ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ចៅក្រម​ស៊ើប​អង្កេត​សាលាក្ដី​ខ្មែរ​ក្រហម​មិន​ចុះ​សម្រុង​គ្នា​ ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ ០០៣​ នឹង​ ០០៤


ក្រុម​ចៅ​ក្រម​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​ជា​ចំហ​ ក្នុង​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជន​សង្ស័យ​ចំនួន​ ៥​ នាក់​បន្ថែម​ទៀត។​ អ្នក​ឃ្លាំ​មើល​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម​ ចាត់​ទុក​ថា​ ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ទាំង​នេះ​ ក្នុង​ពេល​នេះ​ នឹង​ជួប​ប្រទះ​នូវ​ភាព​ស្មុគ​ស្មាញ។

លោក​ គង់ សុឋានរិទ្ធ រាយការណ៍​ពិស្ដារ​ជូន​ពី​ទី​ក្រុង​ ភ្នំពេញ​ ដូច​ត​ទៅ៖

សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ទទួល​ស្គាល់​ជា​សាធារណៈ​ នៅ​ថ្ងៃ​ពុធ​នេះ​ ថា​ពួក​ខ្លួន​កំពុង​តែ​មិន​ចុះ​សម្រុង​គ្នា​ ក្នុង​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជន​សង្ស័យ​ ក្នុង​សំណុំ​រឿង​ លេខ​ ០០៣​ នឹងង​ ០០៤​ ដែល​មាន​ជន​សង្ស័យ​ចំនួន​ ៥​ នាក់​ដ៏​ចម្រូង​ចម្រាស់។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត។

ក៏ប៉ុន្ដែ​សហ​ចៅក្រម​បរទេស​ នឹង​ដឹក​នាំ​ការ​ស៊ើប​អង្កេត​នេះ​ ជា​ឯកតោភាគី។​ នេះ​បើ​តាម​មន្រ្ដី​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

លោក រាជ សម្បត្តិ​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ពិសេស​នេះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុងខណៈ​នេះ​ ពុំ​ទាន់​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ណា​មួយ​នៅ​ឡើយ​ ក្រៅ​ពី​ក្របខ័ណ្ឌ​នៃ​សំណុំ​រឿង​លេខ​ ០០២​ ដែល​គេ​ជឿ​ថា​ អាច​នឹង​បើក​ការ​កាត់​ទោស​បាន​នៅ​ក្នុង​អំឡុង​ដើម​ឆ្នាំ​ ២០១១។

“ឥឡូវ ​ដល់​គាត់​មាន​គំនិត​ខ្វែង​គ្នា​អញ្ចឹង​ មិន​មាន​ការ​ស៊ើប​អង្កេត ​ទៅ​លើ​សំណុំ​រឿង​ណា​ថ្មី ​ក្រៅ​ពី​ជន​ដែល​កំពុង​តែ​ជាប់​ឃុំ​ ៥​នាក់​ហ្នឹង​ទេ" ។

សំណុំ​រឿង​លេខ​ ០០៣​ នឹង​លេខ​ ០០៤​ ត្រូវ​បាន​ស្នើ​ដោយ​អតីត​សហ​ព្រះ​រាជអជ្ញា​អន្ដរជាតិ​ លោក​ រ៉ូប៊ែ ប៉ឺទី​ ដែល​សុំ​លា​លែង​ពី​ការងារ​ ក្រោយ​ពី​សំណើរ​របស់​លោក​ត្រូវ​បាន​ជំទាស់​ដោយ​សហ​ព្រះ​រាជអជ្ញា​ជាតិ​ លោក​ស្រី​ ជា លាង​ ដែល​លោក​ស្រី​មាន​ជំហរស្រប​គ្នា​ជា​មួយ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន សែន​ ដែរ​ ថា​ការ​ស៊ើប​អង្កេត​សំដៅ​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ណា​មួយ​មិន​មាន​ការ​ចាំបាច់​ និង​អាច​បង្ក​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល​កើត​ឡើង​សារ​ជា​ថ្មី។

ការ​ខ្វែង​គំនិត​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​ពេល​នេះ​ ត្រូវ​បាន​គេ​លាត​ត្រដាង​ជា​សាធារណៈ។

នៅក្នុង​លិខិត​ឆ្លើយ​ឆ្លង​គ្នា​ កាល​ពី​ថ្ងៃ​ទី​ ២​ ខែ​មិថុនា​ បង្ហាញ​ថា​ លោក​សហ​ចៅក្រម​សញ្ជាត​បារាំង​ ម៉ាកសែល ឡឺម៉ុង​ ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​ លោក​ យូ ប៊ុនឡេង​ ចូល​រួម​ចុះ​ហត្ថលេខា​ លើ​លិខិត​បង្កើត​ក្រុម​គណកម្មការ​ស៊ើប​សួរ​ជំនួស​ ដើម្បី​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​លើ​មូលដ្ឋាន​ ឧក្រិដ្ឋកម្ម​ មុន​នឹង​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្ស័យ​បាន។

លោក ​យូ ប៊ុនឡេង​ បាន​ចុះ​ហត្ថលេខា​ លើ​លិខិត​បង្កើត​ក្រុម​គណកម្មការ​ស៊ើប​អង្កេត​ជំនួស​នោះ​ ក៏​ប៉ុន្ដែ​ក្រោយ​មក​ លោក​បាន​លុប​ហត្ថ​លេខា​នោះ​ចោល​វិញ​ ដោយ​លោក​មិន​យល់​ស្រប​ឲ្យ​មាន​ការ​ ចាប់​ផ្ដើម​ស៊ើប​អង្កេត​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ពេល​នេះ​ទេ។

លោក ​ចៅក្រម​ ម៉ាកសែល ឡឺម៉ុង​ មាន​ប្រសាសន៏​ថា​ លោក​មិន​អាច​រង់ចាំ​ការ​ចុះ​ហត្ថលេខា​ពី​គូភាគី​ របស់​លោក​បាន​ទេ​ ហើយ​លោក​នឹង​ធ្វើ​កំណត់​ហេតុ​ផ្លូវការ​អំពី​ការ​ខ្វែង​គំនិត​គ្នា​នេះ ​ដោយ​លោក​ព្រមាន​ថា​ ការ​ខ្វែង​គំនិត​គ្នា​នេះ​ នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ជា​អវីជ្ជាមាន។

លោក ​ឡាស អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ មាន​ប្រសាសន៏​ថា​ នៅ​ពេល​នេះ​លោក​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្ដរជាតិ​ ម៉ាកសែល ឡឺម៉ុង​ បាន​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​លើ​ការ​បង្កើត​ក្រុម​គណកម្មការ​ស៊ើប​អង្កេត​ជំនួស​ ដែល​នឹង​អនុញ្ញាត​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បឋម​ដោយ​ឯកតោភាគី​ធ្វើ​ឡើង​ដោយ​ភាគី​អង្គការ​សហប្រជាជាតិ​ ក្នុង​សាលាក្ដី​ចំរុះ​នេះ។

"គាត់​អាច​បន្ដ​ការ​ស៊ើប​អង្កេត​បាន​ ហើយ​ទុក​ឲ្យ​ករណី​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​នេះ​ ឲ្យ​អង្គបុរេ​ជំនុំ​ជម្រះ​កាត់​សេចក្ដី​" ។

សូម​បញ្ជាក់​ថា​ ជន​សង្ស័យ​ដែល​នឹង​ត្រូវ​តាម​ស៊ើប​អង្កេត​ដោយ​ភាគី​អង្គការ​សហប្រជាជាតិ​ ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ គឺ​អាច​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​បំផុត​របស់​ខ្មែរ​ក្រហម។

លោក ​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ប៉ាន់​ប្រមាណ​ថា​ ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ដោយ​ភាគី​អង្គការ​សហប្រជាជាតិ​តែ​ឯកឯង​ នឹង​ជួប​ឧបសគ្គ​ជា​ច្រើន៕

XS
SM
MD
LG