ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរ​ក្រហម​ប្រកាស​កាលបរិច្ឆេទ​សវនាការ​បឋម​សំណុំរឿង​០០២


អំឡុងសវ​នាការ​រយៈពេល​បួនថ្ងៃ​នេះ​ សាលាដំបូង​នឹង​ពិនិត្យ​ទៅ​លើ​ចំនួន​សាក្សី ​អ្នក​ជំនាញ​ និង​ចំនួន​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​មាន​ចំនួន​សរុប​១.០៩៤នាក់។
អំឡុងសវ​នាការ​រយៈពេល​បួនថ្ងៃ​នេះ​ សាលាដំបូង​នឹង​ពិនិត្យ​ទៅ​លើ​ចំនួន​សាក្សី ​អ្នក​ជំនាញ​ និង​ចំនួន​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​មាន​ចំនួន​សរុប​១.០៩៤នាក់។

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃច័ន្ទ​នេះ​ បា​នជូន​ដំណឹង​ជាផ្លូវការ​ថា​ខ្លួន​នឹង​បើក​សវនាការ​បឋម​សំណុំរឿង​០០២​ ដ៏​មាន​សារៈ​សំខាន់​នៅ​ថ្ងៃទី​២៧រហូត​ដល់​ថ្ងៃទី៣០​ខែ​មិថុនា ​ខាង​មុខនេះ ​ដើម្បី​កំណត់​របៀបវារៈ​បើក​សវនាការ​ពេញអង្គ​ ដែល​មន្ដ្រី​សង្គមស៊ីវិល​ចាត់​ទុកថានេះ​គឺជា​ការចាប់ផ្តើម​នៃ​ការកាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម។ របប​នេះ​ដែល​បាន​បង្កឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ប្រមាណ​១លាន​៧​សែន​នាក់​ ចន្លោះ​ពីឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

នៅក្នុង​សេចក្ដី​ជូនដំណឹង​របស់​ខ្លួន ​ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង ​លោក​ចៅក្រម ​និល ណុន ​បាន​បញ្ជាក់​ថា ក្នុង​អំឡុងសវ​នាការ​រយៈពេល​បួនថ្ងៃ​នេះ​ សាលាដំបូង​នឹង​ពិនិត្យ​ទៅ​លើ​ចំនួន​សាក្សី​អ្នក​ជំនាញ​ និង​ចំនួន​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​មាន​ចំនួន​សរុប​១.០៩៤នាក់។ សាលាដំបូង​ក៏​នឹង ពិនិត្យ​ផងដែរ​លើ​អញ្ញត្រកម្ម​ទាក់ទង​ទៅនឹង​វិធាន​ទី​៨៩​ នៃ​វិធាន​ផ្ទៃក្នុង​ដែល​រួមមាន​ការ​ទាក់ទង​ទៅ​នឹង​យុត្តធិការ​និង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ជាដើម។​ មួយវិញ​ទៀត​អង្គជំនុំជម្រះ​សាលា​ដំបូងក៏​នឹង​ធ្វើការ​បញ្ជាក់​ជា​បឋម​អំពី​ការទាមទារ​សំណង​ដែល​រួម​មាន​សំណង​ជា​សមូហភាព​ និង​សំណង​ផ្លូវ​ចិត្ត។

លោក​ចៅក្រម​និល ណុន ​បាន​បញ្ជាក់​បន្ថែម​ថា ​សវនាការ​ពេញអង្គ​សេចក្ដី​នៃ​សំណុំរឿង០០២​អាច​នឹង​ប្រព្រឹត្តិទៅនៅ​ក្នុង​អំឡុង​ខែ​សីហា​ឆ្នាំ​២០១១​នេះ។

សំណុំរឿង​០០២ ​មាន​ជន​ជាប់ចោទ​ចំនួន​បួននាក់​ ដែល​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូលៗ​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ។ នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ដ្រី ​និ​ងជា​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​និង​ប្រពន្ធ​របស់​គាត់​ អៀង ធីរិទ្ធ ​អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​សង្គមកិច្ច​ ត្រូវ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ឧក្រិដ្ឋ​កម្ម​នៃ​បទ​ប្រល័យ​ពូជសាសន៍។

លោក ​ឌឹម សុវណ្ណារុំ​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា ​ការកាត់ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាំងបួន​រូប​នឹង​ក្លាយ​ជា​ការ​បកស្រាយ​នូវ​អាថ៌កំបាំង​នានា​ក្នុង​សម័យ​ដែល​ពួកគេ​គ្រប់​គ្រង​អំណាច។

«ប្រជាពលរដ្ឋ​ដែល​កន្លង​មក​ឆ្ងល់ថា​ ហេតុអ្វី​បាន​ជា​របប​ហ្នឹង​ មាន​ការសម្លាប់​មនុស្ស​ មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ សំណួរ​ដែល​ពួកគាត់​តែងតែ​សួរនោះ​ ចម្លើយ​អាចនឹង​ត្រូវ​បង្ហាញ​តាមរយៈ​សវនាការ​ជា​សាធារណៈ​ដែលនឹង​ចាប់ផ្ដើម​ជាផ្លូវការ​នៅខែ​សីហា​ ឬ​ខែ​កញ្ញា​ឆ្នាំ​២០១១​តទៅ»។

ដោយឡែក​លោក​ ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អធិប្បាយ​ថា​ ការបើកសវនាការ​បឋម​នៅខែ​ក្រោយនេះ​ប្រៀប​ដូចជា​ការចាប់ផ្ដើម​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែរ។

«និយាយ​ឲ្យខ្លី​ទៅ​ករណី​សំណុំរឿង​០០២ ​បាន​ចាប់ផ្តើម​ដំណើរការ​ហើយ ​នៅក្នុង​ខែ​ក្រោយនេះ​ជា​ ការ​កាត់ក្តី​ដ៏សំខាន់​មួយ ​ជាប្រវត្តិសាស្រ្ត​មួយ ​ជា​លក្ខណៈ​នយោបាយ​ស៊ីជម្រៅ​មួយ​ ហើយ​ប្រជាជន​ ទាំងអស់​នៅតែ​បន្ត​ការឃ្លាំ​មើល​ ជា​ដំណើរការ​មួយ​ដែល​បង្ហាញ​អំពី​សមត្ថភាពរ​បស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​រៀបចំ​ដំណើរការ​នេះ»។

ជាមួយ​គ្នានេះ ​លោកផៃ​ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទី​ស្ដីការ​គណរដ្ឋមន្ដ្រី​យល់ថា​នេះ ជា​ដំណាក់កាល​ដ៏មាន​សារៈសំខាន់​ និង​ប្រវត្តិសាស្ដ្រ។

«គឺជា​ករណី​មួយ​ដ៏មាន​សារៈសំខាន់​ ហើយ​ជា​ប្រវត្តិសាស្រ្ត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​រាជ​រដ្ឋាភិបាល​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខំប្រឹងប្រែង​របស់​សាលាក្តី​ខ្មែរក្រហម​នេះ​ឯង​ដើម្បី​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ចំពោះ​របប​ដែល​ហៅ​ថា​ប្រល័យ​ពូជសាសន៍»។

សូម​បញ្ជាក់​ថា ​មាន​ដើមបណ្ដឹង​រដ្ឋប្បវេណី​សរុប​ចំនួន​ជាង​២.០០០​នាក់​ដែល​ត្រូវ​ទទួលស្គាល់​ ដោយ​សហចៅក្រម​ស៊ើប​អង្កេត។ ក៏ប៉ុន្ដែ​មានតែ​ដើមបណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ដែល ត្រូវបាន​បញ្ជូន​ឈ្មោះ​ទៅកាន់​អង្គជំនុំជម្រះ​សាលាដំបូង​ ដើម្បី​ធ្វើការ​សម្រេច​ដោយ​យោង​ទៅលើ លទ្ធភាព​របស់​ពួកគេ​នៅ​ក្នុង​ការ​ចូលរួម​ដំណើរការ​ផ្ទាល់​ក្នុង​សវនាការ៕

XS
SM
MD
LG