បន្ទាប់ពីសារព័ត៌មានដ៏មានវ័យចំណាស់បំផុតមួយរបស់សហរដ្ឋអាមេរិកបានបញ្ចេញខ្លឹមសារនៃឯកសារសម្ងាត់របស់សាលាក្ដីដែលបានលេចធ្លុះធ្លាយជាបន្ដបន្ទាប់ សហចៅក្រមស៊ើបអង្កេតបានចេញសេចក្ដីព្រមានជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងចាត់ការចំពោះការផ្សព្វផ្សាយបែបនេះដែលនាំឲ្យខូចប្រយោជន៍ដល់សាលាក្ដី។
ចាប់តាំងពីសប្ដាហ៍មុនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ កាសែតតាមប្រព័ន្ធអេឡិកត្រូនិក និងជាកាសែតបោះពុម្ពប្រចាំសប្ដាហ៍របស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Christian Science Monitor ដែលមានកំណើតចាប់តាំងពីឆ្នាំ១៩០៨មកម្ល៉េះ បានចេញផ្សាយជាបន្ដបន្ទាប់នូវអត្ថបទលេចធ្លាយឯកសារសម្ងាត់របស់សាលាក្ដីខ្មែរក្រហមទាក់ទងទៅនឹងសំណុំរឿង០០៣។ ហើយជាមួយគ្នានោះដែរ ទីភ្នាក់ងារព័ត៌មានរបស់សហរដ្ឋអាមេរិក Associated Press ក៏បានចេញផ្សាយនូវឯកសារលេចធ្លាយដែលខ្លួនទទួលបានផងដែរនៅក្នុងសំណុំរឿងដូចគ្នានេះ។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី៩មិថុនា ហើយត្រូវផ្សាយឡើងវិញនៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោក ស៊ីកហ៊្រ្វិក ប៊្លុង បានលើកឡើងថា ខ្លួនបានទទួលព័ត៌មានជាក់លាក់ថាមានការទម្លាយឯកសារសម្ងាត់ចេញទៅក្រៅតុលាការហើយសហចៅក្រមទាំងពីរបានសរសេរថាខ្លួនព្រមានដល់ជនទាំងឡាយណាដែលបោះពុម្ពផ្សាយនូវព័ត៌មានទាំងនោះតាមនីតិវិធីនៃវិធានទី៣៥របស់វិធានផ្ទៃក្នុង។ វិធាននេះដែលចែងថា បុគ្គលដែលផ្សាយព័ត៌មានសម្ងាត់ ដោយរំលោភទៅនឹងដីការបស់សហចៅក្រមស៊ើបអង្កេតឬអង្គជំនុំជម្រះអាចនឹងត្រូវដាក់ទណ្ឌកម្ម ឬ បញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ច។
នៅក្នុងការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃទី១០និងថ្ងៃទី១៥មិថុនាសារព័ត៌មាន Christian Science Monitor បានធ្វើសម្រង់ឯកសារលេចធ្លាយដែលខ្លួនទទួលបាននោះដោយបញ្ចេញឈ្មោះចំៗនូវជនសង្ស័យដែលព្រះរាជអាជ្ញាលើកឡើងនៅក្នុងឯកសាររបស់ខ្លួន គឺលោក ស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាសខ្មែរក្រហម និងលោកមាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម។
កាសែតដដែលសរសេរថា ព្រះរាជអាជ្ញាចោទពីការទទួលខុសត្រូវរបស់បុគ្គលទាំងពីរក្នុងឧក្រិដ្ឋកម្មដូចជា ការធ្វើទារុណកម្ម ការសម្លាប់ និងការបង្ខំឲ្យធ្វើពលកម្ម។
កាសែតសរសេរថា លោកមាស មុត និងលោកស៊ូ ម៉េត បានចូលរួមក្នុងផែនការឧក្រិដ្ឋកម្មដើម្បីបន្សុតក្នុងជួរកងទ័ពបដិវត្តន៍ហើយយ៉ាងហោចណាស់មនុស្សរាប់ពាន់នាក់ និងប្រហែលរាប់ម៉ឺននាក់បានស្លាប់។
កាសែតដែលមានទីតាំងនៅសហរដ្ឋអាមេរិកដដែលបន្ថែមថាព្រះរាជអាជ្ញាបានស្នើឲ្យសហចៅក្រមស៊ើបអង្កេតឃុំខ្លួនពួកគេក៏ប៉ុន្ដែចៅក្រមធ្វើមិនដឹងមិនឮ។
លោកហ៊ុយ វណ្ណៈ មន្ដ្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា បើទោះជាមានការព្រមានរបស់សហចៅក្រមស៊ើបអង្កេតក៏ដោយ ក៏សាលាក្ដីខ្មែរក្រហមមិនទាន់មានវិធានការណាមួយទៅលើការផ្សព្វផ្សាយនានានោះនៅឡើយទេ។
«គ្រាន់តែបញ្ជាក់ថាឯកសារផ្លូវការមានតែចេញពីសាលាក្តីទេ ឯកសារដែលខុសអំពីការអនុញ្ញាតសាលាក្តី វាជាការរំលោភទៅនឹងអ្វីដែលគេហៅកិច្ចការសម្ងាត់របស់សាលាក្តី»។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ មានប្រសាសន៍ថា បុគ្គលដែលទម្លាយឯកសារសម្ងាត់នេះចេញពីតុលាការគឺក្នុងចេតនាជំរុញសំណុំរឿង០០៣និង០០៤ចុងក្រោយនេះឲ្យដំណើរការទៅមុខ។ ហើយលោកគិតថា សាលាក្ដីខ្មែរក្រហមមិនមានអ្វីគួរដាក់ទណ្ឌកម្មទៅដល់សារព័ត៌មាននោះឡើយ ដោយសារតែព័ត៌មានដូចនេះត្រូវបានគេលេចឮរួចជាយូរមកហើយ។
«ការផ្សាយនេះ ខ្ញុំមើលទៅប៉ះពាល់រឿងសិទ្ធិជនជាប់ចោទ ក៏ប៉ុន្តែទាក់ទងរឿងអ្នកទំាំងពីរនាក់ គេដឹងយូរហើយ។ បើសិនជាអត់មានការប្រឹងបញ្ចេញមតិបែបនេះទេ។ ខ្ញុំមើលទៅ គឺថាចៅក្រមស៊ើបអង្កេតប្រហែលជាបញ្ចប់ហើយ»។
សំណុំរឿង០០៣និង០០៤ បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្លារវាងប្រទេសកម្ពុជា ដែលចង់ខ្ទប់សំណុំរឿងនេះមិនឲ្យចេញរួចនិងអង្គការសហប្រជាជាតិ ដែលជំរុញឲ្យមានការកាត់ក្ដីមួយយ៉ាងពេញលេញ។ រយៈពេលចុងក្រោយនេះសហព្រះរាជអាជ្ញាបរទេសលោកអែនឌ្រូ ខេលី (Andrew Cayley) បានត្រូវគេមើលឃើញថា បានពុះពារយ៉ាងខ្លាំងក្លា ដើម្បីដាក់បញ្ហាសំណុំរឿងទាំងពីរមកលើតុ ដោយសង្គមស៊ីវិលព្រួយបារម្ភជាញឹកញាប់ខ្លាចសំណុំរឿងទាំងនេះត្រូវរំលត់ចោលដោយភាពស្ងាត់ស្ងៀមបំផុត៕