ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​ប្រជុំគ្នា​មើល​វិធាន​ផ្ទៃក្នុង​ពេល​ដែល​ករណី​០០២​ជិត​មក​ដល់


ទិដ្ឋភាព​​ទូទៅ​​នៃ​សាលាក្ដី​​កាត់ទោស​អតីត​មេដឹក​​ខ្មែរ​ក្រហម។​​
ទិដ្ឋភាព​​ទូទៅ​​នៃ​សាលាក្ដី​​កាត់ទោស​អតីត​មេដឹក​​ខ្មែរ​ក្រហម។​​

ក្រុម​ចៅក្រម​និង​ព្រះរាជអាជ្ញា​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​បើក​កិច្ច​ប្រជុំ​ពេញអង្គ​លើក​ទី៩ ​របស់​ខ្លួន​នៅ​ថ្ងៃច័ន្ទ​នេះ​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​វិធាន​ផ្ទៃក្នុង​ចាំបាច់​មួយ​ចំនួន។ ចៅក្រម​អន្ដរជាតិ​ដែល​បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​នោះ​បាន​រំលឹក​ពី​ឯករាជ្យភាព​របស់​ចៅក្រម​សម្រាប់​ជា​ប្រយោជន៍​យុតិ្ត​ធម៌​ដល់​ជន​រងគ្រោះ។ កិច្ចប្រជុំ​ពេញអង្គ​រយៈ​ពេល​បីថ្ងៃ​នេះ​នឹង​បញ្ចប់​នៅថ្ងៃ​ពុធ​សប្ដាហ៍​នេះ។

លោកស្រី​ចៅក្រម ​ស៊ីលវៀ ខាតរ៉ាយ​ ( Sylvia Cartwright) ​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​ដែល​គេ​ស្គាល់ថា​ សាលាក្ដី​ខ្មែរ​ក្រហម​ថា​ ភាព​គ្មាន​លម្អៀង​របស់​ចៅក្រម​និង​ការកាត់ក្ដី​បានត្រឹម​ត្រូវ​គឺជា​កត្តា​ដែល​នឹង​នាំ​មក​នូវ​ជោគជ័យ​របស់​សាលាក្ដី​ខ្មែរក្រហម។

«តុលាការ​មួយ​អាច​ចាត់ទុក​ថាន​ទទួល​បាន​ជោគជ័យ​ ប្រសិន​បើ​តុលាការ​នោះ​បាន​បំពេញ​នូវ​ល័ក្ខខ័ណ្ឌ​មួយ​ចំនួន​ ដូចជា​តុលាការ​នោះ​កាត់ក្ដី​បាន​យុត្តិធម៌​ត្រឹមត្រូវ ​មាន​តម្លាភាព ​ការកាត់ក្ដី​បាន​លឿន ​ការ​ផ្ដន្ទាទោស​ត្រូវបាន​កម្រិត​ក្នុង​គោលការណ៍​ច្បាប់ ​ ហើយ​ចៅក្រម​របស់​តុលាការ​នោះ​ឯករាជ្យ​និងមិន​លម្អៀង»។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​អៀង សារី ​អតីត​ឧប​នាយករដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​ខ្មែរក្រហម ​និង​ភរិយា​របស់​គាត់ ​អៀង ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច ​បាន​ប្ដឹង​ដិតចិត្ដ​ជា​បន្តបន្ទា​ប់ចាប់តាំង​ពីដើម​ខែ​កុម្ភៈ​នេះ​មក​ ដើម្បីទាមទារ​ឲ្យ​ព្យួរ​តួនាទី​របស់​លោ​កចៅក្រម ​និល ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ក្រោម​ការចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​ក្នុង​ពេល​អតីត​កាល​នៃ​ការងារ​របស់​លោក​និង​បណ្ដឹង​ដិតចិត្ត​ដើម្បី​ឲ្យ​មាន​ការ​ដក​ចៅក្រម​ទាំងប្រាំរូប​របស់​សាលាដំបូង​ចេញពី​ការកាត់​ទោស ​ក្នុង​ សំណុំរឿង​ ០០២ ​ដោយ​ចោទថា​ចៅក្រម​ទាំង​ប្រាំ​នាក់​មាន​ភាព​លម្អៀង​ក្នុងការ​កាត់ក្ដី​សំណុំរឿង​០០១​របស់​កាំង ហ្កេកអ៊ាវ ​ហៅ​ ឌុច ​អតីត​ប្រធាន​មន្ទីរស​ ២១ ​ឬ​គុក​ទួលស្លែង។

នៅ​ក្នុង​សំណុំរឿង​០០២ មាន​ជន​ជាប់​ចោទ​សុទ្ធសឹង​ជា​អតីត​មេដឹកនាំ​កំពូលៗ​ខ្មែរក្រហម ​ដូចជា​នួន ជា ​ ខៀវ សំផន​ អៀង សារី ​និង​អៀង ធីរិទ្ធ។

ដោយ​ឡែក​សាលាក្ដី​ខ្មែរក្រហម​គ្រោង​នឹង​បើក​សវនាការ​ស្ដីពីបណ្ដឹង​ឧទ្ធរណ៍ក្នុង​សំណុំ​រឿង​០០១ នៅ​ក្នុងខែ​មិនា​ខាងមុខ​នេះ។ យោង​តាម​លោក​ចៅក្រម​ គង់ ស្រ៊ីម​ ប្រធាន​កិច្ច​ប្រជុំ​ពេញអង្គ​បាន​ឲ្យ​ដឹង​ថា ​លទ្ធផល​នៃ​ការជម្រះ​ក្ដី​នេះ​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ឲ្យដឹង​នៅ​ចុងខែ​មិថុនា​ដែរ។

នៅ​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​ពេញអង្គ ​លោក​ចៅក្រម ​គង់ ស្រ៊ីម ​បាន​គូស​បញ្ជាក់​ថា​គណៈកម្មការ​រដ្ឋបាល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ធ្វើការ​ឯកភាព​លើ​សមាសភាព​នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ដែល​ទាក់ទង​ទៅនឹង​បណ្ដឹង​ដិតចិត្ត​របស់​ក្រុម​មេធាវី​រួច​ហើយ។ ក៏ប៉ុន្ដែ​លោក​មិនបាន​បង្ហាញ​ព័ត៌មាន​ ពិស្ដារ​បន្ថែម​ទៀត​នោះទេ។

សូម​បញ្ជាក់​ថា​ ក្នុង​រយៈពេល​បីថ្ងៃ​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ ក្រុម​ចៅក្រម​ និង​សហ​ព្រះរាជ​អាជ្ញា​នឹង​ជជែក​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​វិធាន​ផ្ទៃក្នុង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការពង្រឹង​បន្ថែម​ដល់​ដំណើរការ​នីតិវិធី​ចំពោះ​មុខ ​ការ​កែសម្រួល​នីតិវិធី​សម្រាប់​ឲ្យមាន​ប្រសិទ្ធភាព​សម្រាប់​បណ្ដឹង​ឧទ្ធរណ៍​ទៅកាន់​អង្គជំនុំជម្រះ​តុលាការ​កំពូល​ជាដើម។

លោកស្រី​ចៅក្រម​ Sylvia Cartwright ​បញ្ជាក់​បន្ថែមថា ​គឺជា​ផលប្រយោជន៍​បន្ថែម​មួយ​ប្រសិនបើ​បញ្ហា​ផ្លូវ​ច្បាប់​ដែល​ក្រុម​ចៅក្រម ​និង​ព្រះរាជអាជ្ញា​របស់​សាលាក្ដី​ខ្មែរ​សម្រេច​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នេះ​អាច​ជួយ​អភិវឌ្ឍ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្ដរជាតិ ​និង​ជួយទៅ​ដល់​ប្រព័ន្ធ​តុលាការ​ក្នុងស្រុក​នោះ៕

XS
SM
MD
LG