ភ្នំពេញ៖ សាលាក្ដីខ្មែរក្រហម នៅថ្ងៃពុធនេះ បានបដិសេធថា មិនទាន់មានការស៊ើបអង្កេតដល់ទីកន្លែងណាមួយសម្រាប់សំណុំរឿង ០០៣ និង ០០៤ នោះទេ។ ការបដិសេធនេះ បានធ្វើឲ្យមានភាពផ្ទុយគ្នានឹងសេចក្ដីអះអាងរបស់អតីតសហចៅក្រមស៊ើបអង្កេតសញ្ជាតិបារាំងដែលបានលាលែងពីការងារ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញដោយការិយាល័យសហចៅក្រមស៊ើបអង្កេតបានអះអាងថា៖
«នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ មិនមានការចុះស៊ើបអង្កេតណាមួយកំពុងត្រូវធ្វើឡើងនៅទីកន្លែងឧក្រិដ្ឋកម្មនោះទេ »។
សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ភារកិច្ចរបស់ក្រុមការងាររបស់សហចៅក្រមស៊ើប កំពុងពិនិត្យ និងវិភាគលើឯកសារនានាដែលមានក្នុងសំណុំរឿង ០០៣ និង ០០៤ នេះ ជាពិសេសឯកសារដែលមានស្រាប់នៅក្នុងសំណុំរឿង ០០១ និង សំណុំរឿង ០០២។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម ពន្យល់ថា សេចក្ដីថ្លែងការណ៍របស់ការិយាល័យសហចៅក្រមស៊ើបអង្កេតធ្វើឡើងដើម្បីបញ្ចៀសការភ័ន្ដច្រឡំណាមួយបន្ទាប់ពីមានការផ្សព្វផ្សាយទាក់ទងនឹងការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេតក្នុងសំណុំរឿងថ្មីនោះ។ ទោះជាយ៉ាងណា លោក រាជ សម្បត្តិ បដិសេធផ្ដល់ព័ត៌មានថា តើពេលណាទើបក្រុមស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតនឹងចាប់ផ្ដើមធ្វើការស៊ើបអង្កេតដល់កន្លែងឧក្រិដ្ឋកម្មដែលបានកើតឡើងកាលពីជាង ៣០ ឆ្នាំមុននោះ ដោយលោកចាត់ទុកថា នោះគឺជាការសម្ងាត់របស់តុលាការ។
កាលពីខែឧសភា ឆ្នាំ ២០១០ អតីតសហចៅក្រមស៊ើបអង្កេតសញ្ជាតិបារាំង លោក ម៉ាកសែល ឡឺម៉ុង បានអះអាងថា ក្រុមការងារស៊ើបអង្កេតលើសំណុំរឿង ០០៣ និងសំណុំរឿង ០០៤ មួយត្រូវបានបង្កើតឡើងរួចរាល់ហើយ ហើយក្រុមអ្នកស៊ើបអង្កេតដល់ទីកន្លែងនឹងចាប់ផ្ដើមការងាររបស់ពួកគេ។ ក៏ប៉ុន្ដែនឹងពុំមានការចាប់ខ្លួនណាមួយទេ លុះណាតែសំណុំរឿងដ៏មានសារៈសំខាន់ ០០២ ត្រូវបិទបញ្ចប់ជាមុនសិន។
សំណុំរឿង ០០២ នេះដែលមានជនជាប់សង្ស័យ នួន ជា ខៀវ សំផន អៀង សារី និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ។ ជនជាប់ចោទទាំងបួនត្រូវគេរំពឹងថា នឹងត្រូវនាំខ្លួនចូលកាត់ទោសនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០១១នេះ ពីការទទួលខុសត្រូវរបស់ពួកគេក្នុងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជារហូតដល់ ២,២ លាននាក់។
លោក ឡាស អលសិន មន្រ្ដីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា ក្រុមអ្នកស៊ើបអង្កេតធ្លាប់បានចុះទៅស្រាវជ្រាវដល់មូលដ្ឋានកាលពីពេលមុន ប៉ុន្ដែពួកគេបានបញ្ឈប់ទៅវិញនៅពេលនេះ។
«ធ្លាប់មានការស៊ើបអង្កេតដល់ទីកន្លែងដោយក្រុមអ្នកស៊ើបអង្កេតអន្ដរជាតិ។ ប៉ុន្ដែឥឡូវនេះ ការិយាល័យសហចៅក្រមស៊ើបអង្កេតកំពុងផ្ដោត ឬវិភាគលើអ្វីៗដែលទាក់ទងសំណុំរឿងទាំងពីរចុងក្រោយនេះ»។
លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការ OSJI របស់សហរដ្ឋអាមេរិក យល់ឃើញថា សេចក្ដីថ្លែងការណ៍របស់ការិយាល័យសហចៅក្រមស៊ើបអង្កេតនៅថ្ងៃនេះ គ្រាន់តែបានបង្ហាញថា ក្រុមចៅក្រមស៊ើបអង្កេតកំពុងសិក្សាសំណុំរឿង ០០៣ និង ០០៤ នៅពីមុខរបស់គេ ប៉ុន្ដែលោកយល់ថា នេះជាជំហានយឺតយ៉ាវណាស់។
«ខ្ញុំយល់ឃើញថាមានរយៈពេលយូរខែ យូរឆ្នាំមកហើយដែរ។ ដូច្នេះគេគួរតែបានព័ត៌មានឲ្យបានច្រើនជាងនេះ ទាក់ទងទៅនឹងការរីកចម្រើនក្រៅអំពីព័ត៌មានដែលថា សហចៅក្រមស៊ើបអង្កេតទាំងពីរកំពុងតែអានសំណុំរឿងនោះ»។
លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន ធ្លាប់បានបង្ហាញជំហរជាសាធារណៈជាច្រើនដងថាការចាប់ខ្លួនជនសង្ស័យណាមួយបន្ថែមក្រៅពីសំណុំរឿង០០១ និង ០០២ ដែលតុលាការពិសេសកំពុងចាត់ការនោះអាចនឹងនាំឲ្យប៉ះពាល់ដល់សន្ដិសុខ ស្ថេរភាពសង្គមរបស់កម្ពុជា។ លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជា ក៏បានអះអាងដូចគ្នានេះដែរក្នុងការជំទាស់របស់លោកស្រីចំពោះការស្នើឲ្យមានការស៊ើបអង្កេតលើសំណុំរឿងបន្ថែមពីភាគីអន្ដរជាតិនៅក្នុងសាលាក្ដីខ្មែរក្រហមនោះ។ ដោយឡែកសហចៅក្រមស៊ើបអង្កេតកម្ពុជាក៏បានជំទាស់ មិនសហការក្នុងការចាប់ផ្ដើមស៊ើបអង្កេតករណីនេះដែរ៕