សហចៅក្រមស៊ើបអង្កេតអន្ដរជាតិលោកស៊ីកហ្វ្រ៊ីត ប៊្លុង (Siegfried Blunk) បានធានាអះអាងថាជនជាប់ចោទចាស់ជរាទាំងបួននាក់ក្នុងសំណុំរឿង០០២ នឹងនៅតែត្រូវនាំខ្លួនយកមកកាត់ទោសបើទោះជាពួកគេមានបញ្ហាសុខភាពក៏ដោយ។ ម្យ៉ាងវិញទៀតការកាត់ទោសរបស់អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងនេះអាចនឹងស៊ីពេលយ៉ាងតិចរហូតដល់ពីរឆ្នាំ។
សេចក្ដីថ្លែងរបស់សហចៅក្រមស៊ើបអង្កេតសញ្ជាតិអាល្លឺម៉ង់ធ្វើឡើងខណៈដែលអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកសវនាការស្ដីអំពីបញ្ហាសុខភាពរបស់ជនជាប់ចោទបីនាក់ក្នុងចំណោមបួននាក់នៅក្នុងខែសីហាខាងមុខនេះ នឹងគ្រោងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីនៅក្នុងខែកញ្ញា ឆ្នាំនេះ។
លោកចៅក្រមស៊ើបអង្កេតស៊ីកហ្វ្រ៊ីត ប៊្លុង មានប្រសាសន៍ក្នុងបទសម្ភាសទល់មុខជាមួយនឹងវីអូអេ សំឡេងសហរដ្ឋអាមេរិកជាខេមរភាសាកាលពីថ្ងៃពុធទី២០ ខែកក្កដាថា វិធានផ្ទៃក្នុងបានអនុញ្ញាតឲ្យនាំខ្លួនជនជាប់សង្ស័យមកកាត់ទោសដោយឡែកក្នុងករណីជននោះមានជំងឺ។
«វាជាការត្រឹមត្រូវដែលលោកព្រួយបារម្ភពីបញ្ហាវ័យកាន់តែចាស់ជរារបស់ជនជាប់ចោទ។ ក្នុងករណីចៃដន្យប្រសិនបើជនជាប់ចោទណាម្នាក់មានជំងឺមិនអាចនាំខ្លួនមកកាត់ទោសបាន គឺមានវិធានផ្ទៃក្នុងរបស់តុលាការដែលអាចអនុញ្ញាតឲ្យនាំជនជាប់ចោទមកកាត់ទោសដាច់ដោយឡែកបាន»។
អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមអៀង សារី អាយុ៨៥ ឆ្នាំជិតឈានចូល៨៦ ឆ្នាំ ត្រូវគេដឹងថា មានជំងឺបេះដូង និងជំងឺឆ្អឹងខ្នង។ អៀង ធិរិទ្ធ ប្រពន្ធរបស់គាត់អាយុ ៧៩ ឆ្នាំ អតីតរដ្ឋមន្ដ្រីសង្គមកិច្ចខ្មែរក្រហម មានជំងឺជង្គង់ ជំងឺភ្នែក និងមានជំងឺគេងមិនលក់។ អតីតបងធំទី២ នួន ជា អាយុ ៨៥ ឆ្នាំ មានជំងឺលើសឈាម និងបញ្ហាភ្នែកខ្លាំង។ ជនជាប់ចោទទាំងបីបានស្នើសុំតាមរយៈក្រុមមេធាវីរបស់ខ្លួនឲ្យអង្គជំនុំជម្រះសាលាដំបូងធ្វើការសម្រេចថា បើផ្អែកលើបញ្ហាសុខភាព តើពួកគេនៅតែត្រូវចូលរួមក្នុងសវនាការកាត់ទោសដែរឬយ៉ាងណា។
លោក ស៊ីកហ្វ្រ៊ីត ប៊្លុង មានប្រសាសន៍ថា សហចៅក្រមស៊ើបអង្កេតបានប្រមូលភស្ដុតាងពីសាក្សីជាង៧.០០០ នាក់ក្នុងសំណុំរឿងទីពីរនេះ រួមទាំងឯកសារចងក្រងចំនួនជាង ១០.០០០ ឯកសារ។ លោកបញ្ជាក់ថា ការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់នឹងក្លាយជាការកាត់ក្ដីដ៏ធំបំផុត និងដ៏ស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ដ្រយុត្តិធម៌ក្នុងប្រទេសកម្ពុជា។ ហើយពិភពលោកនឹងសម្លឹងមើលការកាត់ក្ដីនេះ។
សហចៅក្រមស៊ើបអង្កេតបានទទួលស្គាល់ជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីជាង២.០០០ នាក់ក្នុងសំណុំរឿងនេះ។ ក៏ប៉ុន្ដែមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបានតវ៉ាចង់បានការចូលរួមរបស់ដើមបណ្ដឹងរដ្ឋប្បវេណីច្រើនជាងនេះ។ អង្គបុរេជំនុំជម្រះទើបតែបានសម្រេចកាលពីពេលថ្មីៗនេះទទួលយកដើមបណ្ដឹងរដ្ឋប្បវេណីជាង ១.៧០០ នាក់បន្ថែមទៀត។ លោក ស៊ីកហ្វ្រ៊ីត ប៊្លុង កត់សម្គាល់ថា នេះគឺជាដំណើរការមួយសម្រាប់បំពេញយុត្តិធម៌សម្រាប់ជនរងគ្រោះ។
លោកបានប៉ាន់ប្រមាណថា ការកាត់ទោសក្នុងសំណុំរឿង ០០២ ដ៏មានសារៈសំខាន់នេះត្រូវការពេលវេលាយ៉ាងហោចណាស់ចំនួនពីរឆ្នាំ។
«ផ្អែកតាមបទពិសោធរបស់ខ្ញុំចំនួន៣០ ឆ្នាំមកនេះដែលខ្ញុំធ្លាប់ធ្វើជាចៅក្រម និងរដ្ឋអាជ្ញាការកាត់ទោសរបៀបនេះអាចត្រូវការពេលវេលាចំនួនពីរឆ្នាំ។ តើវានឹងត្រូវការពេលវេលាចំនួនប៉ុន្មាននោះវាអាស្រ័យនឹងកត្តាមួយចំនួនដូចជាយុទ្ធសាស្ដ្ររបស់មេធាវីការពារក្ដី បញ្ហាសុខភាពរបស់ជនជាប់ចោទ និងបញ្ហាសហការរវាងសាក្សីជាដើម។ ប្រសិនបើការកាត់ក្ដីនេះត្រូវការរយៈពេលពីរឆ្នាំ នោះវានឹងបង្ហាញពិភពលោកថា ប្រជាពលរដ្ឋកម្ពុជា និងរដ្ឋាភិបាលរបស់ពួកគេមានភាពម៉ឺងម៉ាត់ក្នុងការកាត់ទោសអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហម»។
លោកសហចៅក្រមស៊ើបអង្កេតស៊ីកហ្វ្រ៊ីត ប៊្លុង មានជំនឿថា នៅចុងបញ្ចប់នៃការកាត់ទោសសំណុំរឿង០០២ នេះនឹងនាំឲ្យមានការផ្សះផ្សាជាតិមួយ។ ជាពិសេសការផ្សះផ្សាដែលកើតឡើងដោយការទទួលកំហុសរបស់ជនជាប់ចោទ និងការសុខចិត្តអត់ឱនទោសដល់ពួកគេពីសំណាក់ជនរងគ្រោះ៕