ក្រុមចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជាក្នុងសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារនេះបានបង្ហាញប្រតិកម្មតិចតួចទៅនឹងការចេញផ្សាយជាសាធារណៈរបស់គេហទំព័រវីគីលីកស៍ (Wikileaks) ដែលបានរិះគន់ពួកខ្លួន ដោយចាត់ទុកថា នោះគឺជាការបញ្ចេញទស្សនៈជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ។
គេហទំព័រ វីគីលីកស៍ ដែលស្រង់ទូរសារធ្លាយចេញកាលពីឆ្នាំ២០០៦ពីស្ថានទូតអាមេរិកក្នុងក្រុងភ្នំពេញ បានសរសេរកាលពីសប្ដាហ៍មុនថា ការតែងតាំងលោកធូ មុណី និងលោកយ៉ា សុខន ឲ្យធ្វើជាចៅក្រមរបស់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមគឺជាការតែងតាំងមិនត្រឹមត្រូវ។ ការតែងតាំងលោក ន័យ ថុល ឲ្យធ្វើជាចៅក្រមមួយរូបនៃអង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមគឺជាការតែងតាំងមានលក្ខណៈ«ស្មោគគ្រោក»។
គេហទំព័រវីគីលីកស៍ បានបរិយាយថា លោកធូ មុណី ធ្លាប់ធ្វើជាចៅក្រមនៃសាលាឧទ្ធរណ៍ ហើយបានកាត់ក្ដីដោះលែងក្មួយប្រុសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បន្ទាប់ពីក្មួយប្រុសរបស់លោក ហ៊ុន សែន ម្នាក់នោះត្រូវបានផ្ដន្ទាទោសដោយសារការបាញ់ប្រហារបណ្ដាលឲ្យជនស៊ីវិលស្លាប់ចំនួនបីនាក់។ ដោយឡែកលោក យ៉ា សុខន ត្រូវបានដាក់ពិន័យដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមកាលពីឆ្នាំ ២០០៥ដោយសារការមិនព្រមដោះលែងពិរុទ្ធជនដែលផុតកំណត់នៃការឃុំខ្លួន។
គេហទំព័រវីគីលីកស៍ ក៏បានបរិយាយបន្ថែមដែរថា លោក ន័យ ថុល អតីតប្រធានតុលាការយោធាដែលធ្លាប់កាត់ក្ដីឲ្យលោក ជាម ចន្នី ដែលជាតំណាងរាស្ដ្រគណបក្សប្រឆាំងសម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ហើយដែលការកាត់ក្ដីនោះទទួលរងការរិះគន់ដោយសហគមអន្ដរជាតិជាខ្លាំង។
លោកចៅក្រមន័យ ថុល បានឆ្លើយតបដោយចំអកបន្ដិចបន្តួចថា ការដាក់ទោសនោះដោយសារតែរកឃើញថា តំណាងរាស្ដ្រគណបក្សប្រឆាំងរូបនេះមានកំហុស។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំដឹងដែរ។ ខ្ញុំឮដែរ។ ប៉ុន្ដែទុកឲ្យអ្នកសរសរនោះគិតខ្លួនឯងទៅ។ បើគេជាអ្នកប្រាជ្ញទៅហើយនោះ។ ដូចជាករណីដែលថា កាត់ជាម ចន្នី នោះ គឺថា យើងកាត់ក្ដីតែម្នាក់នេះ ក្នុងចំណោមប្រជាពលរដ្ឋ១៤លាននាក់ ដោយសារតែគាត់ខុស។ ហើយខ្ញុំមិនកាត់ក្ដីតថ្លៃយកលុយដូចទីផ្សារឯណា។ ដូច្នេះឲ្យគេគិតខ្លួនឯងទៅ។ គេសុទ្ធតែមានខួរក្បាល និងមានសមត្ថភាព»។
ដោយឡែកលោកចៅក្រម ធូ មុណី នៃអង្គជំនុំជម្រះសាលាដំបូងសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា បេសកម្មរបស់លោកនៅសាលាក្ដីខ្មែរក្រហមគឺដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ។ លោកមិនចាប់អារម្មណ៍ច្រើនចំពោះការលាតត្រដាងរបស់គេហទំព័រវីគីលីកស៍នោះទេ។ លោកបន្ថែមថា៖
«នេះជាមតិផ្ទាល់ខ្លួនរបស់គេនិមួយៗ។ សំខាន់មិនមែនតែគាត់ម្នាក់នោះមើលឃើញនោះទេ គឺមហាជនទូទៅមើលឃើញ។ ធម្មតាជាចៅក្រមកាត់ក្ដីមិនអាចធ្វើឲ្យភាគីទាំងអស់សប្បាយនោះទេ។ អ្នកដែលមិនបានដូចបំណងនឹងមិនសប្បាយចិត្តនោះឡើយ។ ខ្ញុំអត់មានចាប់អារម្មណ៍អ្វីទេរឿងនេះ»។
នៅក្នុងការទម្លាយទូរសារសម្ងាត់នោះ គេហទំព័រវីគីលីកស៍ បានបង្ហាញបន្ថែមទៀតថា ការតែងតាំងលោកស្រី ជា លាង ជាសហព្រះរាជអជ្ញាកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហមបានបង្ហាញពីបក្ខពួកនិយមដោយសារតែលោកស្រីជា លាងត្រូវជាក្មួយស្រីរបស់លោកសុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណរដ្ឋមន្ដ្រីតាមចំណងអាពាហ៍ពិពាហ៍។ លោកស្រី ជា លាង មិនអត្ថាធិប្បាយចំណុចនេះទេ។ លោកថ្លែងថា៖
«ខ្ញុំអត់មានអត្ថាធិប្បាយអ្វីទេ គ្រាន់តែត្រូវសួរទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទៅអំពីការជ្រើសរើសនេះ»។
គេហទំព័យវីគីលីកស៍ដដែលបានលើកសរសើរថា ការតែងតាំងលោកចៅក្រម យូ ប៊ុនឡេង ជាសហចៅក្រមស៊ើបអង្កេត និងលោកគង់ ស្រ៊ីម ជាចៅក្រមប្រធានអង្គជំនុំជម្រះតុលាការកំពូល គឺជាជម្រើសល្អ។ សូមបញ្ជាក់ថា គេហទំព័រ វីគីលីកស៍បានបញ្ចេញឯកសារដែលជាទូរសារសម្ងាត់សរុបចំនួន៧៧៧ ដែលមានកាលបរិច្ឆេទចាប់ពីខែមិនា ឆ្នាំ ១៩៩២ ដល់ខែកុម្ភៈ ឆ្នាំ ២០១០។ ឯកសារទាំងនេះបានបើកកកាយយ៉ាងពិស្ដារ ដែលភាគច្រើនពីនយោបាយផ្ទៃក្នុង និងរបត់នយោបាយរបស់កម្ពុជា។
ប្រមុខការទូតខ្មែរ លោក ហោ ណាំហុង បានកោះហៅលោក ចេហ្វ ដេហ្កល (Jeff Daigle) ភារធារីស្ដីទីអមស្ថានទូតអាមេរិកមកពន្យល់ក្នុងការធ្លាយឯកសារទាំងនេះ។ ទាំងខាងភាគីកម្ពុជា ទាំងខាងភាគីសហរដ្ឋអាមេរិកសុទ្ធតែបានអះអាងដូចគ្នាថា ការលេចធ្លាយឯកសារសម្ងាត់មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិកទេ៕