ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​នៅ​តែ​អាច​រក្សា​តំណែង​ទោះ​មាន​បណ្តឹង​ជំទាស់


ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​នៅ​តែ​អាច​រក្សា​តំណែង​ទោះ​មាន​បណ្តឹង​ជំទាស់
ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​នៅ​តែ​អាច​រក្សា​តំណែង​ទោះ​មាន​បណ្តឹង​ជំទាស់

ចៅក្រម​និង​ចៅក្រម​បម្រុង​សរុប​ចំនួន​ប្រាំរូប ​មកពី​អង្គ​បុរេ​ជំនុំជម្រះ​សាលាដំបូង​និងអង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​ច្រានចោល​កាលពី​ថ្ងៃពុធ​នូវ​បណ្តឹង​ដិតចិត្ត​ទាមទារ​ឲ្យ​ប្តូចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​សម្រាប់​ការ​កាត់​ក្តី​សំណុំ​រឿង​០០២។

ការ​បដិសេធ​នេះធ្វើ​ឡើង​នៅ​ពេល​ដែល​ការ​កាត់ក្តី​សំណុំ​រឿង​០០២នេះ ​ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​ខែ​មិថុនា​ឆ្នាំ២០១១នេះ។

ក្រុម​មេធាវី​របស់​ជន​ជាប់ចោទ ​អៀង សារី​ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​មេធាវី​របស់​អៀង ធីរិទ្ឋិ​ ដែលត្រូវ​ជាប្រពន្ឋ​របស់​អៀង សារី ​និង​ជាអតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គម​កិច្ច​ខ្មែរក្រហម ​និង​មេធាវី​របស់​នួន ជា អតីត​ប្រធាន​សភា​ខ្មែរក្រហម​ បា​នប្តឹង​ទាមទារ​ឲ្យ​ប្តូរ​ចៅក្រម​ចំនួន​ប្រាំរូបរ​បស់​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរ ក្រហម​ ដែល​រួម​មាន ​លោក​និល ណុន ​លោកស្រី​ចៅក្រម​ ស៊ីលវា ខាតរ៉ៃ (Sylvia Cartwrigh) លោក​ចៅក្រម​ ឌ្យីនម៉ាក ឡេវ័រដ្យណេ (Jean-Marc Levergne)​ លោក​ចៅក្រម​ យ៉ា សាខន​ និង​លោក​ចៅក្រម​ធូ មុនី ​ដោយ​ចោទប្រកាន់​ពីការ​កាត់ក្តី​លំអៀង​ និង​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ។

នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន ចៅក្រម​ទាំងប្រាំ​រូប​ មក​ពី​អង្គជំនុំ​ជម្រះ​ទាំងបី​ បាន​លើកឡើង​ថា ក្រុម​មេធាវី​របស់​អៀង ធីរិទ្ឋិ ​បាន​ខកខាន​ក្នុងការ​បង្ហាញ​អំពី​អង្គហេតុ​ជាក់លាក់​ និង​សេចក្តី​សំអាង​ទៅ​លើ​ អង្គច្បាប់។ រីឯ​មេធាវី​របស់​នួន ជា ​មាន​មូលដ្ឋាន​តិចតួច​នៅ​ក្នុង​បណ្តឹង​របស់​ខ្លួន។

ក្រុមចៅក្រម​ក៏បាន​ច្រានចោល​សំណើ​របស់​ក្រុម​មេធាវី​អៀង សារី ​ដែល​សុំឲ្យ​ផ្អាក​នីតិ​វិធី​នៅក្នុង ពេល​ដែល​រង់ចាំ​សេចក្តី​សម្រេច​ទៅលើ​បណ្តឹង​ដិតចិត្ត​នេះ​ហើយ​ក៏បាន​បដិសេធ​ការសុំ​ឲ្យមាន​ការ​បើក សវនការ​ផ្ទាល់មាត់។

សហមេធាវី​របស់​នួន ជា ​និង​សហមេធាវី​របស់​ជនជាប់ចោទ​អៀង ធីរិទ្ឋិ​ មិនអាច​ធ្វើ​ទំនាក់ទំនង​បាន ទេ ​នៅថ្ងៃនេះ។ ក៏​ប៉ុន្តែ​លោក អាង ឧត្តម​ សហមេធាវី​កម្ពុជា​ការពារក្តី​ឲ្យ​អៀង សារី ​មាន​ប្រសាសន៍​ថា​ ការ សម្រេច​របស់​ក្រុម​ចៅ​ក្រម​ខាង​លើ​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​ បន្ត​ថា៖

«គេ​ពិចារណា​ឃើញ​ផ្សេង​ពី​យើង។ យើង​មើល​ឃើញ​ថា​ វា​មិន​សមរម្យ ​មិន​ត្រឹម​ត្រូវ»។

នួន ជា​ អៀង សារី ​អៀង ធិរិទ្ឋិ ​រួមទាំង​ខៀវ សំផន​ នៅក្នុង​សំណុំរឿង​០០២នេះ ​ត្រូវចោទ​ប្រកាន់​អំពី ឧក្រិដ្ឋកម្ម​សង្រ្គាម​ ឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ និង​បទប្រល័យ​ពូជសាសន៍ ​ទាក់ទង​ទៅ​នឹង​ការស្លាប់ របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១.៧លាន​នាក់ ។

អ្នក​ជំនាញការ​ច្បាប់​ធ្លាប់​បាន​លើកឡើង​ថា បណ្តឹង​ដិតចិត្ត​ដើម្បី​ទាមទារ​ឲ្យដក ​ឬ​ក៏​ប្តូរ​ចៅក្រម​ពី សំណាក់​ក្រុម​មេធាវី​ការពារក្តី​តែងតែ​កើតមាន​ឡើង​នៅក្នុង​តុលាការ​អន្តរជាតិ។ ក៏​ប៉ុន្តែ​នោះ​គ្រាន់តែ​ជាការ តវ៉ា​ដែល​មិន​ធ្លាប់​មាន​ជោគជ័យ​នោះ​ឡើយ៕

XS
SM
MD
LG