការបើកសវនាការសម្រាប់រៀបចំការបើកសវនាការពេញអង្គសម្រាប់កាត់ទោសជនជាប់ចោទទាំងបួននាក់ ក៏ប៉ុន្តែអ្នកវិភាគ និងមន្រ្តីសាលាក្តីខ្មែរក្រហម បានហៅសវនាការនៅសប្តាហ៍ក្រោយនេះថា គឺជាការចាប់ផ្តើមកាត់ទោសដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រវត្តិសាស្រ្តសាលាក្តីខ្មែរក្រហម។
លោកឌឹម សុវណ្ណារុំ មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈ មានប្រសាសន៍ថា សវនាការនេះ គឺជាការបើកទំព័រពន្យល់ពីអតីតកាលនិងជាការនាំមកនូវយុត្តិធម៌។
«គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ពីព្រោះប្រជាជនកម្ពុជាយើង ដែលជាជនរងគ្រោះនៃរបបខ្មែរក្រហម បានរង់ចំាព្រឹត្តិការណ៍ហ្នឹងអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ទីបំផុតយុត្តិធម៌នឹងមកដល់។ អ្នកដែលបានធ្វើឲ្យមនុស្សកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជារាប់លាននាក់ត្រូវបានសម្លាប់មិនអាចគេចផុតពីទោសទណ្ឌបានទេ»។
កញ្ញាសេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិក និងជានាយិកានៃសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅកម្ពុជាបានរំពឹងជាពិសេសថា អាថ៌កំបាំងជាមួយប្រទេសដែលគាំទ្រពួកខ្មែរក្រហម និងត្រូវរំលេចចេញផងដែរ។
«ករណី០០២ មានសារៈសំខាន់ជាងគេបង្អស់ពីព្រោះវាអាចផ្តល់ព័ត៌មានឲ្យយើងថែមទៀត។ យើងចង់ឆ្លើយតបទៅសំណួរថាអ្នកណាទទួលខុសត្រូវ មិនត្រឹមតែមុខដែលយើងស្គាល់តាមរូបភាពទេ ប៉ុន្តែអ្នកណាឈរពីក្រោយពួកគាត់ វាអាចទាក់ទិនដល់ប្រទេសផ្សេងៗ ហើយតុលាការអាចបំភ្លឺ អាចបំផុសឲ្យព័ត៌មានអស់ហ្នឹងកើតឡើង»។
អង្គជំនុំជម្រះសាលាដំបូងនឹងត្រូវលើកយកមកពិចារណាទៅលើចំនួនសាក្សី អ្នកជំនាញនិងដើមបណ្តឹងរដ្ឋប្បវេណីសរុបចំនួន១.០៩៤នាក់។
សហចៅក្រមស៊ើបអង្កេត បានទទួលស្គាល់ដើមបណ្តឹងរដ្ឋប្បវេណីសរុបចំនួនជាង២.០០០នាក់ ក៏ប៉ុន្តែនឹងមានដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួនតែប៉ុណ្ណោះនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវឯកសារនៃសម័យខ្មែរក្រហមដ៏ធំបំផុតមួយនៅប្រទេសកម្ពុជាចាត់ទុកថា ការកាត់ទោសនេះ និងជួយជំរុញនីតិរដ្ឋនៅប្រទេសកម្ពុជា។
«សវនាការ០០២នេះ វាមិនសំខាន់ចំពោះអនាគតទេ វាសំខាន់ចំពោះបច្ចុប្បន្នកាលទៀត ហើយធ្វើយ៉ាងណាឲ្យប្រទេសយើងក្លាយជានីតិរដ្ឋពិតប្រាកដ ហើយការរំលោភសិទ្ធិមនុស្សក្តី្កក៏ត្រូវបានបំបាត់មិនឲ្យមានអំពើហិង្សាផ្សេងៗនានា។ ហើយមួយទៀតទោះបីជាស្ថិតនៅក្នុងរូបភាពណាក៏ដោយ ខ្ញុំគិតថា០០២នេះ វាជាមូលដ្ឋានសំខាន់មួយ ដើម្បីសិក្សា និងការចងចាំ ការអប់រំ ពង្រឹងនីតិរដ្ឋនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត»។
ការកាត់ក្តីពេញអង្គសេចក្តីនៃសំណុំរឿង០០២ គ្រោងនឹងធ្វើឡើងនៅក្នុងខែសីហា ខាងមុខនេះ។
ជនជាប់ចោទទាំងបួននាក់ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នៅពេលនេះ អៀង សារី នឹងឈានដល់វ័យ៨៦ឆ្នាំនៅចុងឆ្នាំនេះ រីឯនួន ជានឹងឈានដល់វ័យ៨៥ឆ្នាំនៅខែខាងមុខ អតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន ជិតដល់វ័យ៨០ឆ្នាំទៅហើយ រីឯអ្នកស្រី អៀង ធីរិទ្ធ បានឈានដល់វ័យ៧៨ឆ្នាំ។
អៀង សារី ខៀវ សំផន និងនួន ជា សុទ្ធតែបានធ្លាប់និយាយថា ខ្លួនមិនដឹងមិនឮអំពីការសម្លាប់ ប្រជាពលរដ្ឋខ្មែរអស់ជិតពីរលាននាក់នោះទេ។
លោកឆាំង យុ ចាត់ទុកថា សាលាក្តីខ្មែរក្រហមនឹងត្រូវរកឲ្យឃើញចំពោះការលាក់បាំងការទទួលខុសត្រូវនេះ។
កាលពីថ្ងៃច័ន្ទនៅក្នុងទំព័រទស្សនៈរបស់កាសែត The New York Times លោកសាស្រ្តាចារ្យច្បាប់នៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក គឺលោក Peter Maguire បានហៅការកាត់កាត់ក្តីនៅក្នុងសំណុំរឿង០០២នេះថាជាការកើតឡើងនៅចន្លោះការចោទប្រកាន់អំពីការជ្រៀតជ្រែកនយោបាយពីសំណាក់រដ្ឋាភិបាលកម្ពុជា និងភាពអសមត្ថភាពរបស់អង្គការសហប្រជាជាតិ៕