សៀវភៅ «ស្នាមរបួសដែលលាក់កំបាំងរបស់ប្រទេសកម្ពុជា៖ ចិត្តវិជ្ជានៃបទពិសោធន៍បាក់ស្បាតនៅក្រោយរបបខ្មែរក្រហម» (Cambodia’s Hidden Scars: Trauma Psychology in the wake of the Khmer Rouge) ទើបនឹងបានបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។
លោកស្រីសាស្រ្តាចារ្យ Beth Van Schaack ជាអ្នកនិពន្ធមួយរូបរបស់សៀវភៅនេះ។ លោកស្រីសាស្រ្តាចារ្យបង្រៀននៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ សេនថា ក្លារ៉ា (Santa Clara)។
លោកស្រីសាស្រ្តាចារ្យអះអាងថា ដើម្បីជួយជនរងគ្រោះពីរបបខ្មែរក្រហមឲ្យបានធូរស្រាលពី បទពិសោធន៍បាក់ស្បាត និងបញ្ហាផ្លូវចិត្ត រដ្ឋាភិបាលកម្ពុជាគួរគាំទ្រឲ្យមានការបង្កើត គណៈកម្មការស្វែងរកការណ៍ពិតបែបផ្លូវការ ដែលជាពិធីផ្សះផ្សាជាតិមួយមានការចូលរួមពីមនុស្សមកពីគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា បន្ថែមទៅលើការងាររបស់សាលាក្តីខ្មែរក្រហម និងការងាររបស់អង្គការក្រៅរដ្ឋាភិបាល។
នេះជាបទសម្ភាសន៍រវាងលោក ភី សុភាដា ពីវីអូអេខ្មែរ ជាមួយលោកស្រីសាស្រ្តាចារ្យ Beth Van Schaack អំពីសៀវភៅខាងលើ និងបទពិសោធន៍របស់លោកស្រីទាក់ទងនឹងការសរសេរសៀវភៅនេះ៖
ហេតុអ្វីបានជាមានផលប៉ះពាល់ផ្នែកផ្លូវចិត្តខ្លាំងនៅក្នុងប្រទេសកម្ពុជា?
បើតាមការស្រាវជ្រាវរបស់ពួកខ្ញុំ យើងឃើញថាប្រជាពលរដ្ឋខ្មែរមានផលប៉ះពាល់ផ្លូវចិត្ត ដែលបណ្តាលមកពីការឆ្លងកាត់រយៈពេលយូររាប់ខែរាប់ឆ្នាំក្នុងរបបខ្មែរក្រហម រហូតដល់ធ្វើឲ្យពួកគេរងគ្រោះនូវបទពិសោធន៍បាក់ស្បាតយ៉ាងខ្លាំងបំផុត។ ផលប៉ះពាល់ ដែលប្រជាពលរដ្ឋខ្មែររងគ្រោះអាចហៅថារោគសញ្ញាជំងឺវិបត្តិផ្លូវចិត្តក្រោយពីជួបប្រទះនូវបទពិសោធន៍បាក់ស្បាត។ មានមូលហេតុពីរដែលធ្វើឲ្យមានផលប៉ះពាល់ផ្នែកផ្លូវចិត្តខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ទីមួយ បទពិសោធន៍បាក់ស្បាតនេះមានលក្ខណៈខ្លាំងក្លាដែលប៉ះពាល់សង្គមទាំងមូល ដែលធ្វើឲ្យសង្គមទាំងមូលក្រឡាប់ចាក់ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនបានបាត់បង់សមាជិកគ្រួសារ ឬអ្នកជាទីស្រឡាញ់របស់ខ្លួននៅក្នុងរបបខ្មែរក្រហម។ ហើយទីពីរ ដោយសារតែគ្មានកិច្ចប្រឹងប្រែងណាមួយក្នុងការបង្កើតឲ្យមានចលនារកយុត្តិធម៌នៅក្រោយរបបខ្មែរក្រហម ដែលជនរងគ្រោះម្នាក់ៗអាចមានឱកាសធ្វើជាសាក្សីអំពីអ្វីដែលបានកើតឡើងចំពោះពួកគេ និងរៀបរាប់ពីទុក្ខលំបាកឈឺចាប់របស់ពួកគេ ហើយយើងក៏ឃើញថា មិនមានការសរសេរពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហមឲ្យបានជាក់លាក់ណាមួយនោះទេនៅក្នុងសម័យរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសវៀតណាម។ ដូចដែលយើងបានដឹងហើយថា សៀវភៅប្រើប្រាស់នៅតាមសាលារៀន មិនមានបញ្ចូល ប្រវត្តិសាស្រ្តរបបខ្មែរក្រហមទៅក្នុងហ្នឹងទេ ដែលធ្វើឲ្យក្មេងៗមិនបានទទួលចំណេះដឹងជ្រាលជ្រៅអំពីអ្វីដែលឪពុកម្តាយ ឬជីដូនជីតារបស់ពួកគេបានជួបប្រទះ។ ហេតុដូច្នេះហើយ បានជាបញ្ហាដែលបណ្តាលមកពីបទពិសោធន៍បាក់ស្បាតនៅតែមិនត្រូវបានដោះស្រាយដដែល។ ហើយឥឡូវនេះ យើងមានសាលាក្តីខ្មែរក្រហម ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររំឭកឡើងវិញអំពីបទពិសោធន៍ឈឺចាប់របស់ពួកគេ ហើយយើងត្រូវតែទទួលស្គាល់ការណ៍ពិតដែលថា ស្នាមរបួសនេះមិនទាន់បានព្យាបាលនៅឡើយទេ ដោយសារតែគ្មានការឆ្លើយតបផ្តោតលើសង្គមទាំងមូលចំពោះរឿងឈឺចាប់បាក់ស្បាតដែលបានកើតឡើង និងដោយសារតែគ្មានឱកាសក្នុងការទទួលបានយុត្តិធម៌ណាមួយ ឬការស្ងប់អារម្មណ៍នោះទេ ពីព្រោះថាសង្គមបានដំណើរការទៅមុខ ហើយមនុស្សម្នាក់ៗត្រឡប់ទៅគិតគូរពីជីវភាពប្រចាំថ្ងៃរបស់ខ្លួន និងព្យាយាមកសាងជីវិតថ្មីឡើងវិញដោយខ្លួនពួកគេផ្ទាល់។ សរុបសេចក្តីមក ចំណុចមួយដែលជំរុញឲ្យយើងសរសេរសៀវភៅនេះ គឺយើងចង់ផ្តោតទៅលើបញ្ហាសុខភាពផ្លូវចិត្តឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ដោយសារតែលោកស្រីសាស្រ្តាចារ្យបានលើកឡើងពីការពាក់ព័ន្ធរបស់សាលាក្តីខ្មែរក្រហម ជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា តើលោកស្រីសាស្រ្តាចារ្យគិតថា សាលាក្តីខ្មែរក្រហមអាចជួយដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តនេះបានយ៉ាងម៉េចដែរ បាទ?
មានវិធីជាច្រើនដែលសាលាក្តីខ្មែរក្រហមអាចមានប្រយោជន៍ចំពោះជនរងគ្រោះនីមួយៗ ក៏ដូចជាសង្គមទាំងមូល។ សម្រាប់ជនរងគ្រោះនីមួយៗដែលចូលរួមផ្ទាល់នៅក្នុងដំណើរការរបស់តុលាការ ពួកគេនឹងមានឱកាសធ្វើជាសាក្សី មានឱកាសរៀបរាប់ពីរឿងរ៉ាវរបស់ពួកគេតាមបែបបទផ្លូវការ មានឱកាសក្នុងការធ្វើឲ្យគេទទួលស្គាល់ពីរឿងរ៉ាវរបស់ខ្លួន និងមានឱកាសក្នុងការប្រឈមជាមួយនឹងជនជាប់ចោទ ដែលពួកគេគិតថាជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេ និងចំពោះសមាជិកគ្រួសាររបស់ពួកគេ។ ពួកគេមានឱកាសក្នុងការចុះឈ្មោះជាជនរងគ្រោះផ្លូវការ ឬ ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងតុលាការ និងមានឱកាសស្តាប់សាលក្រមរបស់តុលាការដែលចោទប្រកាន់ជនជាប់ចោទជាផ្លូវការឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ និងសាលក្រមដែលប្រាប់អំពីប្រវត្តិសាស្រ្តច្បាស់លាស់មួយនៃអ្វីដែលបានកើតឡើង ឬទម្រង់នៃការជិៈជាន់កៀបសង្កត់ និងអំពើហិង្សាក្រោមរបបខ្មែរក្រហម។ ករណីហ្នឹងអាចធ្វើឲ្យអ្នកដែលធ្លាប់បានគិតថាសង្គមខ្មែរជាសង្គមមិនមានការទទួលខុសត្រូវ មានអារម្មណ៍ថា ពួកគេទទួលបានយុត្តិធម៌ដែលអាចធ្វើឲ្យពួកគេស្ងប់អារម្មណ៍បាន។
សម្រាប់ជនរងគ្រោះដែលមិនមានលទ្ធភាពចូលរួមផ្ទាល់នៅក្នុងដំណើរការរបស់តុលាការ ដោយសារតែពួកគេមិនចង់ធ្វើជាដើមបណ្តឹងរដ្ឋប្បវេណី ឬមិនបានផ្តល់ភស្តុតាងផ្ទាល់ប្រឆាំងនឹងជនជាប់ចោទ ឬមិនមានគេអញ្ជើញពួកគេឲ្យធ្វើដូច្នេះ ឬតំបន់ដែលពួកគេរស់នៅក្នុងរបបខ្មែរក្រហមមិនស្ថិតក្នុងបទចោទប្រកាន់របស់តុលាការជាដើម។ ប៉ុន្តែពួកគេមានឱកាសក្នុងការឃើញតុលាការរកយុត្តិធម៌ជូនពួកគេ និងប្រកាសសាលក្រមជាសាធារណៈ។ យើងឃើញមានការចុះផ្សព្វផ្សាយដល់សហគមន៍យ៉ាងល្អដែលសាលាក្តីខ្មែរក្រហម និងអង្គការក្រៅរដ្ឋាភិបាលកំពុងធ្វើ ដែលជំរុញឲ្យប្រជាពលរដ្ឋភាគច្រើនមានអារម្មណ៍ថាពួកគេកំពុងចូលរួមនៅក្នុងដំណើរការរបស់តុលាការ។ អង្គការក្រៅរដ្ឋាភិបាលជាច្រើន ដូចជាមជ្ឈមណ្ឌលឯកសារកម្ពុជាជាដើម កំពុងធ្វើការយ៉ាងអស្ចារ្យក្នុងការនាំយកប្រជាពលរដ្ឋពីតំបន់ជនបទមកកាន់ទីក្រុងភ្នំពេញដើម្បីមើលដំណើរការកាត់ក្តី ដូច្នេះពួកគេអាចយល់ពីអ្វីដែលកំពុងកើតឡើង ហើយពួកគេអាចនាំយកចំណេះដឹងទាំងនោះត្រឡប់ទៅកាន់សហគមន៍របស់ខ្លួនវិញ ហើយយើងឃើញមានការរៀបចំវេទិការសាធារណៈអំពីសាលាក្តីខ្មែរក្រហម អំពីសំណុំរឿងនៅក្នុងតុលាការ អំពីគំនិតច្បាប់ និងការអះអាងនិងទ្រឹស្តីអំពីការទទួលខុសត្រូវ ដែលកំពុងពិភាក្សាដេញដោលនៅខាងផ្នែកច្បាប់ជាដើម នៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះយើងឃើញថាមានយន្តការទទួលខុសត្រូវនៅទូទាំងប្រទេស ដែលទោះបីជាអ្នកមិនបានចូលរួមដោយផ្ទាល់នៅក្នុងដំណើរការរបស់តុលាការក៏ដោយ ក៏អ្នកអាចទទួលបានប្រយោជន៍តាមរយៈការចុះផ្សព្វផ្សាយដល់សហគមន៍ និងការអប់រំទាំងនោះដែរ។
ដូច្នេះ តើលោកស្រីសាស្រ្តាចារ្យគិតថា យុត្តិធម៌ដែលកំពុងផ្តល់ឲ្យដោយសាលាក្តីខ្មែរក្រហម គ្រប់គ្រាន់សម្រាប់ជួយជនរងគ្រោះឲ្យបានធូរស្បើយពីបទពិសោធន៍បាក់ស្បាត និងព្យាបាលបញ្ហាផ្លូវចិត្តរបស់ពួកគេបានដែរឬទេ?
ខ្ញុំគិតថា វាពិបាកក្នុងការនិយាយថាយុត្តិធម៌ដែលផ្តល់ឲ្យដោយតុលាការហ្នឹងអាចជួយពួកគេ ដោយផ្ទាល់នោះទេ។ ប៉ុន្តែ ខ្ញុំគិតថា សម្រាប់មនុស្សភាគច្រើនដែលមានបញ្ហាដោយសារអារម្មណ៍អយុត្តិធម៌អស់រយៈពេលយ៉ាងយូរមកហើយ ពួកគេសង្ឃឹមថា ដំណើរការរបស់តុលាការនឹងជួយកាត់បន្ថយអារម្មណ៍ភ័យព្រួយទាំងនោះបាន។ អ្នកដឹងទេ គោលបំណងមួយរបស់សៀវភៅដែលពួកខ្ញុំបានសរសេរហ្នឹង គឺដើម្បីអះអាងថាតុលាការតែមួយមិនគ្រប់គ្រាន់ទេ យើងត្រូវការឲ្យមានគោលនយោបាយសុខភាពផ្លូវចិត្តនៅទូទាំងប្រទេសបង្កើតឡើងដោយ រដ្ឋាភិបាលនៅក្នុងទីក្រុងភ្នំពេញ ដែលអាចឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទទួលបាន ផលប្រយោជន៍ពីគោលនយោបាយនេះ។ អនុសាសន៍មួយដែលយើងខ្ញុំបានលើកឡើង គឺការបង្កើតមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តដែលនឹងធ្វើការជាមួយនឹងគ្រូព្យបាលនៅតាមតំបន់ជនបទ ដើម្បីបង្កើតគ្លីនិកនៅតាមតំបន់ជនបទនីមួយៗ និងការប្រជុំជាក្រុមរបស់ជនរងគ្រោះជាដើម ដើម្បីព្យាយាមគាំទ្រការងាររបស់តុលាការ និងថែមទាំងបន្តការងារទៅមុខទៀត ពីព្រោះថាតុលាការមិនមែនជាអ្វីដែលបង្កើតឡើងពាក់ព័ន្ធនឹងផ្នែក វេជ្ជសាស្រ្តនោះទេ។ គោលបំណងរបស់តុលាការគឺមិនមែនដើម្បីព្យាបាលសង្គមទាំងមូលនោះទេ ប៉ុន្តែនៅពេលដែលជនរងគ្រោះមានអារម្មណ៍ថា ខ្លួនទទួលបានយុត្តិធម៌ នោះគឺជាផ្នែកដ៏សំខាន់មួយក្នុងការព្យាបាលសង្គមទាំងមូលឲ្យដំណើរការទៅមុខ។
តើមានយន្តការណាផ្សេងទៀតទេ ដែលលោកស្រីសាស្រ្តាចារ្យគិតថាមានសារៈសំខាន់ខ្លាំង បន្ថែមទៅលើការងាររបស់តុលាការ?
នេះជាសំណួរដ៏ល្អបំផុត។ យើងឃើញថា យន្តការណាមួយក៏ដោយពាក់ព័ន្ធនឹងយុត្តិធម៌ ក្រោយសម័យសង្រ្គាមគឺមានគុណប្រយោជន៍ទាំងអស់ ដូច្នេះសាលាក្តីខ្មែរក្រហមគឺជាផ្នែកសំខាន់មួយក្នុងហ្នឹងដែរ ប៉ុន្តែយើងក៏ដឹងផងដែរថា តុលាការហ្នឹងមានកំហិតរបស់ខ្លួន ដោយសារតែតុលាការហ្នឹងកាត់ទោសតែជនជាប់ចោទប៉ុន្មាននាក់ប៉ុណ្ណោះ យើងឃើញថាមានជនជាប់ចោទជាច្រើននាក់ទៀតដែលមិនបានយកមកកាត់ទោស និងមានជនរងគ្រោះជាច្រើនដែលមិនមានឱកាសចូលរួមនៅក្នុងដំណើរការរបស់តុលាការ។ អ្នកដឹងទេ ការផ្តល់នូវយន្តការផ្សេងៗបន្ថែមទៀតសម្រាប់ឲ្យប្រជាពលរដ្ឋជាច្រើនបានចូលរួមដើម្បីដោះស្រាយបទឧក្រិដ្ឋកាលពីអតីតកាល គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីគាំទ្រការងាររបស់សាលាក្តីខ្មែរក្រហម ដែលមានកម្រិតរបស់ខ្លួន ហើយដែលយើងទាំងអស់គ្នាដឹងថា តុលាការហ្នឹងមិនទាន់ផ្តល់យុត្តិធម៌ពេញលេញជូនប្រទេសកម្ពុជានៅឡើយទេ។ មនុស្សជាច្រើនរួមទាំងខ្លួនខ្ញុំផ្ទាល់បានពិភាក្សាដេញដោលថា វាពិតជាគំរូដ៏ល្អមួយក្នុងការមានទម្រង់ខ្លះនៃគណៈកម្មការស្វែងរកការណ៍ពិតបែបផ្លូវការមួយ។ អ្នកដឹងទេ យើងគួរមានយន្តការមួយ ដែលអ្នកអាចស្រមៃថា មនុស្សជាច្រើនមកពីគ្រប់តំបន់នៅក្នុងប្រទេសមកចូលរួមទាំងអស់គ្នា ដោយ ក្នុងនោះ រដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មដើម្បីរៀបចំពិធីផ្សះផ្សាមួយ ឬក៏អ្វីមួយដែលមនុស្សទាំងអស់ក្នុងប្រទេសអាចចូលរួមបាន និងថែមទាំងមានការគាំទ្ររបស់រដ្ឋាភិបាលនៅពីក្រោយផងដែរ។
តើលោកស្រីសាស្រ្តាចារ្យគិតថា អំពើហិង្សាឃោរឃៅនេះជះឥទ្ធិពលយ៉ាងម៉េចដែរដល់អ្នកជំនាន់ក្រោយ?
ផ្នែកមួយនៅក្នុងសៀវភៅហ្នឹងផ្តោតលើបទពិសោធន៍បាក់ស្បាតឆ្លងជំនាន់ ដោយបានបង្ហាញថា ដោយសារតែឪពុកម្តាយមានបញ្ហាផ្លូវចិត្តអស់រយៈពេលយូរមកហើយ បញ្ហានេះអាចលេចឡើងក្នុងរូបភាពជាការប្រើប្រាស់គ្រឿងញៀន អំពើហិង្សាលើរូបរាងកាយ ការបាក់ទឹកចិត្ត និង ការមិនមានលទ្ធភាពបង្កើតទំនាក់ទំនងផ្លូវអារម្មណ៍បានល្អជាមួយអ្នកដទៃ ហើយកូនៗរបស់អ្នកទាំងនោះនៅទីបំផុតបានរងគ្រោះក្នុងទំនាក់ទនងទាំងនោះ ហើយពួកគេមិនមានចំណងទាក់ទងផ្លូវអារម្មណ៍ដែលមានការគាំទ្រជាមួយឪពុកម្តាយរបស់ពួកគេ ដូចអ្នកដែលធំដឹងក្តីនៅក្នុងសង្គមល្អដែលមិនធ្លាប់ជួបបញ្ហាអស់ទាំងនេះនោះទេ។ ដូច្នេះអ្វីដែលយើងអាចឃើញគឺការកើតឡើងដូចគ្នាមួយចំនួនទៅនឹងបញ្ហាផ្លូវចិត្តរបស់អ្នកជំនាន់មុនចំពោះអ្នកជំនាន់ក្រោយ។ ការស្រាវជ្រាវជាច្រើនដែលបានធ្វើឡើងនៅក្រោយសម័យសម្លាប់រង្គាលបានបង្ហាញថា អ្នកដែលរស់រានមានជីវិតពីសម័យនោះ ជារឿយៗបង្ហាញបញ្ហាទាំងនេះនៅក្នុងគ្រួសាររបស់ខ្លួន ហើយយើងក៏ឃើញបញ្ហាហ្នឹងកើតឡើងនៅក្នុងគ្រួសាររបស់អ្នករស់រានមានជីវិតពីការកាប់សម្លាប់រង្គាលនៅក្នុងប្រទេសកម្ពុជា និងប្រទេសរ្វ៉ាន់ដាផងដែរ។ ដូច្នេះ វាពិតជាសំខាន់ណាស់ក្នុងការជួយគាំទ្រឪពុកម្តាយទាំងអស់នោះ ដូច្នេះកូនៗរបស់ពួកគេអាចបានផលពីហ្នឹង ដោយពួកគេអាចធំធាត់នៅក្នុងគ្រួសារដែលមានភាពសប្បាយរីករាយ និងសុខដុមរមនា។
បន្ថែមទៅលើយុត្តិធម៌ដែលកំពុងតែផ្តល់ឲ្យដោយសាលាក្តីខ្មែរក្រហម ហើយប្រសិនបើមាន គណៈកម្មការស្វែងរកការណ៍ពិតនៅទូទាំងប្រទេសជាផ្លូវការដែលរៀបចំឡើងដោយរដ្ឋាភិបាល ដូច្នេះតើលោកស្រីសាស្រ្តាចារ្យគិតថា វាគ្រប់គ្រាន់សម្រាប់ការពារបញ្ហាផ្លូវចិត្តនេះកុំឲ្យ កើតឡើងម្តងទៀតនៅថ្ងៃអនាគតទេ ខ្ញុំចង់មានន័យថាសម្រាប់អ្នកជំនាន់ក្រោយៗទៀត?
វាពិតជាលំបាកណាស់ក្នុងការដឹងថាអ្វីដែលគ្រប់គ្រាន់នោះ ហើយយើងឃើញថាមិនមាន ធនធានគ្រប់គ្រាន់ដើម្បីធ្វើអ្វីផ្សេងៗដែលល្អពេញលេញ ដើម្បីដោះស្រាយនឹងពិភពលលោក ដែលមិនមានលក្ខណៈល្អឥតខ្ចោះ និងមិនមានធនធានគ្រប់គ្រាន់នោះទេ ប៉ុន្តែខ្ញុំគិតថា វាពិតជាសំខាន់ក្នុងការធ្វើកាន់តែច្រើនកាន់តែល្អ។ ខ្ញុំគិតថា វាមិនទាន់យឺតពេលនោះទេ ហើយខ្ញុំគិតថា វាងាយស្រួលក្នុងការនិយាយថា វាយឺតពេលក្នុងការយកចិត្តទុកដាក់ចំពោះអ្នកជំនាន់នេះ ហើយខ្ញុំជឿថា វាមិនត្រឹមត្រូវទាំងអស់នោះទេ។ ពួកគាត់សមតែទទួលបានការយកចិត្តទុកដាក់ ដោយសារពួកគាត់ជួបប្រទះព្រឹត្តិការណ៍ដ៏មិនគួរឲ្យជឿ ហើយពួកគាត់បានរស់រានមានជីវិតពីព្រឹត្តិការណ៍ហ្នឹង ដូច្នេះពួកគាត់សមនឹងទទួលបានការគាំទ្រ និងជំនួយផ្សេងៗពីរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ។ យើងមានការទទួលខុសត្រូវខ្លះទាំងអស់គ្នា ក្នុងការធ្វើឲ្យអំពើប្រល័យពូជសាសន៍កើតឡើង ដូច្នេះខ្ញុំគិតថា វាមានសារៈសំខាន់ក្នុងការធ្វើឲ្យបានកាន់តែច្រើនដូចដែលអាចធ្វើទៅរួច ជាពិសេសនៅពេលដែលសាលាក្តីខ្មែរក្រហមកំពុងដំណើរការ ពីព្រោះថាគេឃើញមានការផ្តោតលើសម័យខ្មែរក្រហម មានចរន្តវិវត្តទៅមុខ មានការយកចិត្តទុកដាក់ចំពោះបញ្ហាហ្នឹង ទាំងក្រុមអ្នកផ្តល់ជំនួយអន្តរជាតិ ទាំងមូលនិធិផ្សេងៗ និងទាំងសង្គមស៊ីវិលបានចូលរួមនៅក្នុងដំណើរការនេះ ដូច្នេះនេះជាដំណាក់កាល ដែលរដ្ឋាភិបាលអាចទាញប្រយោជន៍ពីហ្នឹងដើម្បីធ្វើការពិចារណាអំពីបញ្ហាសុខភាពផ្លូវចិត្ត និងយុត្តិធម៌ក្រោយសម័យសង្រ្គាមឲ្យបានទូលំទូលាយបន្ថែមទៀត។
តើលោកស្រីសាស្រ្តាចារ្យមានអនុសាសន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ រដ្ឋាភិបាល ក្រុមជំនួយអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀតយ៉ាងដូចម្តេច ពាក់ព័ន្ធនឹង «ស្នាមរបួសដែលកប់បាត់នៅក្នុងប្រទេសកម្ពុជា» ឬបញ្ហាសុខភាពផ្លូវចិត្តនេះ?
នេះជាសំណួរដ៏ល្អ។ សង្គមស៊ីវិលបានធ្វើការយ៉ាងល្អចំពោះបញ្ហាហ្នឹង ហើយសហគមន៍អន្តរជាតិ និងមូលនិធិអន្តរជាតិផ្សេងៗដែលធ្វើការលើរឿងយុត្តិធម៌ ចាំបាច់ត្រូវតែបន្តគាំទ្រកិច្ចការហ្នឹង។ ខ្ញុំគិតថា វាក៏មានសារៈសំខាន់ផងដែរសម្រាប់តុលាការក្នុងការគិតគូរឲ្យបាន ដិតដល់ចំពោះបញ្ហាសំណង។ សំណងនៅក្នុងសំណុំរឿងរបស់ឌុចបានធ្វើឲ្យជនរងគ្រោះជាច្រើនខកចិត្ត ហើយចំពោះសំណុំរឿង ០០២ វិញ តុលាការគួរគិតគូរឲ្យបានដិតដល់អំពីថាតើអ្វីដែលខ្លួនកំពុងធ្វើអាចពាំនាំយុត្តិធម៌មកជូនជនរងគ្រោះបានឬទេ ហើយរដ្ឋាភិបាលកម្ពុជាក៏គួរផ្តល់អាទិភាពដល់បញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រព័ន្ធសេវាសុខភាពទូទៅរបស់ខ្លួនផងដែរ។ ជារឿយៗ បញ្ហាសុខភាពផ្លូវចិត្តអាចបង្កឲ្យមានបញ្ហាផ្សេងៗនៅក្នុងសង្គម ដូចជាការប្រើប្រាស់គ្រឿងញៀន ឬអំពើហិង្សាលើរូបរាងកាយ ហើយប្រសិនបើអ្នកអាចរកឃើញមូលហេតុស្នូល អ្នកអាចជួយការពារបញ្ហាទាំងនេះមិនឲ្យកើតឡើងបានខ្លះ ដូច្នេះយើងចង់ឃើញរដ្ឋាភិបាល និងសហគមន៍ផ្តល់ជំនួយ ផ្តល់ថវិកាបន្ថែមទៀតសម្រាប់ជួយផ្នែកសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា។ ចំណុចមួយទៀត គឺយើងត្រូវពន្យល់អប់រំប្រជាពលរដ្ឋថា នៅពេលដែលអ្នកមានបញ្ហាផ្លូវចិត្ត អ្នកមិនមែនតែឯកឯងទេ អ្នកមិនខុសប្លែកពីគេទេ វាមិនមែនជាបញ្ហាសម្រាប់តែអ្នកទេ វាជាបញ្ហាសុខភាពផ្លូវចិត្តដែលអាចព្យាបាលបាន។ ហើយយើងសង្ឃឹមថា ពួកគេមិនរងទុក្ខដោយស្ងៀមស្ងាត់នោះទេ ដែលពួកគេអាចមានកន្លែង ដែលពួកគេអាចរកជំនួយ រកអ្នកដែលពួកគេអាចពិភាក្សាពីបទពិសោធន៍បញ្ហាផ្លូវចិត្តរបស់ពួកគេបាន។ ហើយយើងក៏សង្ឃឹមដែរថា មានធនធានរួចស្រាច់សម្រាប់ព្យាបាលអ្នកទាំងនោះ ដូចជាគ្រូពេទ្យព្យាបាលជំងឺវិកលចរិក ថ្នាំពេទ្យ ការផ្តល់ប្រឹក្សា ឬគ្រូថ្នាំខ្មែរបុរាណដែលមានការបណ្តុះបណ្តាលបានល្អ និងដែលអាចយល់ពីរោគសញ្ញារបស់ជំងឺផ្លូវចិត្តដែលពាក់ព័ន្ធនឹងបទពិសោធន៍បាក់ស្បាតខ្លាំងក្លាបំផុតជាដើម។ កិច្ចប្រឹងប្រែងទាំងអស់នេះត្រូវតែសម្របសម្រួលឲ្យបានល្អ ដូច្នេះផ្នែកមួយនៃកិច្ចប្រឹងប្រែងហ្នឹងគឺការអប់រំ ហើយផ្នែកមួយទៀត គឺថវិកាគ្រប់គ្រាន់ និងបុគ្គលិកដែលមានការបណ្តុះបណ្តាលបានល្អ។ វាជាការងារដ៏ធំមួយ វាជាការងារដែលធ្វើឲ្យសង្គមទាំងមូលមានសុខភាពល្អ ជាសង្គមដែលអាចអភិវឌ្ឍ។ ដូច្នេះ នេះជាផ្នែកមួយនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងការធ្វើដំណើរឆ្ពោះទៅមុខ៕