លោក គ្នុត រ៉សិនហក (Knut Rosandhaug) អនុប្រធានសាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ បានផ្ដល់យោបល់នៅថ្ងៃពុធនេះថា តុលាការក្នុងស្រុកទាំងបីថ្នាក់ គឺសាលាដំបូងខេត្តក្រុង សាលាឧទ្ធរណ៍ និងតុលាការកំពូលរបស់ប្រទេសកម្ពុជា គួរតែចាប់ផ្ដើមកសាងរចនាសម្ព័ន្ធការងារតាមប្រព័ន្ធកុំព្យូទ័រ ប្រយោជន៍ដើម្បីធានាដល់ប្រសិទ្ធិភាពនៅក្នុងការជម្រះក្ដី។
ការជម្រុញនេះធ្វើឡើងក្នុងឱកាសនៃការចែកសៀវភៅស្ដីពីការប្រកាសសាលក្រមនៃការកាត់ទោសឌុច ចំនួន៣.០០០ក្បាលដល់មន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល មកពីក្រសួងទាំង២៧របស់ប្រទេសកម្ពុជាក្នុងទីក្រុងភ្នំពេញ។
លោក គ្នុត រ៉ូសិនហក មានប្រសាសន៍ថា តុលាការកម្ពុជាគួរតែបោះជំហានទៅកាន់សម័យកាលប្រព័ន្ធអេឡិចត្រូនិចហើយនៅពេលនេះ។
«យោបល់របស់ខ្ញុំជូនសាលាដំបូងក្រុងភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូលរបស់ប្រទេសនេះគឺគួរតែបង្កើតប្រព័ន្ធលក្ខណៈឧស្សាហកម្ម ហើយឆ្ពោះទៅបង្កើតយុគសម័យអេឡិចត្រូនិចនិងបង្កើត សូសវែរឹងមាំមួយសម្រាប់គ្រប់គ្រងតុលាការ»។
លោក គ្នុត បានលើកឧទាហរណ៍ថា តុលាការក្រុងភ្នំពេញមិនបានបំពេញការងារប្រកបដោយប្រសិទ្ធិភាពពេញលេញទេ ដោយសារតែតុលាការនេះមានសំណុំរឿងច្រើន ហើយមិនមានប្រព័ន្ធគ្រប់គ្រងសំណុំរឿងតាមកុំព្យូទ័រ ដែលជាបច្ចេកវិទ្យាទំនើបអាចជួយរក្សាទិន្នន័យ និងជួយសម្រួលដល់ការងារ របស់ក្រុមចៅក្រមឲ្យអនុវត្តការងារបានលឿន។
លោក ជីវ កេង ប្រធានតុលាការក្រុង ភ្នំពេញ មិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារតែទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ ក៏ប៉ុន្ដែលោក អ៊ីត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌មានប្រសាសន៍ថា ក្រសួងរបស់លោកមិនទាន់មានលទ្ធភាពបង្កើតឲ្យមានការប្រើប្រាស់ប្រព័ន្ធទិន្នន័យតាមកុំព្យូទ័រនៅតាមតុលាការខេត្តក្រុង ទូទាំងប្រទេសនៅឡើយ ហើយបច្ចុប្បន្នក្រសួងទើបតែចាប់ ផ្ដើមរៀបចំការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័នៅក្នុងក្រសួងយុត្តិធម៌នៅខេត្តកំពង់ធំ សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
«ទិសដៅគឺយើងចង់រៀបឲ្យអញ្ចឹងហើយ។ បច្ចុប្បន្នខាងខ្ញុំកំពុងតែរៀបចំសាកល្បងពីទិន្នន័យនៃរឿងជួញដូរឲ្យដំណើរការសិន។ នៅពេលណាទិន្នន័យនឹងដើរស្រួលហើយ ខ្ញុំនឹងរៀបចំឲ្យមានជាបទល្មើសព្រហ្មទណ្ឌទាំងអស់តាមក្រមព្រហ្មទណ្ឌតែម្ដង»។
តុលាការនៅក្នុងប្រទេសកម្ពុជាត្រូវគេរិះគន់ថា មានភាពទន់ខ្សោយទាំងលើមូលដ្ឋានឯករាជភាពពី នយោបាយ និងទាំងផ្នែកមូលដ្ឋានស្អាតស្អំពីអំពើពុករលួយ។
ក្រៅពីការជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្នុងតុលាការកម្ពុជា លោក គ្នុត រ៉ូសិនហក មានប្រសាសន៍ថា សាលាក្ដីខ្មែរក្រហមអាចក្លាយជាគំរូមួយសម្រាប់ឲ្យតុលាការក្នុងស្រុកយកទៅអនុវត្តតាមដូចជា ការផ្ដល់ភាពត្រឹមត្រូវក្នុងការបន្ធូរបន្ថយទោសដល់ជនជាប់ចោទដែលត្រូវបានរំលោភបំពានដោយនីតិវិធីរបស់តុលាការ ការផ្ទេរបទពិសោធន៍ដល់អ្នកក្មេងខ្ចីនៅក្នុងអាជីព ការប្រើប្រាស់នូវប្រព័ន្ធធានាសន្ដិសុខដល់សាក្សី ការបែងចែកឲ្យដាច់ស្រឡះពីការងាររដ្ឋបាលនិងការងាររបស់ចៅក្រមជាដើម។
លោក ឆេង សារឿន អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ប្រចាំទីស្ដីការគណៈរដ្ឋមន្ដ្រី មានប្រសាសន៍ថា ការលើកឡើងរបស់លោក គ្នុត រ៉ូសិនហក នឹងមានផលប្រយោជន៍សម្រាប់ក្រុមចៅក្រម និងព្រះរាជអជ្ញាកម្ពុជាយកជាបទពិសោធន៍សម្រាប់ការងាររបស់ពួកគេ៕