បន្ទាប់ពីមានការព្រួយបារម្ភ និងការរិះគន់ជាខ្លាំងទៅលើការស៊ើបអង្កេតរបស់ក្រុមចៅក្រមលើសំណុំរឿងពីរចុងក្រោយគឺសំណុំរឿង០០៣ និងសំណុំរឿង០០៤ លោក ស៊ីហ្វ្រ៊ីត ប៊្លុង (Siegfried Blunk) សហចៅក្រមបរទេស បានអះអាងថា សំណុំរឿងទាំងពីរនេះនឹងមិនត្រូវទាត់ចោលនោះទេ។ លោកប៊្លុងបានថ្លែងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាកាលពីថ្ងៃពុធទី២០ខែកក្កដា នាសប្ដាហ៍កន្លងទៅនេះ។ លោកសហចៅក្រមស៊ើបអង្កេតស៊ីកហ្រ្វ៊ីតប៊្លុងមានសាសន៍ថា ការស៊ើបអង្កេតសំណុំរឿង០០៤ ដែលជាសំណុំរឿងចុងក្រោយ កំពុងតែបន្ដ។
តទៅនេះគឺបទសម្ភាសន៍ទាំងស្រុងរវាងលោក គង់ សុឋានរិទ្ធ ជាមួយលោក Siegfried Blunk៖
វីអូអេ៖ លោកចៅក្រម Siegfried Blunk តើលោកអាចពន្យល់បានដូចម្ដេចអំពីការរីកចម្រើនរបស់សំណុំរឿងបន្ថែម ០០៣ និងសំណុំរឿង០០៤?
Blunk៖ «ក្នុងសំណុំរឿង០០៣ ដែលឈ្មោះរបស់ជនសង្ស័យកំពុងស្ថិតក្នុងភាពសម្ងាត់នៅឡើយ សហចៅក្រមស៊ើបអង្កេតក៏បានផ្ដោតការយកចិត្តទុកដាក់លើចំណោទដែលថា តើជនជាប់សង្ស័យស្ថិតក្នុងចំណោមអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតនៃឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមឬយ៉ាងណា ពីព្រោះថា មានតែលក្ខខណ្ឌ«អ្នកទទួលខុសត្រូវខ្ពស់បំផុតទេ»ដែលសាលាក្ដីខ្មែរក្រហមមានយុត្តាធិការគ្របដណ្តប់លើពួកគេ។
ឥឡូវនេះបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតអះអាងពីការបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ ពួកយើងបានបញ្ចប់ការស៊ើបអង្កេតក្នុងពេលនេះគឺស្របតាមច្បាប់របស់តុលាការ តែមិនមានន័យថា សំណុំរឿងនេះនៅទីបញ្ចប់នឹងត្រូវទាត់ចោលនោះទេ គឺមិនមែនដូច្នេះទេ។
ទាក់ទងទៅនឹងសំណុំរឿង០០៤វិញម្ដង ការិយាល័យសហចៅក្រមស៊ើបអង្កេតកំពុងស៊ើបអង្កេតសំណុំរឿងនេះយ៉ាងស្វាហាប់ ហើយក៏បានផ្តោតទៅលើសំណួរដែលថា តើជនសង្ស័យស្ថិតក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុតឬយ៉ាងណា?
ខ្លួនខ្ញុំផ្ទាល់បានធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តតាកែវ និងទៅកាន់តំបន់ដាច់ស្រយាលរបស់ខេត្តបាត់ដំបង និងទៅកាន់ខេត្តក្រចេះ ដើម្បីធ្វើការសាកសួរសាក្សីគន្លឹះៗ សំខាន់ៗ។ នៅក្នុងចំណោមសាក្សីទាំងនោះក៏មានសមាជិកសភាផងដែរ។ ពួកគាត់បានថ្លែងអំណរគុណចំពោះការងារដ៏ល្អរបស់សាលាក្ដីខ្មែរក្រហម»។
វីអូអេ៖ តើនៅមានការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតអន្ដរជាតិ និងសហចៅក្រមស៊ើបអង្កេតជាតិដែរទេ?
Blunk៖ «នៅពេលដែលខ្ញុំមកធ្វើការនៅការិយាល័យសហចៅក្រមស៊ើបអង្កេតកាលពីខែធ្នូ ឆ្នាំមុន ខ្ញុំមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពខ្ពស់របស់បុគ្គលិកកម្ពុជាភាគច្រើន។ បុគ្គលិកកម្ពុជាខ្លះមានសញ្ញាប័ត្រច្បាប់មកពីប្រទេសបារាំង និងខ្លះទៀតពីប្រទេសអង់គ្លេស។ ដូច្នេះដើម្បីកុំឲ្យទេពកោសល្យទាំងនេះខាតបង់ ខ្ញុំបានបង្កើតក្រុមការងារចម្រុះមួយដែលមានសមាសភាពខាងអន្ដរជាតិនិងបុគ្គលិកកម្ពុជា។ ហើយការងារនេះទទួលបានជោគជ័យល្អណាស់។
ខ្ញុំក៏បញ្ជាក់ផងដែរថា ខ្ញុំមានទំនាក់ទំនងការងារល្អជាមួយសហចៅក្រមស៊ើបអង្កេតកម្ពុជាលោកយូ ប៊ុនឡេង ហើយយើងបានចាត់ដំណើរការនីតិវិធីដោយឈរលើស្មារតីសហប្រតិបត្តិការ»។
វីអូអេ៖ តើលោកយល់ថា សំណុំរឿង០០៣ និងសំណុំរឿង០០៤នឹងត្រូវបញ្ចប់សព្វគ្រប់នៅពេលណា?
Blunk៖ «យោងតាមវិធានរបស់សាលាក្ដីខ្មែរក្រហម មានដំណាក់កាលជាច្រើនត្រូវបំពេញ មុននឹងសហចៅក្រមស៊ើបអង្កេតធ្វើសេចក្ដីសម្រេចជាចុងក្រោយ ដែលហៅថា ដីការដំណោះស្រាយ ឬដីកាបញ្ជូនរឿងទៅជំនុំជម្រះ។ នៅពេលនោះអាចមានលទ្ធភាពធ្វើការចោទប្រកាន់ ឬទាត់ចោលសំណុំរឿងទាំងពីរនេះ។
នៅក្នុងដំណាក់កាលនោះ ព្រះរាជាអាជ្ញាអាចចូលរួមក្នុងដំណើរការក្ដី ហើយវានឹងពឹងផ្អែកច្រើនលើសកម្មភាពរបស់សហព្រះរាជអាជ្ញា និងប្រតិកម្មរបស់សហព្រះរាជអាជ្ញា។
បច្ចុប្បន្ននេះនៅក្នុងសំណុំរឿង ០០៣ គឺគ្រាន់តែឈានដល់ដំណាក់កាលទីមួយនៃដំណាក់កាលនានាដែលត្រូវធ្វើតែប៉ុណ្ណោះ។ ហើយសំណុំរឿង០០៤ ដែលយើងកំពុងធ្វើការស៊ើបអង្កេតនៅឡើយនោះ ពេលវេលានៃការបិទបញ្ចប់ការស៊ើបអង្កេតនឹងពឹងអាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត ដូចដែលខ្ញុំបានលើកឡើងអញ្ចឹង គឺវាកំពុងបន្ដដំណើរការនៅឡើយ៕