ប្រធានអង្គបុរេជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមលោកចៅក្រម ប្រាក់ គឹមសាន បានសម្រេចនៅថ្ងៃច័ន្ទនេះឲ្យការិយាល័យសហចៅក្រមស៊ើបអង្កេតព្យួរការអនុវត្តការបង្គាប់បញ្ជាឲ្យមានការដកនៅផ្នែកខ្លះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់សហព្រះរាជអាជ្ញាបរទេស។
លោកចៅក្រមប្រាក់ គឹមសាន ទំនងជាចាត់ទុកថា ការបញ្ជារបស់សហចៅក្រមស៊ើបអង្កេត បានធ្វើឡើងយឺតពេលទៅហើយ។
កាលពីថ្ងៃទី១៨ខែឧសភា សហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោក Siegfried Blunk បានបង្គាប់បញ្ជាឲ្យលោកអាន់ឌ្រូ ខេលី សហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេសដកចេញនូវផ្នែកសំខាន់ៗនៃសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅក្នុងសំណុំរឿង០០៣ ដោយចាត់ទុកថា សេចក្តីថ្លែងការណ៍នោះបានរំលោភទៅលើភាពសម្ងាត់នៃការស៊ើបអង្កេត។
សេចក្តីថ្លែងការណ៍ ដែលលោកខេលី បានផ្សាយ១០ថ្ងៃមុនសេចក្តីបង្គាប់នោះបានបង្ហាញទីតាំងឧក្រិដ្ឋកម្ម បទឧក្រិដ្ឋមួយចំនួនដែលសាធារណជនមិនធ្លាប់បានទទួលដំណឹងក្នុងការស៊ើបអង្កេតរបស់ចៅក្រមនៅក្នុងសំណុំរឿងនេះទេ។ ក៏ប៉ុន្តែលោកអាន់ ឌ្រូខេលី បានជំទាស់ទៅនឹងការបញ្ជានេះ ហើយក៏បានដាក់ប្តឹងឧទ្ធរណ៍ទៅកាន់អង្គបុរេជំនុំជម្រះ។
នៅក្នុងសេចក្តីសម្រេចនៅថ្ងៃនេះ ដែល VOA សំឡេងសហរដ្ឋអាមេរិកទទួលបាន លោកចៅក្រម បា្រក់ គឹមសាន ប្រធានអង្គបុរេជំនុំជម្រះចាត់ទុកថា សេចក្តីថ្លែងការណ៍របស់លោកអាន់ឌ្រូ ខេលី និងស្ថិតនៅជាឯកសារសាធារណៈដដែលបើទោះបីជាលោកអាន់ឌ្រូ ខេលី ដកចេញនៅផ្នែកខ្លះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក៏ដោយ។
លោកបា្រក់ គឹមសាន បានសរសេរថា អង្គបុរេជំនុំជម្រះបង្គាប់ឲ្យព្យួរការអនុវត្តទៅលើបញ្ជារបស់សហចៅក្រមស៊ើបអង្កេត រហូតទៅដល់មានការសម្រេចជាចុងក្រោយទៅលើបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជាអាជ្ញាបរទេស។
លោកឌឹម សុវណ្ណារុំ មន្រ្តីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានទទួលស្គាល់ថា មានការសម្រេចនោះមែន។
«នេះជាការសម្រេចព្យួរទុកពេលវេលា ដោយរង់ចាំអង្គបុរេជំនុំជម្រះ និងសម្រេចទៅលើចំណុចនេះនាពេលក្រោយ»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានអធិប្បាយថា នេះគឺជាជោគជ័យនៃការតស៊ូរបស់សហព្រះរាជអាជ្ញាបរទេស ហើយគឺជាការសម្រេចយ៉ាងត្រឹមត្រូវ។
«ការសម្រេចចិត្តនេះ ខ្ញុំគិតថាវាត្រឹមត្រូវហើយទទួលយកបាន បង្ហាញអំពីភាពកម្សោយកាន់តែខ្លាំងឡើងរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត»។
សូមបញ្ជាក់ថាសំណុំរឿង០០៣ ត្រូវគេដឹងក្រៅផ្លូវការថា មានជនជាប់សង្ស័យចំនួនពីរនាក់ ក៏ប៉ុន្តែ ព័ត៌មានទាំងអស់ ដែលទាក់ទងទៅនឹងដំណើរការស៊ើបអង្កេតនៅក្នុងសំណុំរឿងនេះ ត្រូវបិទជិតលើកលែងតែសេចក្តីជូនដំណឹងរបស់សហចៅក្រមស៊ើបអង្កេត ដែលបានប្រកាសថាការស៊ើបអង្កេតរបស់ខ្លួនទៅលើសំណុំរឿងដ៏ចម្រូងចម្រាសនេះបានបិទចប់សព្វគ្រប់ទៅហើយ៕