ក្រុមមេធាវីការពារក្ដីឲ្យ អៀង សារី ខៀវ សំផន និង អៀង ធីរិទ្ធ បានទាមទាររៀងៗខ្លួនឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមទទួលស្គាល់ថា អាជ្ញាយុកាលនៃបទឧក្រិដ្ឋដែលទាក់ទងនឹងកូនក្ដីរបស់ផងខ្លួនត្រូវផុតរលត់រួចទៅហើយ។ សេចក្ដីទាមទារនេះធ្វើឡើងនៅសវនាការបឋមនៅថ្ងៃទីបី ទៅលើអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់នៅក្នុងសំណុំរឿង០០២ នៅថ្ងៃពុធនេះ ដែលគេមើលឃើញថា គឺជាយុទ្ធសាស្ដ្ររបស់ក្រុមមេធាវីការពារជនជាប់ចោទដើម្បីស្វែងរកការដោះលែងកូនក្ដីរបស់ផងខ្លួន។
លោក ផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់លោកស្រីអៀង ធីរិទ្ធ បានលើកឡើងថា តាមក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ អាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋមានត្រឹមតែរយៈពេលដប់ឆ្នាំតែប៉ុណ្ណោះ។
«នៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ កំណត់ថាអាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋគឺមានរយៈពេលដប់ឆ្នាំដូច្នេះរាប់ពីថ្ងៃប្រព្រឹត្តគឺឆ្នាំ១៩៧៩ ត្រូវចប់អាជ្ញាយុកាលនៅឆ្នាំ១៩៨៩»។
សហមេធាវីរបស់អៀង សារី និងសហមេធាវីរបស់ខៀវ សំផន សុទ្ធតែបានលើកឡើងនូវទឡ្ហីករណ៍ដូចគ្នានេះដែរ។ លើកលែងតែសហមេធាវីរបស់នួន ជា តែប៉ុណ្ណោះដែលសុំមិនបញ្ចេញទស្សនៈទៅលើបញ្ហានេះ។
លោក ស សាវ៉ាន សហមេធាវីរបស់ខៀវ សំផន មានប្រសាសន៍ថា នៅក្នុងរយៈពេលដប់ឆ្នាំ ក្រោយពីបទល្មើសកើតឡើងប្រសិនបើមិនមានបណ្ដឹងណាមួយនោះទេ ការចាត់ការទៅលើបទឧក្រិដ្ឋនេះនឹងត្រូវរលត់ជាស្វ័យប្រវត្តិ។ នេះបើផ្អែកតាមក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។
ក៏ប៉ុន្ដែសហព្រះរាជអាជ្ញារងទាំងពីរគឺលោក សេង ប៊ុនឃាង និងលោកវ៉ាំងសង់ ដឺ វីល (Vincent de Wilde) បានជំទាស់ទៅនឹងការទាមទាររបស់ក្រុមមេធាវីការពារក្ដី។
លោកសេង ប៊ុនឃាងលើកឡើងថា អាជ្ញាយុកាលរបស់បទល្មើសនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យអាចពន្យារពេលបានដោយសារតែរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបំផ្លាញអស់នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុក ហើយក្រោយពីរបបនេះបានដួលរលំទៅសង្រ្គាមស៊ីវិលនៅតែបន្ដទៅទៀត ដែលមិនអាចអនុញ្ញាតឲ្យមានចំណាត់ការផ្លូវច្បាប់ធ្វើបានភ្លាមៗនោះទេ។
«តំណាងអយ្យកាសន្និដ្ឋានថា អាជ្ញាយុកាលតាមច្បាប់ជាតិនេះ មិនទាន់ផុតរលត់នៅឡើយទេនៅពេលដែលមានការពន្យានៅក្នុងច្បាប់ស្ដីពីការបង្កើតអ.វ.ត.ក (សាលាក្ដីខ្មែរក្រហម)»។
របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិច១,៧លាននាក់ ដោយសារការសម្លាប់ ការបង្អត់អាហារ និងការធ្វើការដោយបង្ខំ។ មេដឹកនាំកំពូលនៃរបបនេះដែលនៅរស់រានមានជីវិត គឺនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ កំពុងតែស្ថិតក្នុងដំណាក់កាលជំនុំជម្រះទោស។ ពួកគេត្រូវចោទប្រកាន់អំពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍៕