មន្រ្តីសង្គមស៊ីវិលលើកឡើងថា ដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ ខ្វះការទទួលបាន ព័ត៌មានគ្រប់គ្រាន់អំពីដំណើរការឆ្ពោះទៅរកការកាត់ទោសសំណុំរឿងនេះ។ ក៏ប៉ុន្តែមន្រ្តីសាលាក្តីខ្មែរក្រហមច្រានចោលសេចក្តីអះអាងនេះ។
មន្ត្រីឃ្លាំមើលដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមចំនួនពីរូបបានលើកឡើងនៅថ្ងៃពុធនេះថាដើមបណ្តឹងរដ្ឋប្បវេណីជាង២.០០០នាក់នៅក្នុងសំណុំរឿង០០២មិនបានទទួលព័ត៌មានគ្រប់គ្រាន់អំពីដំណើការឆ្ពោះទៅរកការកាត់ទោសជនសង្ស័យចំនួនបួននាក់នៅក្នុងសំណុំរឿងនេះទេ ហើយកត្តានេះ គឺជាបច្ច័យមួយប៉ះពាល់ទៅដល់យុត្តិធម៌ត្រឹមត្រូវរបស់ពួកគេ។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាដើមបណ្តឹងរដ្ឋប្បវេណីកំពុងតែត្រូវការព័ត៌មានអំពីការរីកចម្រើនទៅមុខនៃការកាត់ទោសនៅក្នុងសំណុំរឿង០០២ និងតួនាទីពួកគេនៅក្នុងសំណុំរឿងនេះ។
«ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងពេលនេះ គាត់រង់ចាំព័ត៌មានជាច្រើនអំពីការវិវត្តការប្រែប្រួលរបស់ សាលាក្តី។ ជាពិសេសព័ត៌មានជាមូលដ្ឋានអំពីដំណើរការនីតិវិធីអំពីពេលវេលា ពេលណា ព្រោះតុលាការ គឺវាជិតដល់ពេលហើយ»។
មានដើមបណ្តឹងរដ្ឋប្បវេណីសរុប២.១២២នាក់ ត្រូវបានទទួលស្គាល់ដោយសាលាក្តីខ្មែរក្រហមសម្រាប់សំណុំរឿង០០២នេះ។
សំណុំរឿងនេះ មានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធដែលសុទ្ធសឹងតែជាអតីតមេដឹកនាំកំពូលៗខ្មែរក្រហម។
តុលាការពិសេស គ្រោងនឹងធ្វើការកាត់ទោសជនសង្ស័យទាំងបួននាក់នេះ នៅខែមិថុនាឆ្នាំនេះ ចំពោះឧក្រិដ្ឋកម្មដែលពួកគេជាប់ពាក់ព័ន្ធដែលបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ជាងពីរលាននាក់។
លោកហង់ ឆៃយ៉ា នាយកប្រតិបត្តិវិទ្យាសា្ថនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យបានកត់សម្គាល់ដូចគ្នាដែរថា មេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីបានខ្វះចន្លោះនៅក្នុងការចុះទៅជួបជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីផ្តល់ព័ត៌មានដល់ពួកគេជាប្រចាំ។
លោកបានមានប្រសាសន៍ជាបន្ថែមថា ដើមបណ្តឹងរដ្ឋប្បវេណីត្រូវការដឹងថា តើសំណុំរឿងរបស់ពួកគាត់ត្រូវបានចាត់ការយ៉ាងដូចម្តេចនិងថាតើការកាត់ទោស និងប្រព្រឹត្តទៅយ៉ាងដូចម្តេច។
លោកហង់ ឆៃយ៉ា មានប្រសាសន៍ថាសម្រាប់អង្គការរបស់លោកដែលបានជួយសម្របសម្រួលដើមបណ្តឹងរដ្ឋប្បវេណីសរុប៧០០នាក់គឺមានតែដើមបណ្តឹងរដ្ឋប្បវេណីជាង១២០នាក់តែប៉ុណ្ណោះដែលបានទទួលព័ត៌មានផ្ទាល់និងជាប្រចាំពីអង្គការរបស់លោក ហើយលោកបញ្ជាក់ថានេះគឺជាកង្វល់មួយ។
«គឺអត់មានបានដំណឹងអ្វីពេញលេញ។ ឥឡូវដូចថា វានៅគាំងអត់មានអ្នកណាជួយគាត់សោះអាហ្នឹងជាការព្រួយបារម្ភ។ ហើយនេះ វាជាយុត្តិធម៌អប្បបរមា ដែលយើងអត់បានគិតគូ»។
លោកពេជ្រ អង្គ សហមេធាវីនាំមុខសម្រាប់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីមានប្រសាសន៍ថាលោក មិនពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយជូនដំណឹងទៅដល់ជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីនោះទេ ក៏ប៉ុន្តែលោកបានលើកឡើងថាមានការផ្សព្វផ្សាយព័ត៌មានជាច្រើនពីដំណើរការរបស់សាលាក្តីខ្មែរក្រហម។ ក៏ប៉ុន្តែវានៅតែជាការលំបាកនៅឡើយ។
ដោយឡែកលោកអ៊ឹម សុភា មន្រ្តីផ្នែកផ្សព្វផ្សាយរបស់អង្គភាពគាំទ្រជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហមបានច្រានចោលការលើកឡើងខាងលើនោះ។
«ខ្ញុំគិតថា ការលើកឡើងនោះ វាមិនគ្រប់ជ្រុងជ្រោយនោះទេ ពីព្រោះអង្គភាពគាំពារជនរងគ្រោះ បានប្រើមធ្យោបាយផ្សេងៗ ទាំងវិទ្យុ ទាំងសារព័ត៌មានបោះពុម្ព ហើយនឹងធ្វើវេទិកាតាមខេត្តជាច្រើនដែលឲ្យដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង០០២ចូលរួមម្តងៗវា ៣៥០នាក់ ហើយក្នុងចំណោមនោះ យើងធ្វើវេទិកាបី វាបាន១.០០០ជាងរួចទៅហើយ។ យើងនឹងធ្វើពីរទៀតសឹងតែគ្រប់អស់ទៅហើយ»។
លោកអ៊ឹម សុភា មានប្រសាសន៍ថាមន្រ្តីសាលាក្តីខ្មែរក្រហមនិងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានប្រាប់ពីនីតិវិធី លក្ខណៈផ្តល់សំណងនិងផ្តល់ព័ត៌មានថ្មីៗនៃដំណើរការកាត់ទោសនៅក្នុងសំណុំរឿង០០២នេះទៅដល់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។ ក៏ប៉ុន្តែលោកឡាត់ គី និងលោកហង់ ឆៃយ៉ា គិតថា ការផ្សព្វផ្សាយរបស់អង្គភាពគាំទ្រជនរងគ្រោះតាមរយៈការធ្វើវេទិកាសាធារណៈនៅតាមបណ្តាខេត្ត ពុំអាចផ្តល់ព័ត៌មានគ្រប់គ្រាន់ទៅដល់ជនរងគ្រោះនោះទេ៕