អង្គជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមបានប្រកាសថា ខ្លួននឹងចាប់ផ្តើមធ្វើការកាត់ទោសជនជាប់ចោទ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១នេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមកាលពីល្ងាចថ្ងៃអង្គារ។
សំណុំរឿងទី២នេះដែលសហគមន៍អន្តរជាតិ និងជនរួមជាតិកម្ពុជារងចាំបំផុត ដោយសារតែជនជាប់ចោទនៅក្នុងសំណុំរឿងនេះ គឺជាអតីតមេដឹកនាំកំពូលខ្មែរក្រហមតែបួននាក់គត់ ដែលនៅរស់រានមានជីវិត។
លោក ឡាស អលសិន មន្ត្រីទំនាក់ទំនងផ្នែកកិច្ចការច្បាប់ ខាងអង្កការសហប្រជាតិនៃសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ការកាត់ទោសចាប់ផ្តើមហើយដែលនេះគឺជាអ្វីដែលមនុស្សគ្រប់រូបរងចាំ។
ដោយឡែកលោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជា លើកឡើងដូចគ្នានេះដែរ។
«ជាការឆ្លើយតបទៅនឹង ជាធម្មតាទេ ការទន្ទឹងរងចាំជាយូរមកហើយរបស់ជនរងគ្រោះ ដូចជាការគោរពសិទ្ធរបស់ជនជាប់ចោទដែលគាត់មានវ័យចាស់ហើយ»។
ជនជាប់ចោទវ័យចំណាស់ទាំងបួននាក់រួមមាន នួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តី
ក្រសួងសង្គមកិច្ច។ ពួកគេត្រូវបានចោទពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរល័យពូជសាសន៍។
អង្គជំនុំជម្រះសាលាដំបូងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា សវនាការដើម្បីពិនិត្យភ័ស្តុតាងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា។ ដោយឡែកសវនាការ ថ្ងៃទី២១ ខែកក្កដា គឺផ្តោតសំខាន់ទៅលើការចោទប្រកាន់ លើជនជាប់ចោទម្នាក់ៗ។ កិច្ចជំនុំជម្រះនឹងបន្តរហូតទៅដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ មុននឹងត្រូវបន្តឡើងវិញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១២។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានអបអរសាទរចំពោះសវនាការនេះ។
«ខ្ញុំគិតថា បង្ហាញពីការដោះស្រាយរបស់តុលាការ ក្នុងការធ្វើឲ្យ០០២អាចចេញ នៅពេលដែលភាពស្របច្បាប់របស់តុលាការនេះ កំពុងត្រូវបានចោទសួរពីសង្គមស៊ីវិល និងមជ្ឈដ្ឋានទូទៅ»។
លោក លឹម ម៉េងឃី មេធាវីមួយរូបតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី មានប្រតិកម្មដូចគ្នានេះដែរ។
«នេះជាថ្ងៃប្រវតិ្តសាស្ត្រទី១ ដែលឈានទៅពន្លឺនៃយុត្តិធម៌សម្រាប់ជនរងគ្រោះ»។
សហគមអន្តរជាតិ ឆ្លាប់បានសម្តែងការព្រួយបារម្ភ ពីការយឺតយ៉ាវរបស់សាលាក្តីខ្មែរក្រហម ពីការកាត់ក្តីសំណុំរឿង០០២នេះ ក៏ប៉ុន្តែនៅមិនទាន់មានប្រតិ្តកម្មពីសហគមអន្តរជាតិ ទាក់ទងនឹងការកំណត់កាលបរិច្ឆេទ នៃសវនាការនេះនៅឡើយទេ៕